
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5457 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695628 នាក់
វៀតណាម៖ នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ ដើម្បីអបអរទិវាបុណ្យឯករាជជាតិ២កញ្ញាអាជ្ញាធរវៀតណាមបានប្រកាសថា អ្នកទោសជិត៣,៨០០នាក់ រួមមានទាំងជនបរទេសផងដែរ នឹងត្រូវដោះលែង ក្រោមការលើកលែងទោសចុងក្រោយបំផុត។ ទីភ្នាក់ងារព័ត៌មាន AFPបានឲ្យដឹងថា៖គិតចាប់តាំងពីឆ្នាំ២០០៩មក វៀតណាមធ្លាប់បានប្រកាស ការលើកលែងទោសពិសេសចំនួន៩លើក ដោយបានដោះលែងអ្នកជាប់ពន្ធនាគារ សរុបទាំងអស់ចំនួនជាង ៩២,០០០នាក់ ឱ្យមានសេរីភាពមុនពេលកំណត់ ក៏ប៉ុន្តែក្នុងការលើកលែងទោសទាំងនោះ គឺមិនដែលមានសកម្មជននយោបាយឡើយ។
យោងតាមសេចក្តីប្រកាសផ្លូវការ របស់រដ្ឋាភិបាលវៀតណាម អ្នកដែលមានទោសពីបទ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល» និង «ភេរវកម្ម» គឺមិនទទួលបានការលើកលែងទោសទេ។លោក ង្វៀន ហាវប៊ិន ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ដែលអញ្ជើញទៅធ្វើជាអធិបតីក្នុងពិធីដោះលែងអ្នកទោសនៅមន្ទីរឃុំឃាំងនិញកាញ់ បានអះអាងថា ការជ្រើសរើសដោះលែងអ្នកទោសឱ្យទៅជួបជុំគ្រួសារនិងកសាងជីវិតឡើងវិញ ប្រព្រឹត្តទៅដោយហ្មត់ចត់ណាស់។ អ្នកបានទទួលការអនុគ្រោះទោសមុនៗ សុទ្ធតែប្រឹងកែខ្លួនឱ្យបានក្លាយជាពលរដ្ឋល្អ ស្មោះត្រង់ និងមិនប្រព្រឹត្តអំពើខុសឆ្គងដូចពេលមុនទៀតទេ។ បើតាមប្រមុខដឹកនាំរដ្ឋាភិបាលរូបនេះដដែល អត្រាអ្នកទោសលាប់ធ្វើកំហុសដដែលៗមានកំរិតទាបណាស់នៅវៀតណាម បើប្រៀបជាមួយបណ្តាប្រទេសផ្សេងទៀត។
កាលពីខែសីហា អាជ្ញាធរបានត្រឹមព្រលយឱ្យដឹងថា មានជនបរទេសប្រមាណ៦៤៣នាក់ កំពុងអនុវត្តទោសនៅក្នុងពន្ធនាគារវៀតណាម។ បើតាមអង្គការក្រៅរដ្ឋាភិបាល Human Rights Watch វៀតណាមទំនងមានអ្នកទោសនយោបាយប្រមាណជាង១៦០នាក់កំពុងជាប់ឃុំ។ការដោះលែងអ្នកទោសឆ្នាំនេះ ប្រព្រឹត្តទៅតែពីរបីថ្ងៃក្រោយពីសកម្មជនបរិស្ថាននិងសិទ្ធិមនុស្ស ជួរមុខពីរនាក់ គឺរូប Hoang Thi Minh Hong និង Tran Huynh Duy Thuc បានទទួលសេរីភាពវិញ និងតែប៉ុន្មានថ្ងៃក្រោយដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម តូ ឡិម នៅសហរដ្ឋអាមេរិក។ ជាបុរសដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស លោក តូ ឡិម បានទទួលជួបដោយប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃទី ២៥កញ្ញា២០២៤ នៅសេតវិមាន៕
គួរបញ្ជាក់ថា អ្នកទោសសរុប៣,៧៦៥នាក់ ត្រូវបានដោះលែងនាថ្ងៃអង្គារ ទី១ ខែតុលា ក្នុងនោះរួមមានទាំង ជនបរទេស២០នាក់ មកពីចិន អ៉ីស្លង់ ឥណ្ឌា ឡាវ អាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។ ការលើកលែងទោសនេះ ធ្វើឡើងក្នុងឱកាសខួបទី៧៩ នៃការទទួលបានឯករាជ្យរបស់វៀតណាម (២ កញ្ញា) និងខួបទី៧០ នៃការរំដោះរដ្ឋធានីហាណូយ (១០ តុលា)៕