
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10083 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700254 នាក់
ប្រទេសកូរ៉េ៖អ្នកដំណើរម្នាក់នៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បានផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិម្នាក់របស់ខ្លួន មុននឹងយន្ដហោះនេះ រអិលធ្លាក់ចេញពីផ្លូវ ទៅបុកជញ្ជាំងការពារ បណ្ដាលឱ្យផ្ទុះឆេះសម្លាប់មនុស្ស១៧៩នាក់។
សារព័ត៌មានកូរ៉េខាងត្បូង News1 agencyបានឱ្យដឹងថាអ្នកដំណើរម្នាក់នៅលើយន្ដហោះដែលបានហោះចេញពីប្រទេសថៃឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Muan កាលពីព្រឹកថ្ងៃអាទិត្យ បានផ្ញើសារទៅកាន់សាច់ញាតិម្នាក់របស់ ខ្លួនតាមរយៈបណ្ដាញទំនាក់ទំនង KakaoTalk ដោយប្រាប់ថា «សត្វបក្សីមួយក្បាលបានហោះបុកស្លាបយន្ដហោះ ហើយយើងមិនអាចចុះចតបានទេ»។ អ្នកដំណើររូបនេះដដែលក៏បានចោទសួរដែរ «ថាតើខ្ញុំគួរតែ និយាយពាក្យចុងក្រោយរបស់ខ្ញុំដែរឬទេ?» បន្តិចក្រោយមកក៏ស្ងាត់បាត់ឈឹង!។
បើតាមសារព័ត៌មាន NBC News នាយកនៃអង្គភាពគោលនយោបាយអាកាសចរណ៍ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង លោក Joo Jong-wan បាននិយាយថាពីឡុតបានប្រកាសសញ្ញាអាសន្ន បន្ទាប់ពីមានសត្វស្លាបហោះបុក។ NBC News ក៏បានរាយការណ៍ដែរថាពីឡុតត្រូវបានអនុញ្ញាតឱ្យធ្វើការចុះចតចេញពីទិសដៅផ្ទុយ។ហេតុការណ៍យន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់អាកាសចរណ៍ Jeju Air ដែលបានជួបគ្រោះថ្នាក់ អំឡុងពេលចុះចត បានផ្តាច់ជីវិតមនុស្សសឹងទាំងអស់ មានមនុស្សត្រឹមតែ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្គ្រោះភ្លាមៗ ក្នុងចំណោមមនុស្សសរុបទាំង១៨១នាក់ ។ គ្រោះថ្នាក់នោះ បានកើតឡើង ពេលយន្តហោះ ព្យាយាមចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan។
យន្តហោះខាងលើ ជាប្រភេទ Boeing 737-800 មានគោលដៅហោះហើរ ចេញពីទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់កូរ៉េខាងត្បូង ជាមួយអ្នកដំណើរសរុប១៧៥នាក់ និងក្រុមការងារយន្តហោះ ចំនួន៦នាក់។ ក្នុងចំណោមអ្នកដំណើរ គឺមានជនជាតិថៃ២នាក់ ក្រៅពីនោះជាជនជាតិកូរ៉េ។ សម្រាប់មនុស្ស២នាក់ ដែលរងរបួសនិងត្រូវបានជួយសង្គ្រោះ គឺជាអ្នកបម្រើការលើយន្តហោះ។បើតាមការដកស្រង់ការផ្សាយចេញពី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤អ្នកបម្រើការលើយន្តហោះ២នាក់ដែលនៅរស់ ម្នាក់មានត្រកូល Lee អាយុ៣៣ឆ្នាំ និងម្នាក់ទៀតត្រកូល Kwon អាយុ២៥ឆ្នាំ គឺជាមនុស្សតែ២នាក់គត់ ដែលនៅមានជីវិត និងត្រូវបានជួយសង្គ្រោះ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ពេលដឹងខ្លួននៅមន្ទីរពេទ្យ អ្នកបម្រើលើយន្តហោះ ដែលមានត្រកូល Lee ភេទប្រុស បានសួរវេជ្ជបណ្ឌិតថា «តើមានអ្វីកើតឡើង? ហេតុអ្វីជាបានខ្ញុំនៅទីនេះ?»។ អ្នកបម្រើលើយន្តហោះរូបនោះ ហាក់នៅចាំត្រឹមថា ខ្លួនបានអង្គុយចុះ និងដាក់ខ្សែក្រវាត់ ស្របពេលយន្តហោះ ត្រៀមចុះចត។ រូបគេបានរងរបួសធ្ងន់ រួមមានបាក់ស្មាខាងឆ្វេង និងប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។ រីឯអ្នកបម្រើលើយន្តហោះម្នាក់ទៀត ដែលជាភេទស្រី គឺស្រដៀងទៅនឹង Lee ដែរ ដោយរូបនាងហាក់មិនអាចចងចាំអំពីហេតុការណ៍ ដែលបានកើតឡើងឡើយ។ ស្ថានភាពរបួសរបស់នាង រួមមានមានស្នាមដាច់ត្រង់ផ្នែកក្បាល បាក់កែងជើង និងរបួសគ្រឿងក្នុង។
កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ជើងហោះហើរមួយទៀតរបស់អាកាសចរណ៍ Jeju Air នៅប្រទេសកូរ៉េខាងត្បូង បានវិលត្រឡប់មកចុះចត នៅអាកាសយានដ្ឋានវិញ ដោយសុវត្ថិភាព បន្ទាប់ពីហោះឡើងបានបន្តិច ក៏ជួបបញ្ហាផ្នែកកង់ស្រដៀងគ្នា ។ តាមទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhapជើងហោះហើរ 7C101 របស់អាកាសចរណ៍ Jeju Air ដែលបានហោះចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ Gimpo សំដៅឆ្ពោះទៅកាន់ទីក្រុង Jeju កាលពីវេលាម៉ោង៦៖៣៧នាទីព្រឹក បានជួបបញ្ហាមួយពាក់ព័ន្ធទៅនឹងកង់ ក្រោយហោះឡើងបានបន្តិច។ យន្តហោះនោះ ក៏បានត្រឡប់មកកាន់អាកាសយានដ្ឋាន Gimpo វិញ ហើយចុះចតដោយសុវត្ថិភាព នៅម៉ោង៧៖២៥នាទីព្រឹក ជាមួយអ្នកដំណើរ១៦១នាក់។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់យន្តហោះរបស់ Jeju Air ១គ្រឿង ដែលបានរអិលធ្លាក់ចេញពីផ្លូវ ហើយផ្ទុះឆេះអំឡុងពេលព្យាយាមចុះចត នៅស្រុក Muan កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ត្រូវបានជឿថា កង់ទាំង៣របស់យន្តហោះនោះ បានជាប់គាំងមិនអាចបញ្ចេញមកខាងក្រៅ ជាហេតុបង្ខំឱ្យយន្តហោះត្រូវចុះចត ទាំងគ្មានកង់។ អាកាសចរណ៍ Jeju Air ធ្វើប្រតិបត្តិការ យន្តហោះម៉ូដែលនេះ សរុប៣៩គ្រឿង ក្នុងចំណោមយន្តហោះទាំងអស់របស់ខ្លួន ចំនួន៤១គ្រឿង។
កាលពីចុងសប្ដាហ៍កន្លងទៅ ប្រធានាធិបតីចាំផ្ទះរបស់កូរ៉េខាងត្បូង លោក ឆយ សាងម៉ុក (Choi Sang-mok) បានប្រកាសថា តំបន់កើតមានឧបទ្ទវហេតុផ្ទុះឆេះយន្តហោះដ៏អាក្រក់ គឺជាតំបន់ដ៏មហន្តរាយរន្ធត់ និងជាក់លាក់មួយ។ ការប្រកាសអំពីតំបន់ដ៏មហន្តរាយនេះ នឹងអនុញ្ញាតិឱ្យរដ្ឋាភិបាល អាចទទួលបានជំនួយហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស សម្រាប់សាច់ញាតិជនរងគ្រោះ និងការកសាងឡើងវិញជាដើម ។
លោកឆយ (Choi) បានរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីលោកបានត្រួតពិនិត្យតំបន់រងគ្រោះថ្នាក់នេះ ហើយលោកបានចូលរួមរំលែកមរណទុក្ខជាមួយសាច់ញាតិរបស់ជនរងគ្រោះ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាល នឹងផ្តល់ការគាំទ្រចាំបាច់ទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ ។ក្រសួងដឹកជញ្ជូនកូរ៉េ បានបញ្ជាក់បន្ថែមដែរថា នេះជាឧបទ្ទវហេតុផ្លូវអាកាសដ៏សាហាវបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង នៅលើទឹកដីកូរ៉េខាងត្បូង ហើយមិនធ្លាប់មានក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ។ សមាជិកក្រុមសង្គ្រោះ កំពុងតែបន្តរុករកនៅតាមបំណែកយន្តហោះដឹកនាក់ដំណើរដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ ។
នៅថ្ងៃកើតហេតុដ៏សោកសៅនោះ អ្នកជំនាញអាកាសចរណ៍ និងជាអតីតអ្នកបើកយន្តហោះ លោក ហ្គ្រេហ្គូរី អាឡេហ្គី (Gregory Alegi) បានផ្ដល់បទសម្ភាសន៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយប្រាប់ថា ខណៈដែលអ្នកបើកបរព្យាយាមចុះចតយន្តហោះឱ្យបានរលូន ហេតុអ្វីបានជាអ្នកបើកបរ មិនបន្ទាបប្រព័ន្ធកង់ទម្រ និងបើកផ្នែកនៃស្លាបយន្តហោះ ដើម្បីជួយគ្រប់គ្រងស្ថានភាពយន្តហោះពេលចុះដល់ដី និងជួយបង្កាពីហានិភ័យនៃការផ្ទុះឆេះ ។សំណួរទាំងឡាយ នៅតែរំលេចឡើង ថាហេតុអ្វីបានជាប្រព័ន្ធកង់ទម្រយន្តហោះ ហាក់ជាប់គាំងនៅពេលយន្តហោះព្យាយាមចុះចតនៅឯអាកាសយានដ្ឋាន ក៏ដូចជាសំណួរនៃរបាយការណ៍ពាក់ព័ន្ធនឹងការប៉ះទង្គិចដោយបក្សី សុទ្ធតែមិនទាន់មានចម្លើយតបនៅឡើយ ។
ដោយឡែក មន្ត្រីកូរ៉េខាងត្បូង បានប្រកាសថា ពួកគេនឹងបើកការស៊ើបអង្កេតចំពោះឧបទ្ទវហេតុនៃការធ្លាក់យន្តហោះ Jeju Air លេខ 7C2216 រួមទាំងរបាយការណ៍ពាក់ព័ន្ធនឹងការប៉ះទង្គិចជាមួយសត្វបក្សីថែមទៀតផង។ យោងតាមបទប្បញ្ញត្តិអាកាសចរណ៍អន្តរជាតិ កូរ៉េខាងត្បូង នឹងដឹកនាំការស៊ើបអង្កេត ប៉ុន្តែក៏នឹងមានការចូលរួមជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាម៉េរិក (NTSB) ផងដែរ ដោយសារតែយន្តហោះនេះ ត្រូវបានរចនាឡើង និងផលិតនៅសហរដ្ឋអាម៉េរិក ៕