វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 321 នាក់
ម្សិលមិញ 8656 នាក់
សរុប 16621035 នាក់
កណ្តាល៖ នៅរសៀលថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមហេងរតនា អគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម ប៉ាន់ ខែមប៊ុនថននាយករងខុទ្ទការល័យនាយករដ្ឋមន្ត្រិ រួមជាមួយក្រុមការងារចុះមូលដ្ឋានស្រុកលើកដែក បានចុះជួបភ្លាមជាមួយប្រជាពលរដ្ឋដែលដីធ្លីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុន ភឺន ផល្លាដែលល្បីល្បាញក្នុងរឿងរំលោភដីធ្លីបាន បំពានលើដីពួកគាត់ ពាល់ដល់គ្រួសារប្រជាពលរដ្ឋចំនួនប្រមាណ២.៦៦៧គ្រួសារ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។
ឯកឧត្តមហេងរតនា បានថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “ឯកឧត្តមប៉ាន់ ខែមប៊ុនថន និងខ្ញុំ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចធិបតី ដោយបានជម្រាបប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ នូវការគិតគូររបស់សម្តេចទាំងទ្វេ បានយកចិត្តទុកដាក់និងដោះស្រាយបញ្ហានេះជូនប្រជាលរដ្ឋ! ប្រជាពលរដ្ឋលោកបានផ្តល់ស្នាមញញឹមសប្បាយរីករាយនិងក្តីសង្ឃឹមព្រមទាំងភាពជឿជាក់ត្រេតអរឥតឧបមា!!”។
កាលពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនាមានប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិស្ពានដែក ព្រែកបាក់ និងភូមិព្រែកតូច បានប្រមូលគ្នាតវ៉ាបណ្ដេញក្រុមហ៊ុនមួយ មិនឲ្យដាក់គ្រឿងចក្រឈូសឆាយ និងហ៊ុមព័ទ្ធដីបឹងឡូលេខ៦ ដែលពួកគេកំពុងអាស្រ័យផលសម្រាប់ចិញ្ចឹមជីវិត។បឹងឡូលេខ៦ មានទំហំទទឹង ៥គីឡូម៉ែត្រ និងបណ្ដោយ ៨គីឡូម៉ែត្រ ហើយបឹងមួយនេះត្រូវរដ្ឋាភិបាលចាស់កាត់ឆ្វៀលឲ្យពលរដ្ឋអាស្រ័យផល ចាប់តាំងពីឆ្នាំ២០១២មក និងមានប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងនោះមាន ឃុំព្រែកទម្លាប់ និងឃុំកំពង់ភ្នំ កំពុងអាស្រ័យផលរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
នៅរយ:ពេល៤-៥ថ្ងៃនេះ ប្រជាពលរដ្ឋបានសង្កេតឃើញមានគ្រឿងចក្រជាច្រើនគ្រឿងដែលគេស្គាល់ថា ជារបស់(ឧកញ៉ាល្បីឈ្មោះម្នាក់) និងជានាយទាហានផង បានដឹកយកទៅចតទុកចោលនៅក្នុងព្រៃត្រង់ចំណុចអូរលោកយាយ ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីត្រៀមបម្រុងឈូសឆាយរុញបំផ្លិចបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូន និងលើកទំនប់ហ៊ុំព័ទ្ធក្រវ៉ាត់ព្រំដីអតីតឡូត៍នេសាទលេខ៦ ទើបនៅវេលាម៉ោងជាង១២រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រុស-ស្រីចាស់ក្មេងប្រមាណប្រហែលជា១០០នាក់ បន្តផ្ទុះការតវ៉ាមិនឲ្យគ្រឿងចក្រឈប់ចតនៅកន្លែងពួកគាត់អាស្រ័យផលនោះទេ។
ពលរដ្ឋបន្តថា ក្រៅពីមុខរបរបង្កបង្កើនផលដំណាំ គឺពួកគាត់បានប្រកបមុខរបរនេសាទត្រី កាប់អុស ដកព្រលិត ក្រអៅឈូក បេះត្រកួនលក់ចិញ្ចឹមជីវិតតាំងពីដូនតាមកម្ល៉េះ ។ ចុះបើមានក្រុមហ៊ុនដាក់គ្រឿងចក្រមកជីកលើកក្រវ៉ាត់ព័ទ្ធយកដីអតីតឡូត៍នេសាទសម្បត្តិសាធារណ:របស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនទៅថ្ងៃមុខកុំថាឡើយចូលទៅអាស្រ័យផល សូម្បីតែដើរឆ្លងកាត់ប្រហែលជាមិនបានផងមើលទៅ។
ពលរដ្ឋសូមសំណូមពរឲ្យថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ផង ព្រោះបឹងអតីតឡូត៍នេសាទលេខ៦នេះ មិនមែនមានតែពលរដ្ឋក្នុងស្រុកលើកដែកអាស្រ័យផលចិញ្ចឹមជីវិតនោះទេ គឺប្រជាពលរដ្ឋរស់នៅស្រុកស្អាង និងស្រុកកោះធំក៏ចូលមកអាស្រ័យផលក្នុងបឹងនេះដែរ។ប្រជាពលរដ្ឋនៅឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល អះអាងថា អាជ្ញាធរភូមិឃុំ មិនបានរកដំណោះស្រាយដូចដែលពលរដ្ឋចង់បាននោះទេ ផ្ទុយទៅវិញ អាជ្ញាធរគ្រាន់តែនិយាយលួងលោមប្រជាពលរដ្ឋឲ្យឈប់ធ្វើការតវ៉ា និងចោទពលរដ្ឋថាបានផ្ដិតមេដៃលក់ដីបឹងឡូលេខ៦ ឲ្យទៅក្រុមហ៊ុនឯកជន។
ប្រជាពលរដ្ឋប្រកាន់គោលជំហរបន្តការតវ៉ាទៀត ប្រសិនបើក្រុមហ៊ុនឯកជនបន្តដាក់គ្រឿងចក្រឈូសឆាយ និងហ៊ុមព័ទ្ធដីបឹងឡូលេខ៦ យកធ្វើជាកម្មសិទ្ធិ បើទោះបីអាជ្ញាធរលួងលោម និងគំរាមកំហែងដល់ប្រជាពលរដ្ឋយ៉ាងណាក្ដី ពីព្រោះបឹងធម្មជាតិមួយនេះ បានចិញ្ចឹមប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងឃុំព្រែកទម្លាប់ និងឃុំកំពង់ភ្នំ។ ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវរកដំណោះស្រាយឲ្យបានឆាប់ និងមិនត្រូវប្រគល់ដីបឹងឡូលេខ៦ ឲ្យទៅក្រុមហ៊ុនឯកជនជាដាច់ខាត៕ អត្ថបទ ៖ សុទ្ធលី