
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4482 នាក់
ម្សិលមិញ 13674 នាក់
សរុប 20712362 នាក់
កោះកុង៖សាលាដំបូងខេត្តកោះកុង បានសម្រេចការចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់ ក្នុងនោះមានជនជាតិឡាវម្នាក់ ពាក់ព័ន្ធនឹងការសង្ស័យថាបានរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ជិតមួយតោន ដែលត្រូវបានបង្ក្រាប និងរឹបអូសក្នុងប្រតិបត្តិការឆ្មក់របស់សមត្ថកិច្ចក្នុងខេត្តកាលពីសប្តាហ៍មុន។ជនសង្ស័យទាំងនេះត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារកាលពីម្សិលមិញ ដើម្បីរង់ចាំនីតិវិធីផ្លូវច្បាប់ជាបន្ត។
លោកវរសេនីយ៍ទោ សែម សុភា នាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តកោះកុង បានឱ្យដឹងថា ជនសង្ស័យទាំងនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែតុលា ក្នុងប្រតិបត្តិការឆ្មក់ចុះបង្ក្រាបផ្ទះជួលមួយកន្លែងនៅក្រុងខេមរភូមិន្ទ។
លោកបានមានប្រសាសន៍ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសបាវចំនួន ៣៩បាវ ដែលមានកញ្ចប់គ្រឿងញៀនចំនួន ៩៨២កញ្ចប់ ព្រមទាំងថ្នាំគ្រាប់ពណ៌ទឹកក្រូចដែលមានត្រា WY មួយចំនួនទៀត។លោកបានបន្ថែមថា គ្រឿងញៀនដែលរឹបអូសបានមានទម្ងន់សរុប ៩៧៨គីឡូក្រាម និង ៨៨០,៥៥ក្រាម ដែលជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅក្នុងខេត្ត។
លោកបានបញ្ជាក់ថា បន្ទាប់ពីពិនិត្យភស្តុតាង និងសាកសួរជនសង្ស័យរួចមក ព្រះរាជអាជ្ញាបានចោទប្រកាន់ជនសង្ស័យទាំង ១២នាក់ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀនដោយខុសច្បាប់ ព្រមទាំងពីបទសមគំនិតក្នុងអំពើល្មើសទាំងនេះ។
យោងតាមនគរបាល អំពើល្មើសដែលត្រូវបានចោទប្រកាន់នេះ ត្រូវបានប្រព្រឹត្តឡើងក្នុងអំឡុងពេលចាប់ពីខែសីហា រហូតដល់ថ្ងៃទី១៣ ខែតុលា។តាមតុលាការខេត្តកោះកុង ប្រតិបត្តិការនេះធ្វើឡើងក្រោយអាជ្ញាធរទទួលបានព័ត៌មានពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំកម្ពុជា។
បន្ទាប់ពីចាត់ការលើសំណុំរឿង និងពិនិត្យភស្តុតាងរួចរាល់ សាលាដំបូងខេត្តកោះកុងបានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៨នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបអង្កេតតាមនីតិវិធី និងបន្តស្វែងរកចាប់មេខ្លោងដែលបានរត់គេចខ្លួន។
សូមជម្រាបថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ សមត្ថកិច្ចកម្ពុជាបានបង្ក្រាប គ្រឿងញៀនចំនួន ៩ ០៩៣ករណីនៅទូទាំងប្រទេស និងឃាត់ខ្លួនជនសង្ស័យជាង ២៤ ០០០នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ដោយឡែក ពេញមួយឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនសរុបជាង ១ម៉ឺនករណី និងចាប់ជនសង្ស័យពាក់ព័ន្ធយ៉ាងតិច ២៨ ០០០នាក់។ គ្រឿងញៀន និងសារធាតុផ្សំគ្រឿងញៀនយ៉ាងតិច ៤៨ ០០០គីឡូក្រាមត្រូវបានរឹបអូស ព្រមទាំងបិទអាជីវកម្មពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ១២កន្លែង៕