
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7551 នាក់
ម្សិលមិញ 7482 នាក់
សរុប 18544532 នាក់
ខេត្តព្រះវិហ៊ារ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានរៀបចំពិធីអបអរសាទរខួបលើកទី ១៧ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅបរិវេណបារាយ៍ខាងលិចនៃជើងភ្នំប្រាសាទព្រះវិហារ ក្រោមអធិបតីរបស់ លោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពី អភិបាលខេត្តព្រះវិហារ អគ្គនាយអាជ្ញាធរជាតិព្រះវិហារ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធិស្នាល និងអធឹកអធម។
អង្គពិធីបានសម្តែងនូវសេចក្តីរំភើបជាអនេកចំពោះព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៧ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងសម្តែងនូវកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ ចំពោះព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។
ដោយឡែកដើម្បីបានដឹងពីការតស៊ូស្វិតស្វាញរបស់ប្រតិភូរជរដ្ឋាភិបាលដឹកនាំដោយសពសម្តេចវិបុលបញ្ញាសុខអានជាមួយភាគីថៃទម្រាំសម្រេចបានការចុះបញ្ជីយើងបានដកស្រង់អត្ថបទមួយចុះផ្សាយដោយហ្វេសប៊ុកអាស៊ីអាគ្នេយ៍ពីប្រវត្តិនៃការតស៊ូមកផ្សាយដូចខាងក្រោមនេះ៖សូមបញ្ជាក់ថាប្រាសាទនេះ គឺជានិមិត្តរូបនៃភាពឈឺផ្សា និងក្ដីអាម៉ាស់របស់ថៃតាំងពីឆ្នាំ១៩៦២ មក។សម្រាប់ការចុះបញ្ជីរបាននៅឆ្នាំ២០០៨ប្រាសាទព្រះវិហ៊ារ បានធ្វើរដ្ឋមន្ត្រីការបរទេសរបស់ថៃមួយរូបត្រូវធ្លាក់ពីតំណែង។ បន្ទាប់មក ខ្មែរ និងថៃក៏ត្រូវច្បាំងគ្នាអស់រយៈពេល ៣ឆ្នាំគឺ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ ក្នុងរយៈពេល ៣ឆ្នាំនេះ ថៃបានឃើញមុខនាយករដ្ឋមន្ត្រីផ្លាស់ប្ដូរចំនួន ៤នាក់ ហើយចុងក្រោយ ខ្មែរក៏ឈ្នះក្ដីថៃម្ដងទៀតនៅឆ្នាំ២០១៣។ ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗជុំវិញការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
-ពេលខ្មែររៀបចំចុះបញ្ជីប្រាសាទព្រះវិហារនៅអង្គការយូណេស្កូ ក្រសួងការបរទេសថៃចេញសេចក្ដីថ្លែងការណ៍ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៧ ថា «អត់ជំទាស់ទេ (no objection)»។ តែថៃចង់អោយខ្មែរចុះបញ្ជីប្រាសាទនេះជារបស់រួមរវាងខ្មែរ និងថៃ តែខាងខ្មែរមិនព្រម។ (ពេលនោះ ថៃកំពុងនៅក្រោមរដ្ឋាភិបាលរបស់លោកឧត្តមសេនីយ៍សុរ៉ាយុទ្ធ ជូឡានន់ “สุรยุทธ์ จุลานนท์ / Surayud Chulanont” ដែលរដ្ឋាភិបាលនេះកើតក្រោយពីការធ្វើរដ្ឋប្រហារឆ្នាំ២០០៦ទម្លាក់លោកថាក់ស៊ីន)។
-នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨ រដ្ឋាភិបាលថ្មីរបស់លោក សាម៉ាក់ ស៊ុនថារ៉ាវេត (สมัคร สุนทรเวช / Samak Sundaravej) (ខ្សែខាងថាក់ស៊ីនគណបក្សថៃស្រលាញ់ថៃ) ចេញសេចក្ដីថ្លែងការណ៍រួមជាមួយខ្មែរ យល់ព្រមអោយខ្មែរចុះបញ្ជីប្រាសាទព្រះវិហារជាម្ចាស់តែម្នាក់ឯង។
-ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការយូណេស្កូបានប្រកាសនៅក្រុងកេបិចប្រទេសកាណាដាចុះបញ្ជីប្រាសាទព្រះវិហារអោយខ្មែរ។ នៅថ្ងៃដដែល តុលាការធម្មនុញ្ញថៃចេញដីកាមួយប្រកាសថា សេចក្ដីថ្លែងការណ៍រួមដែលថៃចុះហត្ថលេខាជាមួយខ្មែរ គឺខុសច្បាប់ ហើយលោករដ្ឋមន្ត្រីការបរទេស ណុបផាដុន ប៉ាត់ថាម៉ា (นพดล ปัทมะ / Noppadon Pattama) ក៏ត្រូវធ្លាក់ពីតំណែងភ្លាមៗ។-ក្រោយខ្មែរចុះបញ្ជីប្រាសាទបានសម្រេច ភ្លាមៗនោះ ពួកអាវលឿង ដែលជាបាតុករជាតិនិយមថៃកញ្ជ្រោលអារម្មណ៍ ហើយនាំគ្នាមកជិតប្រាសាទព្រះវិហារ។ ថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ខ្មែរបានចាប់ខ្លួនបាតុករថៃ ៣នាក់ ដែលផ្លោះរបងឆ្លងចូលដីខ្មែរក្បែរប្រាសាទព្រះវិហារ។
-ក្រោយការចាប់ខ្លួនបាតុករថៃនេះ ទ័ពខ្មែរ និងទ័ពថៃរាប់ម៉ឺននាក់ក៏ត្រូវបានបញ្ជូនទៅប្រឈមគ្នានៅព្រះវិហារ ហើយក៏បានច្បាំងគ្នាអស់រយៈពេល ៣ឆ្នាំ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។-រយៈពេលសង្គ្រាម ៣ឆ្នាំជាមួយខ្មែរ ថៃបានឃើញមុខនាយករដ្ឋមន្ត្រីផ្លាស់ប្ដូរចំនួន ៤នាក់។ លោកនាយករដ្ឋមន្ត្រីសាម៉ាក់ស៊ុនដារ៉ាវេតធ្លាក់ពីអំណាចនៅខែកញ្ញា ឆ្នាំ២០០៨ (២ខែ ក្រោយខ្មែរចុះបញ្ជីប្រាសាទបាន)។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីសុំឆាយ វង្សសាវ៉ាត់ (สมชาย วงศ์สวัสดิ์ / Somchai Wongsawat) ជាប្អូនថ្លៃរបស់ថាក់ស៊ីន បានកាន់អំណាចជាង ៣ខែ គឺពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០០៨។ ពួកបាតុករអាវលឿងក៏ធ្វើអោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីសុំឆាយធ្លាក់ពីតំណែង ហើយជ្រោមជ្រែងអោយលោកអាភីស៊ីត វេឆាឈីវ៉ា (อภิสิทธิ์ เวชชาชีวะ / Abhisit Vejjajiva)មកពីគណគណបក្សប្រជាធិបតេយ្យ ដែលមានជំហរប្រឆាំងនឹងខ្មែរ បានឡើងជានាយករដ្ឋមន្ត្រីថៃពីខែធ្នូ ឆ្នាំ២០០៨ រហូតដល់ចាញ់ការបោះឆ្នោត( គណបក្សភឿថៃ (พรรคเพื่อไทย / Pheu Thai Party) ឈ្នះនៅខែកក្កដា ឆ្នាំ២០១១ ហើយអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត់ (ยิ่งลักษณ์ ชินวัตร / Yingluck Shinawatra) ជាប្អូនស្រីរបស់លោកថាក់ស៊ីន បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថៃ។
-ក្រោយការច្បាំងគ្នាខ្លាំង ខ្មែរប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អោយបកស្រាយសាលក្រមឆ្នាំ១៩៦២ឡើងវិញលើផ្ទៃដីជុំវិញប្រាសាទព្រះវិហារ។ មកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការបញ្ជាអោយខ្មែរ និងថៃដកទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារទំហំ ១៧,៣គីឡូម៉ែត្រការ៉េ ដែលតុលាការហៅថា «តំបន់គ្មានកងទ័ពបណ្ដោះអាសន្ន (Provisional Demilitarized Zone, PDZ)»។ លោកអាប់ភីស៊ីត ជានាយករដ្ឋមន្ត្រីទើបចាញ់ឆ្នោតថ្មីៗ មិនព្រមដកទ័ពទេ ដោយទុកអោយអ្នកស្រីយីងឡាក់ជាអ្នកដកទ័ព ព្រោះការដកទ័ព គឺជាទង្វើខ្សោយក្នុងក្រសែភ្នែកពួកជាតិនិយមថៃ។
-អ្នកស្រីយីងឡាក់ ឡើងជានាយករដ្ឋមន្ត្រីនៅខែសីហា ឆ្នាំ២០១១ ហើយខ្មែរ និងថៃក៏ព្រមដកទ័ពតាមបញ្ជាតុលាការ។ ស្ថានភាពសង្គ្រាមខ្មែរ -ថៃក៏ត្រូវបានបញ្ចប់។ មកដល់ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិក៏បានកាត់ក្ដីអោយខ្មែរឈ្នះថៃម្ដងទៀត ដោយប្រគល់តំបន់ខ្នើយច្រាំង (promontory) ទាំងមូល នៅជុំវិញប្រាសាទព្រះវិហារមកអោយខ្មែរ។ តែតុលាការមិនអោយតំបន់ភ្នំទ្រព្យមកអោយខ្មែរតាមការស្នើសុំទេ ព្រោះតុលាការយល់ឃើញថា វាជាតំបន់ភូមិសាស្ត្រដាច់ដោយឡែកផ្សេងមួយទៀត ហើយទុកអោយខ្មែរ និងថៃចរចាគ្នា។ដោយសារបញ្ហានេះដែរលោកស្រីយ៊ីងឡាក់ក៏ត្រូវពួកយោធាដឹកនាំដោយលោកប្រាយុទ្ធចាន់អូចាធ្វើររដ្ឋប្រហារយោធាទម្លាក់ចោលហើយឡើងកាន់អំណាចនៅឆ្នាំ២០១៤។
ជាសរុបមក ដោយសារប្រាសាទព្រះវិហារ គឺជាស្នាមរបួសចាស់ ជាក្ដីឈឺផ្សា និងជាក្ដីអាម៉ាស់របស់ថៃ ដែលថៃធ្លាប់ចាញ់ក្ដីខ្មែរតាំងពីឆ្នាំ១៩៦២មក។ ការចុះបញ្ជីប្រាសាទព្រះវិហាររបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក វាបានបណ្ដាលអោយមុខរបួសចាស់របស់ថៃនេះវារើឡើងវិញ រហូតនាំទៅដល់ការច្បាំងគ្នាជាមួយខ្មែរអស់រយៈពេល ៣ឆ្នាំ។ ចុងក្រោយ តុលាការយុត្តិធម៌អន្តរជាតិក៏កាត់ក្ដីអោយខ្មែរឈ្នះថៃម្ដងទៀត ហើយថៃក៏ត្រូវឈឺផ្សា និងអាម៉ាស់ជាលើកទី២។(ប្រភពហ្វេសប៊ុកអាស៊ីអាគ្នេយ៍)