
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8575 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698746 នាក់
វៀតណាម៖ ក្រុមហ៊ុនប្រតិបត្តិការខ្សែរថភ្លើងក្រោមដី ប៊ែនថាញ់-ស៊ូយទៀន (Ben Thanh – Suoi Tien) ដែលជាខ្សែរថភ្លើងដំបូងគេបង្អស់របស់ទីក្រុងហូជីមិញវឿតណាម បានរាយការណ៍ពីការខាតបង់ថវិកាចំនួន ១៤២ ពាន់លានដុង (ប្រហែល ៥,៣ លានដុល្លារអាម៉េរិក) នៅក្នុងរយៈពេល ៦ខែដំបូងនាឆ្នាំនេះ ។
ក្រុមហ៊ុនបញ្ជាក់ថា ទោះបីជាខ្លួនរកបានចំណូលបានជិត ១០៤ ពាន់លានដុងពីការលក់សំបុត្រក៏ដោយ ក៏នៅតែមានការខាតបង់ថវិកាចំនួន ១៤២ ពាន់លានដុងក្នុងឆមាសទីមួយ ហើយការខាតបង់សរុបរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៩ បានកើនឡើងដល់ ១៧៧ ពាន់លានដុង ។
នាយកប្រតិបត្តិ លោក ឡេ មិញត្រៀត (Le Minh Triet) និយាយថា ការខាតបង់នេះគ្រាន់តែជាតួលេខបណ្ដោះអាសន្នប៉ុណ្ណោះ ដោយសារតែការទូទាត់សេវាកម្មមួយចំនួនបានដំណើរការយឺតយ៉ាវនៅក្នុងខែកញ្ញា និងខែតុលា ដែលមិនបានរាប់បញ្ចូលក្នុងរបាយការណ៍ហិរញ្ញវត្ថុឆមាសទីមួយឡើយ ។
នាយកប្រតិបត្តិរូបនេះ បានរៀបរាប់ថា «បើទោះបីជាក្រុមហ៊ុនជួបប្រទះនូវការលំបាកមួយចំនួនក៏ពិតមែន ក៏ក្រុមហ៊ុននៅតែមានទំនុកចិត្តដែរថា បញ្ហាទាំងអស់នេះនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗជាក់ជាមិនខានឡើយ ។
ក្រុមហ៊ុនហូជីមិញម៉េត្រូ (HCMC Metro) ឬ HURC1 មានគោលបំណងរកប្រាក់ចំណូលឱ្យបាន ៥៧៨ ពាន់លានដុងនៅឆ្នាំនេះ និងអាចរកបានប្រាក់ចំណេញតិចតួចក្នុងទំហំប្រមាណជា ២០លានដុង បន្ទាប់ពីបូកសរុបលទ្ធផលហិរញ្ញវត្ថុពេញមួយឆ្នាំ ។
ខ្សែរថភ្លើងក្រោមដីនេះ បានចាប់ផ្តើមដំណើរការជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ ២០២៤ ហើយដំណើរការលក់សំបុត្រ បានចាប់ផ្តើមជាផ្លូវការនៅក្នុងខែមករា ឆ្នាំ ២០២៥។ ខ្សែរថភ្លើងក្រោមដីនេះ មានប្រវែង ២០ គីឡូម៉ែត្រ តភ្ជាប់មជ្ឈមណ្ឌលនៃទីក្រុងសេដ្ឋកិច្ចទៅតំបន់ភាគខាងកើត ។
បន្ទាប់ពីប្រតិបត្តិការក្នុងរយៈពេលជិតមួយឆ្នាំ ខ្សែរថភ្លើងនេះបានដំណើរការជាង ៧៣,០០០ ជើង និងដឹកអ្នកដំណើរបាន ១៧ លាននាក់។ តម្លៃសំបុត្រមានចាប់ពី ៦,០០០ ដុង (ប្រហែល ១,០០០៛) ដល់ ២ម៉ឺនដុង (ប្រហែល ៣,០០០៛) ក្នុងមួយជើង ហើយប័ណ្ណប្រចាំខែមានតម្លៃរហូតដល់ ៣០ម៉ឺនដុង (ប្រហែល ៤៥,៣០០៛) ៕ ប្រភព៖ VN Express