វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2146 នាក់
ម្សិលមិញ 5456 នាក់
សរុប 12337140 នាក់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញប្រកាសរួមគ្នា ថា នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។មានការកត់សម្គាល់ថាថ្មីៗនេះធនាគារ ABA បានបិទប្រតិបត្តិការផ្ទេរប្រាក់ពីក្រៅប្រទេសមកគណនីរបស់សមាជិកសហជីពណាហ្គាវើលដ៍ ដោយគ្មានដីកាសម្រេចរបស់តុលាការ ឬពីរដ្ឋាភិបាលដែលអ្នកច្បាប់ចាត់ទុកថា វាជារឿងខុសច្បាប់ ដោយថាធនាគារគ្មានអំណាចក្នុងការវិនិច្ឆយថាគណនីបុគ្គលណាជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស ហើយត្រូវបង្កកថវិកាចូលគណនីនោះឡើយ។
ការអះអាងនេះធ្វើឡើងក្រោយថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ៣រូប ដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ អះអាងថា ធនាគារ «វឌ្ឍនៈ អាស៊ី ចំកាត់ ឬ ABA» បានបិទប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ ក្នុងគណនីរបស់ពួកគេពីម្ចាស់ជំនួយនៅក្រៅប្រទេស ដោយគ្រាន់តែលើកឡើងហេតុផលអំពីព័ត៌មានអវិជ្ជមាននៃសហជីពនៅក្នុងវិស័យសារព័ត៌មាន ឬវិធានការប្រឆាំងការលាងលុយកខ្វក់។
សម្រាប់ធនាគារជាតិនិោងនគរបាលវិញក្នុងសេចក្តីថ្លែងការណ៍រួមគ្នា បានលើកឡើងថា នាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យ សាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គមតាមរយៈ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល។
ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់រាយការណ៍មក ធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាច ប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទខាងលើផងដែរ។
ទាក់ទងការបិទការផ្ទេរប្រាក់ដោយធនាគារលើមេសហជីពខាងលើនេះនេះប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា បើធនាគារ ABA សម្រេចចិត្តដោយខ្លួនឯង ក្នុងការបិទប្រតិបត្តិការផ្ទេរប្រាក់មកគណនីរបស់សមាជិកសហជីពណាហ្គាវើលដ៍ទាំង៣នាក់ នោះវាជារឿងមិនស្របច្បាប់។ លោកបន្តថា ធនាគារគ្មានអំណាចក្នុងការវិនិច្ឆយថាគណនីណាជាប់ពាក់ព័ន្ធនឹងរឿងអ្វីមួយឡើយ ពោលគឺច្រើនបំផុតត្រឹមអាចរាយការណ៍ទៅសមត្ថកិច្ចប៉ុណ្ណោះ។លោកថា បើធនាគារជាអ្នកសម្រេចចិត្តបិទប្រតិបត្តិការដោយខ្លួនឯងនោះ ធនាគារនឹងអាចខូចកេរ្តិ៍ឈ្មោះ ហើយរងនូវការរិះគន់ ដោយសារអាងតែជាធនាគារ ប្រើអំណាចបិទគណនីរបស់អតិថិជនតាមអំពើចិត្ត។
