
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7969 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698140 នាក់
អាមេរិក៖នៅថ្ងៃពុធទី១១ខែកញ្ញឆ្នាំ២០២៤ក្នុងកម្មវិធីដែលរៀបចំដោយ ABC News នៅទីក្រុងភីឡាដែលភៀ Philadelphia នៃរដ្ឋផិនស៊ីវ៉ាល់ញ៉ា(Pennsylvania)បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សទាំងសងខាង បានជួបជជែកដេញដោលតទល់គ្នាជាលើកដំបូង មុនការបោះឆ្នោតដែលនឹងឈានចូលមកដល់នៅប៉ុន្មានខែខាងមុខ។លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋនិង លោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ បានប្រកែកគ្នាតឹងសរសៃ.កជាមួយគ្នា រយៈពេល៩០នាទី ។
១. ត្រាំនិយាយវិលចុះវិលឡើងៗ អំពីបញ្ហាអន្តោរប្រវេសន៍៖លោក ត្រាំ ហាក់ដូចជាវិលវល់បន្តិច ហើយនិយាយចុះឡើង ដែលមើលទៅដូចជាមិនច្បាស់ជាមួយសំណួររបស់អ្នកសម្របសម្រួល។ លោក ត្រាំ បាននិយាយអំពីបញ្ហាសេដ្ឋកិច្ច ហើយបន្ទាប់ទៀត គាត់និយាយអំពីបំពង់បង្ហូរប្រេង។ ក្រោយពីនោះ គាត់ក៏និយាយអំពីការថែទាំសុខភាព រួចក៏លើកឡើងពីបញ្ហាអន្តោប្រវេសន៍។ ចប់ពីនេះ គាត់ក៏និយាយអំពីអ្វីផ្សេងទៀត រួចក៏បកមកនិយាយអំពីបញ្ហាអន្តោប្រវេសន៍ម្តងទៀត។ទោះគ្មានអ្វីសំអាង តែលោកត្រាំនៅតែ ចោទប្រកាន់ជនអន្តោប្រវេសន៍និងជនភៀសខ្លួនហៃទីនៅទីក្រុង Springfield រដ្ឋ Ohio ថាជាអ្នកហូបសត្វចិញ្ចឹមរបស់ប្រជាជន។ លោកនិយាយថា «នៅ Springfield ពួកគេហូបសត្វសុនខ និងជាអ្នកដែលចូលមកបរិភោគឆ្មា»។
២. លោកស្រី ហារីស បានបន្ទោសលោក ត្រាំ កប់ៗមាត់ ហើយថែមទាំងស្តីឲ្យគាត់ថាជាមនុស្សមិនចេះខ្មាសទៀតផង។អនុប្រធានាធិបតីរូបនេះ បានហៅបេក្ខជនមកពីគណបក្សសាធារណរដ្ឋថា «លោកខ្សោយណាស់» ហើយលោកស្រីក៏ទាត់ចោលការចោទប្រកាន់របស់យុទ្ធនាការលោកត្រាំផងដែរ ដែលថា ពិភពលោកនឹងសើចចំអកឲ្យការដឹកនាំរបស់សហរដ្ឋអាមេរិក។លោកស្រី ហារីស ប្រាប់ទៅលោក ត្រាំ ថា «គេដឹងច្បាស់ហើយថា មានមេដឹកនាំផ្តាច់ការនិងក្រុមផ្តាច់ការ កំពុងចាក់ឫសឲ្យអ្នកក្លាយជាប្រធានាធិបតីម្តងទៀត។ អ្នកកំពុងត្រូវគេបោក ហើយមេដឹកនាំយោធាជាច្រើនដែលអ្នកធ្លាប់ធ្វើការជាមួយអ្នក បានប្រាប់ខ្ញុំថា អ្នកជាមនុស្សមិនចេះខ្មាស»។
