វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 470 នាក់
ម្សិលមិញ 4847 នាក់
សរុប 13418662 នាក់
ភ្នំពេញ៖តារ៉ាសម្តែងលោកអេដវីនដែលស្រីស្នេហ៍កូនពីរអ្នកនាងបញ្ចកាប្តឹងត្រូវលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង ចោទប្រកាន់ជាផ្លូវការចំនួន២បទល្មើស ។ បទល្មើសទី១- អំពើហិ.ង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន ដែលបទល្មើសនេះមានចែងតាមបញ្ញតិមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ។ អំពើហិ.ង្សាដោយចេតនា ត្រូវផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី៤លានទៅ១០លានរៀល ។
ចំណែកបទល្មើសទី២- ធ្វើឲ្យខូចខាតដោយចេតនា តាមបញ្ញតិមាត្រា ៤១០ នៃក្រមព្រទណ្ឌ ដែលអំពើប្រព្រឹត្តដោយចេតនាបំផ្លិចបំផ្លាញធ្វើឲ្យទ្រុឌទ្រោម ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនោះ និងត្រូវផ្តន្ទាទោសលើជនជាប់ចោទ ដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី១លានទៅ៤ លានរៀល ។ចូលមកដល់ថ្ងៃទី២៣ចៅក្រមស៊ើបលោកមិនទាន់ថាម៉េចនៅឡើយទេ។ឯលោកអេដវីនវិញត្រូវប៉េអឹមដឹកជញ្ជូនចុះឡើងពេញ១ថ្ងៃ។
ទីបំផុតបើតាមលោកប្លង់សុផលអ្នកនាំពាក្យតុលាការគឺចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក សាន្ត ប៊ុនធឿន បានសម្រេចឃុំខ្លួន តារាសម្តែងឈ្មោះ អេដ វីន នៅមណ្ឌលអប់រំកែប្រែ ម ១ (ពន្ធនាគារព្រៃស)ហើយ ដោយចោទចំនួន ២បទល្មើស ដែលពាក់ព័ន្ធការប្រព្រឹត្តអំពើហឹង្សានាពេលកន្លងមក។
គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណី អំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ។ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ក្នុងពាក្យប្តឹងថា នៅឆ្នាំ២០១៤ ខ្លួនបានរៀនចប់អនុបណ្ឌិតផ្នែកគ្រប់គ្រង។ នៅឆ្នាំ២០១៥ ខ្លួនបានរៀបការជាមួយបុរសម្នាក់ រហូតបានកូនស្រី០២នាក់។ ដោយការរស់នៅមិនចុះសម្រុងគ្នា នៅឆ្នាំ២០១៨ ខ្លួនបានលែងលះជាមួយប្តី ដោយចែកកូនស្រីម្នាក់មួយ។
នៅឆ្នាំ២០១៩ ខ្លួនបានចាប់ផ្តើមស្គាល់ យិត មាសឧស្សាហ៍ ហៅ អេដវីន ហើយក៏បានស្រឡាញ់គ្នា និង រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ដោយស្នាក់នៅផ្ទះរបស់ អេដវីន។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នា ពួកខ្លួនតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ពេលខ្លះ អេដវីន បានប្រើអំពើហិង្សាវាយដំមកលើខ្លួន បណ្តាលឲ្យមានស្នាកស្នាមពេញខ្លួនផងដែរ បើសរុបមកដល់ពេលនេះគឺចំនួន ៧ដងមកហើយ។ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រូបខ្លួន និង អេដវីន បានចែកផ្លូវគ្នា និងលែងរស់នៅជាមួយគ្នាជាបន្តទៀត។
