
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10359 នាក់
ម្សិលមិញ 8050 នាក់
សរុប 20738794 នាក់
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញកាត់ខ្សែបូបើកកម្មវិធីពិព័រណ៍កសិកម្មកម្ពុជា២០២៦ ជាផ្លូវការ និងអញ្ជើញទស្សនាស្តង់ពិព័រណ៍មានស្ដង់ប្រមាណ ៤០០ ដែលបានដាក់បង្ហាញកសិផលកសិកម្មជាច្រើនមុខ។
ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីវាគ្មិនជំនាញផ្នែកកសិកម្ម ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដោយមានស្ដង់តាំងបង្ហាញផលិតផលប្រមាណ ៤០០ស្ដង់ ដែលផ្តោតលើកសិផលយុទ្ធសាស្ត្រចំនួន ៩មុខ រួមមាន អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ ព្រមទាំង ផលិតផល កសិកម្មជាច្រើនប្រភេទទៀត។
ក្រៅពីកសិផលយុទ្ធសាស្ត្រទាំង ៩មុខ ពិព័រណ៍នេះ ក៏មានការដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម និងបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មផងដែរ។ ការតាំងបង្ហាញទាំងនេះ បង្ហាញពីភាពសម្បូរបែប នៃផលិត ផលកសិកម្ម និងដំណោះស្រាយបច្ចេកវិទ្យាដែលអាចជួយបង្កើនប្រសិទ្ធភាពផលិតកម្ម និងបន្ថែមតម្លៃដល់ កសិផលកម្ពុជា។
ការៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើក កម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ និងលើកកម្ពស់ការ ប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏មានគោល ដៅបង្កើត ឱកាសវិនិយោគថ្មីៗ និងពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកែច្នៃរបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេសផងដែរ។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យកសិកម្មរីចចម្រើនទៅមុនបានមិនមែនមានតែក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ប៉ុន្តែក៏មានក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមសហការចាប់ដៃគ្នាដែរ។ លោកបន្ថែមថា ក្រសួងកសិកម្មមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ផលិតកម្ម បច្ចេកទេស និងគុណភាពកសិផល, ក្រសួងឧស្សាហកម្មមានតួនាទីកែច្នៃផលដំណាំកសិកម្មឱ្យទៅជាលទ្ធផលសម្រេច បន្ទាប់មកក្រសួងពាណិជ្ជកម្មមានតួនាទីទៅរកទីផ្សារ សម្រួលពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតកម្មកម្ពុជា។