
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7559 នាក់
ម្សិលមិញ 15455 នាក់
សរុប 20758854 នាក់
ភ្នំពេញ៖ មហោស្រពភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) ដែលជាមហោស្រពភាពយន្តខ្លីដំបូងគេ និងមានអាយុកាលយូរជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការការ នៃការចាក់បញ្ចាំងភាពយន្តខ្លីប្រតិដ្ឋ និងភាពយន្តឯកសារសរុប ៩០រឿង មកពី ៣៣ប្រទេស ដែលបានជ្រើសរើសជាផ្លូវការ ដោយមានភាពយន្តជាតិចំនួន ៤០ ចំណងជើង និង ភាពយន្តអន្តរជាតិចំនួន ៥០ ចំណងជើង សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នៃជំនាន់ទី១៥ ជាពិសេស ។
ការប្រកាសពីការជ្រើសរើសនេះ ត្រូវបានប្រព្រឹត្តិទៅនៅរោងភាពយន្ត Fable Cinema ក្នុងបរិវេណ Factory Phnom Penh ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់ផលិតករភាពយន្ត, ភ្ញៀវកិត្តិយស, សមិទ្ធករ និងដៃគូសហការក្នុងឧស្សាហកម្មភាពយន្តក្នុងនោះមានរដ្ឋលេខាធិការក្រសួងវប្បធម៍និងក្រសួងពត៍មាន។
លោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន (SFA) និងជាប្រធានមហោស្រព CSFF បានថ្លែងថា គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីចែករំលែកពីបេសកកម្មពង្រីកវិសាលភាពថ្មី របស់មហោស្រព ការដាក់ឱ្យប្រកួតប្រជែង ផ្នែកភាពយន្តប្រើបញ្ញាសិប្បនិមិ្មត (AI Film Category) ជាលើកដំបូង និងផែនការដំណើរចាក់បញ្ចាំងពេញប្រទេស និងក្រៅស្រុក (Nationwide and Overseas Screening Tours) នាពេលខាងមុខ ក្នុងគោលដៅបន្តលើកតម្កើងសិល្បៈច្នៃប្រតិដ្ឋ និងអាជីពនៃការរៀបរាប់សាច់រឿងជាខ្សែភាពយន្ត (Cinematic Storytelling)។
លោក ស៊ុំ ស៊ីថែន បានឲ្យដឹងថា ភាពយន្តអន្តរជាតិដែលត្រូវបានជ្រើសរើស សម្រាប់ឆ្នាំ២០២៦ នេះមានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោក ដោយមានការចូលរួម ពីភាពយន្តដែលធ្លាប់បានចាក់បញ្ចាំង នៅតាមមហោស្រពលំដាប់កំពូលៗ ដូចជា Cannes, TIFF, SXSW, និង Berlinale ផងដែរ។ លើសពីនេះ ដើម្បីឆ្លុះបញ្ចាំងពីការវិវត្ត យ៉ាងឆាប់រហ័សនៃឧស្សាហកម្មនេះ ការរៀបចំលើកទី ១៥ នេះ បានផ្តួចផ្តើមឱ្យមានផ្នែកថ្មីមួយគឺ «ភាពយន្តខ្លី AI អន្តរជាតិ» ដែលរាប់ថាជាវេទិកាមួយក្នុងការស្វែងយល់ពីចំណុចប្រសព្វ រវាងបញ្ញា សិប្បនិម្មិត និងសិល្បៈនៃការរៀបរាប់សាច់រឿងរបស់មនុស្សយើង។
លោក ស៊ុំ ស៊ីថែន បានថ្លែងអំណរគុណដល់ដៃគូជាច្រើន ចាប់ពីទីតាំងចាក់បញ្ចាំង រហូតដល់អ្នកឧបត្ថម្ភថវិកា ដែលបានផ្តល់ធនធាន ទីតាំង និងសេចក្តីទុកចិត្តដែលចាំបាច់ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ។
សូមបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍ចម្បងនៅភ្នំពេញ ភាពយន្តដែលទទួលបានជ័យលាភី អាចនឹងត្រូវនាំយកទៅចាក់បញ្ចាំងនៅតាមបណ្តាខេត្ត ដូចជាបាត់ដំបង សៀមរាប និងកែប និងនៅប្រទេសម៉ាឡេស៊ី គ្រាន់តែអាស្រ័យលើបដិភាគ ហិរញ្ញវត្ថុ ដែលនឹងប្រមូលបាននៅដើមខែក្រោយ។ អ្នកស្នេហាវិស័យភាពយន្ត សិស្ស និស្សិត និងសាធារណជនទាំងអស់អាចចូលរួមទស្សនា ភាពយន្តខ្លី ហើយខ្លឹមទាំងនេះ ដោយឥតគិតថ្លៃ នៅតាមទីតាំងនានា រួមមានរោងភាពយន្ត Legend Cinema - Olympia, Sabay Cinema - AEON 1, Fable Cinema, មជ្ឈមណ្ឌលបុប្ផាណា, ផ្ទះមេត្តា, Friends Futures Factory (F3), និង Lumière Phnom Penh។ បច្ចុប្បន្នមហោស្រព CSFF កំពុងស្វែងរកការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែម ដើម្បីរៀបចំកម្មវិធី សិក្ខាសាលាបណ្តុះបណ្តាល និងសកម្មភាពចុះតាមបណ្តាខេត្តនានា៕