
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7411 នាក់
ម្សិលមិញ 7641 នាក់
សរុប 18986102 នាក់
ភ្នំពេញ៖លោកបណ្ឌិតគិនភាប្រធានវិទ្សាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានសសេរក្នុងហ្វេប៊ុកថា៖សូមបងប្អូនចងចាំថា ស្រុកយើងជាស្រុករាជានិយម ព្រះរាជាសារបស់ព្រះមហាក្សត្រមិនត្រូវបានអនុញ្ញាតឱ្យយកមកជជែកវែកញែកទេ(មាត្រា១៨ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣)។ ម្យ៉ាងទៀត អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ (មាត្រា៧នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣)។ ព្រះអង្គត្រូវបានការពារដោយរដ្ឋធម្មនុញ្។
ការបន្លាចរបស់លោកគិនភាថ្វើឡើងនៅក្នុងការបកស្រាយករណីយ៍សម្តេចតេជោហ៊ុនសែនគ្នុងព្រះបរមនាព្រះមហាក្សត្រទទួលរកការរិះគន់ថាជារាស្ត្រសាមញ្ញតែមកអង្គុយព្រះបលង្លព្រះមហាក្សត្រថា«ប្រាសាទទេវាវិនិច្ឆ័យ និងព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ»
បណ្ឌិត គិន ភា បានសរសេរថា : រូបភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នៅក្នុងប្រាសាទទេវាវិនិច្ឆ័យ នាព្រះបរមរាជវាំង បានបណ្តាលឱ្យមានការជជែកវែកញែកជាច្រើននៅក្នុងបណ្តាញសង្គម។ មានបងប្អូនខ្លះសួរថា តើធ្វើបែបហ្នឹងខុសឬត្រូវ?
មុននឹងឆ្លើយសំណួរថាខុសឬត្រូវ ខ្ញុំសូមអញ្ជើញបងប្អូនឈ្វែងយល់អំពីប្រាសាទទេវាវិនិច្ឆ័យ ឬ ព្រះទីនាំងទេវាវិនិច្ឆ័យជាមុនសិន។ប្រាសាទទេវាវិនិច្ឆ័យ ឬ ព្រះទីនាំងទេវាវិនិច្ឆ័យ សាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៣–១៩១៧ ហើយធ្វើ ពិធីសម្ពោធនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩១៩។
ប្រាសាទទេវាវិនិច្ឆ័យមានទំហំបណ្តោយ ៦០ម ទទឹង ៣០ម និង មានកំពូលស្រួច កម្ពស់ ៥៩ម។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែលបែរព្រះភក្ត្រ ទៅរកទិសទាំង៤។
ប្រាសាទទេវាវិនិច្ឆ័យចែកចេញជា៩ផ្នែក ៖១. ព្រះទីនាំងស្វេតឆត្រ។២. ព្រះទីនាំងហោរាជបណ្ឌិត។៣. ព្រះទីនាំងហោព្រះអដ្ឋិ។៤. ព្រះទីនាំងក្សិណ។៥. ព្រះទីនាំងបុស្បុក។៦. ព្រះទីនាំងមហាមន្ទីរ
៧. ព្រះទីនាំងនារីរ័ត្នសោភា។៨. ព្រះទីនាំងចក្រពត្តិ។៩. ព្រះទីនាំងព្រះស្ងោយ។
ប្រាសាទទេវាវិនិច្ឆ័យត្រូវបានប្រើប្រាសសម្រាប់រៀបចំព្រះរាជពិធីនិងពិធីដូចខាងក្រោម ៖១. ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ។២. ព្រះរាជពិធីបុណ្យទ្វារទសមាស។៣. ព្រះរាជសាវនាការថ្វាយសារតាំង។៤. ពិធីសច្ចាប្រណិធាន។៥. ព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ។
ដូចបងប្អូនឃើញហើយ! តួនាទីទី៥នៃប្រាសាទទេវាវិនិច្ឆ័យ គឺសម្រាប់រៀបចំព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ។ រីឯលោក តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកម្រិតប្រធានរដ្ឋតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រយើងក្នុងឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋ។ ក្នុងពិធីការទូត បដិសណ្ឋារកិច្ចផ្លូវរដ្ឋត្រូវទទួលដោយព្រះប្រមុខរដ្ឋ គឺព្រះមហាក្សត្រ ប៉ុន្តែដោយព្រះអង្គទ្រង់ប្រឈួន ព្រះអង្គបានរាជានុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញតួនាទីជាប្រមុខរដ្ឋស្ដីទីក្នុងនាមជាព្រះរាជនុសិទ្ធិនិងទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋក្នុងព្រះបរមនាមជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យ។
