
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11707 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701878 នាក់
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់នឹងស្ដេចយាងថ្វាយព្រះភ្លើង សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
បើតាមកម្មវិធីលម្អិតនៃពិធីថ្វាយព្រះភ្លើង ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងមានព្រះវត្តមាន សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ តំណាងព្រះញាតិព្រះបរមសព, ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ និងព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះរាជាគណៈកិត្តិយស។
នៅម៉ោង ៨:៣០នាទីព្រឹក ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងដល់។ ក្នុងនោះក៏មានកម្មវិធីបំបួសនាគ ៥៤រូប កម្មវិធីប្រគេនចង្ហាន់ព្រះសង្ឃ ចំនួន ១.០០០អង្គ នៅសាលាធម្មសភាវត្តបទុមវតី រាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅម៉ោង ២:៤៥នាទី នឹងមានប្រារព្ធពិធីរើសព្រះបរមអដ្ឋិ និងដង្ហែព្រះអង្គារទៅបំផ្លែងនៅក្នុងគង្គា។
នៅម៉ោង ៤:១៥នាទី យាងនិមន្ត សម្តេចព្រះសង្ឃនាយកស្ដីទី សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈព្រះមេគណ និងព្រះគ្រូអនុគណ ចំនួន ៩៣អង្គ ស្វាធ្យាយព្រះបរិត្ដិ។
នៅម៉ោង ៤:៣០នាទី និមន្ត សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិ ការដ្ឋានគណៈសង្ឃនាយក ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះរាជាគណៈកិត្តិយស និងព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះរាជាគណៈកិត្តិយស ប្រទានព្រះធម្មវិសេសទេសនាគ្រែ៣ ដោយមាននិមន្ត ព្រះមហាថេរ ៨អង្គ ស្មូតអានត្រៃ។
នៅម៉ោង ៨:៣០នាទី យាងនិមន្ត សម្តេចព្រះសង្ឃនាយកស្ដីទី សម្តេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ និងព្រះគ្រូអនុគណ ចំនួន ៩៣អង្គ អភិសេក ព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជា បន្ទាប់មកនិមន្តព្រះសង្ឃ ៨ អង្គ សូត្រយ៉ោករហូតទល់ភ្លឺ (ដឹកនាំដោយ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ អនុប្រធាន ថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា)ផងដែរ។
សូមរំឭកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមសារាចរណែនាំលេខ ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២។
ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ឱ្យស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិយស និងព្រះគុណូបការៈ ដ៏ធំធេងបំផុតរបស់សម្តេច ដែលបានបូជាថ្វាយចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំរួមមាន គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនាំ និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។
និង គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរព័ត៌មានរាជធានីភ្នំពេញ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយដល់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ឱ្យផ្អាកសកម្មភាពសម្ដែង និងផ្អាកការចាក់ផ្សាយនូវ ទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤៕