
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4619 នាក់
ម្សិលមិញ 9639 នាក់
សរុប 20694790 នាក់
ប្រទេសតួគីយ៉េ៖ ថ្ងៃទី១៦ តុលានៅទីក្រុងអ៊ីស្តាំប៊ុលកម្ពុជានិងប្រទេសតួគីយេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធាជាមួយគ្នាក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជានិងលោកប្រធានាធិបតីតួគីយេ ។ ពិធីចុះហត្ថលេខាបានធ្វើឡើងដោយមានជំនួបរវាងសម្តេច ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោករិស៊ីបតាយិបអេដូហ្កាន់( Recep Tayyip Erdogan) ប្រធានាធិបតីតួគី នៅព្រះបរមរាជវាំង Dolmabahce។
ភាគីកម្ពុជា តំណាងដោយលោក ប្រាក់ សុវណ្ណា រដ្ឋលេខាធិការក្រសួងការពារជាតិ បានចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ជាមួយលោករដ្ឋមន្ត្រីការបរទេសតួគីយេលោកហាកានហ្វីដាន( Hakan Fidan)។
លោកប្រធានាធិបតីតួគីយេ បានជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា និងស្របតាមច្បាប់អន្តរជាតិ ខណៈដែលភាពតានតឹងរវាងប្រទេសទាំងពីរ(កម្ពុជាថៃ)នៅតែបន្តកើតមានជុំវិញជម្លោះទឹកដីដ៏រ៉ាំរ៉ៃ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ការឈប់បាញ់គ្នាក៏ដោយ។
លោកអេដូហ្កាន( Erdogan) បានមានប្រសាសន៍ថា៖ «យើងនៅតែបន្តគាំទ្រប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចគ្នាទាំងនេះ» ហើយប្រទេសតួគីបានផ្តល់ជំនួយដល់មនុស្សជាង ៣,០០០ នាក់ តាមរយៈការសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា ដោយចាត់ទុកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ និងសន្តិសុខ។
ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីឱកាសនានាក្នុងការពង្រីកពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការកសាងភាពជាដៃគូកាន់តែរឹងមាំជាមួយវិស័យឯកជន។ សម្តេចបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយធុរជនតួគី ដោយប្រើប្រាស់កម្ពុជាជាច្រកទ្វារទៅកាន់ទីផ្សារអាស៊ីដ៏ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងលោកប្រធានាធិបតី អឺដូហ្កាន់ និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីជំនួបពិភាក្សា និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានារវាងប្រទេសទាំងពីរ នៅការិយាល័យប្រធានាធិបតីដូលម៉ាបាហ្សេ (Dolmabahçe) លោក អឺដូហ្កាន់ បានសម្តែងក្តីរីករាយដែលបានទទួលស្វាគមន៍សម្តេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា នៅទីក្រុងអ៊ីស្តាំប៊ុល។ លោកបានថ្លែងថា៖ «យើងចាត់ទុកកម្ពុជា ដែលយើងមានទំនាក់ទំនងកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថាជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោកបានរម្លឹកថា កាលពីឆ្នាំ២០១៨ តួកគី និងកម្ពុជា ដែលពេលនោះមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់១ពាន់លានដុល្លារអាម៉េរិក។ លោកថា តួកគីនៅតែបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅនេះ។
លោក អេដូហ្កាន់ ក៏បានសង្ឃឹមថា វេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃដដែល នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងធុរជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។សូមបញ្ជាក់ថាសម្តេច ហ៊ុន ម៉ាណែត ក៏បានអញ្ជើញលោកប្រធានាធិបតីតួគី ឱ្យមកទស្សនកិច្ចនៅកម្ពុជានាពេលអនាគតផងដែរ៕