
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1376 នាក់
ម្សិលមិញ 8911 នាក់
សរុប 18580223 នាក់
ចិន៖ អ្នកអភិវឌ្ឍន៍សត្វសុនខយន្តនៅក្នុងប្រទេសចិន កំពុងរំពឹងថា សត្វសុនខយន្ត នឹងអាចជំនួសតំណែងសត្វសុនខណែនាំផ្លូវពិតប្រាកដបានវា អាចជួយមនុស្សពិការភ្នែកឱ្យរស់នៅក្នុងជីវិតដ៏ឯករាជ្យជាងមុន ។
បច្ចុប្បន្ន ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ ចាវតុង (Jiao Tong) ក្នុងទីក្រុងសៀងហៃ កំពុងតែធ្វើតេស្តសាកល្បងលើសត្វសុនខយន្តប្រភេទនេះ ។ សុនខយន្ត អាចផ្លាស់ទីនិងរុករកបរិស្ថានជុំវិញខ្លួន តាមរយៈកាមេរ៉ាភ្ជាប់ និងឧបករណ៍ចាប់សញ្ញា ។ ជាងនេះទៀត សុនខយន្ត ក៏អាចស្វែងរកនិងរៀបចំផ្លូវដើរ ហើយថែមទាំងស្គាល់ពីភ្លើងសញ្ញាចរាចរណ៍ទៀតផង ជាអ្វីដែលសត្វសុនខពិតប្រាកដភាគច្រើនមិនអាចធ្វើបាន ។
គូស្នេហ៍ដែលមានពិការភាពភ្នែក នាងលីហ្វី (Li Fei) និងលោក ហ្ស៊ូ ស៊ីប៊ីន (Zhu Sibin) កំពុងតែព្យាយាមតេស្តសាកល្បងជាមួយនឹងសុនខយន្តនាំផ្លូវខាងលើនេះ ។ គូស្នេហ៍មួយគូនេះ បានធ្វើការប្រាស្រ័យទាក់ទងជាមួយសុនខយន្ត តាមរយៈបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ។
នៅក្នុងបទសម្ភាសន៍មួយ នាងលីហ្វី បានរៀបរាប់ថា "តាមរយៈការកត់សម្គាល់សំឡេងរបស់សុនខយន្ត ខ្ញុំអាចប្រាប់សុនខយន្តអំពីទីកន្លែងដែលខ្ញុំនឹងទៅ។ ខ្ញុំអាចគ្រប់គ្រងល្បឿន ដោយប្រើប្រាស់ឧបករណ៍បញ្ជាដែលមាននៅក្នុងដៃ។ " ។
សាស្ត្រាចារ្យ កាវ ហ្វឹង (Gao Feng) ជាអ្នកដឹកនាំក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ ចាវតុង (Jiao Tong) មានប្រសាសន៍ថា ការផលិតសុនខយន្ត អាចនឹងធ្វើឡើងទ្រង់ទ្រាយធំ ជាពិសេសនៅក្នុងមជ្ឈមណ្ឌលផលិតដ៏ធំ (major manufacturing hub) ដូចជាប្រទេសចិន ។ លោកបានលើកឡើងបន្ថែមទៀតថា «នៅក្នុងប្រទេសចិន មនុស្សមានពិការភាពភ្នែក មានជិត ២០ លាននាក់ ខណៈសត្វសុនខពិតប្រាកដសម្រាប់ណែនាំផ្លូវ មានត្រឹមតែជាង ៤០០ ក្បាលប៉ុណ្ណោះ ដូចនេះ វាមិនអាចទៅរួចនោះទេ សម្រាប់ដំណោះស្រាយបញ្ហានេះជាមួយសត្វសុនខពិតប្រាកដ នេះជាមូលហេតុដែលយើងមានតម្រូវការច្រើនលើសុនខយន្ត ហើយយើងក៏អាចផលិតវាបានច្រើនក្នុងពេលតែមួយ ឯតម្លៃវិញ ក៏សមរម្យផងដែរ» ៕ប្រភព៖ Reuters Connect