
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9422 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699593 នាក់
ប្រទេសថៃ៖លោកសំឆៃស្រ៊ីអ៊ុធិយ៉ាកន( Somchai Srisutthiyakorn) អតីតសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃលោកអានុទិន ឆាន់វីរ៉ាគុលទទួលខុសត្រូវ និងលាលែងពីតំណែង ចំពោះការដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសមិនបានល្អ។ លោក Somchai បានរិះគន់រដ្ឋាភិបាល ចំពោះការផ្តល់អាទិភាពលើរូបភាពនយោបាយ និងការបោះឆ្នោត ជាជាងការគ្រប់គ្រងទឹកជំនន់ប្រកបដោយប្រសិទ្ធភាព។
លោកថា ភ្លៀងធ្លាក់ខ្លាំងគឺជារឿងធម្មជាតិ ហើយទឹកជំនន់អាចកើតឡើង ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងរហ័សទាន់ពេលវេលាដើម្បីជួយសង្គ្រោះជីវិតមនុស្ស គឺអាចសម្រេចបានដោយមនុស្ស។ អាជ្ញាធរមូលដ្ឋានអាចវិនិច្ឆ័យខុស អំពី ស្ថានភាពដែលមិននឹកស្មានដល់ ប៉ុន្តែពួកគេមានដែនកំណត់លើមធ្យោបាយ និងកម្លាំងមនុស្ស។ ដូច្នេះ វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកណ្តាល ក្នុងការចល័តធនធាន និងសម្របសម្រួលជំនួយ។
ទឹកជំនន់ហក់ឡើងខ្លាំង តែរដ្ឋាភិបាលបានពន្យារពេល និងផ្តោតលើរូបភាពនយោបាយ ជាជាងការសង្គ្រោះជាបន្ទាន់។ លោក Somchaiថា គ្រប់នាទី គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនរាប់ពាន់នាក់ ដែលជាប់គាំង គ្មានទឹក ឬអាហារ រួមទាំងអ្នកជំងឺ មនុស្សចាស់ និងទារក។ លោកបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងមិនបានល្អបែបនេះ បានរួមចំណែកដល់ការស្លាប់មនុស្សជាង១០០នាក់។
អតីតសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថៃរូបនេះ បាននិយាយទៀតថា នាយករដ្ឋមន្ត្រីអានុទិន និងគណៈរដ្ឋមន្ត្រីគួរតែសុំទោសជាសាធារណៈ ចំពោះការខកខានមិនបានប្រើប្រាស់យន្តការរដ្ឋបាល ប្រកបដោយប្រសិទ្ធភាព។ លោកបានគូសបង្ហាញថា ការលាលែងពីតំណែង និងការអនុញ្ញាតឱ្យសភាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺជាការបង្ហាញពីការទទួលខុសត្រូវដោយសេចក្តីថ្លៃថ្នូរខាងនយោបាយ។ប្រសិនបើសភាយល់ឃើញថា លោកអានុទិន នៅតែស័ក្តិសមជានាយករដ្ឋមន្ត្រី លោកអាចត្រូវបានជាប់ឆ្នោតឡើងវិញ។
លោកSomchaiនិយាយទៀតថា គណបក្សនយោបាយជាច្រើនក៏អាចចងសម្ព័ន្ធភាពជាមួយគ្នានិងបង្ហាញពីសមត្ថភាពរដ្ឋបាល ក្នុងការដោះស្រាយទាំងបញ្ហាព្រំដែន ការបោកប្រាស់តាមអ៊ីនធឺណិត និងការសង្គ្រោះទឹកជំនន់ប្រកបដោយប្រសិទ្ធភាព ដោយមិនប្រញាប់ប្រញាល់រំលាយសភា ឬរៀបចំការបោះឆ្នោតនោះទេ តែគួរផ្តោតលើការជួយជននរងគ្រោះដោយទឹកជំនន់ជំនួសវិញ។
រដ្ឋាភិបាលរបស់លោកអានុទិន បានរងការរិះគន់ថាផ្តល់ការជួយសង្រ្គោះយឺតយ៉ាវ នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅខេត្តភាគខាងត្បូងចំនួន១០ តែខេត្តសុខក្លារងគ្រោះខ្លាំងជាងគេតាំងពីថ្ងៃទី១៩ខែវិច្ឆិកាមក។ ប៉ុន្តែរដ្ឋាភិបាលទើបតែអនុម័ត ជំនួយយ៉ាងទូលំទូលាយ កាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។
លោកអានុទិនថា ការចេញអន្តរាគមន៍របស់រដ្ឋាភិបាលមិនយឺតពេលទេ។ មន្រ្តីខ្លះបានចេញមកការពារលោកអានុទិន និងបន្ទោសពលរដ្ឋថាមិនព្រមចាកចេញ បើទោះបីជាអាជ្ញាធរចេញការព្រមានឱ្យជម្លៀសចេញក៏ដោយ។ លុះដល់ទឹកហក់ឡើងកាន់តែខ្លាំង ប្រជាជនក៏ចាប់ផ្តើមប្រកាសរកជំនួយក្នុងពេលដំណាលគ្នា។
ក្រោយរងការរិះគន់ជាបន្តបន្ទាប់ លោកអានុទិនក៏បានធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូង ដើម្បីត្រួតពិនិត្យដោយផ្ទាល់ ចំពោះស្ថានភាពទឹកជំនន់ និងជំរុញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ កាលពីថ្ងៃពុធ។ លោកបានសន្យាស្នាក់នៅហាតយ៉ៃខេត្តសុងក្លា ជាកន្លែងដែលរងការវាយប្រហារដោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុត រហូតដល់ស្ថានភាពប្រសើរឡើង ដោយលុបចោលការណាត់ជួបផ្សេងទៀតទាំងអស់រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។