
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11541 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701712 នាក់
លីបង់៖ ក្រុមហេសបូឡា បានសន្យាថានឹងសងសឹកអ៊ីស្រាអែល បន្ទាប់ពីមានការបំផ្ទុះ ឧបករណ៍ទំនាក់ទំនង pager នៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ដោយសម្លាប់មនុស្ស៩នាក់ និងជិត ៣០០០នាក់រងរបួស ក្នុងនោះមានទាំង ក្រុមអ្នកប្រយុទ្ធហេសបូឡា និងអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងបេរូតផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក Ziad Makary បានថ្កោលទោសការបំផ្ទុះឧបករណ៍ pager ដែលត្រូវបានក្រុមហេសបូឡា និងប្រជាជនលីបង់មួយចំនួនប្រើប្រាស់ ដើម្បីផ្ញើសារទាក់ទងគ្នាទៅវិញទៅមក នៅចំពោះមុខភាពតានតឹងជាមួយអ៊ីស្រាអែល។ ក្រុមហេសបូឡាបាននិយាយថាអ៊ីស្រាអែលនឹងត្រូវទទួលរងទណ្ឌកម្មយ៉ាងស័ក្តិសម ចំពោះហេតុការណ៍បំផ្ទុះនេះ។ ប៉ ខាងអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការចោទប្រកាន់របស់ក្រុមហេសបូឡានេះ។
បើតាមក្រសួងសុខាភិបាលលីបង់ តួលេខអ្នកស្លាប់នៅក្នុងការហេតុការណ៍បំផ្ទុះឧបករណ៍ pager កាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅទូទាំងប្រទេសលីបង់ បានកើនដល់ ៩នាក់ ខណៈមនុស្ស ២ ៧៥០នាក់រងរបួស។ ឧបករណ៍ pager គឺជាឧបករណ៍ទំនាក់ទំនងមួយដែលក្រុមហេសបូឡាបញ្ជាទិញពីក្រុមហ៊ុន Gold Apollo មានមូលដ្ឋាននៅកោះតៃវ៉ាន់ ដើម្បីផ្ញើសារទាក់ទងគ្នា ជំនួសការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងគោលបំណងបញ្ចៀសកុំឱ្យអ៉ីស្រាអែលកំណត់ទីតាំងទូរស័ព្ទ។
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤មន្ត្រីហេសបូឡាម្នាក់បានហៅការវាយប្រហារនេះថាជា «ការរំលោភសន្តិសុខធ្ងន់ធ្ងរបំផុត» ដែលក្រុមនេះបានជួបប្រទះក្នុងជម្លោះជាមួយអ៊ីស្រាអែល។អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានចូលរួមក្នុងការប៉ះទង្គិចគ្នាឆ្លងកាត់ព្រំដែន ចាប់តាំងពីសង្គ្រាមហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។
ការផ្ទុះជាបន្តបន្ទាប់បានកើតឡើងនៅទូទាំងប្រទេសលីបង់ ជាពិសេសនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលជាជម្រករបស់ក្រុមហេសបូឡា។ រថយន្តសង្គ្រោះបន្ទាន់ និងបុគ្គលិកពេទ្យត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដើម្បីជួយជនរងគ្រោះជាច្រើននាក់ដែលមានរបួសផ្សេងៗ។មូលហេតុពិតប្រាកដនៃការផ្ទុះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីឧបករណ៍តូចៗដែលដាក់នៅកន្លែងសាធារណៈមុនពេលការផ្ទុះបានកើតឡើង ដែលបង្កឱ្យមានការសង្ស័យថាវាអាចជាការវាយប្រហារដោយចេតនា។
មជ្ឈមណ្ឌលប្រតិបត្តិការវិបត្តិរបស់ប្រទេសលីបង់ បានអំពាវនាវឱ្យបុគ្គលិកពេទ្យទាំងអស់ត្រឡប់ទៅមន្ទីរពេទ្យវិញ ដើម្បីជួយដល់ជនរងគ្រោះ និងណែនាំពួកគេឱ្យជៀសវាងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដែលអាចបង្កហានិភ័យ។ហេតុការណ៍ផ្ទុះម៉ាស៊ីនផ្ញើសារPagerកើតឡើងនៅម៉ោងប្រមាណ ៣កន្លះរសៀល ម៉ោងនៅប្រទេសលីបង់ ជាពេលដែលប្រជាជនលីបង់ចូលផ្សារ ចូលអង្គុយនៅហាងកាហ្វេ ឬបើកឡាន ម៉ូតូ ដោយមានPagerនៅក្នុងដៃ ក្នុងស្បោងក្បែរខ្លួន ឬក្នុងហោប៉ៅខោ។
