
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1588 នាក់
ម្សិលមិញ 5988 នាក់
សរុប 18746923 នាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់ពលរដ្ឋដែលបានដាក់ពាក្យស្នើសុំដី នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ កម្មវិធីចាប់ឆ្នោតមានខេត្តចំនួន ៥ គឺខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ។ឯខេត្តផ្សេងៗទៀតនឹងធ្វើការចាប់ឆ្នោតនៅថ្ងៃបន្តបន្ទាប់ ដោយក្នុងមួយថ្ងៃធ្វើការចាប់ឆ្នោតចំនួន ៥ខេត្ត ។
សម្រាប់លក្ខណដែលត្រូវទទួលបានដីគឺ ជាប្រជាពលរដ្ឋក្រីក្រមិនមានដីពិតប្រាកដ ដែលបានដាក់ពាក្យនៅតាមឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២។លោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារពាព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និងជាប្រធានលេខាធិការដា្ឋន ផ.ក.អ. បានឲ្យដឹងក្នុងតកម្មវិធីចាប់ឆ្នោតថា «កម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» គឺជាកម្មវិធីដែលផ្តួចផ្តើមបង្កើតឡើង និងដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រ គ្មានដីពិតប្រាកដ, ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារព្រៃ និងអភិរក្សព្រៃឈើ ក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ អភិវឌ្ឍសហគមន៍ និងគាំទ្រគម្រោង ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្ដល់ដីប្រកបដោយចីរភាព។
ចំពោះពលរដ្ឋដែលទទួលបានដី គឺជាពលរដ្ឋដែលត្រូវបានជ្រើសរើសតាមនីតិវិធីការងារពិសេសពីលក្ខណៈសម្បត្តិទាំង៤ រួមមាន គ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធីរបស់អ្នកមានបំណងដាក់ពាក្យស្នើសុំដីមក រួចលេខាធិការដ្ឋាន ផ.ក.អ. បានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីលក្ខណៈសម្បត្តិទាំង៤ ដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋដែលមានលក្ខណៈវិនិច្ឆ័យស្របតាមលក្ខណៈសម្បត្តិទាំង៤ខាងលើ បានមកធ្វើស្វ័យប្រកាស និងដាក់ពាក្យស្នើសុំដីចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០២៥ មានរយៈពេល ៥០ថ្ងៃ។សូមបញ្ជាក់ថា នៅតាមបណ្តាឃុំ/សង្កាត់ ចំនួន ១១៨២ឃុំ/សង្កាត់ មានអ្នកបានដាក់ពាក្យស្នើសុំដីមានចំនួនសរុប ១២៣២៩គ្រួសារ និង៤៧០ឃុំ/សង្កាត់ ពុំមានអ្នកដាក់ពាក្យស្នើសុំដីឡើយ ក្នុងចំណោម ១៦៥២ឃុំ/សង្កាត់ ទូទាំងប្រទេស។
លោក សរ សុវណ្ណ បានបញ្ជាក់ថា ក្នុងការចាប់ឆ្នោតជុំទី១នេះ នឹងជ្រើសរើសយកអ្នកមានសំណាងចំនួន ២៥០០ គ្រួសារ ដោយកំណត់អត្រាចំនួន ២០% តាមរាជធានី-ខេត្ត។ដូចនេះចំនួនសន្លឹកឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីដែលត្រូវចាប់យកតាមរាជធានី-ខេត្តនីមួយៗ មានចំនួនខុសៗគ្នា អាស្រ័យដោយចំនួនអ្នកបានដាក់ពាក្យស្នើសុំដីតាមរាជធានី ខេត្ត។ ដោយឡែកសម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៅសល់ចំនួន ៩៨២៩គ្រួសារ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។ នៅក្នុងការចាប់ឆ្នោតនេះ គ្រួសារមានសំណាងចំនួន ២៥០០គ្រួសារ តាមលំដាប់លេខរៀងដែលចាប់ឆ្នោតបានក្នុងរាជធានី ខេត្តសាមី ត្រូវបានចែកជា៖
ក. ចំពោះអ្នកបានដាក់ពាក្យស្នើសុំដីចំនួន ៥០០គ្រួសារ ដែលមានសំណាងលំដាប់លេខរៀងតាម ការចាប់ឆ្នោតបានមុនគេ និងបន្តបន្ទាប់(៤%)ក្នុងរាជធានី/ខេត្តសាមី ត្រូវបានចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រ អូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ខ. ដោយឡែកអ្នកដាក់ពាក្យស្នើសុំដី ដែលមានសំណាងចំនួន ២០០០គ្រួសារទៀត ដែលនៅសល់ពុំទាន់បានចុះទៅត្រួតពិនិត្យលក្ខណៈសម្បត្តិ នឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់ សម្រាប់ជំនួសបង្គ្រប់ចំនួនកំណត់ ៥០០គ្រួសារ និង/ឬគម្រោងបន្ទាប់ តាមលំដាប់លេខរៀងបន្តបន្ទាប់ តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី ខេត្តសាមី។
សម្រាប់កម្មវិធី បន្ទាប់ពីការចាប់ឆ្នោតនៅខេត្តទាំង៥ នៅថ្ងៃ៣០មិថុនា សម្រាប់ខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ នឹងធ្វើការចាប់ឆ្នោតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តកំពត និងខេត្តព្រះសីហនុ ធ្វើការចាប់ឆ្នោតនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តប៉ៃលិន ធ្វើការចាប់ឆ្នោតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តកែប ធ្វើការចាប់ឆ្នោតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។