
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9032 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699203 នាក់
ចិន៖មេដឹកនាំតៃវ៉ាន់ លោកឡៃជិងតែ( Lai Ching-te) នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមករា បាននិយាយថាកោះតៃវ៉ាន់មានការប្ដេជ្ញាចិត្តដើម្បីការពារអធិបតេយ្យរបស់ខ្លួន ហើយពង្រឹងសមត្ថភាពការពារជាតិ បន្ទាប់ពីចិនធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មីផ្សាយចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់ ក្នុងទីក្រុងតៃប៉ិ លោក Lai បានលើកឡើងថាសហគមន៍អន្តរជាតិកំពុងតាមមើលថាតើប្រជាជនតៃវ៉ាន់មានការប្ដេជ្ញាចិត្ត ដើម្បីការពារខ្លួនឯងឬក៏យ៉ាងណា? លោក Lai បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានាធិបតី ខ្ញុំតែងតែបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់ខ្ញុំ ដើម្បីការពារដាច់ខាតនូវអធិបតេយ្យជាតិ និងពង្រឹងសមត្ថភាពការពារជាតិ»។ លោកបន្តថាតៃវ៉ាន់ចាំបាច់ត្រូវតែបង្កើនកញ្ចប់ថវិកាយោធា ជាមួយការជំរុញឱ្យគណបក្សប្រឆាំងគាំទ្រផែនការរបស់លោកក្នុងការជំរុញការចំណាយរបស់តៃវ៉ាន់ លើកញ្ចប់ថវិកាយោធា ៤០ពាន់លានដុល្លារ ជាសំណើមួយដែលកំពុងជាប់គាំងក្នុងរដ្ឋសភាជាទីដែលក្រុមគណបក្សប្រឆាំងតៃវ៉ាន់កំពុងក្ដាប់សំឡេងភាគច្រើន។
យោធារបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃពុធទី៣១ធ្នូ ២០២៥ថា សមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ «បានបញ្ចប់ដោយជោគជ័យ» ដែលការធ្វើសមយុទ្ធនោះរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតដែលមានគោលបំណងក្លែងធ្វើការបិទច្រកសំខាន់ៗ និងការវាយលុកលើគោលដៅក្នុងកោះតៃវ៉ាន់ស្ថិតនៅដែនសមុទ្រ។ យោងការផ្សាយរបស់បណ្តាញព័ត៌មានចិន។
លំហាត់សមយុទ្ធ ដែលចិនដាក់ឈ្មោះថា «បេសកកម្មយុត្តិធម៌ ២០២៥ (JusticMission2025) ដែលកើតឡើងក្រោយសហរដ្ឋអាមេរិកប្រកាសលក់អាវុធថ្មីៗធុនធ្ងន់ដល់កោះតៃវ៉ាន់ បានបង្កឲ្យប្រទេសនានារួមមានជប៉ុន សហរដ្ឋអាមេរិក អឺរ៉ុប អូស្ត្រាលី ជាដើម មានការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ។
នៅក្នុងការធ្វើសមយុទ្ធនោះ យោធារបស់ប្រទេសចិនបានបាញ់មីស៊ីល និងដាក់ពង្រាយយន្តហោះចម្បាំងរាប់សិបគ្រឿង នាវាកងទ័ពជើងទឹក និងនាវាការពារឆ្នេរសមុទ្រកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារជុំវិញកោះសំខាន់របស់តៃវ៉ាន់។
ទីក្រុងតៃប៉ិបានថ្កោលទោសការធ្វើសមយុទ្ធភ្លាមរបស់ទីក្រុងប៉េកាំង ដោយហៅវាថាជា «ល្បែងសង្រ្គាម» និងចាត់ទុកវាជា «ការបង្កហេតុ និងមានការប្រុងប្រយ័ត្នខ្ពស់» ហើយបាននិយាយថា ពួកគេបរាជ័យក្នុងការទប់ស្កាត់កោះដែលគ្រប់គ្រងដោយខ្លួនឯង។
បក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងតៃវ៉ាន់តាមបែបប្រជាធិបតេយ្យនោះទេ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា កោះដែលមានប្រជាជនចំនួន២៣លាននាក់គឺជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំងដើម្បីបង្រួបបង្រួមទឹកដី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា «ការបង្រួបបង្រួមជាតិមាតុភូមិរបស់យើង ដែលជានិន្នាការនៃសម័យកាល គឺមិនអាចបញ្ឈប់បានទេ” ។អ្នកនាំពាក្យរបស់បញ្ជាការទិសបូព៌ានៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ខ្លួនបាន «បញ្ចប់ដោយជោគជ័យ» សមយុទ្ធដែលមានឈ្មោះកូដថា «បេសកកម្មយុត្តិធម៌ 2025» ។លោក Li Xi បាននិយាយថា កងទ័ពចិននឹងបន្តការហ្វឹកហ្វឺនដើម្បីរារាំងយ៉ាងម៉ឺងម៉ាត់នូវការប៉ុនប៉ងរបស់ពួកផ្តាច់ខ្លួន ‘ឯករាជ្យតៃវ៉ាន់’ និងការអន្តរាគមន៍ពីខាងក្រៅ។
គួរបញ្ជាក់ថា លោកឡៃ( Lai)ប្រធានាធិបតីតៃវ៉ាន់ ក៏បានលើកឡើងផងដែរអំពីការព្រមានដែលថាលោកប្រធានាធិបតី ស៊ី ជីនពីង បានចេញបញ្ជាឱ្យយោធាចិនត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីវាយយកតៃវ៉ាន់ នៅឆ្នាំ២០២៧។ ដូច្នេះសម្រាប់លោក Lai ឆ្នាំ២០២៦នឹងក្លាយជាពេលវេលាដ៏សំខាន់មួយសម្រាប់តៃវ៉ាន់ ហើយតៃវ៉ាន់ត្រូវតែត្រៀមផែនការសម្រាប់ស្ថានការណ៍អាក្រក់ ប៉ុន្តែលោកនៅតែសង្ឃឹម សម្រាប់រឿងល្អៗ៕