
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2488 នាក់
ម្សិលមិញ 3507 នាក់
សរុប 17846219 នាក់
(ភ្នំពេញ)៖កម្ពុជា បានដាក់ចេញនូវផែនការមេសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ រយៈពេល ១០ឆ្នាំខាងមុខ ដែលត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.).។
យុទ្ធសាស្រ្តនេះអភិវឌ្ឍន៍វិស័យមូលបត្រនេះ ត្រូវបានធ្វើឡើង ក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥ ក្រោមមូលបទការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្តន៍, បរិយាបន្ន និងភាពធន់។ គឺជាឯកសាររស់ដែលបានប្រមូលផ្តុំនូវវិធានការគន្លឹះជាច្រើន សម្រាប់ពង្រឹងទីផ្សារដែលមានស្រាប់ និងអភិវឌ្ឍផ្នែកថ្មីៗបន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើង ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ បានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តគន្លឹះចំនួន ៣ រួមមាន ក្របខ័ណ្ឌយុទ្ធសាស្ត្រពង្រឹងទីផ្សារ, ពង្រីកទីផ្សារ និងគាំទ្រការអភិវឌ្ឍទីផ្សារ និងមានវិធានការយុទ្ធសាស្ត្រចំនួន ១៣។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ផែនការមេនេះ នឹងបន្តអភិវឌ្ឍទីផ្សារមូលបត្រតាមរយៈការជំរុញ និងការលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក, ការបង្កើតយន្តការលើកទឹកចិត្តដល់វិនិយោគិន, ការបង្កើតប្រតិបត្តិករទីផ្សារមូលបត្រអនាគត និងការបង្កើតយន្តការគ្រប់គ្រងការជួញដូរ ទ្រព្យឌីជីថល និងជំរុញការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ ដែលជាថ្នាលលើក-កម្ពស់ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងយន្តការកំណត់អត្រាការប្រាក់អនាគតតាមរយៈការរៀបចំក្របខណ្ឌគតិយុត្ត, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការទាក់ទាញតួអង្គផ្តល់សន្ទនីយភាព។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សម្រាប់ប្រទេសអភិវឌ្ឍន៍, ទីផ្សារមូលបត្រមិនមែនគ្រាន់តែជាយន្តការហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះ និងជាកាតាលីករ ដែលគាំទ្រ និងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ និងសង្គម ព្រមទាំងជាប៉ារ៉ាម៉ែត្រសម្រាប់វាស់ពីស្ថានភាព និងសុខភាពសេដ្ឋកិច្ចទៀតផង។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានទទួលស្គាល់នូវបញ្ហាប្រឈមមួយចំនួន ដែលរាំងស្ទះដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដោយលើកឡើងចំនួន៥ចំណុច។ទី១៖ ភាពមានកម្រិតនៃទំហំទីផ្សារ, ផលិតផល និង សេវា នៅក្នុងវិស័យមូលបត្រ នាបច្ចុប្បន្ន ។ទី២៖ ភាពមិនទាន់រួចរាល់នៃក្រុមហ៊ុនភាគច្រើននៅកម្ពុជា ក្នុងការចូលរួមក្នុងទីផ្សារមូលបត្រ ដោយសារភាពមានកម្រិតនៃរបាយការណ៍ហិរញ្ញវត្ថុ និង អភិបាលកិច្ចសាជីវកម្ម។ទី៣៖ អត្រាអក្ខរកម្មហិរញ្ញវត្ថុ នៅមានកម្រិតនៅឡើយ។ ទី៤៖ កង្វះខាតអ្នកជំនាញហិរញ្ញវត្ថុ និង អ្នកដែលមានបទពិសោធ ក្នុងទីផ្សារទីផ្សារមូលបត្រ និងទី៥)៖ ភាពមិនទាន់មានការប្រទាក់ក្រឡាគ្នាគ្រប់ជ្រុងជ្រោយ នៃគោលនយោបាយលើកទឹកចិត្ត, បទប្បញ្ញត្តិបច្ចេកទេសផ្សេងៗ -ល-។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន ផ្ដល់នូវអនុសាសន៍មួយចំនួន ដែលគ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យមូលបត្រ គប្បីបន្តរួមគ្នាយកចិត្តទុកដាក់ តាមសមត្ថកិច្ចរៀងខ្លួន ដូចខាងក្រោម៖ទី១៖ និយ័តករមូលបត្រកម្ពុជា ត្រូវដឹកនាំអនុវត្ត យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ប្រកបដោយស្មារតីបុរេសកម្ម, ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ក៏ដូចជា វិស័យឯកជន នឹងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តនេះ ឲ្យសម្រេចបានលទ្ធផលល្អ តាមការគ្រោងទុក តាមដំណាក់កាលនីមួយៗ ក្នុងបុព្វហេតុនៃការកសាងឲ្យបាននូវទីផ្សារមូលបត្រមួយ ដែលកាន់តែរីកធំធាត់បន្ថែមទៀត ។
ទី២៖ និយ័តករមូលបត្រកម្ពុជា និង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ត្រូវសហការគ្នា ឲ្យបានជិតស្និទ្ធ ដើម្បីពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារដែលមានស្រាប់ ដោយពង្រឹង, ធ្វើទំនើបកម្ម និង អាចឈានទៅដល់ការកែទម្រង់ ចាំបាច់នានា ជាជំហានៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន,ទាំងក្នុង និង ក្រៅប្រទេស, ក៏ដូចជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃទីផ្សារមូលបត្រ ស្របតាមឧត្តមានុវត្តអន្តរជាតិ ។
ទី៣៖ និយ័តករមូលបត្រកម្ពុជា និង ស្ថាប័នស្ថិតក្រោមនិយ័តកម្ម ត្រូវបន្តធ្វើការរួមគ្នា និង សហការគ្នាស្អិតល្មួត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់ផលប្រយោជន៍ និង ការគាំពារវិនិយោគិន ជាអាទិភាព ស្របតាម យន្តការដែលមានស្រាប់ និង អាចពិនិត្យបង្កើតយន្តការថ្មីបន្ថែម តាមការ-ចាំបាច់ ដើម្បីធានាថា ទីផ្សារត្រូវបានអនុវត្តប្រកបដោយតម្លាភាព, ប្រសិទ្ធ-ភាព និង សណ្តាប់ធ្នាប់ល្អ ។
ទី៤៖ និយ័តករមូលបត្រកម្ពុជា និង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការល្អ ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រចីរភាព ក៏ដូចជា ក្នុងការជំរុញអនុវត្តគោលនយោបាយពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រកម្ពុជា សម្រេចបាននូវគោលដៅអព្យាក្រឹត្យកាបូន ២០៥០ ព្រមទាំង ត្រូវបន្តនូវកិច្ចសហការស្អិតល្មួត ក្នុងយុទ្ធនាការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាថា វិស័យមូល-បត្រ មិនត្រូវជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហានៃការឆបោកតាមប្រព័ន្ធបច្ចេក-វិទ្យាទាំងនេះឡើយ។
ទន្ទឹមនេះ, ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តវិនិយោគជាយុទ្ធសាស្រ្ត លើការអភិវឌ្ឍមូលធនមនុស្ស និង ការធ្វើឌីជីថលលូបនី-យកម្ម ដើម្បីទាញយកកាលានុវត្តភាពពេញលេញ និង ជំនាញវិជ្ជាជីវៈ ដែលត្រូវការជាចាំបាច់ ក្នុងការកសាង និង ការអភិវឌ្ឍវិស័យមូលបត្រ ។ និង
