
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10180 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700351 នាក់
ខេត្តកំពត៖ អាងទឹកដងទង់ ស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ជាកន្លែងស្តុកទឹកស្រោចស្របស្រែប្រាំងកសិកម្ម និងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្ទៃដីទំហំជាង ១២ហិកតា ត្រូវបានមន្ត្រីពាក់ព័ន្ធមួយចំនួនចាប់តាំងពីថ្នាក់ភូមិឃុំថ្នាក់ស្រុក មន្ត្រីជំនាញ រហូតដល់ថ្នាក់ខេត្ត ឃុបឃិតគ្នាលក់ទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ បានលុយរាប់លានដុល្លារ។
លោកលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដែលធ្លាប់បានចេញលិខិតអំពាវនាវឲ្យអភិបាលរាធានីខេត្តទប់ស្កាត់ការចាក់ដីលុបបឹងនិងដីមាត់ទន្លេរបានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមមន្ត្រីទាំងនោះថា សុទ្ធតែពួកបំផ្លាញជាតិ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងធនធានទឹក និងឧតុនិយម សុំមិនបញ្ចេញឈ្មោះបានបង្ហើបថា រឿងលួចលក់ដីអាងទឹកដងទង់ ខេត្តកំពតគឺមានមន្ត្រីជាប់ពាក់ព័ន្ធចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្តដូចសម្លកំពឹស ។
សេចក្តីរាយការណ៍ឲ្យដឹងថា មេចំណែកធំបែងចែកលុយពុករលួយពីការលក់ «អាងទឹកដងទង់» ដីរបស់រដ្ឋ គឺលោក វ៉ិត វឌ្ឍនាជានាយករដ្ឋបាលខេត្តកំពត បានទទួលលុយសុទ្ធពីលោក សេង សម្បត្តិ ម្ចាស់ក្រុមហ៊ុន សេង សម្បត្តិ ទើបបង្កើតថ្មីដែលជាខែលបាំងមុខរាប់ម៉ឺនដុល្លារដើម្បីយកទៅចែកគ្នា។
ក្រុមលោក វ៉ិត វឌ្ឍនា បានធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំជាពិសេសគឺក្រសួងមហាផ្ទៃថាទីនោះគ្មានអាងទឹកនោះ មានដូចជាលោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លីផងដែរ។ លោក ដាញ់ សារី ប្រធានមន្ទីរសុរិយោដីខេត្ត។ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់។ លោក កែវ គឹម មេឃុំស្រែជាខាងជើង និងលោក តិល រិន មេភូមិសុភី។ ពួកគាត់ទាំងនោះសុទ្ធតែបានទទួលកញ្ចប់លុយពីលោក សេង សម្បត្តិ យ៉ាងច្រើនសន្ធឹកសន្ធាប់រៀងៗខ្លួន។ អាងទឹកដងទង់ ដែលជាសម្បត្តិរដ្ឋមានតម្លៃរាប់លានដុល្លារត្រូវក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបកាលពី ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១ កន្លងទៅបានជាស្ថាពរដោយបើកលក់គម្រោងខ្យល់ បុរីដងទងធម្មជាតិដោយគ្មាន ច្បាប់អនុញ្ញាត។
ដោយមានការឃុបឃិតជាប្រពន្ធ័ ក្រុមហ៊ុនសេង សម្បត្តិ បានលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗគ្របលើដីអាស្រ័យផលពលរដ្ឋចំនួន២៩គ្រួសារដោយក្នុង នោះមាន១៩គ្រួសារយល់ព្រមលក់ឱ្យឈ្មួញកណ្តាល ណែម សារឿន តែមិនទាន់ទទួលបានលុយគ្រប់ចំនួនទេ។ ប៉ុន្តែករណីនេះបែរជាធ្លាយមានលិខិតរបស់លោក តិល រិន មេភូមិសុភី តំណាងប្រជាពលរដ្ឋ៣០គ្រួសារលក់ដីផ្តាច់ឱ្យលោកស្រី សុខ ហ្គិច លោកស្រី ចាន់ ស្រីឡែន និងលោក សេង សម្បត្តិ ទៅវិញ ? តើដី១កន្លែង អាចលក់បាន៤ដងមែនទេ ? តើការលក់ដីនោះស្របតាមច្បាប់រដ្ឋដែរឬទេ ? មូលហេតុអ្វីខ្លះនិងឯកសារ អ្វីខ្លះទើបមេឃុំ កែវ គឹម ហ៊ានបោះត្រាទទួលស្គាល់ការលក់ដូរដីកំពុងតែមានរឿងទំនាស់ ?
