
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7557 នាក់
ម្សិលមិញ 15455 នាក់
សរុប 20758852 នាក់
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះជួបអ្នកគាំទ្រគណបក្សសាធារណរដ្ឋនៅភាគខាងកើតរដ្ឋ Michigan នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចុះធ្វើយុទ្ធនាការជួយគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋដ៏សំខាន់មួយនេះកាលពីថ្ងៃសៅរ៍។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦បានឲ្យដឹងថា៖ការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភានៅរដ្ឋ Michigan បាននិងកំពុងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញរវាងអតីតសមាជិកសភាបក្សសាធារណរដ្ឋ លោក ម៉ៃក៍ រ៉ូជឺស៍ (Mike Rogers) និងបេក្ខជនបក្សប្រជាធិបតេយ្យ លោក អាប់ឌុល អែលសាយ៉េដ (Abdul El-Sayed)។
កន្លងមក ទាំងលោក ត្រាំ និងលោក រ៉ូជឺស៍ បានវាយប្រហារឥតឈប់ឈរលើជំនឿសាសនារបស់លោក អែលសាយ៉េដ ដោយចោទប្រកាន់ដោយគ្មានភស្តុតាងថារូបលោកមានទំនាក់ទំនងជាមួយក្រុមភាតរភាពមូស្លីម (Muslim Brotherhood) រហូតដល់ព្រឹកថ្ងៃអាទិត្យនេះ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social វាយប្រហារទាំងលោក អូបាម៉ា និងលោក អែលសាយ៉េដ យ៉ាងធ្ងន់ធ្ងរ។
លោក អែលសាយ៉េដ បានច្រានចោលការចោទប្រកាន់ទាំងនេះ និងហៅការចោទសួរលើភក្តីភាពរបស់លោកចំពោះសហរដ្ឋអាមេរិកថាជារឿងដ៏គួរឱ្យអាម៉ាស់ ។លោក អូបាម៉ាវិញ បានថ្លែងការពារនៅទីក្រុងដេត្រយត៍ (Detroit) កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយប្រៀបធៀបការវាយប្រហារនេះទៅនឹងករណីដែលគូប្រជែងធ្លាប់ប្រឌិតរឿងថារូបលោកកើតនៅប្រទេសកេនយ៉ា ដើម្បីបង្ហាញថាលោកមិនសូវស្នេហាជាតិដូច្នេះដែរ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយក្នុងឆ្នាំនេះដែលលោក ត្រាំ ចុះធ្វើយុទ្ធនាការដោយផ្ទាល់នៅរដ្ឋ Michigan ដោយលោកនឹងជួបជុំអ្នកគាំទ្រនៅទីក្រុង Port Huron។ ពិធីជួបជុំនេះក៏ប្រព្រឹត្តទៅស្របពេលមានភាពតានតឹងពន្ធគយរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលកំពុងប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្តអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងដេត្រយត៍ និងបានធ្វើឱ្យលោក រ៉ូជឺស៍ ព្យាយាមរក្សាគម្លាតពីគោលនយោបាយពន្ធគយរបស់លោកប្រធានាធិបតីផងដែរ៕