វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1497 នាក់
ម្សិលមិញ 2663 នាក់
សរុប 15673777 នាក់
ភ្នំពេញ៖កម្មករជាង២០០នាក់ ធ្វើការនៅរោងចក្រកាត់ដេរ ឃែនធើរេន អីភែរឹល (ខេមបូឌា) បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អស់រយៈពេលជិត១ម៉ោង ដើម្បីទាមទារឱ្យថៅកែទូទាត់ប្រាក់អតីតភាពការងារនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ ដោយសា ថៅកែបានប្រមូលសម្ភារផ្សេងៗចេញពីរោងចក្រ មិនផ្ដល់ដំណឹងដល់កម្មករ។
កម្មការិនីធ្វើការនៅរោងចក្រ ឃែនធើរេន អ្នកស្រី ស៊ុំ វ៉ាន់នី បានឱ្យកាសែតដឹងថាការដឹកសម្ភារចេញនេះ ភាគីរោងចក្រមិនបានជូនដំណឹងដល់កម្មករឬតំណាងកម្មករជាមុនទេ ដែលករណីនេះ កម្មករបារម្ភខ្លាចរោងចក្រនេះបិទទ្វារ ហើយថៅកែអាចរត់យករួចខ្លួន និងមិនដោះស្រាយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៅតាមច្បាប់ដល់ពួកគាត់។ជុំវិញករណីនេះ អ្នកស្រីបានទាមទារឱ្យថៅកែត្រូវទូទាត់ប្រាក់អតីតភាពការងារនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមច្បាប់ ក្នុងករណីភាគីរោងចក្រដឹកសម្ភារចេញព្រោះតែចង់បិទទ្វារនោះ។
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ តំណាងកម្មករ និងភាគីរោងចក្រ បានធ្វើកិច្ចព្រមព្រៀងដោយភ្ជាប់លក្ខខណ្ឌមួយចំនួនម្តងរួចមកហើយ ក្នុងនោះ គឺចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនមិនត្រូវដឹកម៉ាស៊ីនចេញពីទីតាំងរោងចក្រឡើយ ហើយចាប់ពីថ្ងៃទី១៩ ខែមេសាទៅ បើសិនក្រុមហ៊ុនមានការចាំបាច់ត្រូវប្រើប្រាស់ម៉ាស៊ីនតូចៗគ្រប់ប្រភេទ ក្រុមហ៊ុននឹងធ្វើការដោះដូរចាប់ពី៤គ្រឿងចុះ។ កិច្ចព្រមព្រៀងនោះបន្តថា ក្រុមហ៊ុនមានសិទ្ធដឹកសម្ភារផលិតកម្មគ្រប់ប្រភេទក្រៅពីម៉ាស៊ីនចេញពីទីតាំងរោងចក្របានគ្រប់ពេលវេលា ដើម្បីឱ្យសង្វាក់ផលិតកម្មដំណើរការបានចាប់ពីថ្ងៃទី០៦ ខែមេសាទៅ។
ភាគីទាំងពីរបានឯកភាពគ្នាទៀតថា៖ «កិច្ចព្រមព្រៀងនេះមានតែរយៈពេល៥ខែប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃភាគីចុះហត្ថលេខានិងផ្ដិតមេដៃនេះ រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ ករណីភាគីណាមួយមិនគោរពកិច្ចព្រមព្រៀងនេះ ភាគីនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។កម្មការិនីឈ្មោះ អ្នកស្រី គីម អ៊ី បានលើកឡើងថា បើទោះជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ក៏ភាគីរោងចក្រនៅតែបន្តបំពាន ដោយដឹកជញ្ជូនសម្ភារ ដូចជា ម៉ាស៊ីនដេរ ម៉ាស៊ីនភ្លើង និងសម្ភារផ្សេងៗទៀតចេញពីរោងចក្រ ក្នុងអំឡុងពេលកម្មករឈប់សម្រាកបុណ្យចូលឆ្នាំដដែល។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានមានប្រសាសន៍ថា ក្រសួងការងារបាននិងកំពុងដោះស្រាយវិវាទការងារនៅក្នុងរោងចក្រនេះហើយ។ប្រធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណាបាន ថ្លែងថា មុនពេលនិងអំឡុងពេលចូលឆ្នាំខ្មែរ ខាងរោងចក្រមានសម្ភារនិងក្រណាត់សម្រាប់ឱ្យកម្មករធ្វើការ ប៉ុន្តែបែរជាមិនអនុញ្ញាតឱ្យកម្មករធ្វើការ និងបំពានកិច្ចព្រមព្រៀងដោយដឹកសម្ភារចេញពីរោងចក្រទៅវិញ។ លោកចាត់ទុកសកម្មភាពរបស់រោងចក្រនេះថាមានចេតនាទុច្ចរិត ចង់បិទទ្វាររោងចក្រ ដោយមិនទូទាត់សំណងប្រាក់អតីតភាពការងារនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ។
បើតាមមន្ត្រីសហជីពរូបនេះ សកម្មភាពថៅកែរោងចក្រប្រើវិធីជញ្ជូនសម្ភារចេញពីរោងចក្រក្នុងចេតនាឱ្យកម្មករលាឈប់នេះ បានកើតឡើងជារឿយៗនៅកម្ពុជា ប៉ុន្តែលោកថាកម្រនឹងឃើញមានដំណោះស្រាយណាមួយដែលល្អប្រសើរសម្រាប់កម្មករណាស់។ ទោះជាបែបនេះក្តី លោកថា ដំណោះស្រាយ គឺមានតែក្រសួងពាក់ព័ន្ធទេដែលមានសមត្ថកិច្ចដាក់សម្ពាធឱ្យថៅកែគោរពច្បាប់ការងារ៕