ប្រជាពលរដ្ឋនៅស្រុកដងទង់មានចម្ងល់ថា ឈ្មួញទិញដីតែ១៩គ្រួសារមានផ្ទៃដីសរុបប្រហែល៩ហិកតាសោះហេតុអ្វីក្រុមហ៊ុនទៅចាក់ដីលុបផ្ទៃអាងទឹកទាំងមូល រហូតដល់ជាង១២ហិកតាទៅវិញ ? តើអាងទឹកដងទង់ នរណាខ្លះជាអ្នកលួចលក់ឱ្យឈ្មួញ សេងសម្បត្តិ ? តើនរណាចេញច្បាប់ឱ្យចាក់ដីសាងសង់លក់បុរីខ្យល់ ? ហេតុអ្វីឈ្មួញដឹកដីចាក់លុបអាងទឹកកក្រើក ស្រុកដង ទង់ អាជ្ញាធរមិនមានវិធានការ ? នេះជាសំណួរគ្មានចម្លើយ?។
រឿងមន្ត្រីពាក់ព័ន្ធលួចលក់អាងទឹកដងទង់ នេះធ្វើឱ្យប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋយ៉ាងតិច២៩គ្រួសារនេះមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបារម្ភពីទឹកជំនន់លិចភូមិដោយគ្មានកន្លែងដោះទឹកនោះ។ ក្រុមមន្ត្រីទាំងនោះបាននាំគ្នានិយាយបិទបាំងការពិត និងធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខែត្រ និងក្រសួងថា កន្លែងអាងទឹកដងទង់ ជាដីស្រែគឺដើម្បីតែផលប្រយោជន៍បក្ខពួកពុករលួយ។អតីតមន្ត្រីបម្រើការងារជាមួយលោក ហៃ សូន អតីតអភិបាលស្រុកដងទង់កាលពីអំឡុងឆ្នាំ១៩៨៦ កើតស្រុកដងទង់ ថ្មីលោក ហៃ សូន បានបញ្ជាឱ្យមេឃុំកេណ្ឌប្រមូលប្រជាជនមកជីកទំនប់ដើម្បីទប់ទឹកសម្រាប់អ្នកស្រុកប្រើប្រាស់។ ពីព្រោះតំបន់នោះជាកន្លែងខ្សត់ទឹកប្រើប្រាស់ គ្មានប្រភពទឹកហូរឆ្លងកាត់ ហើយក៏ជាកន្លែងលេនដ្ឋាននៃភូមិសាស្ត្រការពារស្រុកផងដែរ។
លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខែត្រ ខិតខំបកស្រាយបង្វែងដានថា អាងទឹកដងទង់ ពុំមានសំណង់ដោះទឹកទេដំបូង ឡើយ។ នៅកន្លែងផ្ទៃអាងដែលមានទឹកដក់ជ្រៅនោះបើតាមលោកធ្លាប់វាស់វែងកន្លងមកតាមប្រព័ន្ធហ្គូហ្គល មានទំហំប្រហែលជាង២ហិកតាតែប៉ុណ្ណោះ។ អាងទឹកនេះពុំមានចរិតលក្ខណៈជាប្រព័ន្ធធារាសាស្ត្រទេព្រោះ វាមានទំហំតូច។ អាងទឹកដងទង់ កាលមិនទាន់ចាក់ដីលុបស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់តែ លោកប្រធានមន្ទីរក៏មិនបានជូនដំណឹងទៅក្រសួងធនធានទឹក អំពីការចុះបញ្ជីដីអាងទឹកជាសម្បត្តិរដ្ឋនោះដែរកន្លងមក។
ប៉ុន្តែកាលមន្ទីរសុរិយោដីខេត្តកំពត បានចុះវាស់វែងដីធ្លីឱ្យពលរដ្ឋនៅម្ដុំនោះក៏ចង់ ចុះបញ្ជីដីអាងទឹកដងទង់ ជាសម្បត្តិរដ្ឋ។ ប៉ុន្តែមានប្រជាជនមិនព្រមហើយខាងអាជ្ញាធរក៏បានចុះបញ្ជីដីនេះថា «ដីគ្មានទិន្នន័យ» នោះទៅ…។ ត្រង់ចំណុចដែលគេថា «ដីគ្មានទិន្នន័យ» នេះហើយទើបធ្វើឱ្យពួកមន្ត្រីខិលខូចទាំងនោះលួចលក់ដីរដ្ឋ «អាង ទឹកដងទង់» បានដោយជោគជ័យ។
លោក ជាវ តាយ អភិបាលខេត្តកំពតដែលត្រូវទៅកាន់ខេត្តពោធិសាត់វិញ បានមានប្រសាសន៍ការពារការលក់បឹងនេះថាយោងតាម សំណើរបស់ប្រជាពលរដ្ឋ ១៨គ្រួសារ ដែលក្នុងនោះមាន ៣០នាក់ ដែលស្នើសុំប័ណ្ណ កម្មសិទ្ធិ ហើយសំណើនេះតាំងពីឆ្នាំ២០២០ ហើយត្រង់ថា ប្រជាពលរដ្ឋលក់បន្តទៅឲ្យក្រុមយ៉ាងម៉េច គឺជាសិទ្ធិរបស់ គាត់ ប៉ុន្តែរដ្ឋបាល និងរដ្ឋអំណាចធ្វើ តាមនីតិវិធីមិនអាច ធ្វើខុសនីតិវិធីបានទេ។ រឿងអាស្រូវលក់ទ្រព្យសម្បត្តិសាធារណៈបានលុយរាប់លានដុល្លារអាមេរិកមិនដឹងថាតើបានបង់លុយឲ្យរដ្ឋប៉ុន្មាននោះទេ?។
សង្ឃឹមថាពេលលោកម៉ៅធនិន្ទទៅកាន់ជាអភិបាលខេត្តកំពតនឹងសើររើពិនិត្យករណីយ៍ឃុបឃឹតគ្នាពុករលួយលក់អាងស្តុកទឹកដងទង់នេះជាមិនខានឬអង្គភាបប្រឆាំងអំពើពុករលួយនឹងស្រាវជ្រាវករណីយ៍ប្រើអំណាចលក់ទ្រព្យសម្បត្តិរដ្ឋនេះផងដែរ៕