
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4614 នាក់
ម្សិលមិញ 9639 នាក់
សរុប 20694785 នាក់
បន្ទាយមានជ័យ៖នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែងទៀត នៅចំណុចអគារកញ្ចក់ កម្ពស់៣០ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយបានឃាត់ខ្លួនជនសង្ស័យជិត ៦០០នាក់ ក្នុងនោះមានជនជាតិថៃម្នាក់ជាមេខ្លោង។
ក្រោមការបញ្ជាពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិបានដឹកនាំកម្លាំង ដោយមានការសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តដើម្បីធ្វើសកម្មភាព។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥៨៧នាក់ (ស្រី ១០៥នាក់) ដែលរួមមាន៖ ជនជាតិឥណ្ឌូនេស៊ី៖ ចំនួន ៥១៨នាក់ (ស្រី ៧៦នាក់), ជនជាតិខ្មែរ៖ ចំនួន ៥១នាក់ (ស្រី ២១នាក់), ជនជាតិថៃ៖ ចំនួន ១៨នាក់ (ស្រី ៦នាក់) ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងខាងលើមានមេខ្លោងម្នាក់ជាជនជាតិថៃ?។
ដោយឡែកកាលពីនៅថ្ងៃទី៣តុលាកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបាន ចុះបង្ក្រាបទីតាំងអគារមួយកន្លែង (អគារទូក) នៅម្តុំឆ្នេរអូរត្រេះ ពាក់ព័ន្ធករណីឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា(Online Scam) ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុផងដែរ។
ប្រតិបត្តិការនេះសមត្តកិច្ចឃាត់ខ្លួនមនុស្សសរុប ៤៤នាក់ ស្រី ៦នាក់ មាន ៣សញ្ជាតិ (ចិន ចិនតៃវ៉ាន់ និងខ្មែរ )។សម្ភារដកហូតបានរួមមាន៖ កុំព្យូទ័រលើតុចំនួន ៤០គ្រឿង,កុំព្យូទ័រយួរដៃចំនួន ១០គ្រឿង និងទូរស័ព្ទដៃ ២៦គ្រឿង ។មនុស្សទាំង ៤៤នាក់ រួមនឹងសម្ភារខាងលើ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត ។