វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 938 នាក់
ម្សិលមិញ 11025 នាក់
សរុប 16475991 នាក់
អាមេរិក៖នាយករដ្ឋមន្ត្រីកាណាដា លោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau) កាលពីថ្ងៃអង្គារ បានរម្លឹកឡើងវិញថា រដ្ឋាភិបាលរបស់លោក ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបចំពោះគ្រប់កាលៈទេសៈផ្សេងៗ ប្រសិនបើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រេចកំណត់ពន្ធបន្ថែមលើផលិតផលរបស់ប្រទេសកាណាដា ។
ជុំវិញសំណួរពាក់ព័ន្ធនឹងពេលវេលានៃការកំណត់ពន្ធគយរបស់លោកត្រាំលើទំនិញរបស់កាណាដា លោកទ្រូដូ បានលើកឡើងថា លោកត្រាំ គឺជាអ្នកចរចា ដែលមានជំនាញចូលចិត្តធ្វើឱ្យអ្នកដទៃពិបាកក្នុងការទស្សន៍ទាយ ថាតើលោកនឹងធ្វើអ្វីជាបន្ត ។
គេរំពឹងថា លោកត្រាំ (Trump) នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបន្ថែមទៀត នៅថ្ងៃទី២ ក្នុងអាណត្តិថ្មីរបស់លោក។ កាលពីដើមសប្ដាហ៍នេះ លោកត្រាំ បានលើកឡើងថា ពន្ធលើទំនិញនាំចេញពីប្រទេសម៉ិកស៊ិកកូ និងកាណាដា ចូលទៅកាន់សហរដ្ឋអាម៉េរិក អាចនឹងធ្វើឡើងចាប់ពីខែកុម្ភៈ ។
ទន្ទឹមនឹងនោះ មេដឹកនាំកាណាដា លោកទ្រូដូ (Trudeau) ក៏បានមានប្រសាសន៍ដោយកត់សម្គាល់ផងដែរថា ខណៈលោកត្រាំ (Trump) សន្យាថានឹងផ្តល់ភាពរុងរឿងសម្បូរសប្បាយសម្រាប់សហរដ្ឋអាម៉េរិក ប៉ុន្តែលោកភ្លេចគិតថា ភាពរុងរឿងមួយចំណែករបស់អាម៉េរិក គឺត្រូវពឹងផ្អែកលើធនធានរបស់ប្រទេសកាណាដា ។
ចំពោះវិធានការសងសឹករបស់ប្រទេសកាណាដា គ្រោងរួមបញ្ជូនការតម្លើងពន្ធគយលើផលិតផលសំខាន់ៗជាច្រើនមុខដែលនាំចូលពីសហរដ្ឋអាម៉េរិក ខណៈស្ថានភាពនេះកំពុងបង្ហាញឱ្យឃើញថា លទ្ធភាពនៃការកើតមាននូវសង្គ្រាមពាណិជ្ឋកម្មរវាងសហរដ្ឋអាម៉េរិកនិងកាណាដាអាចនឹងជៀសមិនផុតនោះឡើយ ប្រសិនលោកដូណាល់ត្រាំពិតជាអនុវត្តផែនការគោលនយោបាយពន្ធរបស់លោកលើប្រទេសមួយនេះមែននោះ ហើយវាក៏នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក។
មន្ត្រីរដ្ឋាភិបាលកាណាដាកំពុងធ្វើការរៀបបញ្ជីឈ្មោះផលិតផលនាំចូលពីរបស់សហរដ្ឋអាម៉េរិក ដើម្បីជាគោលដៅសម្រាប់ការតម្លើងពន្ធគយ ហើយនៅក្នុងកិច្ចការងារនេះ គេនឹងផ្តោតសំខាន់លើផលិតផលទំនិញណាដែលអាចផ្ញើជាសារនយោបាយទៅកាន់សហរដ្ឋអាម៉េរិក ទន្ទឹមគ្នានិងបង្កការខូចខាតផ្នែកសេដ្ឋកិច្ចរបស់អាម៉េរិកក្នុងកម្រិតមួយសមស្របទៅនឹងអ្វីដែលអាម៉េរិកគ្រោងធើ្វចំពោះប្រទេសកាណាដា។
ចំពោះផលិតផលដែលជាគោលដៅសម្រាប់ការតម្លើងពន្ធក្នុងការនាំចូលទាំងនោះ រួមមាន ផលិតផលគ្រឿងសេរ៉ាមិច គ្រឿងដែក គ្រឿងសង្ហារិម ភេសជ្ជៈមានជាតិអាល់កុល ស្រាវីស្គី ទឹកក្រូច ចំណីអាហារសត្វចិញ្ចឹម និងទំនិញផ្សេងៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងផលិតផលលើវិស័យថាមពលផងដែរ។ ហើយសម្រាប់ស្ថានការណ៍អាក្រក់ចុងក្រោយ ប្រទេសកាណាដាអាចនឹងធើ្វការបង្កើនពន្ធបន្ថែមលើផលិតផលថាមពលរបស់ខ្លួនដែលនាំចេញទៅកាន់សហរដ្ឋអាម៉េរក។
សូមបញ្ជាក់ថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ បានសន្យាដាក់ពន្ធគយលើទំនិញនាំចូលពីសហភាពអឺរ៉ុប និងពន្ធ ១០ ភាគរយ លើការនាំចូលពីចិន ដែលនឹងអាចចាប់ផ្ដើមពីថ្ងៃទី ១ កុម្ភៈ តទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។ការគំរាមជាថ្មីនេះ ធ្វើឡើងក្រោយលោកលើកឡើងថាខ្លួនកំពុងគិតគូរពីការដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ដែលធ្វើឱ្យមេដឹកនាំនៃប្រទេសទាំង២ប្រកាសជាថ្មីកាលពីថ្ងៃអង្គារ ពីការត្រៀមខ្លួនរួចជាច្រើនលើការចាត់វិធានការពន្ធដូចគ្នាប្រឆាំងនឹងអាមេរិក ដើម្បីជាការឆ្លើយតប។
លោក ត្រាំ ដែលឡើងកាន់អំណាចកាលពីថ្ងៃទីចន្ទ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន ថា៖ «គេធ្វើបាបយើងខ្លាំងណាស់ អាក្រក់ណាស់។ ដូច្នេះពួកគេនឹងជាប់ក្នុងវិធានការពន្ធ»។ លោកបន្តថា អាមេរិកមិនទទួលបានយុត្តិធម៌ទេ លុះត្រាតែអាមេរិកធ្វើដូច្នេះ។ លោក ត្រាំ បានចោទប្រកាន់ប្លុកដដែលថា មិនបាននាំចូលផលិតផលអាមេរិកឱ្យបានគ្រប់គ្រាន់នោះទេ ហើយលោកនឹងកែតម្រូវបញ្ហានេះ ដោយការដាក់ពន្ធ ឬដោយការជំរុញឱ្យសហភាពអឺរ៉ុបទិញប្រេង និងឧស្ម័នអាមេរិកបន្ថែមទៀត។
ចំពោះប្រទេសចិនវិញ លោក ត្រាំ ក៏បានរំឭកឡើងវិញផងដែរនូវការគំរាមកំហែងរបស់លោកពីការដាក់ពន្ធ ១០ ភាគរយ ដោយចោទប្រកាន់ថា ចិនជួញដូរថ្នាំហ្វេនតានីល ដោយបញ្ជូនចូលទឹកដីអាមេរិកតាមរយៈប្រទេសម៉ិកស៊ិក និងកាណាដា។លោក ត្រាំ លើកឡើងថា វិធានការពន្ធរបស់លោកអាចនឹងចាប់ផ្ដើមនៅថ្ងៃទី ១ កុម្ភៈ ពោលគឺជាកាលបរិច្ឆេទដែលលោក «គិត» ថានឹងអនុវត្តចំពោះពន្ធលើម៉ិកស៊ិក និងកាណាដា ជុំវិញបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងលំហូរហ្វេនតានីល។
គួរគូសបញ្ជាក់ថា កាណាដា ចិន ម៉ិកស៊ិក និងសហភាពអឺរ៉ុប សុទ្ធសឹងតែជាបណ្ដាប្រទេស/ប្លុក ដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាមេរិក ក្នុងទំហំពាណិជ្ជកម្មរាប់ទ្រីលានដុល្លារ។ សេដ្ឋវិទូលើកឡើងថា គោលនយោបាយពន្ធរបស់ ត្រាំ នឹងធ្វើឱ្យអតិផរណាអាមេរិកកើនឡើង ខណៈទាក់ទាញការឆ្លើយតបពីបណ្ដាប្រទេសជាប់ពន្ធ ធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ចូលក្នុងភាពតានតឹងកាន់តែខ្លាំង។
ក្រៅតែពីប្រកាសពីការត្រៀមខ្លួនឆ្លើយតបរបស់ម៉ិកស៊ិក និងកាណាដា ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសេដ្ឋកិច្ច បានលើកឡើងថា ប្លុកបានត្រៀមខ្លួនជាស្រេចដើម្បីការពារផលប្រយោជន៍ រក្សាតម្លៃរបស់ខ្លួន និងចរចាជាមួយលោក ត្រាំ។
ដោយឡេកប្រទេសប៉ាណាម៉ាវិញក៏ បានផ្ញើលិខិតមួយជូនអង្គការសហប្រជាជាតិ (UN) និងដើម្បីជាការរំលឹកឡើងវិញ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្តេជ្ញាធ្វើឱ្យព្រែកជីកប៉ាណាម៉ា ត្រលប់មកឋិតក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិកវិញ នៅពេលស្បថចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។
លោក ត្រាំ ក៏បានចោទប្រកាន់ ប៉ាណាម៉ាថាបំពានសន្យាឆ្នាំ ១៩៩៩ ក្នុងដែលមានការពេលផ្ទេរផ្លូវទឹកយុទ្ធសាស្ត្រនេះ និងបានប្រគល់ប្រតិបត្តិការទៅឱ្យចិន។ ប៉ុន្តែរដ្ឋាភិបាលប៉ាណាម៉ា បានបដិសេធយ៉ាងដាច់អហង្ការ។ កន្លងមក លោក ត្រាំ ក៏មិនបានច្រានចោលលទ្ធភាព ប្រើប្រាស់សម្ពាធផ្នែកសេដ្ឋកិច្ច និងយោធាដើម្បីយកព្រែកជីកនេះមកវិញដែរ។
តាមលិខិតដែល Reuters ទទួលបានកាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតប៉ាណាម៉ាប្រចាំ UN លោក Eloy Alfaro de Alba កត់សម្គាល់ថា ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រទេសនានា «ត្រូវធ្វើឱ្យទំនាក់ទំនងអន្តរជាតិពួកគេ ចៀសផុតពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ»។លិខិតនោះ ផ្ញើជូនអគ្គលេខាធិការ UN លោក Antonio Guterres ដើម្បីផ្សព្វផ្សាយបន្តដល់ក្រុមប្រឹក្សាសន្តិសុខទាំង ១៥។ ប៉ាណាម៉ា គឺជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ ដែលទទួលបន្ទុកការងាររក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ សម្រាប់ឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៦៕