
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6115 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696286 នាក់
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទទួលបានការ សព្វព្រះរាជហឫទ័យពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសសម្អាតមីន។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី៣កុម្ភៈ បានគូសបញ្ជាក់ថា ព្រះរាជអំណោយរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម។
សូមរំឭកថា កាលពីដើមខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារស៊ីម៉ាក់រួចមកហើយ។
សម្រាប់ការងារដោះមីននេះដែររាជរដ្ឋាភិបាលជប៉ុនក៏នឹងផ្តល់ថវិកាសរុបចំនួន៦៦៥,១៨៦ដុល្លារអាមេរិក ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនផងដែរ។ ជំនួយទាំងនេះនឹងគាំទ្រដល់គម្រោងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោងPRCS។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយអ្នកតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន១៧០ហិកតា និងបណ្តុះបណ្តាលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានស័ក្តិសិទ្ធិភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងផ្តល់ការអប់រំអំពីការបញ្ចៀសពីហានិភ័យនៃគ្រាប់មីនដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា អង្គការ JMAS បានចាប់ផ្តើមសកម្មភាពគាំទ្រការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះនៅកម្ពុជាក្នុងឆ្នាំ២០០២ ហើយចាប់តាំងពីពេលនោះមក អង្គការបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះជាច្រើន ដោយសហការជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។ លោកសង្ឃឹមថាគម្រោងនេះនឹងជួយកាត់បន្ថយការស្លាប់ និងរបួសរបស់ប្រជាជនដែលបណ្តាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះនិងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍មូលដ្ឋាន។
គួរឱ្យដឹងថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មករដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦០លានដុល្លារអាមេរិកដល់គម្រោងចំនួន១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