ក្រោយបែកគ្នាបាន ០៣ថ្ងៃ អេដវីន បានបង្ហោះសារជាអក្សរតាមបណ្តាញសង្គម ថាខ្លួនមានសាហាយជាមួយអ្នកផ្សេង និងមានការជេរប្រមាថមកលើរូបខ្លួន តែខ្លួនឃើញដូច្នោះក៏មិនតបតដែរ។ ក្រោយមកនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខ្លួនបានចូលទៅស្នាក់នៅផ្ទះម្តាយបង្កើត ក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៤និង១០នាទីទាបភ្លឺ ខ្លួនបានវិលត្រឡប់ពីផឹកស៊ីជាមួយមិត្តភក្តិ និងបានពឹងមិត្តម្នាក់ឈ្មោះ រតនា ជួយជូនខ្លួនមកផ្ទះ ពេលនោះខ្លួនស្រវឹងខ្លាំងពេក ក៏បានចូលដេកក្នុងបន្ទប់ លុះមួយសន្ទុះក្រោយមកខ្លួនក៏ភ្ញាក់ឡើង ឃើញមិត្តខ្លួនឈ្មោះ រតនា កំពុងតែវាយគ្នា ជាមួយ អេដវីន ហើយ អេដវីន បានអុកឡុកបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ អស់ជាច្រើន។
ដោយមានការភ័យស្លន់ស្លោរ មិនដឹងធ្វើយ៉ាងម៉េច ខ្លួនក៏បានបើកឡានចេញពីផ្ទះមួយជុំ ក៏ត្រឡប់មកវិញ ឃើញពួកគេទាំង២នាក់ ឈប់វាយគ្នា ខ្លួនក៏ហៅ អេដវីន ឲ្យចូលក្នុងផ្ទះ ស្រាប់តែអេដវីន ទះខ្លួនចំនួន ៣ដៃ ហើយច្រានខ្លួន ដួលទៅលើឥដ្ឋការ៉ូ និងដកយកខ្សែក្រវ៉ាត់របស់គាត់ មកវាយលើរូបខ្លួនជាច្រើនខ្សែក្រវ៉ាត់ ត្រូវចំក្បាល ចំដៃ ចំខ្លួន ចំជើង ធ្វើឲ្យខ្លួនឈឺចុកចាប់ជាខ្លាំង។ ពេលវាយមកលើខ្លួនរួចហើយ អេដវីន បានចាប់បង្ខំឲ្យខ្លួនរួមភេទ រហូតបានសម្រេច ទាំងខ្លួនកំពុងមានស្នាមរបួសពេញខ្លួន បន្ទាប់មកចាប់បោចសក់ខ្លួន អូសចុះពីកាំជណ្តើដាក់លើម៉ូតូ ដឹកទៅផ្ទះម្តាយខ្លួនមួយទៀត នៅម្តុំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដើម្បីឲ្យអ្នកផ្ទះខ្លួនបានដឹង។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកនាង សុទ្ធ បញ្ចកា បានចូលដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ថាបានធ្វើសកម្មភាពហិង្សា មកលើខ្លួនប្រាណរបស់អ្នកនាង បណ្តាលមានរបួសស្នាមធ្ងន់ធ្ងរ ថែមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឲ្យខូចខាតអស់មួយចំនួន។ នៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក យិត មាសឧស្សាហ៍ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ មនុស្ស ធ្វើការឃាត់ខ្លួន ហើយក្នុងថ្ងៃជាមួយគ្នានេះផងដែរ អ្នកនាង សុទ្ធ បញ្ចកា ក៏បានប្តូរចិត្តសុំដកពាក្យបណ្តឹង ឈប់ប្តឹង លោក អេដវីន ដោយមិនទាមទារសំណងអ្វីទាំងអស់។
ព្រមជាមួយគ្នានោះ ដោយ លោក អេដវីន នៅជាប់បណ្តឹង របស់ ម្តាយបង្កើតអ្នកនាង សុទ្ធ បញ្ចកា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបណ្តឹងរបស់ ឈ្មោះ ហ៊ាង រតនា ពីបទបង្ករបួសស្នាម ផងនោះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ យិត មាសឧស្សាហ៍ ហៅ អេដវីន ទៅកាន់តុលាការដើម្បីផ្តន្ទាទោស។ ទោះបីជាយ៉ាងនេះក្តី អ្នកនាង សុទ្ធ បញ្ចកា ក៏មិនបានបញ្ឈប់នូវបំណងដកពាក្យ បណ្តឹងវិញនោះដែរ ដោយអ្នកនាងបានព្យាយាម ស្នើសុំដកពាក្យបណ្តឹងម្តងហើយម្តងទៀត នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង នៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។