បងប្អូនសួរទៀតថា ចុះបើសម្តេចតេជោ ហ៊ុន សែន អ្នកទទួលបដិសណ្ឋារកិច្ច ម្ដេចមិនរៀបចំនៅវិមានព្រឹទ្ធសភា? ហេតុអីចាំបាច់រៀបចំនៅប្រាសាទទេវាវិនិច្ឆ័យ? លោក តូ ឡឹម ជាភ្ញៀវអន្តរជាតិកម្រិតប្រមុខរដ្ឋនិងត្រូវបានអញ្ជើញដោយព្រះប្រមុខរដ្ឋ ដូច្នេះ បដិសណ្ឋារកិច្ចផ្លូវរដ្ឋត្រូវធ្វើនៅវិមានរដ្ឋ មិនមែននៅវិមានព្រឹទ្ធសភាទេ។ បើធ្វើបែបហ្នឹង គឺមានន័យថា ទម្លាក់កម្រិតពិធីការការទូតដែលនាំឱ្យមានបញ្ហាការទូតផងដែរ។ ម្យ៉ាងវិញទៀត ព្រះករុណាព្រះមហាក្សត្ររាជានុញ្ញាតឱ្យទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋក្នុងព្រះបរមនាមព្រះអង្គនៅប្រាសាទទេវាវិនិច្ឆ័យហើយ។
មានបងប្អូនខ្លះសួរទៀត ហេតុអ្វីព្រះករុណាពេលណាទ្រង់មិនព្រះប្រឈួន មកព្រះប្រឈួនពេលហ្នឹង? ហើយបើព្រះអង្គព្រះប្រឈួន ម្តេចមិនលើកពេល? បងប្អូន! ព្រះមហាក្សត្រក៏ជាមនុស្សដែរ គ្មានមនុស្សណាម្នាក់អាចកំណត់ការឈឺរបស់ខ្លួនថ្ងៃណាបានឬពេលណាទេ, ហើយព្រះអង្គក៏បានបញ្ជាក់អំពីការប្រឈួនរបស់ព្រះអង្គនិងបានរាជានុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញតួនាទីជាប្រមុខរដ្ឋស្ដីទីក្នុងនាមជាព្រះរាជនុសិទ្ធិ និងទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋក្នុងព្រះបរមនាមជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះរាជសាររបស់ព្រះអង្គកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ រួចហើយដែរ។ ម្យ៉ាងទៀត ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋនីមួយៗ គេត្រូវរៀបចំរាប់ខែមុន មិនមែនចង់ដោះដូរភ្លាមៗបានតាមចិត្តដូចបងប្អូនទៅផ្សារទំនើបឬទៅមើលកុនទេ។
បងប្អូនសួរបន្តទៀត! ចុះសម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យក្នុងនាមព្រះមហាក្សត្រយ៉ាងម៉េចវិញ?ចំណុចនេះ សូមបងប្អូនអញ្ជើញអានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣របស់យើង ត្រង់មាត្រា មាត្រា១១ថ្មី ៖ «ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។
តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ ៖
ក- អនុប្រធានទី ១ ព្រឹទ្ធសភា។ខ- អនុប្រធានទី ១ រដ្ឋសភា។គ- អនុប្រធានទី ២ ព្រឹទ្ធសភា។ឃ- អនុប្រធានទី ២ រដ្ឋសភា»។ទន្ទឹមនឹងនោះ មាត្រា៣០ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានចែងផងដែរថា ៖ «ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី។»
ដូច្នេះ ចម្លើយគឺថា សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យក្នុងព្រះបរមនាមព្រះមហាក្សត្រ មិនខុសទេ គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនិងគោរពតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ។
ចំណុចចុងក្រោយសូមបងប្អូនចងចាំថា ស្រុកយើងជាស្រុករាជានិយម ព្រះរាជាសារបស់ព្រះមហាក្សត្រមិនត្រូវបានអនុញ្ញាតឱ្យយកមកជជែកវែកញែកទេ(មាត្រា១៨ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣)។ ម្យ៉ាងទៀត អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ (មាត្រា៧នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣)។ ព្រះអង្គត្រូវបានការពារដោយរដ្ឋធម្មនុញ្។៨ កុម្ភៈ ២០២៦.។