លោក សុក សំអឿន ថា៖ «អាហ្នឹងវាអត់ស្របច្បាប់ទេ បើសិនធនាគារ ABA សម្រេចចិត្តខ្លួនឯង ព្រោះធនាគារអត់មានអំណាចវិនិច្ឆយថាតើ Account [គណនី] ណាមួយពាក់ព័ន្ធអីៗទេ។ យ៉ាងច្រើនត្រឹមតែរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ»។លោកថា ករណីបិទប្រតិបត្តិការបែបនេះអាចទៅរួច លុះត្រាតែរដ្ឋាភិបាលជាអ្នកសម្រេចចិត្តដូចជា សេចក្តីជូនដំណឹង (ស.ជ.ណ) ឬការបង្គាប់ ឬតាមការសម្រេចរបស់តុលាការ ដោយយោងទៅតាមគោលការណ៍ច្បាប់ នោះទើបធនាគារត្រូវតែគោរពតាម។ ក្នុងនោះ ធនាគារមិនបាច់ផ្សព្វផ្សាយជាសាធារណៈទេ គ្រាន់តែផ្តល់ដំណឹងទៅសាម៉ីខ្លួន ឬម្ចាស់គណនី។
មេធាវី សុក សំអឿន ថាករណីនេះ បើម្ចាស់គណនីមិនពេញចិត្ត អាចតវ៉ាជាមួយធនាគារ ប៉ុន្តែបើមិនមានប្រសិទ្ធភាព អាចប្តឹងទៅតុលាការ និងរដ្ឋាភិបាល។
ស្រដៀងគ្នានេះដែរ មេធាវីមួយរូបទៀត លោក សេក សោភ័ណ្ឌ លើកឡើងថា តាមច្បាប់ គណនីធនាគារ គឺជាកិច្ចសន្យារវាង ២ភាគី ម្ចាស់គណនី និងធនាគារ។ ដូច្នេះភាគីធនាគារត្រូវមានកាតព្វកិច្ចគ្រប់បែបយ៉ាងទៅតាមកិច្ចសន្យាកិច្ចព្រមព្រៀងក្នុងការបើកគណនី។រីឯចរន្តសាច់ប្រាក់ បើសង្ស័យថាជាប្រតិបត្តិការសម្អាតប្រាក់ ឬកិច្ចផ្ទេរប្រាក់មិនស្របច្បាប់ ធនាគារអាចជូនព័ត៌មានទៅសាម៉ីខ្លួនម្ចាស់គណនី ពីហេតុផលច្បាស់លាស់តាមផ្លូវច្បាប់ ដូចជា យោងដីកាសម្រេចរបស់តុលាការ ឬរបស់រដ្ឋាភិបាល ដែលមិនអនុញ្ញាតឱ្យបុគ្គលនោះទទួលប្រាក់ពីបរទេស។
លោក សេក សោភ័ណ្ឌ ថា៖ «បញ្ហារឿងសហជីព មិនមែនជាមូលហេតុស្របច្បាប់ដែលអាចបង្កកទ្រព្យគេទេ។ រឿងសហជីព រឿងសម្តែងមតិ រឿងអីនេះ គឺជាសិទ្ធិដែលច្បាប់អនុញ្ញាត។ អ៊ីចឹងបើសិនជាការបង្កកហ្នឹងមិនមានការសម្រេចតាមផ្លូវច្បាប់ណាមួយទេ ឧទាហរណ៍ អ៊ីចឹងការសម្រេចមិនផ្ទេរលុយហ្នឹង គឺជាការប៉ះពាល់កាតព្វកិច្ចចំពោះអ្នកប្រើប្រាស់ Account ហ្នឹងហើយ។ អ៊ីចឹងបើសិនជាការមិនផ្ទេរហ្នឹងយកមូលហេតុដោយសារតែពាក់ព័ន្ធជាមួយណាហ្គា មិនមែនជាមូលហេតុស្របច្បាប់ទេ។ ហើយមូលហេតុមួយទៀតដែលលើកឡើងថា ដោយសារគាត់ជាសមាជិកសហជីព ហើយមិនបើកលុយឱ្យ អាហ្នឹងរឹតតែខុសទៅទៀត។ អ៊ីចឹងបើសិនជាយកមូលហេតុហ្នឹងជាការសំអាងក្នុងការមិនបើកលុយឱ្យគាត់ អាហ្នឹងច្បាប់របស់ស្រុកខ្មែរមិនអនុញ្ញាតឱ្យធ្វើអ៊ីចឹងទេ»។
សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បានអះអាងថា ធនាគារ ABA បានបិទប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ ក្នុងគណនីរបស់ពួកគេពីម្ចាស់ជំនួយនៅក្រៅប្រទេស ដោយលើកហេតុផលអំពីព័ត៌មានអវិជ្ជមាននៃសហជីពនៅក្នុងវិស័យសារព័ត៌មាន ឬវិធានការប្រឆាំងការលាងលុយកខ្វក់។សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានស្ថិតនៅក្នុងវិវាទជាមួយនឹងក្រុមហ៊ុនល្បែងដ៏ធំមួយនេះ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដែលកើតឡើងបន្ទាប់ពីមានករណីកម្មករជាង១ ៣០០នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ខណៈសកម្មភាពតវ៉ារបស់ពួកគេជាញឹកញាប់ក៏តែងត្រូវបានរារាំងដោយអាជ្ញាធរនៅតាមដងផ្លូវនានាដែលនៅក្បែរទីតាំងកាស៊ីណូផងដែរ។
សមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៣រូប បានលើកឡើងដោយរំពឹងថា ពួកគេនឹងទទួលបានការផ្ទេរប្រាក់ពីអ្នកផ្ញើនៅក្រៅប្រទេស ក្នុងអំឡុងខែតុលា ដើម្បីគាំទ្រដល់អ្នកតវ៉ាដែលគ្មានការងារធ្វើ ឬបាតុករជាស្ត្រីដែលមានកូនតូច ប៉ុន្តែពួកគេបែរជាត្រូវបានជូនដំណឹងដោយបុគ្គលមួយរូបដែលអះអាងថាជាបុគ្គលិកធនាគារ ABA ថាការផ្ទេរប្រាក់ត្រូវបានរារាំងទៅវិញ។ថ្នាក់ដឹកនាំសហជីព២នាក់ ក្នុងចំណោមអ្នកទាំង៣ រួមមាន អនុប្រធានសហជីព LRSU កញ្ញា ឈឹម សុខន និង អគ្គលេខាធិការសហជីព អ្នកស្រី ឃ្លាំង សុបិន្ត ធ្លាប់ប្រាប់វីអូឌីថា ពួកគេរំពឹងថានឹងទទួលបានទឹកប្រាក់ចំនួន៥ ០៥០ដុល្លារក្នុងម្នាក់ៗ ដែលនឹងត្រូវផ្ទេរទៅក្នុងគណនីធនាគារ ABA របស់ពួកគេ។
តាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការបង្កក គឺជាការហាមឃាត់ជាបណ្តោះអាសន្ននូវការផ្ទេរ ការបំប្លែង ការចាត់ចែង ឬចលនានៃទ្រព្យសម្បត្តិ ឬសន្មតថាការឃុំឃាំង ឬការគ្រប់គ្រងទ្រព្យសម្បត្តិជាបណ្តោះអាសន្ន ដោយផ្អែកលើដីកាដែលចេញដោយតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត។ការបង្កក គឺជាសកម្មភាពដែលផ្អាកសិទ្ធិជាបណ្តោះអាសន្នលើទ្រព្យសកម្ម ហើយជាឧទាហរណ៍ អាចអនុវត្តចំពោះគណនីធនាគារដែលអាចដំណើរការបាន។ការបង្កកទ្រព្យសម្បត្តិ ធ្វើឡើងនៅពេលដែលមានការស៊ើបអង្កេតពីគណៈកម្មការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នោះគេអាចបង្កកទ្រព្យសម្បត្តិ ឬចាត់វិធានការជាបណ្តោះអាសន្ន ពេលដែលមានការសង្ស័យ ឬមានមូលដ្ឋានសមស្រប ដែលសង្ស័យថា ទ្រព្យសម្បត្តិទាំងនោះពាក់ព័ន្ធទៅនឹងសកម្មភាពល្មើសច្បាប់ រួចហើយទើបគេស្នើសុំទៅកាន់តុលាការបន្តទៀត៕