
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10622 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700793 នាក់
ភ្នំពេញ៖ ទទួលបានការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាឲ្យរកដីជូនគ្រួសារកុមារីតីឯកឧត្ដម សេង ទៀងនៅព្រឹកថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះទៅពិនិត្យផ្ទាល់នៅទីតាំង ដីមួយកន្លែងមានទំហំ ៦២៧០ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាដីមានប្លង់កម្មសិទ្ធស្របច្បាប់រួច និងមានប្រវែងក្បាលដីជាប់ផ្លូវជាតិទៅគិរីរម្យប្រមាណ ២៥ ម៉ែត្រ និង ចំងាយប្រមាណ ១,៥ គីឡូម៉ែត្រចុះពីជើងភ្នំគិរីរម្យ។
ដីខាងលើនេះ គឺជាដីមានផ្ទះ និងមានចម្ការដំណាំស្រាប់ (ដូចក្នុងវីដេអូ) ដែលភាគច្រើនជាដើមស្វាយអាចទទួលផលផ្លែរួច និងជាកម្មសិទ្ធស្របច្បាប់ដើមរបស់ ឧកញ្ញា ពៅ ពន្លក។ដីខាងលើនេះជាកម្មសិទ្ធរបស់ឧកញ្ញា ពៅ ពន្លក ដែលសម្រេចចិត្តគោរពផ្ដល់ជូន សម្ដេចតេជោ តាមរយៈ ឯកឧត្ដម សេង ទៀង ដើម្បីផ្ដល់ជូនគ្រួសារចៅស្រី ស៊ុន ស្រីតី ជាកម្មសិទ្ធស្របច្បាប់ ដើម្បីជាផ្ទះសម្បែងអាចប្រកបរបរទទួលទាន រួមទាំងធ្វើចម្ការសម្រាប់ចញ្ចឹមជីវភាពរហូតទៅ។
សូមបញ្ជាក់ថាចៅស្រី ស៊ុន ស្រីតី ជាកុមារីមានអាយុ៤ឆ្នាំ ដែលត្រូវបានគេស្គាល់នៅពេលជួយលក់ផ្កាម្ដាយនៅផ្លូវចូលភ្នំគិរីរម្យ និងបច្ចុប្បន្នកំពុងរស់នៅជាមួយ ឪពុក ម្ដាយ និងបងស្រីប្រុស ចំនួន៥នាក់ ក្នុងផ្ទះដែលជាផ្ទះបងរបស់ឪពុកឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងត្រូវបាន សម្ដេចតេជោ អនុញ្ញាតអោយចូលជួប និងសំណេះសំណាលសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។
នៅក្នុងជំនួប សំណេះសំណាលសួរសុខទុក្ខនេះ សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន ១ ម៉ឺនដុល្លារ (10,000$) និង ប្រាក់រៀលចំនួន ៣០ លានរៀល ដោយដាក់ចូលគណនីធនាគារអោយផងដែរ។ក្រៅពីនោះសម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងបានណែនាំអោយ ឯកឧត្ដម សេង ទៀង ស្វែងរកដីដែលអាចធ្វើផ្ទះ ប្រកបរបរទទួលទាន និងអាចធ្វើចំការ និងក៏ដូចជាសម្រួលដល់កូនៗងាយស្រួលទៅសាលារៀនផងដែរ។សូមអបអរសាទរដល់កុមារីស្រីតី!។