
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 507 នាក់
ម្សិលមិញ 10159 នាក់
សរុប 20299427 នាក់
ប៊ែលហ្សិក៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា បានបង្កើនការអំពាវនាវឱ្យបទឈប់បាញ់មួយនៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីការស្លាប់ របស់មេដឹកនាំហាម៉ាស លោក Yahya Sinwar ខណៈអ៉ីស្រាអែល និងក្រុមហាម៉ាស រួមទាំងក្រុមហេសបូឡា ប្ដេជ្ញាបន្តធ្វើសង្គ្រាមនៅហ្កាហ្សា និងនៅលីបង់។
ទីភ្នាក់ងារសារព័ត៌មាន Reutersបានឲ្យដឹងថា៖សហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្ត្រីការពារជាតិ លោកឡយអូស្ទីន( Lloyd Austin )និយាយថាការស្លាប់របស់លោកស៊ិនវ៉ា( Sinwar )នៅក្រោមស្នាដៃទាហានអ៉ីស្រាអែលកាលពីថ្ងៃទី១៦ ខែតុលា គឺជាជោគជ័យមួយដ៏ធំ ដោយសារតែមេដឹកនាំហាម៉ាសរូបនេះគឺជាអ្នកនៅពីក្រោយការរៀបចំការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៉ីស្រាអែល នាំឱ្យផ្ទុះសង្គ្រាមនៅហ្កាហ្សា។លោក «ការស្លាប់ របស់ Yahya Sinwar បានលុបបំបាត់ចោលឧបសគ្គមួយផ្នែកធំ ព្រមទាំងផ្ដល់ឱកាសដ៏ពិសេសដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់យូរអង្វែង សំដៅបញ្ចប់សង្គ្រាមនេះ និងពន្លឿន ការផ្ដល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Lloyd Austin នៅឯសន្និសីទសារព័ត៌មាននៅទីស្នាក់ការ NATO ក្នុងទីក្រុងព្រុចសែល។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Lloyd Austin ធ្វើឡើង ក្រោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានសន្យាថានឹងបន្តធ្វើសង្គ្រាម។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសន្យាបន្តសង្គ្រាមនៅហ្គាហ្សានិងលីបង់ ទោះបីជាមានក្តីសង្ឃឹមថាការស្លាប់របស់មេដឹកនាំហាម៉ាស់ Yahya Sinwar អាចនាំមកនូវសន្តិភាពក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។លោក Netanyahu បានអះអាងថា សង្គ្រាមនឹងបន្តរហូតដល់ចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ត្រូវបានដោះលែង។មរណៈភាពលោក Sinwar ដែលជាមេខ្លោងនៃការវាយប្រហារកាលពីឆ្នាំមុន គឺជាជោគជ័យដ៏សំខាន់មួយសម្រាប់អ៊ីស្រាអែល។
ការប្តេជ្ញារបស់លោក Netanyahu ក្នុងការបន្តសង្គ្រាម បានធ្វើឱ្យមានការខកចិត្តដល់មេដឹកនាំលោកខាងលិចមួយចំនួន ដែលសង្ឃឹមថាការស្លាប់របស់ Sinwar អាចបើកផ្លូវទៅរកការចរចាសន្តិភាព។
