
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7221 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697392 នាក់
ជប៉ុន៖ ជប៉ុនបានក្រើនរម្លឹកពលរដ្ឋរបស់ខ្លួននៅប្រទេសចិនឱ្យបង្កើនការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព ខណៈភាពតានតឹងបានកើនឡើងបន្ទាប់ពីមានការលើកឡើងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) ដែលថា ប្រសិនបើមានការប្រើប្រាស់កម្លាំងយោធាណាមួយប្រឆាំងនឹងតៃវ៉ាន់ អាចជាហេតុផលនាំឱ្យមានការឆ្លើយតបផ្នែកយោធាពីប្រទេសជប៉ុន។ រដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រីជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បានថ្លែងកាលពីថ្ងៃអង្គារថា «ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ព័ត៌មានថ្មីៗពាក់ព័ន្ធនឹងប្រតិកម្មពីប្រទេសចិន»។ ទោះជាបែបណាក្ដី លោកបានកត់សម្គាល់ថា ជប៉ុននៅតែបើកចំហរចំពោះការសន្ទនាដោយសន្តិវិធីជាមួយចិន ។
គួររម្លឹកថា ចិនបានចេញប្រតិកម្មយ៉ាងខ្លាំងចំពោះពាក្យសម្ដីរបស់លោកស្រីតាកាអ៊ីឈិ (Takaichi) ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង និយាយថា «នោះគឺជាទង្វើជ្រៀតជ្រែកផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ»។ លើសពីនេះ ចិនបានប្រកាសថា នាយករដ្ឋមន្ត្រី លី ឈៀង (Li Qiang) គ្មានផែនការជួបជាមួយមេដឹកនាំជប៉ុន ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នោះទេ។ ចិនក៏បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន ដោយទាមទារឱ្យជប៉ុនដកពាក្យសម្ដីនេះចេញវិញ និងបានណែនាំពលរដ្ឋចិន ឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ។
លោកស្រី គីមី អូណូដា (Kimi Onoda) រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ចរបស់ជប៉ុន បានបង្ហាញក្ដីព្រួយបារម្ភចំពោះការពឹងផ្អែករបស់ជប៉ុនលើសេដ្ឋកិច្ចចិន ខណៈជម្លោះការទូតរវាងប្រទេសទាំងពីរកំពុងកើនឡើង ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ក្រសួងការបរទេសចិន បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចៀសវាងនូវការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាបណ្ដោះអាសន្ន មិនថាជាដំណើរកម្សាន្ត ឬការសិក្សានោះទេ។ នេះគឺជាចំណាត់ការតបតទៅនឹងសេចក្ដីថ្លែងការណ៍របស់លោកស្រីតាកាអ៊ីឈិ (Takaichi) ក្នុងសភា ដែលលើកឡើងថា វិបត្តិនៅតៃវ៉ាន់ អាចបង្កើតជាស្ថានការណ៍គំរាមកំហែងដល់ជប៉ុន ដោយនឹងនាំឱ្យជប៉ុនត្រូវអនុវត្តនូវផែនការការពារខ្លួន ។
នៅក្នុងសន្និសីទដដែលនេះ លោកស្រី អូណូដា បានរៀបរាប់ដែរថា «ការពឹងផ្អែកខ្លាំងពេកលើប្រទេសដែលចូលចិត្តប្រើប្រាស់ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចរាល់ពេលដែលខ្លួនមិនពេញចិត្តនឹងអ្នកដទៃ នឹងបង្កជាហានិភ័យ មិនត្រឹមតែខ្សែច្រវាក់ផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែលើវិស័យទេសចរណ៍ផងដែរ» ។
បច្ចុប្បន្ន ប្រទេសចិន និងប្រទេសជប៉ុន មិនស្ថិតនៅក្នុង«ការប្រយុទ្ធ» ឬជម្លោះយោធាដោយផ្ទាល់ទៅលើតៃវ៉ាន់នោះទេ ពីព្រោះប្រទេសជប៉ុនមិនទទួលស្គាល់តៃវ៉ាន់ជាប្រទេសអធិបតេយ្យជាផ្លូវការនោះឡើយ។ ជំនួសមកវិញ ពួកគេកំពុងមានជម្លោះការទូតដ៏ធ្ងន់ធ្ងរមួយ ដែលកើតចេញពីការទាមទារទឹកដីរបស់ប្រទេសចិនលើតៃវ៉ាន់ និងការព្រួយបារម្ភអំពីសន្តិសុខរបស់ជប៉ុនចំពោះការឈ្លានពានដែលអាចកើតមានឡើងពីសំណាក់ក្រុងប៉េកាំង។
យោងតាម Wall Street Journal ភាពតានតឹងនាពេលបច្ចុប្បន្ននេះត្រូវបានបង្កឡើងដោយមតិយោបល់ថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សៈណាអិ តាកៃឈិ (Sanae Takaichi) ដែលបានថ្លែងថា ការវាយប្រហារ ឬការបិទផ្លូវរបស់ប្រទេសចិនលើតៃវ៉ាន់ អាចបង្កើតជា«ការគំរាមកំហែងដល់អត្ថិភាព» ចំពោះសន្តិសុខរបស់ជប៉ុន ដែលអាចបង្កឲ្យមានការឆ្លើយតបយោធារបស់ជប៉ុន ក្រោមច្បាប់សន្តិសុខជាតិរបស់ខ្លួន។
ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង និងតាមបែបប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយជា«ផ្នែកដែលមិនអាចកាត់ផ្តាច់បាន»របស់ប្រទេសចិន ដែលត្រូវតែបង្រួបបង្រួមជាមួយដីគោក ទោះបីជាចាំបាច់ត្រូវប្រើកម្លាំងក៏ដោយ។ ចិនចាត់ទុកការជាប់ពាក់ព័ន្ធរបស់បរទេសក្នុងបញ្ហាតៃវ៉ាន់ថាជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
សម្រាប់ជប៉ុនវិញការព្រួយបារម្ភរបស់ជប៉ុន គឺភាគច្រើនទាក់ទងនឹងភូមិសាស្ត្រ និងយុទ្ធសាស្ត្រ។ កោះតៃវ៉ាន់ស្ថិតនៅចម្ងាយតិចជាង៧០ម៉ាយល៍ (១០០គីឡូម៉ែត្រ) ពីកោះជប៉ុនដែលនៅជិតបំផុត គឺកោះយ៉ូណាហ្គូនី (Yonaguni)។ ការកាន់កាប់របស់ប្រទេសចិនលើតៃវ៉ាន់នឹងរំខានដល់ខ្សែទំនាក់ទំនងសមុទ្រដ៏សំខាន់ ដែលជប៉ុនពឹងផ្អែកសម្រាប់ការនាំចូលថាមពល និងពាណិជ្ជកម្មផ្សេងទៀតជាង៨០%របស់ខ្លួន ដែលបង្កជាការគំរាមកំហែងដល់អត្ថិភាពនៃសេដ្ឋកិច្ច និងការរស់រានរបស់ជាតិជប៉ុន។
ប្រទេសចិននិងជប៉ុនមានវត្តិសាស្ត្រដ៏យូរអង្វែង និងចម្រូងចម្រាសជាមួយរួមទាំងការឈ្លានពានរបស់ជប៉ុនលើប្រទេសចិនក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដែលបន្តជំរុញឲ្យមានមនោសញ្ចេតនាប្រឆាំងជប៉ុននៅក្នុងប្រទេសចិន។
ការលើកឡើងយ៉ាងច្បាស់លាស់នាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីជប៉ុន និងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី និងកាន់តែច្បាស់លាស់ បានបញ្ជាក់ពីជំហររឹងមាំក្នុងការបង្ហាញសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួន និងជាការឆ្លើយតបទៅនឹងអំណាចយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន ដែលបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ។
ប្រទេសជប៉ុនបានបង្កើនការកសាងសមត្ថភាពការពារជាតិរបស់ខ្លួន ខណៈដែលប្រទេសចិនបានធ្វើសមយុទ្ធយោធា និងបង្កើនសកម្មភាពកងទ័ពជើងទឹក និងកងទ័ពអាកាសនៅក្នុងតំបន់ រួមទាំងនៅជិតកោះជប៉ុនផងដែរ។ ទោះបីជាមានជម្លោះការទូតជាផ្លូវការ និងការខ្វះខាតទំនាក់ទំនងផ្លូវការក៏ដោយ ក៏ប្រទេសជប៉ុននៅតែរក្សាទំនាក់ទំនងក្រៅផ្លូវការដ៏សំខាន់ និងការទាក់ទងយ៉ាងជ្រាលជ្រៅជាមួយតៃវ៉ាន់។
ការទូតជាន់ខ្ពស់ជប៉ុន និងចិននាកាលពីថ្ងៃអង្គារទី១៨ វិច្ឆិកា បានជួបពិភាក្សាគ្នាទាក់ទងនឹងការអត្ថាធិប្បាយដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានលើកឡើងថា «ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចជំរុញឲ្យជប៉ុនឆ្លើយតបផ្នែកយោធាភ្លាមៗ» ដោយបានទាញការឆ្លើយតបយ៉ាងខ្លាំងពីទីក្រុងប៉េកាំងចេញការថ្កោលទោសសេចក្តីថ្លែងការណ៍នោះថា ជាការបង្កហេតុ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោក Kanai បានដាក់ពាក្យបណ្តឹងយ៉ាងខ្លាំងប្រឆាំងនឹងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអគ្គកុងស៊ុលចិនប្រចាំទីក្រុង Osaka ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោកស្រី Takaichi។ អ្នកការទូតជប៉ុនរូបនេះ ក៏បានបដិសេធការអំពាវនាវរបស់ចិនឲ្យពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅជប៉ុន ដោយនិយាយថា សន្តិសុខនៅក្នុងប្រទេសមិនកាន់តែអាក្រក់ទៅៗនោះទេ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងជំនួបរវាងអ្នកការទូតទាំង២ប្រទេសនេះមិនទទួលបានជោគជ័យឡើយ ដោយលោក Liu Jinsong បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីនោះថា លោកមិនពេញចិត្តទាល់តែសោះជាមួយនឹងលទ្ធផលនៃការពិភាក្សាជាមួយភាគីជប៉ុន។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បាននិយាយដែរថា ជប៉ុនបានពន្យល់ដល់ប្រទេសចិនអំពីអ្វីដែលលោកស្រី Takaichi ចង់មានន័យ។ លោកក៏បាននិយាយផងដែរថា ចលនារបស់ទីក្រុងប៉េកាំងក្នុងការបង្អាក់ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ គឺផ្ទុយនឹងការយល់ដឹងរួមរបស់ពួកគេក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយផ្អែកលើផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម៕