វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 664 នាក់
ម្សិលមិញ 5744 នាក់
សរុប 16654240 នាក់
រតនៈគីរី៖ លោកអភិសន្តិ ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានឱ្យដឹងកាលពីថ្ងៃទី៩តុលាឆ្នាំ២០២៤ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិមួយរយៈសិន ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារដែលបានផ្ទេរទៅហើយ និងធានាថាមុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព?។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំនៅខេត្តរតនគិរី លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបកស្រាយបញ្ហាផ្អាកកម្មវិធីកែទម្រង់មូលដ្ឋានថា៖ <<ជាន់ហ្វ្រាំងផ្អាកមួយរយៈ មិនមែនមានន័យបែបអវិជ្ជមាន ក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនោះទេ ពីព្រោះឆ្លងកាត់ការអនុវត្តរយៈពេល១៣ឆ្នាំមកនេះ ប្រជាពលរដ្ឋអ្នកទទួលសេវាក្ដី អង្គការជាតិ អន្តរជាតិ និងប្រទេសជាមិត្ត ដូចជាស្វីស អាល្លឺម៉ង់ និងអូស្ត្រាលីក្ដី បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង។
លោកសសុខាបញ្ជាក់ថា៖គាំទ្រ និងពេញចិត្ត ក៏ព្រោះតែ រាជរដ្ឋាភិបាលនីតិកាលមុន បានផ្ទេរមុខងារជាង ៨០០ប្រភេទ ជាបន្តបន្ទាប់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ជាក់ស្ដែងយន្តការច្រកចេញចេញចូលតែមួយ បាននិងកំពុងធ្វើឱ្យរដ្ឋរកចំណូលពីកម្រៃសេវាសាធារណៈរាប់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈប្រជាពលរដ្ឋជាអ្នកស្នើសុំសេវា ក៏បាននិងកំពុងរីករាយសារទរលើការងារនេះ ពីព្រោះសេវានៅកៀកពួកគាត់ មានតម្លាភាព និងគុណភាព>>។
លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការពន្យល់ងាយៗអំពីភាពចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវពិនិត្យ និងវាយតម្លៃឡើងវិញលើការងារមួយចំនួន ជាក់ស្ដែងមានមុខងារផ្ទេរទៅខ្លះកំពុងស្ថិតក្នុងស្ថានភាពខ្វះមន្ត្រីបច្ចេកទេសអនុវត្តនៅថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញយន្តការអាទិភាពមួយចំនួន ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិឱ្យបានសមស្រប ជាក់ស្ដែងសិក្ខាសាលានៅថ្ងៃនេះក៏ជាផ្នែកមួយនៃយន្តការពង្រឹងគុណភាពធនធានមនុស្សផងដែរ។លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គ.ជ.អ.ប. ក៏កំពុងពិនិត្យមើលបន្ថែមលើប្រភេទសេវាមួយចំនួនទៀត ដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានតម្រូវការ ដើម្បីឈានទៅផ្ទេរ ឬកែសម្រួលឱ្យបានកាន់តែល្អប្រសើរ និងចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្ថានភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
សូមបញ្ជាក់ថាគោលនយោបាយវិមជ្ឈការរយៈពេល ១០ ឆ្នាំដំបូង២០១០ដល់២០២០ ត្រូវបានបញ្ចប់ ហើយនឹងបន្តពីឆ្នាំ២០២១ទៅ២០៣០ សម្រាប់ការរីកចម្រើនបន្ថែមទៀតនៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។បើតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ២០២១-២០៣០របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា៖
ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០) គឺ “ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”។
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ កជទី២ ត្រូវផ្តោតជាសំខាន់ទៅលើការពង្រឹង និងការកែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលរួមមានដូចខាងក្រោម៖
ក៖ការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងចរិតលក្ខណៈនៃរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ រួមមានការកែសម្រួលរដ្ឋបាលរាជធានីភ្នំពេញឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលក្រុងមេត្រូប៉ូលីតែន រដ្ឋបាលខេត្តឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលតំបន់ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលមូលដ្ឋាន។
ខ៖ការលើកកម្ពស់សមត្ថភាពគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹង និងការកែលម្អប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការរៀបចំ និងការដាក់ឱ្យអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (អភិបាលកិច្ចឌីជីថល)។
គ៖រដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានហិរញ្ញវត្ថុកាន់តែច្រើន តាមរយៈការបង្កើនប្រភពចំណូលមូលដ្ឋាន និងការផ្ទេរធនធានបន្ថែមពីថ្នាក់ជាតិប្រកបដោយតម្លាភាព អាចព្យាករណ៍បាន និងកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ជាមួយគ្នានេះដែរ រដ្ឋបាលថ្នាក់ក្រោមជាតិក៏មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនក្នុងការរៀបចំ និងការអនុវត្តផែនការនិងថវិការបស់ខ្លួន។
ឃ៖ការរៀបចំ ការកែសម្រួល និងការពង្រឹងយន្តការ នីតិវិធី និងស្តង់ដារសម្រាប់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ង៖រដ្ឋបាលថ្នាក់ក្រោមជាតិអាចវាយតម្លៃ គ្រប់គ្រង និងឆ្លើយតបដោយប្រសិទ្ធភាពទៅនឹងភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ច៖ការលើកកម្ពស់សិទ្ធិអំណាចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដាក់ចេញនូវគោលនយោបាយ ការពិនិត្យ និងអនុម័តលើផែនការ ថវិកា និងកិច្ចការចម្បងៗជាអាទិភាពដទៃទៀតរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយនូវសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ មានគោលបំណង “លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”។
គោលបំណងនេះបានឆ្លុះបញ្ចាំង និងធ្វើបច្ចុប្បន្នភាពនូវគោលបំណងនៃកជទី១ និងការដាក់បញ្ចូលនូវគោលដៅជាយុទ្ធសាស្ត្រសម្រាប់អភិបាលកិច្ចនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលដែលបានសង្កត់ធ្ងន់លើការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យស្របទៅតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសង្គមកម្ពុជា និងសេចក្តីត្រូវការរបស់ប្រទេសជាតិនាពេលអនាគត ជាពិសេសនៅពេលដែលកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
គោលដៅនៃកជទី២ នៅឆ្នាំ២០៣០គឺ “រចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានលក្ខណៈទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់
សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកប ដោយបរិយាប័ន្ន និងសមធម៌សង្គម ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមានសិទ្ធិអំណាចសមស្រប និងសមត្ថភាពគ្រប់គ្រាន់សម្រាប់អនុវត្តមុខងារទាំងឡាយក្រោមការត្រួតពិនិត្យពីក្រុមប្រឹក្សារបស់ខ្លួន ដើម្បីធានាដល់ការពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ”។មានការកត់សម្គាល់ថាបើគោលនយោបាយកសាងប្រជាធិបត្យថ្នាក់ក្រោមជាតិល្អចឹងម៉េចត្រូវផ្អាក?តើមកពីអត់លុយឬយ៉ាងណា?៕