នៅថ្ងៃសុក្រទី១៨តុលាយោធាអ៊ីស្រាអែលបានបញ្ជូនកងទ័ពបន្ថែមទៅកាន់ជំរំជនភៀសខ្លួនចាបាលៀ( Jabalia) នៅភាគខាងជើងហ្គាហ្សា ដោយបន្តការវាយប្រហារទ្រង់ទ្រាយធំនៅទីនោះ ក្រោមហេតុផលដើម្បីបញ្ឈប់ក្រុមហាម៉ាស់ពីការប្រមូលផ្តុំឡើងវិញ បន្ទាប់ពីការសម្លាប់មេដឹកនាំ Yahya Sinwar។
យ៉ាងណាក៏ដោយ ក្រុមហេសប៊ូឡានៅលីបង់បានសន្យាបង្កើនការវាយប្រហារ ហើយអ៊ីរ៉ង់បានអះអាងថា «ស្មារតីនៃការតស៊ូ» នឹងកាន់តែរឹងមាំឡើង។មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃសៅរ៍ ទី១៩ ខែតុលានេះបាននិយាយថាក្រុមហាម៉ាសនៅមានជីវិត ហើយនឹងនៅ តែបន្តរស់រានមានជីវិត បើទោះជាមេដឹកនាំរបស់ពួកគេគឺលោក Yahya Sinwar ត្រូវបានអ៉ីស្រាអែលសម្លាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។លោក Khamenei បានគូសបញ្ជាក់ដូច្នេះថា «ការសម្លាប់របស់លោក Sinwar គឺជារឿងដ៏សោកសៅបំផុតសម្រាប់រណសិរ្សតស៊ូប្រឆាំងអ៉ីស្រាអែល ប៉ុន្តែវានឹង មិនមែនជាទីបញ្ចប់នោះទេ បើទោះជាលោក Sinwar បានពលីជីវិតទៅហើយក៏ដោយ។ ចលនាអ៉ីស្លាមប៉ាឡេស្ទីននៅមានជីវិត ហើយនឹងបន្តរស់រានមានជីវិត»។
បើតាមការរាយការណ៍របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានអះអាងនៅថ្ងៃសុក្រម្សិលមិញថា មានមនុស្សយ៉ាងហោចណាស់ ៣៣នាក់បានស្លាប់ និងជាង ៨០ នាក់បានរងរបួសនៅក្នុងប្រតិបត្តិការវាយប្រហាររយៈពេល ២៤ម៉ោងរបស់យោធាអ៊ីស្រាអែលទៅលើទីតាំងជំរុំជនភៀសខ្លួន Jabalia របស់ពលរដ្ឋប៉ាឡេស្ទីន ស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា ដែលបានកំពុងស្ថិតក្រោមការឡោមព័ទ្ធដោយយោធាអ៊ីស្រាអែលអស់រយៈពេលជាងពីរសប្តាហ៍។
ជុំវិញស្ថានការណ៍នេះ ប្រធានវេជ្ជបណ្ឌិតមួយរូបនៅឯមន្ទីរពេទ្យ al-Awda ដែលជាមជ្ឈមណ្ឌលជួយសង្គ្រោះនៅសេសសល់តែមួយគត់នៅតំបន់ហ្គាហ្សាខាងជើង គឺលោក Mohamad Salha បាននិយាយថា មានជនរងគ្រោះជាង ៧០នាក់ត្រូវបានគេបញ្ជូនមកសង្គ្រោះនៅឯមន្ទីរពេទ្យរបស់លោក ដោយក្នុងនោះក៏រួមមានស្ត្រីនិងកុមារជាច្រើននាក់ ដែលធើ្វមន្ទីរពេទ្យទាំងមូលត្រូវពោលពេញទៅដោយអ្នករងរបួស។
គួរជម្រាបថា នៅក្នុងវិបត្តិសង្គ្រាមនៅហ្គាហ្សារយៈពេលជាង ១ឆ្នាំមកនេះ បានឆក់យកអាយុជីវិតមនុស្សយ៉ាងតិចចំនួន ៤២៥០០នាក់ និងបង្ករបួសដល់ពលរដ្ឋចំនួន ៩៩៥៤៦នាក់។ នេះបើផ្អែកតាមតួលេខចុងក្រោយរបស់អាជ្ញាធរប៉ាឡេស្ទីន។
សូមបញ្ជាក់ថាជាសមាជិកក្រុមភេរវកម្មហាម៉ាស ដ៏ប្តូរផ្តាច់ម្នាក់ តាំងតែពីវ័យក្មេង បច្ចុប្បន្នមានអាយុ៦១ឆ្នាំ យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) បានឡើងបុណ្យស័ក្តិបន្តិចម្តងៗ រហូតក្លាយជាមេចលនាហាម៉ាសប្រចាំតំបន់ហ្កាហ្សា នៅឆ្នាំ២០១៧ និងក្លាយជាមេដឹកនាំនយោបាយចលនាហាម៉ាស នៅថ្ងៃ៧សីហា ក្រោយពីប្រមុខចលនាអ៊ីស្មាយ ហានីយ៉េ បានត្រូវគេសម្លាប់នៅតេអេរ៉ង់ កាលពីថ្ងៃទី៣១កក្កដា។
