
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4921 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695092 នាក់
ប្រទេសបារាំង៖ពីបាតុកម្មឈានទៅកុបកម្មនៅបារាំង បានឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុត រកផ្លូវចេញមិនឃើញ ។ក្រុមកុបករ និងប៉ូលិសបានប្រឈមមុខដាក់គ្នា បង្កជាអំពើហិង្សា ហើយពួកគេបានដើរអុកឡុក ចូលលួចទំនិញប្រ៊េនៗ ពីក្នុងហាងល្បីៗ នៅទូទាំងប្រទេស។ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង បានចេញសារពិសេស ដោយអំពាវនាវឱ្យមាន «ភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់» ។
ថ្លែងសារតាមទូរទស្សន៍ចេញពីវិមាន អេលីសេ កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ផ្សាយដោយ BBC, លោកម៉ាក្រុង អំពាវនាវឱ្យគ្រប់ភាគី ចៀសវាងការបង្កើនកម្តៅ និងធ្វើការបែងចែកដាច់ដោយឡែក រវាងការសម្តែងមតិ និងសេចក្តីទាមទារស្របច្បាប់របស់ប្រជាពលរដ្ឋ និងអំពើល្មើសច្បាប់របស់ក្រុមបង្កើតកុបកម្ម ដែលបានវាយកម្ទេច និងលួចប្លន់ទ្រព្យសម្បត្តិ។
លោក ម៉ាក្រុង បានគូសបញ្ជាក់ពីជំហរឥតកែប្រែថា អំពើហិង្សាហួសហេតុ មិនអាចទទួលយកបានជាដាច់ខាត ហើយជនល្មើសទាំងអស់នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។ បន្ថែមពីនេះ អាជ្ញាធរដែនដី នឹងដាក់ចេញវិធានការការពារអគាររដ្ឋ និងអាជីវកម្ម ព្រមទាំងធានានូវតម្លាភាពពេញលេញចំពោះប្រតិបត្តិការឆ្លើយតបរបស់កងកម្លាំងនគរបាល។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez, មានមនុស្សប្រហែល ៥៥ ម៉ឺននាក់បានចូលរួមក្នុងការតវ៉ានៅទូទាំងប្រទេសបារាំង ។លោកថា បាតុករបានកំណត់គោលដៅលើទីស្នាក់ការរដ្ឋាភិបាល វាយដុំរថយន្តរបស់កងកម្លាំងប៉ូលិស ខណៈបាតុករមួយចំនួនបានចូលលួចរបស់របរក្នុងហាងលក់ទំនិញប្រណីតៗ និងផ្សារទំនើបនានា ។ សាលាក្រុង Limoges ដែលមានអាយុកាល ១៤៣ ឆ្នាំ និងមានផ្ទាំងគំនូរដ៏ល្បីល្បាញជាច្រើន ក៏ត្រូវបានក្រុមបាតុករដុតបំផ្លាញផងដែរ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទទី១៩តុលា លោកឡូរ៉ង់ នូញ៉េ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានដាក់ពាក្យសុំលាចុះពីមុខតំណែង ជូនទៅលោកម៉ាក្រុង ដោយលោកបានទទួលស្គាល់ថា អាជ្ញាធរក្រោមសមត្ថកិច្ចរបស់លោកមានកំហុសឆ្គងធ្ងន់ធ្ងរ ទាំងក្នុងការប្រមូលព័ត៌មានត្រៀមកម្លាំង និងនៅក្នុងវិធានទាប់ស្កាត់សកម្មភាពហិង្សាវាយបំផ្លាញ ព្រមទាំងការចូលលួយទំនិញផង។
ក៏ប៉ុន្តែលោកម៉ាក្រុងបានបដិសេធពាក្យសុំលាចុះពីតំណែងរបស់លោក ឡូរ៉ង់ នូញ៉េ ដោយអះអាងថា កាលៈទេសៈពេលនេះ គឺក្រសួងត្រូវការឲ្យមានថ្នាក់ដឹកនាំបន្តការងារ រៀបចំដឹកនាំកងកម្លាំងសមត្ថកិច្ច ការពារសន្តិសុខប្រជាជនបារាំង។ តែទន្ទឹមគ្នានេះ លោកម៉ាក្រុង បានទាមទារទៅកាន់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាត្រូវតែបង្ហាញតម្លាភាពនូវចំណុចខ្វះខាត និងបទពិសោធន៍ខុសឆ្គងនាពេលកន្លងមក ដែលបានបរាជ័យមិនអាចទប់សកម្មភាពកុបកម្មហិង្សាបាន។ ជាងនេះទៀត លោកម៉ាក្រុងបានទាមទារ ថាសមត្ថកិច្ចបារាំង ត្រូវតែផ្លាស់ប្តូរចំណាត់ការថ្មី ដើម្បីឈានទៅទប់ទល់ឲ្យបាននូវសកម្មភាព របស់ក្រុមចង្រៃវាយបំផ្លាញ និងក្រុមជនឆក់ឱកាសលួចទំនិញ។
សូមបញ្ជាក់ថាក្រុមកុបកម្ម បានពាក់ម៉ាស់ និងស្លៀកពាក់ខ្មៅ កំណត់គោលដៅ វាយប្រហារលើស្ថាប័នរដ្ឋ និងតំបន់ពាណិជ្ជកម្ម។ នៅក្រុង លីម៉ូហ្ស៊េ, អគារសាលាក្រុងប្រវត្តិសាស្ត្រតាំងពីសតវត្សរ៍ទី១៩ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចខ្ទី បណ្តាលឱ្យដំបូល និងអាគារនាឡិកាបាក់រលំ។ ចំណែកនៅទីក្រុង លីយ៉ុង ការិយាល័យទេសចរណ៍ដ៏សំខាន់មួយ ត្រូវបានដុតកម្ទេច ខណៈតំបន់ពាណិជ្ជកម្មធំៗនៅប៉ារីស និង ម៉ាកសីយ៍ បានរងការលួចប្លន់ប៉ាតណាប៉ាតណី។បើយោងតាមការប៉ាន់ស្មាន របស់សហជីពពាណិជ្ជករ! អាជីវកម្មជាង ១ ៥០០ កន្លែងត្រូវរងការបំផ្លិចបំផ្លាញ ដែលគិតជាទឹកប្រាក់ ខូចខាតអស់រាប់សិបលានអឺរ៉ូ។
ដំបូងភាពចលាចលផ្តើមចេញដំបូង ពីបាតុកម្មសិស្សនិស្សិត ប៉ុណ្ណោះ ហើយក៏ប្រែក្លាយជាអំពើហិង្សា រាលដាលទូទាំងប្រទេស ឈានដល់ការផ្ទុះកុបកម្មទ្រង់ទ្រាយធំ កាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ដែលប្រជាពលរដ្ឋជាង ៥៥០ ០០០ នាក់ បានចេញតវ៉ាតាមដងផ្លូវ ប្រឆាំងនឹងការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ ជីវភាពរស់នៅកាន់តែថ្លៃ និងការធ្លាក់ចុះនៃសេវាសាធារណៈ។
យោងតាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃបារាំង មនុស្សជិត ២ ៤០០ នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិសុខ។ ជាមួយគ្នានេះ កងកម្លាំងអនុវត្តច្បាប់ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយមន្ត្រីនគរបាល និងកងរាជអាវុធហត្ថជិត ១ ០០០ រូបបានត្រូវរបួស ក្នុងនោះមាន ៧ រូបស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕ប្រភព៖ BBC