
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8077 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698248 នាក់
អូស្ត្រាលី៖ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា រដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី លោក Jim Chalmers បាននិយាយថា រដ្ឋាភិបាល នឹងផ្តោតអាទិភាពទៅលើការទប់ទល់ «ស្រមោលខ្មៅងងឹត» នៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន បន្ទាប់ពីបានបន្តទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Chalmers ថា «ការផ្តោតសំខាន់ភ្លាមៗពេលនេះ គឺទៅលើភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ហើយថាតើវាមានន័យយ៉ាងណាសម្រាប់យើង។ អ្វីដែលកំពុងកើតឡើង ជាពិសេសរវាងអាមេរិកនិងចិន គឺជះស្រមោលខ្មៅងងឹតលើសេដ្ឋកិច្ចពិភពលោក ដូច្នេះហើយយើងត្រូវមានសមត្ថភាព ហើយយើងច្បាស់ជានឹងមានសមត្ថភាព ដើម្បីទប់ទល់ដោះស្រាយភាពមិនច្បាស់លាស់នោះ»។
ដោយឡែក មេដឹកនាំគណបក្សកាន់អំណាច Labor Party លោក Anthony Albanese ដែលនាពេលនេះក្លាយជា នាយករដ្ឋមន្ត្រីអូស្ត្រាលីដំបូងបំផុត ដែលឈ្នះ២អាណត្តិជាប់គ្នា ក្នុងរយៈពេល២ទសវត្សរ៍ បានសន្យាថា រូបលោកនឹងដឹកនាំរដ្ឋាភិបាលមួយ មានវិន័យត្រឹមត្រូវនិងរបៀបរាបរយល្អ ហើយលោកបានសង្កត់ធ្ងន់ថា ប្រជាជនអូស្ត្រាលីទាំងអស់ បានបោះឆ្នោតដើម្បីសាមគ្គីភាពជាតិ។
គួរបញ្ជាក់ថា គណបក្ស Labor Party ត្រូវគេរំពឹងថា នឹងពង្រីកអាសនៈសំឡេងភាគច្រើនរបស់ខ្លួន នៅក្នុងរដ្ឋសភារហូតដល់យ៉ាងហោច៨៥អាសនៈ ពី៧៧អាសនៈនាពេលបច្ចុប្បន្ន ក្នុងចំណោមអាសនៈសរុបចំនួន១៥០។
នៅរាត្រីថ្ងៃសៅរ៍ គណបក្សពលករអូស្ត្រាលីរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រកាសអំពីជ័យជម្នះយ៉ាងភ្លុកទឹកភ្លុកដីក្នុងការបោះឆ្នោតសហព័ន្ធ លើក្រុមគូប្រជែងនៃគណបក្សអភិរក្សនិយម ខណៈដែលប្រជាជនអូស្ត្រាលីជាម្ចាស់ឆ្នោតភាគច្រើន បានបង្ហាញក្តីប្រាថ្នាចង់រក្សាឱ្យមានស្ថិរភាពនយោបាយ ជាជាងការផ្លាស់ប្តូរឋឋឋដឹកនាំថ្មី ក្រោមបរិបទពិភពលោកកំពុងមានភាពច្បាស់លាស់ ដោយសារតែបញ្ហាសង្គ្រាមពាណិជ្ចកម្មដែលបង្កឡើងដោយប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំ។
ជ័យជម្នះរបស់គណបក្សកាន់អំណាចអូស្ត្រាលីពេលនេះ ហាក់មានភាពស្រដៀងគ្នាទៅនឹងការបោះឆ្នោតក្នុងប្រទេសកាណាដាកាលពីពេលថ្មីៗ ខណៈពលរដ្ឋភាគច្រើននៃប្រទេសអតីតមហាមិត្តរបស់សហរដ្ឋអាម៉េរិកទាំងពីរ បានចូលរួមបង្ហាញសាមគ្គីភាព និងទំនុកចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការប្រឈមមុខនឹងនយោបាយអរិភាពរបស់លោកដូណាល់ត្រាំ។បើតាមការស្ទង់មតិកាលពេលថ្មីៗបានបង្ហាញថា មានពលរដ្ឋអូស្ត្រាលីជាច្រើនហាក់កំពុងបាត់បង់ទំនុកចិត្តលើសម្ព័ន្ធភាពជាមួយសហរដ្ឋអាម៉េរិក ក្រោយពីលោកដូណាល់ត្រាំបានប្រកាសតម្លើងពន្ធ ២៥% លើផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់អូស្ត្រាលី រួមនិង ១០%លើប្រភេទទំនិញទូទៅដែលនាំចេញពីអូស្ត្រាលីទៅកាន់សហរដ្ឋអាម៉េរិក។
លោកនាយករដ្ឋមន្ត្រី Albanese បានឡើងថ្លែងសុន្ទរកលើវេទិកានៅម៉ោងប្រហែល ១០យប់ ដើម្បីសម្តែងក្តីអំណរគុណចំពោះពលរដ្ឋអូស្ត្រាលី ដែលបានបន្តផ្តល់ការជឿជាក់លើការដឹកនាំប្រទេសរបស់គណបក្សកាន់អំណាចរបស់លោក.ប៉ុន្មានខែចុងក្រោយនេះ ប្រទេសអូស្ត្រាលីដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកយូរមកហើយបានទទួលរងការដំឡើងពន្ធ ១០% របស់រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ការដំឡើងពន្ធនេះបានធ្វើឲ្យទំនិញក្នុងស្រុកមួយចំនួនធំ ឡើងថ្លៃកប់ពពក។ នៅក្នុងនោះ រួមមាន ទឹកដោះគោ នំប៉័ង អគ្គិសនី និងប្រេងឥន្ធនៈ ជាដើម។ ទោះបីយ៉ាងណាក្តី ប្រជាពលរដ្ឋអូស្ត្រាលីភាគច្រើនចង់ឲ្យនាយករដ្ឋមន្ត្រីអូស្ត្រាលីបច្ចុប្បន្ន គឺលោក Anthony Albanese នៅបន្តដឹកនាំរដ្ឋាភិបាល ពីព្រោះថា នេះជាជម្រើសមួយដ៏ល្អដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចសព្វថ្ងៃនេះ។