
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8991 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699162 នាក់
ប្រទេសចិនប្រកាសផ្តល់ជំនួយមនុស្សធម៌មានតម្លៃ២.៨៥ លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់ជួយដល់ជនភៀសសឹក ដោយសាររងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់កងទ័ពថៃចូលទឹកដីរបស់ប្រទេសកម្ពុជាតាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ ២០២៥។
ការប្រកាសផ្តល់ជំនួយមនុស្សធម៌នេះ បានកើតឡើងក្នុងអំឡុងពេលដែលមានជំនួបទ្វេភាគីរវាង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅទីក្រុង Yuxi ខេត្តយូណាន (Yunnan) ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ។ កម្មវិធីបន្ទាបគឺថ្ងៃទី២៩ធ្នូត្រូវជួបត្រីភាគីជាមួយលោកសីហាសាក់ភួងកេតកែវរដ្ឋមន្ត្រីការបរទេសថៃដើម្បីសម្រួលបញ្ចប់ទំនាស់គ្នា។
សារព័ត៌មានចិននៅល្ងាចថ្ងៃអាទិត្យនេះបានឲ្យដឹងថា៖ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ការផ្គត់ផ្គង់មនុស្សធម៌ដល់ប្រទេសកម្ពុជាសម្រាប់ការតាំងទីលំនៅរបស់ជនភៀសខ្លួននៅតាមតំបន់ព្រំដែន។
រដ្ឋមន្ត្រីការបរទេសចិន កំពុងរៀបចំជំនួបដាច់ដោយឡែករវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និង ថៃ បន្ទាប់ពីភាគីតាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលយល់ព្រមឲ្យមានបទឈប់បាញ់កាលពីថ្ងៃទី២៧ខែធ្នូ ហើយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាធ្វើឡើងនៅថ្ងៃទី២៨ខែធ្នូ ខណៈជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ នឹងធ្វើឡើងនៅថ្ងៃទី២៩ខែធ្នូ។
សេចក្តីរាយការណ៍របស់សារព័ត៌មានចិន China Daily បានឲ្យដឹងថា លោក វ៉ាង បានលើកឡើងថា ប្រទេសចិនបានតាមដានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងដិតដល់ ហើយនៅតែប្តេជ្ញាចិត្តក្នុងការសម្របសម្រួលសន្តិភាពតាមរយៈការចរចា ដោយបន្ថែមថា ប្រទេសចិនអបអរសាទរភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងឈប់បាញ់។
មិនខុសពីបណ្តាប្រទេសជាច្រើនទៀតក្នុងពិភពលោក លោក វ៉ាង បានសង្កត់ធ្ងន់ថា បទឈប់បាញ់នេះគឺជាការចាប់ផ្តើមនៃការកសាងសន្តិភាព ដោយ លោក វ៉ា បានអំពាវនាវឱ្យភាគីទាំងពីរដំណើរការជាដំណាក់កាល និងវិធានការមួយ ដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ស្តារទំនាក់ទំនងធម្មតា កសាងទំនុកចិត្តគ្នាទៅវិញទៅមក សម្រេចបានការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនោះដែរ លោក វ៉ា បាននិយាយថា ប្រទេសចិនគាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់បេសកកម្មសង្កេតការណ៍អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់។លោកបានបន្ថែមថា ប្រទេសចិនក៏សង្ឃឹមថាកម្ពុជានឹងបន្តពង្រឹងការការពារពលរដ្ឋចិន និងគម្រោងនានានៅក្នុងប្រទេស។