ក្នុងគំនិតស្អប់អ៊ីស្រាអែល ចង់កំទេចអ៊ីស្រាអែល យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវបានអ៊ីស្រាអែលចាត់ទុកជាមេគំនិតធំ (ជាមួយមេកើយពីរនាក់ផ្សេងទៀតដែលអ៊ីស្រាអែលសម្លាប់បានហើយ) ក្នុងការរៀបចំផែនការវាយឆ្មក់ទ្រង់ទ្រាយធំសម្រុកចូលដីអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា២០២៣ សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃចំនួនប្រមាណ១២០០នាក់ និងបង្កឲ្យឆេះក្លាយជាសង្គ្រាមនៅហ្កាហ្សា។ហេតុដូច្នេះហើយបានជា កងទ័ពអ៊ីស្រាអែល កំណត់កម្មវត្ថុតាមសម្លាប់ យ៉ាហយ៉ា ស៊ីនវ៉ា នេះឲ្យបាន។ អ៊ីស្រាអែលតាមកម្ចាត់ យ៉ាហយ៉ា ស៊ីនវ៉ា ដោយប្រើពេលអស់ជាងមួយឆ្នាំ។ គឺយូរខ្លាំងណាស់! ហើយជោគជ័យទើបសម្រេចបាននៅថ្ងៃព្រហស្បតិ៍ទី ១៧តុលា។
យោធាអ៊ីស្រាអែលសម្លាប់មេកើយហាម៉ាសនេះបាន ដោយសារជំនួយពីប្រព័ន្ធរ៉ាដា តាមដៅរកទីតាំងលាក់ខ្លួនក្រោមដីទេ ហើយក៏មិនមែនដោយសារប្រតិបត្តិការរបស់កងកម្មង់ដូរពិសេស តាមរយៈសកម្មភាពចារកិច្ចនោះទេ។ សត្រូវស្លាប់រស់ជាមួយអ៊ីស្រាអែលលោកស៊ិនវ៉ាដែលតែងធ្វើបម្លាស់ទីក្នុងរូងដី ដោយមានជនស៊ីវិល ឬចំណាប់ខ្មាំងអូសតាមជាមួយ ដើម្បីធ្វើជាខែលការពារ បានស្លាប់ក្នុងបាញ់ប្រយុទ្ធគ្នាពេលទ័ពអ៊ីស្រាអែលដើរល្បាតនៅតំបន់រ៉ាហ្វាភាគខាងត្បូងហ្កាហ្សា។ ទាហានអ៊ីស្រាអែលបាញ់សម្លាប់ដោយមិនទាំងដឹងថាចំណុចស៊ីបនេះជាមនុស្សដែលអ៊ីស្រាអែលតាមស្វែងបំផុតទេ។ នៅយប់មិញ អាជ្ញាធរអ៊ីស្រាអែល បានផ្សព្វផ្សាយរូបភាពវីដេអូថតដោយដ្រូន បង្ហាញពីសកម្មភាពចុងក្រោយរបស់យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវរបួស អង្គុយលើកៅអីក្នុងផ្ទះបែកបាក់ និងលើកដំបងគប់ម៉ាស៊ីនដែលតាមថតខ្លួន។បន្ទាប់មកទើបយោធាបំផ្ទុះផ្ទះនោះ ហើយចូលទៅឃើញមានសាកសពបីកំណាត់។ ការវិភាគDNA ធ្មេញនិងក្រយៅ បញ្ជាក់ថាពិតជា យ៉ាហយ៉ា ស៊ីនវ៉ាមែន។
តែយ៉ាងណា ក៏ការស្លាប់មេកើយប្រកបដោយនិម្មិត្តរូបបំផុតនេះមិនប្រាកដថា បានបំបាក់ធ្មុងចលនាហាម៉ាសឱ្យស្រពាប់ចុះទន់ខ្សោយដោយមិនអាចប្រកែកបានទេ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គឺយ៉ាហយ៉ា ស៊ីនវ៉ានេះហើយដែលជាឧបសគ្គដ៏ចម្បងរារាំងការបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា ព្រោះអតីតមេចលនាហាម៉ាសនេះ បានច្រានចោលរាល់គ្រប់សំណើចរចា។ ប្រមុខការទូតអាមេរិក បានទូរស័ព្ទទៅមេដឹកនាំអារ៉ាប៊ីសាអូឌីត កាតា អេហ្ស៊ីប និងកំពុងទាក់ទងទៅភាគីពាក់ព័ន្ធ គឺចលនាចលនាប៉ាឡេស្ទីន និងចលនាហាម៉ាសទៀត ដើម្បីបើកកិច្ចចរចានៅក្រុងគែរ។ ប៉ុន្តែ ក្នុងនាមជាអន្តរការីដ៏ចម្បងម្នាក់ អេហ្ស៊ីបបានព្រមានអំពីគ្រោះផ្ទុះកំហឹងរាលដាលជម្លោះកាន់តែធំ ដោយការស្លាប់របស់យ៉ាហយ៉ា ស៊ីនវ៉ា។
