
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5042 នាក់
ម្សិលមិញ 5599 នាក់
សរុប 20716937 នាក់
ភ្នំពេញ៖ កម្ពុជាកំពុងបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនផលិតភាព និងត្រៀមខ្លួនសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាការងារចាំបាច់។ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាមូលដ្ឋានដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញសហគ្រិនភាព និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល កំណត់ជាអាទិភាពមួយក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ការធ្វើនិយ័តកម្មសហគ្រាស ការបង្កើនផលិតភាព ការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រឹងគុណភាព និងស្តង់ដារ ការទទួលបានហិរញ្ញប្បទាន និងការពង្រីកទីផ្សារ។
ពាក់ពន្ធ័វិសយ័នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ពេលអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»ដោយបានមានប្រសាសន៍ផ្តលជាអនុសាសន៍ថា៖
សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ចាត់ទុក សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។តាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច MSMEs សរុបមានចំនួន ៧៥ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨ លាននាក់។ លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០ភាគរយ (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ឱ្យអនុវត្តរួចមកហើយនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីបើកផ្លូវឱ្យអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬហៅថា Startup) ឆ្នាំ២០២៦-២០៣០» ក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនុវានុវត្តន៍ការឆ្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មី ផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជា កាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស៖ (១)ការជំរុញ និងការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង សហគ្រិនខ្មែរ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា, (២) ការគាំទ្រដល់ការអភិវឌ្ឍជំនាញ ជាពិសេស តាមរយៈការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានចំណាយថវិកាគាំទ្រដល់ MSMEs សរុបចំនួន ១៥,២៧ លានដុល្លារអាម៉េរិក សម្រាប់គម្រោងបណ្តុះបណ្តាលសិក្ខាកាម ចំនួន ៧៦ ០០០ នាក់ (គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦), (៣) ការលើកកម្ពស់ស្តង់ដាផលិតផល តាមរយៈ
ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានការផ្តល់សេវានៃការធ្វើតេស្តពិសោធន៍ ការធ្វើស្តង់ដារូបនីយកម្ម ការវាយតម្លៃអនុលោមភាពផលិតផលឬសេវាកម្ម ការធ្វើព្យាសកម្ម និងត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ និងការវាយតម្លៃទទួលស្គាល់, (៤) ការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងឥណទាន តាមរយៈការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា ជាដើម។ ក្នុងនោះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន បញ្ចេញឥណទានដោយផ្ទាល់ និងតាមរយៈគម្រោងសហហិរញ្ញប្បទាន ជូនសហគ្រាសធុនតូច និង មធ្យម ចំនួន ៤ ០១៤ សហគ្រាស ស្មើនឹងទំហំឥណទាន ៦៦២ លាន ដុល្លារអាម៉េរិក (គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ឲ្យដឹងថា កន្លងមកសម្តេចបានជួបដោយផ្ទាល់ជាមួយ កម្មករ-និយោជិត សហគ្រិន និងម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ឱ្យបានច្បាស់ថាតើបងប្អូនជួបការលំបាកអ្វីខ្លះ ដូចជា បញ្ហាដើមទុន បញ្ហា បច្ចេកទេស បញ្ហាទីផ្សារ ការប្រកួតប្រជែង ជាមួយទំនិញនាំចូល ថ្លៃដើមផលិតកម្ម ឬភាពស្មុគស្មាញ នៃនីតិ វិធីរដ្ឋបាល។ ដើម្បីឆ្លើយតបនឹងការត្អូ ញត្អែរ និងការលើកសំណូមពរ សម្តេចបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ គិតគូររកដោះស្រាយជាបន្តបន្ទាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាតូចៗនាំឱ្យស្ទះដល់ការងារធំ ស្លឹកឈើមួយសន្លឹក អាចធ្វើឱ្យស្ទះទទាំងមូល។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា ការងារទាំងឡាយ ត្រូវគិតពីកម្រិតតូចៗឡើងទៅ ដើម្បីឱ្យដំណើរការងារបានរលូន និងល្អប្រសើរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រសួងនីមួយៗកុំលោភការងារ ក្រសោបយកគ្រប់ការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីជំរុញការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព និងទទួលផ្លែផ្កាពិតប្រាកដ, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ ដែលខ្ញុំសូមជម្រាបជូនដូចខាងក្រោម៖
ទី១៖ ការបង្កើត និងដាក់ឱ្យដំណើរការអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ជាច្រកចេញចូលតែមួយ ដែលធ្វើការសម្របសម្រួលសេវាចុះបញ្ជី និងការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញាតផ្សេងៗ។ ចាប់ពីពេលនេះតទៅ ធុរជនមិនចាំចាប់ធ្វើដំណើរទៅគ្រប់ក្រសួងស្ថាប័នទៀតឡើយ។
ទី២៖ ការគ្រោងដាក់ឱ្យអនុវត្តគម្រោងសាកល្បងនៃការស្នើសុំចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗ ជាកញ្ចប់ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីជាអតិបរមា តាមថ្នាលCamDX ទាំងស្រុង នាពេលខ្លីខាងមុខ។ នេះជាគម្រោងជាក់ស្តែងមួយ ដែលមានគោលបំណងឆ្លើយតបនឹងកង្វល់របស់ធុរជនកន្លងមក។
ទី៣៖ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦ នេះ, ក្រសួង ស្ថាប័ន ដែលផ្តល់សេវាសាធារណៈដល់MSMEs ចំនួន ១៨ បានតភ្ជាប់ជាមួយ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ថ្នាល CamDX) បានដោយជោគជ័យ សម្រាប់ការផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័ន តាមទម្រង់អេឡិចត្រូនិក ដែលមានន័យថា មនុស្សនឹងលែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតហើយ ពោលគឺទុកឱ្យទិន្នន័យអេឡិចត្រូនិកជាអ្នករត់វិញ។
លើមូលដ្ឋាននេះសេវាសាធារណៈអេឡិចត្រូនិកសម្រាប់ផ្តល់ជូនដល់ MSMEs គ្រប់វិស័យ បាន និងកំពុងត្រូវបានអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ ជាបន្តបន្ទាប់ លើថ្នាល CamDX ដែលការណ៍នេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងកាត់បន្ថយពេលនៃការស្នើសុំសេវាសាធារណៈ។
ទី៤. រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសេចក្តីព្រាង «អនុក្រឹត្យសំខាន់ចំនួនពីរ» បន្ថែមទៀតគឺ៖ «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម» ដែលកំណត់អំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្តអាជីវកម្ម ដោយគិតចាប់ពីការចាប់ផ្តើម ការធ្វើប្រតិបត្តិការ និងការបិទអាជីវកម្ម និងមានបញ្ចូលនីតិវិធីនៃការចាត់ថ្នាក់ (Classify) សហគ្រាសជាសហគ្រាសធុនតូច និងមធ្យម និង «អនុក្រឹត្យទី២ ស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម» ដែលផ្តល់ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ ទាំងផ្នែកមិនមែនសារពើពន្ធ ។ ការតាក់តែងសេចក្តីព្រាងអនុក្រឹត្យទាំងពីរត្រូវបានបញ្ចប់ ហើយខ្ញុំនឹងពិនិត្យមើលចុងក្រោយ មុនអាចដាក់ចេញឱ្យអនុវត្ត ក្នុងពេលឆាប់ៗ ខាងមុខ។លោកបណ្ឌិតផ្នែកសេដ្ឋកិច្ច កង ច័ន្ទតារារ័ត្ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំការធ្វើកំណែទម្រង់ផ្នែកសហគ្រាសមីក្រូធុន តូច និងមធ្យម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ បច្ចេកវិទ្យាឌីជីថលមិនមែនជា ជម្រើសទៀតទេ តែជាការរស់រានមានជីវិតរបស់អាជីវកម្ម។ ក្នុងន័យនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គណៈកម្មាធិការធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវសហការគ្នាបន្តលើកកម្ពស់ការយល់ដឹង និងជួយគាំទ្រ ផ្នែកបច្ចេកទេសដើម្បីឱ្យ MSMEs កម្ពុជាអាចចាប់ យក បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការគ្រប់គ្រងអាជីវកម្ម។ ដូច្នេះត្រូវពង្រីក ការប្រើប្រាស់ទីផ្សារអេឡិចត្រូនិក (E-commerce) ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល និងការ តាម ដាន គុណភាពផលិតផល ទន្ទឹមនឹងការជំរុញការ-ស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) តាមរយៈ ការត ភ្ជាប់ រវាង គ្រឹះស្ថានអប់រំ វិទ្យាស្ថានស្រាវជ្រាវជាមួយនឹងសហគ្រាស ដើម្បីបង្កើតផលិតផលថ្មីៗ រួមទាំងការវេចខ្ចប់ ប្រកបដោយសោភណភាព ភាពច្នៃប្រឌិត និងមានតម្លៃបន្ថែមខ្ពស់។
* សម្តេចអំពាវនាវដល់សហគ្រាស និងអាជីវកម្មគ្រប់ប្រភេទ សូមនាំគ្នាចាប់យកបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ទោះក្នុងជំហានតិចតួចក្តី ច្រើនក្តី និងសូមពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដោះស្រាយបញ្ហាប្រឈមក្នុងការទទួលបានហិរញ្ញប្បទាន (Access to Finance)ដើមទុន គឺជាចរន្តឈាមរបស់អាជីវកម្ម។ ក្នុងន័យនេះ សម្តេចស្នើឱ្យធនាគារជាតិនៃកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា (SME Bank) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងទីផ្សារមូលបត្រ បន្តអភិវឌ្ឍ និងពង្រីកផលិតផលហិរញ្ញវត្ថុថ្មីៗ ប្រកបដោយនវានុវត្តន៍, រៀបចំយន្តការផ្តល់កម្ចីដែលមានអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌបត់បែន, និងជំរុញការអប់រំផ្នែកហិរញ្ញវត្ថុ (Financial Literacy) ដល់ម្ចាស់អាជីវកម្ម ខ្នាតតូច ដើម្បីឱ្យពួកគាត់ចេះរៀបចំគម្រោងអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុបានត្រឹម ត្រូវ និងមានតម្លាភាព ដែលជាលក្ខខណ្ឌដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត ដើម្បីទទួលបានហិរញ្ញប្បទាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលេចថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ មានផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១.១០០ មុខផលិតផល បើធៀបនឹង ៩ ខែដូចគ្នាកាលពីឆ្នាំមុន (ប្រមាណ ១.៥០០ មុខផលិតផល)។ ក្នុងន័យនេះ សម្តេចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្តល់ អាទិភាពដល់ផលិតផលខ្មែរដែលមានគុណភាព។ ការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយដល់ម្ចាស់សហគ្រាសផលិតនោះទេ ប៉ុន្តែជួយរក្សាការងារ បង្កើតចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់យើង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងសមត្ថភាពសហគ្រិនភាព ការកសាងសមត្ថភាពមនុស្ស គឺជាកត្តាស្នូល និងជាថាមពលជំរុញដ៏សំខាន់បំផុត។ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មូលនិធិអភិវឌ្ឍន៍ជំនាញ រួមជាមួយវិស័យឯកជន ត្រូវពង្រឹងនិងពង្រីកកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដែលឆ្លើយតបយ៉ាងពិតប្រាកដ ទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារនៃ MSMEs ដូចជាជំនាញមេកានិច ជំនាញកែច្នៃម្ហូបអាហារ ជំនាញឌីជីថល និងសេវាកម្ម។ ជាងនេះទៅទៀត ការបណ្តុះបណ្តាលផ្នត់គំនិតសហគ្រិនភាព (Entrepreneurial Mindset) ដល់យុវជន និស្សិត និងម្ចាស់អាជីវកម្ម ត្រូវធ្វើឡើងជាប្រចាំតាំងពីកម្រិតមធ្យមសិក្សា ដើម្បីឱ្យពួកគាត់មានភាពក្លាហាន ភាពច្នៃប្រឌិត ការហ៊ានទទួលយកហានិភ័យ ប្រកបដោយការគិតគូរខ្ពស់ និង ស្មារតីមិនចុះចាញ់ចំពោះឧបសគ្គ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបន្តសម្រួលបរិយាកាសធុរកិច្ច និងការជំរុញការធ្វើបរិវត្តកម្មពីសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ត្រូវដើរទន្ទឹមគ្នានឹងការប្តេជ្ញាចិត្ត ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេស ក្នុងការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលមិនចាំបាច់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតី «ជួយគាំទ្រដល់សហគ្រាស» ជាជាងដើម្បីតែចាប់កំហុស ដាក់ទោសទណ្ឌ និងផាកពិន័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញជាបទបញ្ជាឱ្យគ្រប់អង្គភាព និងមន្ត្រីជាអ្នកផ្តល់សេវាសាធារណៈទាំងអស់ ត្រូវពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ និងការវិវត្តឥតឈប់ឈរនៃលក្ខខណ្ឌទីផ្សារ។ សូមកែលម្អប្រព័ន្ធផ្តល់សេវា កែតម្រូវផ្នត់គំនិត និងអភិក្រមនៃការផ្តល់សេវាសាធារណៈ។ សូមយកអាសារវិស័យឯកជនដែលជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាឱ្យ MSMEs របស់យើងអាចលូតលាស់ រីកធំធាត់ កាន់តែរឹងប៉ឹង ក្លាយជាគ្រឹះដ៏រឹងមាំយ៉ាងពិតប្រាកដនៃសេដ្ឋកិច្ចជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវលើកទឹកចិត្ត និងគាំទ្របច្ចេកទេសដល់MSMEs ក្នុងការអនុវត្តគោលការណ៍ផលិតកម្មស្អាត ការសន្សំសំចៃថាមពល ការប្រើ ប្រាស់ ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចចក្រា (Circular Economy) និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការអនុវត្តស្តង់ដាបរិស្ថាន មិនត្រឹម តែជួយការពារភពផែនដី និងសុខភាពប្រជាជនយើងប៉ុណ្ណោះទេ តែវាក៏ជាសំបុត្រឆ្លងដែន (Passport) ដ៏មានឥទ្ធិពល ក្នុងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដែលកំពុងទាមទារ ឱ្យមានការអនុលោមតាមស្តង់ដាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) យ៉ាងតឹងរ៉ឹង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងកិច្ចសហការអន្តរស្ថាប័ន (M&E and Inter-institutional Collaboration) បទពិសោធកន្លងមកបានបង្ហាញថា គ្មានយុទ្ធសាស្រ្ត ឬគោលនយោបាយណាមួយអាចទទួលបាន ជោគជ័យដោយពុំមានការតាមដាន និងត្រួតពិនិត្យការអនុវត្តយ៉ាងហ្មត់ចត់នោះទេ។ សម្តេចបានប្រគល់ភារកិច្ច ជូនគណៈកម្មាធិការដឹកនាំការអនុវត្ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងនាម ជាសេនាធិការ របស់រាជរដ្ឋាភិបាល ដឹកនាំសម្របសម្រួល ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ផ្នែកឯកជន និងដៃគូអភិវឌ្ឍ ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ជាប្រចាំ ដោយមានប្រព័ន្ធវាយតម្លៃលទ្ធផល (M&E Framework) ដែលមានសូចនាករច្បាស់លាស់ ព្រមទាំងកិច្ចប្រជុំពិភាក្សាដោះស្រាយ បញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ដើម្បីធានាថារាល់វិធានការ ត្រូវបានអនុវត្ត ដោយ សមកាលកម្ម (Synchronization) និងការទទួលខុសត្រូវ។ ជោគជ័យនៃយុទ្ធសាស្ត្រជាតិនេះមិនគួរត្រូវបានវាស់វែងត្រឹម តែចំនួនវគ្គបណ្តុះបណ្តាល ទំហំឥណទាន ឬចំនួនអាជ្ញាបណ្ណដែលបានចេញ ប៉ុណ្ណឹងទេប៉ុន្តែត្រូវឆ្លើយតបសំនួរសំខាន់ៗដូចជា៖ ផលិតភាពសហគ្រាសកើនបានប៉ុន្មាន? ថ្លៃដើមថយប៉ុន្មាន? មានផលិតផលថ្មី និងទីផ្សារថ្មីប៉ុន្មាន? បង្កើតបានការងារថ្មីប៉ុន្មាន? និងមាន MSMEs កម្ពុជាប៉ុន្មានបានចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់រោងចក្រធំៗ? នេះទើបជាលទ្ធផលដែលយើងចង់បាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជោគជ័យ នៃ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុន មីក្រូ តូច និងមធ្យមឆ្នាំ២០២៦-២០៣០» មិនអាចសម្រេចបានដោយស្ថាប័នណាមួយ ឬជាជោគជ័យរបស់ស្ថាប័នណាមួយដោយឡែកនោះទេ ប៉ុន្តែជាសមិទ្ធផលរបស់ជាតិ យើង ទាំង មូល។ នៅពេលដែល MSMEs យើងរឹងមាំ សេដ្ឋកិច្ច ជាតិ យើង ក៏រឹងមាំ និងមានភាពធន់ ហើយប្រជាជន យើងមានការងារធ្វើ មានចំណូលសមរម្យ និងរស់នៅប្រកប ដោយ សេចក្តីថ្លៃថ្នូរ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលដែលគាំទ្រអាជីវកម្ម (Pro-Business) គាំទ្រការផលិត គាំទ្រការវិនិយោគ ហើយយើងនឹងបន្តរួមសុខរួមទុក្ខជាមួយធុរជន ពិសេស MSMEs ដោយគាំទ្របងប្អូន និងដើរទៅមុខជាមួយគ្នា ក្នុងស្មារតី «គិតជាមួយគ្នា ធ្វើជាមួយគ្នា និងទទួលខុសត្រូវរួមគ្នា» ដើម្បីកសាងសង្គមសេដ្ឋកិច្ចមួយដែលរុងរឿង។