វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5907 នាក់
ម្សិលមិញ 5272 នាក់
សរុប 17111532 នាក់
ភ្នំពេញ៖ ក្រសួងព័ត៌មាននាព្រលប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖ «រាល់សកម្មភាពរបស់ បុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលបានប្រព្រឹត្តនាពេលកន្លងទៅ គឺប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភលើច្បាប់ ហើយតាមព័ត៌មាន ដែលប្រមូលបានបុគ្គលរូបនេះ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេង ដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ ស្តីពី របបសារព័ត៌មាន។
សេចក្តីប្រកាសចាតុទុក«រាល់បទល្មើសដែលបុគ្គល អ៊ុក ម៉ៅ រងការចោទប្រកាន់ គឺជារឿងរបស់បុគ្គលលោកផ្ទាល់ មិនទាក់ទងនឹងការងារក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មានឡើយ។ បុគ្គលរូបនេះ ទៀតសោត បានជាប់បណ្ដឹង ចំនួន ១៥ សំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានា របស់ខ្លួនតាំងពីខែកុម្ភៈ ឆ្នាំ២០២២មក និងត្រូវបានចាប់ខ្លួនពីបទល្មើស៖ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, បរិហាកេរ្តិ៍ជា សាធារណៈ, បង្កហិង្សា និង ការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់” ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្នរង់ចាំបន្តនីតិវិធី»។
ក្រសួងព័ត៌មាន បានសង្កេតឃើញថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដោយធ្វើអត្ថាធិប្បាយផ្សេងៗ នាំឱ្យប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែងទាក់ទងនឹងបុគ្គលនេះ»។ ក្រសួងព័ត៌មានសូមគូសបញ្ជាក់ជូនដល់សាធារណជនទាំងអស់បានជ្រាបថា៖ «បុគ្គលឈ្មោះ អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ដោយសារលោកមិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណ ពោលគឺរាល់អ្នកសារព័ត៌មានដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការឡើយ»។ សកម្មភាពរបស់លោកនាពេលកន្លងទៅ គឺប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភលើច្បាប់ ហើយតាមព័ត៌មានដែលប្រមូលបានបុគ្គលនេះ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេង ដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
ក្រសួងព័ត៌មាន ប្រឆាំងដាច់ខាត មិនអនុញ្ញាតឱ្យជនទាំងឡាយណា ជ្រកក្រោមស្លាកព័ត៌មានយកទៅបម្រើរឿងផ្សេង ដែលក្រៅអំពីសេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយឡើយ។ អ្នកដែលបំពេញការងារទាក់ទងនឹងសារព័ត៌មាន គឺត្រូវតែមានការចុះបញ្ជីត្រឹមត្រូវ និងមានការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ ក្រៅពីនោះ គឺគ្រាន់តែជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ។ ទង្វើបំពានក្រៅវិជ្ជាជីវៈសារព័ត៌មាន ត្រូវប្រឈមនឹងផលវិបាករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ទង្វើបំពានប្រភេទទាំងនេះ មិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពខាងសារព័ត៌មានឡើយ។