អ្នកស្រាវជ្រាវ និងអ្នកជំនាញមួយចំនួនយល់ថាការស្លាប់របស់យ៉ាហយ៉ាអាចអូសអន្ទងឱ្យមានចរន្តតស៊ូថ្មី ជាតបស្នងនឹងអ្វីដែលគេយល់ថាមេកើយបានពលីជីវិតដើម្បីចលនា។ នាយកវិទ្យាស្ថានភូមិសាស្ត្រនយោបាយអឺរ៉ុប លោក Sébatien Boussois បានបញ្ជាក់ថា “កម្ចាត់រូបមេកើយម្នាក់បានមិនមែនជាការបញ្ចប់បញ្ហានិងធ្វើឱ្យចលនារលាយបាត់រូបរាងទេ។ ហាម៉ាសនឹងមានមេដឹកនាំថ្មី។ ហើយអ្នកបន្តវេននឹងងប់ក្នុងមនោគមវិជ្ជាកាន់តែខ្លាំង និងកាន់តែគួរព្រួយបារម្ភ។
ជាក់ស្តែងតំណាង អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រចលនាហាម៉ាសដោយគ្មានប្រែប្រួល នៅអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ថា ការពលីជីវិតរបស់យ៉ាហយ៉ាស៊ីនវ៉ា ជាគំរូសម្រាប់យុវជនប៉ាឡេស្ទីនបន្តការតស៊ូ។ ស្មារតីតស៊ូនឹងកាន់តែរឹង! នេះបើតាមតំណាងអ៊ីរ៉ង់ដដែល។ចំណែកចលនាហេសបូឡានៅលីបង់ ជាសម្ព័ន្ធមិត្តបានប្រកាសឆ្លងអន្តរកាលឆ្ពោះទៅរកដំណាក់កាលថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល។ ហេសបូឡាពេលនេះមិនស្ថិតក្នុងជំហរចាញ់ប្រៀបទេ តែមានកម្លាំងទ័ពច្រើនដល់ទៅ៥ម៉ឺននាក់ ដែលអ៊ីស្រាអែលគ្មានលទ្ធភាពកម្ចាត់អស់ ក្រៅពីរុញឱ្យពួកនេះបានក្លាយជាភេរវជនមកអុកឡុកអ៊ីស្រាអែល នាពេលអនាគត។ នេះបើតាមទស្សនៈរបស់អតីតនាយទាហានបារាំង។
ក្រុមហាម៉ាស កាលពីថ្ងៃសុក្របានប្រកាសថា ខ្លួននឹងមិនដោះលែងចំណាប់ខ្មាំងនោះទេ រហូតដល់សង្គ្រាមហ្កាហ្សាបានបញ្ចប់។ ការប្រកាសនេះ ធ្វើឡើងខណៈពេលក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះ កំពុងកាន់ទុក្ខចំពោះការស្លាប់របស់មេដឹកនាំរបស់ខ្លួនគឺលោក Yahya Sinwar។លោក Khalil al-Hayya មន្ត្រីក្រុមហាម៉ាសដែលមានមូលដ្ឋាននៅកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា៖ «យើងកាន់ទុក្ខមេដឹកនាំដ៏អស្ចារ្យ បងប្រុសដែលត្រូវគេសម្លាប់គឺ Yahya Sinwar, Abu Ibrahim»។លោកបានបន្ថែមថា ចំណាប់ខ្មាំងនឹងមិនត្រូវដោះលែងទេ «លុះត្រាតែការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើងនៅហ្គាហ្សាបញ្ឈប់ ហើយមានការដកខ្លួនចេញពីវាទាំងស្រុង ហើយអ្នកទោសវីរបុរសរបស់យើងត្រូវបានដោះលែងពីគុកអ្នកឈ្លានពាន»។