
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 32040 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599459 នាក់
ភ្នំពេញ៖ កម្ពុជាបានបង្ហាញពីក្ដីរំពឹងខ្ពស់ថា នឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០មកចូលរួម វេទិកាធុរកិច្ចកម្ពុជា-បារាំង ហើយក្នុងនោះនឹងមានក្រុមហ៊ុនដែលចាប់អារម្មណ៍មកសិក្សា និងវិនិយោគលើវិស័យអាទិភាពមួយចំនួន រួមមានថាមពល សុខាភិបាល និងកែច្នៃកសិកម្ម តាមរយៈការរៀបចំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-processing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្នៃប្រឌិតថ្មី (innovation) លើទំនិញ និងមធ្យោបាយធ្វើពាណិជ្ជកម្មសេវាកម្ម ព្រមទាំងការសិក្សាស្រាវជ្រាវលើវិស័យថាមពលកកើតឡើងវិញ (renewable energy) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
លោក ប៉ែន សុវិជាតិ បានបន្ថែមថា ដោយសារតម្រូវការក្នុងវិស័យសុខាភិបាល កម្ពុជាក៏រំពឹងចង់បានក្រុមហ៊ុនផលិតឱសថ (pharmaceutical product) មកវិនិយោគផងដែរ។ ជាមួយគ្នានេះ វិស័យអប់រំ និងទេសចរណ៍ ជាពិសេសទេសចរណ៍ធម្មជាតិ (eco-tourism) ក៏ជាវិស័យដែលកម្ពុជារំពឹងទាក់ទាញការវិនិយោគពីក្រុមហ៊ុនបារាំងផងដែរ។ បច្ចុប្បន្ន សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) មានសមាជិកចំនួន ២៧០ ក្រុមហ៊ុនរួចទៅហើយ។
សូមបញ្ជាក់ថាក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសហការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លោក Julien Bert អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) បានលើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុន ឬសហគ្រិនប្រមាណជាង ៣៥០ ដែលមានទំនាក់ទំនងជាមួយសកម្មភាពបារាំង កំពុងប្រតិបត្តិការនៅកម្ពុជា រួមជាមួយនឹងការវិនិយោគពីប្រទេសបារាំងជាង ៧០០ លានដុល្លារ។ លើសពីនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសបារាំងប្រមាណ ១.៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំស្រាប់។