ក្រសួងបានបន្ថែមថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានបរទេសមួយចំនួន សូមកុំព្យាយាមធ្វើអាជីវកម្មនយោបាយជ្រុលហួសហេតុ ដោយបង្កើតបំភ្លៃព័ត៌មានខុសពីការពិត ពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលអាចបង្ហាញថា «អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបរទេសមួយចំនួន គឺបង្កប់នូវរបៀបវារៈនយោបាយ ដែលមើលឃើញសេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងផ្លូវអវិជ្ជមាន និងសូមប្រកាន់ភ្ជាប់នូវគោលការណ៍វិជ្ជាជីវៈខ្ពស់ និងកុំលង់ក្នុងល្បិចកលរបស់ក្រុមជនមួយចំនួន ដែលព្យាយាមបំភ្លៃការពិត ពីសេរីភាពខាងសារព័ត៌មាន នៅកម្ពុជា និងព្យាយាមលាបពណ៌សព្វបែបយ៉ាង ដើម្បីសុំសេចក្តីសណ្តោសពីម្ចាស់ជំនួយរបស់ខ្លួន»។
ទង្វើ និងសកម្មភាពរបស់អ្នកសារព័ត៌មាន ឬក្រុមណាមួយ ដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជាអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួន ឬក្រុមណាមួយផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ស្តីពីរ បបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពខាងសារព័ត៌មានឡើយ។
សូមបញ្ជាក់ថា លោកឈ្មោះ អ៊ុក ម៉ៅ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តស្ទឹងត្រែង នៅផ្ទះរបស់លោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាថ្ងៃត្រង់ ដោយចោទប្រកាន់ពីបទ៖ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បរិហារកេរ្តិ៍ជាសាធារណៈ»។ ភរិយាលោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានបរិស្ថានប្រចាំខេត្តស្ទឹងត្រែង ត្អូញត្អែរប្រាប់កាសែតថា បច្ចុប្បន្នជីវភាពគ្រួសារត្រូវជួបប្រទះភាពខ្វះខាត បន្ទាប់ពីស្វាមីអ្នកស្រីត្រូវជាប់ពន្ធនាគារករណីពាក់ព័ន្ធនឹងសកម្មភាពហ៊ានលាតត្រដាងការពិតពីបទល្មើសធនធានធម្មជាតិ។ ភរិយាអ្នកសារព័ត៌មានបរិស្ថានខាងលើដែលមានកូនតូចចំនួន៧នាក់ក្នុងបន្ទុកគ្រួសារផងនោះ អំពាវនាវឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន ខណៈអង្គការជាតិ-អន្តរជាតិ ១៤ស្ថាប័ន ក៏ចាត់ទុកការឃុំខ្លួននេះជាការបំបិទសំឡេងអ្នកសារព័ត៌មាន។
អ្នកស្រី ឯក សុជាតិ ភរិយាលោក អ៊ុក ម៉ៅ ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២២ ខែឧសភានេះថា តាំងពីថ្ងៃចាប់ខ្លួនស្វាមី រហូតមកដល់នេះ អ្នកស្រីមិនទាន់បានការអនុញ្ញាតចូលជួបស្វាមីនៅឡើយ។ អ្នកស្រី ឯក សុជាតិ៖ «ចាសមានការលំបាកដែរនៅក្នុងគ្រួសារ អត់ពីគាត់ទៅ មានអីទេ មានតែបេះបន្លែត្រគួន ឬស្លឹកក្បុងទេ ចេះតែស្លរៗដាក់បង់ប្រហុកឱ្យកូនហូបទៅ ជីវភាពខ្ញុំគឺវាលំបាកតែម្ដងរាល់ថ្ងៃ»។
ក្នុងជីវភាពប្រចាំថ្ងៃខ្វះខាតហើយ អ្នកស្រីសុជាតិ មានក្ដីបារម្ភរឿងបំណុលធនាគារប្រមាណ ៣ពាន់ដុល្លារ ដែលខ្ចីមក ដើម្បីដាំដំឡូងមី និងធ្វើស្រែ ហើយបំណុលនេះគ្រួសារអ្នកស្រីទើបតែបង់សងបាន ១ឆ្នាំទេ នៅសល់ ៣ឆ្នាំទៀត។ ហេតុនេះប្រសិនស្វាមីត្រូវបន្តជាប់ឃុំបែបនេះយូរទៀត អ្នកស្រីថា ខ្លួនមិនមានលទ្ធភាពរកលុយ ដើម្បីបង់សងធនាគារឡើយ។អ្នកស្រី ឯក សុជាតិ៖ «គ្មានកំហុសទេអ្នកគ្រូគេចោទប្រកាន់ទេ អយុត្តិធម៌ចំពោះគាត់ណាស់អ្នកគ្រូ។ ចាសមានតែស្នើសុំជួយអន្តរាគមន៍ឱ្យបានប្ដីខ្ញុំជួយដោះលែងឆាប់ៗផង»។
លោក អ៊ុក ម៉ៅ មានវ័យ ៥៧ឆ្នាំ ជាអ្នកសារព័ត៌មានរបស់អង្គភាព «ឥន្ទ្រីផ្លើស ញូស៍» ប្រចាំខេត្តស្ទឹងត្រែង។ លោកត្រូវបានបុរស ៣នាក់ ដែលស្លៀកពាក់ស៊ីវិលចាប់ខ្លួនតាំងពីរំលងអាធ្រាត្រថ្ងៃទី១៦ ខែឧសភា ដោយដឹកតាមរថយន្តម៉ាកលុចស៊ីស (Luxus) ចេញទៅដោយមិនមានដីកាបង្ហាញនោះទេ។ បច្ចុប្បន្នអ្នកសារព័ត៌មានបរិស្ថានរូបនេះ ត្រូវឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តទៅកាលអំឡុងខែឧសភា ឆ្នាំ២០២៤ និងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។