វីដេអូរបស់កាម៉េរ៉ាសុវត្ថិភាពនៅក្នុងហាងលក់ផ្លែឈើមួយបង្ហាញមនុស្សប្រុសម្នាក់ដួលទៅដី បន្ទាប់ពីមានសំឡេងផ្ទុះចេញពីផ្នែកចំហៀងខោរបស់គាត់។នៅមន្ទីរពេទ្យ គ្រូពេទ្យបានរៀបរាប់ពីប្រភេទអ្នករបួសដែលអាចជាមនុស្សចាស់ មនុស្សក្មេង កុមារ ឬស្ត្រីបុគ្គលិកក្រុមជួយសង្គ្រោះជាដើម។ ចលនាហេសបូឡាផ្ទាល់អះអាងថា សមាជិករបស់ខ្លួនជាច្រើនរយនាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះម៉ាស៊ីនផ្ញើសារកាលពីថ្ងៃអង្គារ។ ម្យ៉ាង វាកើតឡើងនៅជាយក្រុងភាគខាងត្បូងក្រុងបីរូតដែលជាសំបុករបស់ក្រុមហេសបូឡា។
ភ្លាមៗ ចលនាហេសបូឡាបានទម្លាក់កំហុសទៅលើអ៊ីស្រាអែល និងសន្យាសងសឹកអ៊ីស្រាអែលដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មរំលោភបំពាន សម្លាប់ជីវិតប្រជាជនស៊ីវិលនៅលីបង់។ ហេតុការណ៍ផ្ទុះម៉ាស៊ីនផ្ញើសារដែលសំដៅវាយប្រហារភាគច្រើនសមាជិកក្រុមហេសបូឡានៅលីបង់ កើតឡើងនៅតែប៉ុន្មានម៉ោងក្រោយ រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសបើកមុខសង្គ្រាមទៅរកទឹកដីលីបង់ នៅក្នុងគោលដៅនាំយកប្រជាជនអ៊ីស្រាអែលជាង៦ម៉ឺននាក់ឲ្យត្រលប់ទៅរស់នៅក្នុងតំបន់ជាប់ព្រំដែនលីបង់ឡើងវិញ។ បើតាមអ៊ីស្រាអែល មានផ្លូវសង្គ្រាមប៉ុណ្ណោះ ទើបអាចបណ្តេញក្រុមហេសបូឡាឲ្យចេញឆ្ងាយពីព្រំដែនអ៊ីស្រាអែល និងឈប់វាយប្រហារលើភូមិកររបស់ប្រជាជនអ៊ីស្រាអែលតទៅទៀត។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកវិញ អះអាងថា អាមេរិកមិនបានដឹង ហើយក៏មិនចូលរួមនៅក្នុងរឿងវាយប្រហារដោយការបំផ្ទុះម៉ាស៊ីនផ្ញើសារPager។បើតាមអ្នកជំនាញ ម៉ាស៊ីនPagerផ្ទុះស្រុះគ្នា ក្នុងពេលតែមួយ នៅទីកន្លែងដែលមានសមាជិករបស់ក្រុមហេសបូឡាយ៉ាងដូច្នេះ បានស្តែងឲ្យឃើញពីផែនការរៀបចំទុកមុនយ៉ាងល្អិតល្អន់ និងប្រទាក់ក្រឡា។ គេជឿថា មានមនុស្សបន្លំខ្លួនចូលទៅក្នុងទីតាំងដែលមានម៉ាស៊ីនPager ដើម្បីលួចដាក់គ្រឿងផ្ទុះ មុនពេលគេដឹកជញ្ជូនវាចូលទៅលីបង់។ អ្នកជំនាញខាងជាតិផ្ទុះជាតិអង់គ្លេសម្នាក់ដែលស្រង់សំដីដោយទូរទស្សន៍អង់គ្លេស BBC បាននិយាយថា គេអាចលួចដាក់សារធាតុផ្ទុះពី១០ទៅ ២០ក្រាមនៅក្នុងម៉ាស៊ីនផ្ញើសារ Pager។
មន្ត្រីហេសបូឡាម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានអាមេរិក APថា ម៉ាស៊ីនផ្ញើសារPagerដែលផ្ទុះនៅថ្ងៃអង្គារ ជាផលិតផលម៉ាកថ្មី ដែលគេទើបនាំចូល កាលពីពេលថ្មីៗនេះ។ នៅលីបង់ សមាជិករបស់ក្រុមហេសបូឡាភាគច្រើនងាកមកប្រើម៉ាស៊ីនPager ជំនួសឲ្យទូរស័ព្ទ ចាប់តាំងពីក្រុមនេះវាយប្រហារលើអ៊ីស្រាអែលដើម្បីសាមគ្គីភាពជាមួយក្រុមហាម៉ាស។ នៅខែ កុម្ភៈដើមឆ្នាំនេះ មេដឹកនាំហេសបូឡា លោកហាសាន់ ណាស្រាឡាបានប្រកាសប្រាប់ឲ្យសមាជិកទាំងអស់ឈប់ប្រើទូរស័ព្ទបើសិនមិនចង់ឲ្យចារកិច្ចអ៊ីស្រាអែលចាប់សញ្ញាបាន។
នៅក្នុងករណីដែលគេរកឃើញថា អ៊ីស្រាអែលពិតជាអ្នកប្រព្រឹត្ត លួចបំផ្ទុះម៉ាស៊ីនផ្ញើសារPagerនៅលីបង់មែន នោះវាជាលើកទី១មិនធ្លាប់មាន ដែលគេប្រើបច្ចេកវិទ្យា យកម៉ាស៊ីនសម្រាប់ឆ្លើយឆ្លងទាក់ទងគ្នា ទៅធ្វើជាមធ្យោបាយវាយប្រហារគូសត្រូវ ក្នុងទ្រង់ទ្រាយដ៏ធំ រហូតធ្វើឲ្យសមាជិករាប់រយនាក់របស់ក្រុមហេសបូឡារងរបួស។ ហេសបូឡាបានប្រកាសសងសឹកចាស់ដៃប្រឆាំងអ៊ីស្រាអែល ប៉ុន្តែ សំណួរនៅត្រង់ថា តើសមាជិករបស់ហេសបូឡាត្រូវទាក់ទងគ្នាតាមវិធីណា បើម៉ាស៊ីនផ្ញើសារអាចគ្រោះថ្នាក់ផ្ទុះសម្លាប់មនុស្ស ចំណែកទូរស័ព្ទដៃអាចត្រូវអ៊ីស្រាអែលចូលលួចទិន្នន័យ និងជាគោលដៅវាយប្រហាររបស់អ៊ីស្រាអែលចឹងនោះ?៕