
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1987 នាក់
ម្សិលមិញ 8930 នាក់
សរុប 19699241 នាក់
ឥណ្ឌា៖ ឥណ្ឌាបានផ្អាកគម្រោងទិញគ្រឿងសព្វាវុធ និងយន្តហោះថ្មីពីសហរដ្ឋអាម៉េរិក បន្ទាប់ពីអាម៉េរិក បានដំឡើងពន្ធលើទំនិញឥណ្ឌាថែមួទៀត។ ការសម្រេចផ្អាកនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) បានប្រកាសបន្ថែមពន្ធ ២៥% លើទំនិញនាំចេញពីប្រទេសឥណ្ឌា ដោយសារតែប្រទេសនេះនៅតែបន្តទិញប្រេងពីរុស្ស៊ី ដោយធ្វើឱ្យពន្ធសរុបឈានដល់ ៥០% ។
ឥណ្ឌាបានលុបចោលការធ្វើដំណើរដែលបានគ្រោងទុកដោយរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន លោក រ៉ាច់ណាត់ សិង្ហ (Rajnath Singh) ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគេធ្លាប់រំពឹងថា នឹងទទួលបានកិច្ចព្រមព្រៀងជាច្រើនក្រោយជំនួបនោះ ។នៅក្នុងគម្រោងដែលបានផ្អាកនោះ រួមមាន រថក្រោះចម្បាំង Stryker និងកាំជ្រួចប្រឆាំងរថក្រោះ Javelin ក៏ដូចជាកិច្ចព្រមព្រៀងតម្លៃ ៣.៦ ពាន់លានដុល្លារអាម៉េរិកដែលបានស្នើឡើងសម្រាប់យន្តហោះឈ្លបយកការណ៍ Boeing P8I ចំនួន ៦គ្រឿងសម្រាប់កងទ័ពជើងទឹកឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌាកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពពន្ធគយ និងទំនាក់ទំនងរួម មុននឹងឈានទៅមុខជាបន្តទៀត ។ទាំងឥណ្ឌា និងសហរដ្ឋអាម៉េរិក នៅតែបន្តពិភាក្សាគ្នា និងធ្វើការលើកិច្ចព្រមព្រៀងការពារជាតិ ដូច្នេះប្រសិនបើអ្វីៗនឹងប្រសើរឡើងជាងមុន នោះកិច្ចព្រមព្រៀងអាចចាប់ផ្តើមម្តងទៀតក្នុងពេលឆាប់ៗ។
ឥណ្ឌាមានអារម្មណ៍ថា ពន្ធគយមិនយុត្តិធម៌ ដោយសារសហរដ្ឋអាម៉េរិក និងដៃគូអឺរ៉ុបរបស់ខ្លួន នៅតែធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីជាធម្មតា ប៉ុន្តែឥណ្ឌាបែរជាត្រូវទទួលទណ្ឌកម្មចំពោះការទិញប្រេងពីរុស្ស៊ីទៅវិញ ។ទាក់ទិនការតម្លើងពន្ធនិងបំរាមហាមទិញប្រេងពីរុស្ស៊ីលោកនាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រៈ មុឌី គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនជាលើកដំបូងរបស់ខ្លួន នៅក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ខណៈដែលសភាពតានតឹងកើនឡើងរវាងចិន និងសហរដ្ឋអាម៉េរិកនោះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឯណោះវិញ បានរាយការណ៍កាលពីថ្ងៃទី៤សីហាឱ្យដឹង ថា លោកមុឌី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមជំនួបកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃពហុភាគី ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា នេះ ខណៈក្រសួងការបរទេសឥណ្ឌាមិនឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតឡើយជុំវិញរឿងដំណើរទស្សនកិច្ចរបស់លោកនាយរដ្ឋមន្ត្រីខ្លួនទៅកាន់ប្រទេសចិននោះ។គួររំលឹកដែរថា ប្រទេសឥណ្ឌាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលតាមការកាក់ស្មានមានទំហំទឹកប្រាក់ប្រមាណជា ៨១ ពាន់លានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា បានចោទប្រកាន់ឥណ្ឌាថាបានផ្គត់ផ្គង់ហិរញ្ញវត្ថុដល់សង្គ្រាម របស់រុស្ស៉ីនៅអ៊ុយក្រែន តាមរយៈការបន្តទិញប្រេងពីទីក្រុងមូស្គូ ខណៈសហរដ្ឋអាមេរិកកំពុងបង្កើនការដាក់សម្ពាធលើទីក្រុងញូវដែលីឱ្យបញ្ឈប់ការទិញប្រេងពីរុស្ស៉ី។ ទីភ្នាក់ងារសារព័ត៌មាន Reutersបានឲ្យដឹងថា លោក Stephen Miller ជានាយរងខុទ្ទការល័យសេតវិមាន បាននិយាយថាអ្វីដែលលោក ត្រាំ មិនអាចទទួលយកបាន នោះគឺឥណ្ឌានៅតែបន្តផ្គត់ផ្គង់ហិរញ្ញវត្ថុដល់សង្គ្រាមរបស់ រុស្ស៉ីតាមរយៈការបន្តទិញប្រេងពីមូស្គូ។ ការរិះគន់របស់លោក Miller គឺជាការរិះគន់ខ្លាំងបំផុតមួយរបស់រដ្ឋបាលលោក ត្រាំ លើឥណ្ឌាដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures នៃទូរទស្សន៍ Fox News លោក Miller បានគូសបញ្ជាក់ដូច្នេះថា «គេគ្រប់គ្នានឹងតក់ស្លុតដែលបានដឹងថាឥណ្ឌាមានទំនាក់ទំនងជាមូលដ្ឋានជាមួយចិន នៅក្នុងការទិញប្រេងពីរុស្ស៉ី។ នេះគឺជាការពិតមិនអាចប្រកែកបាន»។ គួរបញ្ជាក់ថា ពន្ធគយ ២៥ភាគរយរបស់សហរដ្ឋអាមេរិកលើទំនិញឥណ្ឌាបានចូលជាធរមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារតែទីក្រុងញូវដែលីនៅតែបន្តទិញប្រេង និងអាវុធពីរុស្ស៉ី។ លោក ត្រាំ ក៏បានគំរាមយកពន្ធគយ ១០០ភាគរយលើទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិកពីបណ្ដាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៉ីផងដែរ ប្រសិនបើទីក្រុងមូស្គូមិនព្រមទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែនទេនោះ៕
កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានព្រមានថា ប្រទេសដូចជា ប្រេស៉ីល ចិន និងឥណ្ឌា អាចនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើពួកគេនៅតែបន្តទំនាក់ទំនងអាជីវកម្មជាមួយប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។លោក Rutte បានលើកឡើងដូចខាងលើ អំឡុងជំនួបជាមួយក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់សព្វាវុធថ្មីៗដល់អ៊ុយក្រែន ហើយគំរាមកំំណត់ពន្ធ១០០ភាគរយ លើបណ្តាប្រទេសទាំងឡាយ ដែលទិញប្រេងពីរុស្ស៉ី ប្រសិនបើទីក្រុងមូស្គូ នៅតែមិនអាចសម្រេចឱ្យបាន កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ក្នុងរយៈពេល៥០ថ្ងៃ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជួបលោក ត្រាំ កាលពីថ្ងៃចន្ទ ហើយបានឯកភាពគ្នាជុំវិញចំណាត់ការថ្មីខាងលើ លោក Rutte បាននិយាយដូច្នេះថា «ខ្ញុំលើកទឹកចិត្តឱ្យប្រទេសទាំង៣ ពិចារណាល្អិតល្អន់ចំពោះរឿងនេះ ព្រោះពួកគេអាចនឹងត្រូវរងទណ្ឌកម្មធ្ងន់ធ្ងរ។ ហេតុនេះហើយចូរហៅទូរសព្ទទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន (ប្រធានាធិបតីរុស្ស៉ី) ហើយប្រាប់លោក ពូទីន ថា ដល់ពេលដែលត្រូវប្រាកដប្រជាអំពីកិច្ចពិភាក្សាសន្តិភាពហើយ ព្រោះបើពុំដូច្នោះទេ ប្រេស៉ីល ឥណ្ឌា និងចិន ក៏នឹងត្រូវរងផលវិបាកយ៉ាងធ្ងន់ធ្ងរផងដែរ»។