ករណីនេះ អង្គការជាតិ និងអន្តរជាតិ ដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងការពារអ្នកសារព័ត៌មាន ចំនួន ១៤ស្ថាប័នរួមមាន៖ សមាគមការពារសិទ្ធិមនុស្ស អាដហុក សមាគមអ្នកសារព័ត៌មានកម្ពុជា ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា និងអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន រួមគ្នាចេញសេចក្ដីថ្លែងការណ៍ ស្នើឱ្យដោះលែងលោក អ៊ុក ម៉ៅ និងបញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការគំរាមកំហែងប្រឆាំងលើអ្នកសារព័ត៌មានរូបនេះ និងអ្នកសារព័ត៌មានដទៃទៀត ដែលរាយការណ៍ពីបញ្ហាបរិស្ថាន និងជម្លោះដីធ្លី។
សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែឧសភានេះ បានឱ្យដឹងទៀតថា ការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់ទៅលើលោក អ៊ុក ម៉ៅ គឺជាផ្នែកមួយនៃការព្យាយាមបំភិតបំភ័យ និងបំបិទសំឡេងអ្នកសារព័ត៌មាន និងអ្នកការពារបរិស្ថាននៅកម្ពុជា ដែលអ្នកទាំងនោះតែងតែលាតត្រដាង នូវការកេងប្រវ័ញ្ចធនធានធម្មជាតិ និងបុគ្គលដែលប្រព្រឹត្តអំពើកេងប្រវ័ញ្ចទាំងនេះ។សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា បុគ្គលដែលសកម្មជនបរិស្ថាន និងអ្នកសារព័ត៌មាន លាតត្រដាងអំពើខុសច្បាប់ ពួកគេតែងតែជាបុគ្គលដែលមានអំណាច និងមានតួនាទីខ្ពស់ ហើយបុគ្គលដែលមានអំណាចទាំងនោះ តែងតែប្រើប្រព័ន្ធតុលាការ ដើម្បីចាប់ខ្លួនសកម្មជនបរិស្ថាន និងអ្នកសារព័ត៌មាន។
ប៉ុន្តែលោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ថ្លែងថា ចៅក្រមស៊ើប កំពុងធ្វើការលើសំណុំរឿងនេះ ហើយបទចោទលើលោក អ៊ុក ម៉ៅ នេះ កើតឡើងតាមរយៈបណ្ដឹងរបស់មន្ទីរបរិស្ថានខេត្ត។ ប្រសិនជាតុលាការរកឃើញថា លោក អ៊ុក ម៉ៅ មិនមានទោសទេ អ្នកនាំពាក្យរូបនេះថា តុលាការនឹងដោះលែងលោក អ៊ុក ម៉ៅ ឱ្យមានសេរីភាពឡើងវិញ។
លោក ឈុំ ស៊ាងហាក់៖ «សំខាន់តុលាការពិនិត្យអង្គហេតុ និងអង្គច្បាប់ ដំណើរការរឿងនេះ ហើយប្រសិនអត់មានបទល្មើសទេគាត់ក៏អត់ទោសទណ្ឌ ព្រោះក្នុងរឿងហ្នឹងតុលាការមិនទាន់សម្រេចសេចក្ដីថាម៉េចដែរ ព្រោះស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរស្វែងរកការពិត។ តុលាការត្រូវការពេលវេលាដើម្បីស្វែងរកការពិតដែរ អ៊ីចឹងដល់គាត់ថ្លែងការណ៍មក មានន័យថាម៉េច? មានន័យថាចោទប្រកាន់មកតុលាការថាកាន់ជើងខាងណា»។
កាលពីចុងឆ្នាំ២០២៤ មានករណីបាញ់សម្លាប់អ្នកសារព័ត៌មានម្នាក់មកពីអង្គភាពកម្ពុជាអភិវឌ្ឍន៍ ឈ្មោះលោក ឈឿង ឈឹង ដែលសកម្មក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើនៅស្រុកជីក្រែង ខេត្តសៀមរាប។ ក្រៅពីករណីបាញ់សម្លាប់អ្នកសារព័ត៌មាន នៅដើមឆ្នាំ២០២៥ ក៏មានករណីអ្នកកាសែតជនជាតិអង់គ្លេសម្នាក់លោក Gerald Flynn ដែលតែងតែរាយការណ៍ព័ត៌មានរស៊ើបអំពីបញ្ហាបរិស្ថាននៅកម្ពុជាត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាផងដែរ។
យោងតាមរបាយការណ៍ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រាថា ក្នុងឆ្នាំ២០២៤ មានករណីយាយីចំនួន ៤១ករណី ដែលប៉ះពាល់ដល់អ្នកសារព័ត៌មាន ៦៤ នាក់ ។ ការយាយីតាមផ្លូវច្បាប់ គឺកើតឡើងច្រើនបំផុត ដោយមានអ្នកសារព័ត៌មានប្រាំនាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន និងម្នាក់ត្រូវបានសម្លាប់ខណៈពេលបំពេញការងារសារព័ត៌មានរបស់ខ្លួន។ តាមប្រភពដដែល នៅដើមឆ្នាំ២០២៥ អ្នកសារព័ត៌មានបីនាក់ទៀតត្រូវបានឃុំខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់»៕