
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4612 នាក់
ម្សិលមិញ 9639 នាក់
សរុប 20694783 នាក់
ភ្នំពេញ៖ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាម៉េរិក ក្នុងរយៈពេល ៩ខែឆ្នាំ២០២៦ ឈានដល់ទំហំទឹកប្រាក់ប្រមាណ ១១,៩៩ពាន់លានដុល្លារអាម៉េរិកគឺ កើនឡើង ២៩,១៥% ខណៈការនាំចូលមានទំហំទឹកប្រាក់ប្រមាណ ៤៧៨លានដុល្លារអាម៉េរិក កើនឡើង ៦៨,៥៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម។
យោងតាមកំណើននៃការនាំចេញនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងទំនុកចិត្តរបស់អ្នកបញ្ជាទិញអាម៉េរិកចំពោះខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា ទោះបីជាសហរដ្ឋអាម៉េរិក បាន សម្រេចដាក់ពន្ធថ្មី ក្នុងអត្រា ១០% លើទំនិញនាំចូលពីកម្ពុជា ក៏ដោយ។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ទៅទីផ្សារអាម៉េរិក រួមមាន សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងសង្ហារិម កង់ និងផលិតផលកសិកម្មមួយចំនួន។
បច្ចុប្បន្នសហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដែលមានចំណែកទីផ្សាររហូតដល់ ៤៣,៦៥% នៃការនាំចេញសរុបរបស់កម្ពុជាក្នុងពេលដែលកម្ពុជាក្លាយជាទីផ្សារទំនិញចិនដេលមានឱនភាពពាណិជ្ចកម្មជាង១០ដង។
រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីរក្សាកំណើនពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែម ក្នុងបរិបទសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកដែលកំពុងប្រែប្រួល។
ដោយឡែកសម្រាប់ការនាចេញនេះដែរកម្ពុជារកចំណូលបានជាង ៥៥២ លានដុល្លារ ពីការនាំចេញកង់ និងកង់អគ្គិសនីនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៦ កើនឡើង ២៣,១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីកំណើនផលិតកម្មក្នុងឧស្សាហកម្មកម្មន្តសាល ដែលកំពុងនាំមុខក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ឧស្សាហកម្មផលិតកង់គឺជាផលិតផលនាំចេញដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ទីផ្សារសំខាន់ៗ សម្រាប់ផលិតផលកង់របស់កម្ពុជា គឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន បែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស្លូវេនី និងកាណាដា។យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានប្រមាណ ៦០៩ លានដុល្លារ ពីការនាំចេញកង់ និងកង់អគ្គិសនី កើនឡើង ៤២,៧៣% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