
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7500 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697671 នាក់
ភ្នំពេញ៖ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព។
ឯកឧត្តមអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តម បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញ និងគាំទ្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្ន ទំនាក់ទំនងនៃប្រទេសទាំងពីរបាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា សាធារណរដ្ឋកូរ៉េ មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ហើយឯកឧត្តមបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះ ឯកឧត្តមនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។
សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ សម្តេចធិបតីបានរំលឹកថា ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង ជា "ភាពជាដៃគូយុទ្ធសាស្ត្រ" នាឆ្នាំ២០២៤ ដែលការណ៍នេះបានបើកច្រកសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត។ ក្នុងជំនួបនោះសម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្ការវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ដោយឡែកសម្រាប់មិត្តភាពនិងកិច្ចសហការកម្ពុជាកូរ៉េនេះដែរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក្នុងនាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានជួបពិក្សាការងារជាមួយឯកឧត្តម យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅវិមានរដ្ឋសភា។តាមរយៈជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និង ឯកឧត្តម យ៉ូន ហូដុក មានកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនផ្សេងទៀតដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖
ហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជាស្នើឱ្យកូរ៉េជួយពន្លឿនគម្រោង “ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋ កូរ៉េ” ដែលជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ។សេដ្ឋកិច្ច និងវិនិយោគ៖ ភាគីកូរ៉េស្នើសុំកម្ពុជាជួយសម្រួលដល់ធុរកិច្ចរបស់ក្រុមហ៊ុនកូរ៉េជាង ២០០ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ព្រមទាំងសន្យាជំរុញលំហូរវិនិយោគិន និងទេសចរកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើន។
កម្លាំងពលកម្ម និងការអប់រំ៖ កម្ពុជាស្នើឱ្យកូរ៉េបង្កើនការទទួលពលករ និងផ្តល់អាហារូបករណ៍ផ្នែកជំនាញបច្ចេកទេសដល់និស្សិតកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
សន្តិសុខឌីជីថល៖ កម្ពុជាបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។
ទោះជាយ៉ាងណា ឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីខ្លួន។ ក្នុងន័យនេះ អនុប្រធានទី១ រដ្ឋសភា បានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យឱ្យបានហ្មត់ចត់លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះ ក្លាយជាឧបករណ៍នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។
ក្នុងរយៈពេល២១ថ្ងៃនៃសង្គ្រាមបង្កឡើង ដោយយោធាថៃ ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជាភាគីថៃបានទម្លាក់៥គ្រាប់ចេញពីយន្តហោះចម្បាំងប្រភេទT-50 ចូលក្នុងភូមិប្រជាជនកំពុងរស់នៅក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង និងទម្លាក់គ្រាប់បែកចង្កោមចេញពីយន្តហោះប្រភេទនេះ នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
កងទ័ពអាកាសថៃបានបញ្ជាទិញយន្តហោះចម្បាំងម៉ាក T-50TH ផលិតនៅកូរ៉េចំនួន១៤គ្រឿង ក្នុងតម្លៃ ៧៨ លានដុល្លារ។ ក្រោមកិច្ចព្រមព្រៀង ក្រុមហ៊ុនផលិតយន្តហោះនៅកូរ៉េ បានផ្គត់ផ្គង់ T-50TH ចំនួន៤គ្រឿងឱ្យកងទ័ពអាកាសថៃនៅឆ្នាំ២០១៨ និង ៨ គ្រឿង នៅឆ្នាំ២០១៩ និង២ គ្រឿងទៀតនៅខែវិច្ឆិកា ឆ្នាំ២០២៣ ។T-50 ជាប្រភេទយន្តហោះយោធាបម្រើសម្រាប់ការហ្វឹកហាត់ ប៉ុន្តែអាចទម្លាក់គ្រាប់បែកក្នុងមុខងារជាយន្តហោះចម្បាំង។មិនមានពត៍មានថាកម្ពុជាបានស្នើទិញអាវុធពីប្រទេសកូរ៉េដែរនោះទេ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េ ដែលមានអាយុកាល ៥៥ ឆ្នាំមកនេះ បានចាក់គ្រឹះយ៉ាងរឹងមាំ។ ភាគីទាំងពីរបានប្ដេជ្ញាពង្រឹង “ការទូតសភា” និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រ” ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល។ ទោះបីយ៉ាងណាសំណូមពររឿងយន្តហោះនេះភាគីកូរ៉េមិនបានឆ្លើយតបបែបណានោះទេ?។តែឯកឧត្តម យ៉ូន ហូដុក បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសន្យាជំរុញឱ្យរដ្ឋាភិបាលកូរ៉េការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាឱ្យបានពេញលេញ។