
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7550 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697721 នាក់
ប៉ាឡេស្ទីន៖ អ្នកថតរូបជនជាតិកាណាដា លោកស្រី Valerie Zink បានប្រកាសលាលែងពីតំណែងពីទីភ្នាក់ងារ Reuters បន្ទាប់ពីបានបម្រើការងារឱ្យស្ថាប័នសារព័ត៌មានយក្សមួយនេះ អស់រយៈពេល ៨ឆ្នាំ ដោយចោទប្រកាន់ធ្ងន់ៗថា បាន «ក្បត់វិជ្ជាជីវៈ» និង «បង្កលក្ខខណ្ឌ» ឱ្យមានការសម្លាប់អ្នកសារព័ត៌មាននៅតំបន់ហ្កាហ្សា។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិផ្សេងៗ។
នៅក្នុងសំណេរលើបណ្តាញសង្គម X លោកស្រី Zink បានបញ្ជាក់ថា លោកស្រីមិនអាចបន្តធ្វើការឱ្យ Reuters បានទៀតទេ ដោយសារតែតួនាទីរបស់ស្ថាប័ននេះ បាន «ផ្តល់ភាពស្របច្បាប់» ឱ្យមានការធ្វើឃាតអ្នកសារព័ត៌មាន។ លោកស្រីបានលើកឡើងពីករណីរបស់អ្នកកាសែត Anas Al-Sharif ដោយចោទប្រកាន់ Reuters ថាបានផ្សព្វផ្សាយបន្តនូវ «ការអះអាងដែលគ្មានមូលដ្ឋាន» របស់អ៉ីស្រាអែលថា លោកគឺជាសកម្មជនរបស់ក្រុមហាម៉ាស។
លោកស្រីបានចាត់ទុកការវាយប្រហារលើមន្ទីរពេទ្យ Nasser ដែលបានសម្លាប់មិត្តរួមការងាររបស់លោកស្រីផ្ទាល់ ថាជាយុទ្ធសាស្ត្រ «double tap» ដ៏ឃោរឃៅ ដែលក្នុងនោះអ៉ីស្រាអែលបានវាយប្រហារគោលដៅស៊ីវិល រង់ចាំក្រុមអ្នកជួយសង្គ្រោះ និងអ្នកសារព័ត៌មានទៅដល់ រួចហើយក៏វាយប្រហារម្តងទៀត។
គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែលលើមណ្ឌលវេជ្ជសាស្ត្រណាស័រ (Nasser Medical Complex) ក្នុងទីក្រុងខាន់យូនីស (Khan Younis) នៃដែនដីហ្គាហ្សា កាលពីដើមសប្ដាហ៍នេះ បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ២០នាក់ ដោយរួមមានទាំងបុគ្គលិកពេទ្យ អ្នកជំងឺ និងប្រជាការពារស៊ីវិលជាដើម។ ក្នុងចំណោមជនរងគ្រោះទាំងអស់ រួមមានជនរងគ្រោះ ៥នាក់ គឺជាអ្នកកាសែត នេះបើយោងតាមការបញ្ជាក់ដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន ។ជុំវិញហេតុការណ៍ដ៏រន្ធត់ចុងក្រោយនេះ មនុស្សជាច្រើនបានចូលរួមប្រារព្ធពិធីបុណ្យសពនិងកាន់ទុក្ខអ្នកកាសែត និងជនរងគ្រោះទាំងអស់ ដោយសូត្រចម្រៀងរម្លឹកដល់ការចងចាំមនុស្សដ៏មានតម្លៃដែលរងគ្រោះក្នុងការវាយប្រហារនេះ ។
ប្រព័ន្ធផ្សព្វផ្សាយក្រុមហាម៉ាស់ បានឱ្យដឹងថា អ្នកកាសែតរងគ្រោះទាំង ៥រូប រួមមាន Hussam Al-Masry, Mohammed Salama, Maryam Abu Daqqa, Moath Abu Taha និង Ahmed Abu Aziz ។យោងតាមប្រព័ន្ធផ្សព្វផ្សាយដដែលនោះ បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ អ្នកកាសែតចំនួន ២៤៤ នាក់ហើយ ដែលបានបាត់បង់អាយុជីវិតនៅក្នុងតំបន់ហ្គាហ្សា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ។
ក្រៅពីអ្នកកាសែត តួលេខស្លាប់ពលរដ្ឋស៊ីវិលក្នុងតំបន់ដដែលនេះ មានចំនួនជិត ៦៣,០០០ នាក់ហើយ ខណៈអ្នករងរបួសកើនឡើងដល់ ១៥៨,២៥៩នាក់ ៕