ទី៥៖ និយ័តករមូលបត្រកម្ពុជា, ម្ខាង, ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល, ទាំងក្នុងស្ថាប័ននិយ័តករមូលបត្រ និង វិស័យមូលបត្រទាំងមូល, ដោយមានការចូលរួមយ៉ាងសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងទីផ្សារ; និង ម្ខាងទៀត, ត្រូវបន្តជំរុញសមាហរណកម្មទីផ្សារ ជាមួយនឹងនិយ័តករក្នុងតំបន់ និង អន្តរជាតិ ដើម្បីរក្សាទីផ្សារមូលបត្រឲ្យបានរឹងមាំ, ជួយពង្រីកវិសាលភាព និង ទំនុកចិត្តរបស់កម្ពុជា លើឆាកអន្តរជាតិ, និង បន្តចែករំលែកព័ត៌មានទៅវិញទៅមក ដើម្បីធានាបាននូវការអនុវត្ត និង ការធ្វើនិយ័តកម្ម ស្របតាម គោលការណ៍ និង និន្នាការទីផ្សារ ក្នុងស្រុក និង អន្តរជាតិ។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ២៥ បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដែលក្រុមហ៊ុនទាំងនេះ បានប្រមូលសាច់ប្រាក់ក្នុងវង្វង់ ៥៥០លានដុល្លារអាម៉េរិក ខណៈដែលនៅថ្ងៃស្អែកនេះ នឹងមានការចុះបញ្ជីលក់សញ្ញាបណ្ណចំនួន ១០០លានដុល្លារអាម៉េរិកបន្ថែមទៀត។
លោក ស៊ូ សុជាតិ បានបន្តថា ក្នុងចំណោមក្រុមហ៊ុនទាំង ២៥នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់សញ្ញាបណ្ណដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា ថ្វីត្បិតតែប្រទេសយើងចាប់ផ្តើមទីផ្សារក្រោយគេ ហើយទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល។ ចំពោះសញ្ញាបណ្ណ ដែលបានបោះផ្សាយ គឺមានឥណប្រតិទានចន្លោះពី ៣ឆ្នាំ ដល់ ១៥ឆ្នាំ។
លោក គូសបញ្ជាក់ថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ២,៧៥ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង ៥,៧៣% ធៀបនឹងផលិតផលក្នុងស្រុកសរុប។ ចំពោះទំហំជួញដូរភាគហ៊ុនសរុបមានចំនួនជាង ២៣១លានភាគហ៊ុន ដែលមានទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ៧៣.៤៣៨ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រមាណ ១៣ម៉ឺនដុល្លារអាម៉េរិក និងបានផ្តល់លេខអត្តសញ្ញាណវិនិយោគិនចំនួន ៦១.៣០៦។ រីឯទីផ្សារឧបករណ៍និស្សន្ទ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ មានទំហំជួញដូរសរុបចំនួន ១,៧លានឯកតាជួញដូរ និងមានតម្លៃជួញដូរសរុបចំនួនប្រមាណ ២ពាន់លានដុល្លារអាម៉េរិក។
លោក ស៊ូ សុជាតិ ជឿជាក់ថា ការអភិវឌ្ឍទីផ្សារមូលបត្រ និងផ្តល់អត្ថប្រយោជន៍ដល់សាធារណជន និងវិនិយោគិន លើយន្តការដែលយើងកំពុងមានស្រាប់នៅលើទីផ្សារ ក្នុងការជំរុញការចូលរួមក្នុងទីផ្សារមូលបត្រឱ្យកាន់តែសកម្ម តាមរយៈការទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដែលការណ៍នេះ នឹងធ្វើឱ្យការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាកាន់ តែមានសន្ទុះ ដែលរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិ និងជីវភាព ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បន្ថែមទៀតថា វិស័យមូលបត្រនៅកម្ពុជា មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង ១៥ឆ្នាំមកនេះ ជាពិសេស ការរៀបចំបទប្បញ្ញត្តិ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី ទីផ្សារ រួមមាន ការបង្កើត និងការដាក់ចេញក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិដើម្បីបង្កើត តួអង្គ និងដំណើរការផលិតផលថ្មីៗនៅក្នុងទីផ្សាររួមទាំងការធ្វើនវានុវត្តទីផ្សារ និងផលិតផល។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ន.ម.ក. បានដាក់ចេញបទប្បញ្ញត្តិចំនួន ៩៣ ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យនេះ ជាកិច្ចឆ្លើយតបនឹងតម្រូវការ និងនិន្នាការវិវត្តនៃវិស័យនេះ។