៣. នៅពេលសួរអំពីសង្គ្រាមនៅហ្គាហ្សា បេក្ខជនទាំងពីរបានបញ្ចេញមតិរៀងៗខ្លួន។៖លោកស្រី ហារីស និយាយថា លោកស្រីគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ ហ្គាហ្សា ដែលនឹងនាំឲ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ប៉ុន្តែលោកស្រីក៏ប្តេជ្ញាបន្តផ្តល់អាវុធដល់អ៊ីស្រាអែល និងគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរផងដែរ។តាមការលើកឡើងរបស់លោកស្រីហារីស, «អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន តែយ៉ាងណា មានប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ជាច្រើននាក់ត្រូវបានសម្លាប់ ដូចជាកូនៗ ម្តាយជាដើម។ អ្វីដែលយើងដឹងគឺសង្គ្រាមនេះត្រូវតែបញ្ចប់។ ខ្ញុំនឹងផ្តល់លទ្ធភាពឲ្យជានិច្ចដល់អ៊ីស្រាអែលដើម្បីការពារខ្លួន ជាពិសេសបើអ៊ីរ៉ង់និងចលនាប្រដាប់អាវុធរបស់ពួកគេ គំរាមកំហែងនិងរករឿងអ៊ីស្រាអែល»។
ចំណែកលោកត្រាំវិញ បានបញ្ជាក់ជំហររបស់លោកដដែលថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹងមិនផ្ទុះឡើងឡើយ ប្រសិនបើលោកកាន់តំណែងនោះ។ លោកថែមទាំងចោទលោកស្រីហារីស ថា ប្រឆាំងនឹងអ៊ីស្រាអែលទៅវិញ។ «ហារីស ស្អប់អ៊ីស្រាអែលណាស់។ នាងស្អប់ប្រជាជនអារ៉ាប់ ពីព្រោះកន្លែងទាំងមូលនឹងមានការបំផ្លិចបំផ្លាញ! អ៊ីស្រាអែលនឹងរលាយបាត់»។
៤. លើបញ្ហាអ៊ុយក្រែនលោក ត្រាំ និយាយថា លោកនឹងជំរុញឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះ តែលោកស្រី ហារីស បានសង្កត់ធ្ងន់លើតម្រូវការ ជួយដល់កងកម្លាំងអ៊ុយក្រែនដើម្បីវាយបកប្រឆាំងរុស្ស៊ីវិញ។នៅពេលសួរថាតើសហរដ្ឋអាមេរិកគួរតែបន្តជួយអ៊ុយក្រែនឲ្យឈ្នះសង្គ្រាមដែរឬក៏អត់? លោក ត្រាំ ឆ្លើយថា «ខ្ញុំគិត បើអាមេរិកជួយសង្គ្រាមនេះបញ្ចប់វាជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ខ្លួនឯង ហើយយើងត្រូវចរចាលើកិច្ចព្រមព្រៀងមួយ ពីព្រោះយើងត្រូវបញ្ឈប់កុំឲ្យមានការសម្លាប់មនុស្សតទៅទៀត។ លោកអះអាងថា កង្វះភាពជាអ្នកដឹកនាំនៅក្នុងរដ្ឋបាលរបស់លោក បៃដិន នោះហើយ បានបើកដៃឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
លោកស្រីហារិសវិញបានរិះគន់ថា លោក ត្រាំ ហាក់ស្ទាក់ស្ទើរមិនគាំទ្រពេញទំហឹងដល់អ៊ុយក្រែនសោះ។ លោកស្រីថាបើលោក ត្រាំ កាន់តំណែងមែន ថ្ងៃនេះប្រហែលជាប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ស្ថិតនៅក្នុងទីក្រុង កៀវ បាត់ទៅហើយ។អ្នកស្រីអះអាងថា «យល់ទេ! សម្ព័ន្ធមិត្តអឺរ៉ុបរបស់យើងក៏ដូចជាសម្ព័ន្ធមិត្តណាតូ ពិតជាត្រេកអរខ្លាំងណាស់ដែលអ្នកលែងជាប្រធានាធិបតី។ យើងយល់ពីសារៈសំខាន់នៃយោធាដ៏អស្ចារ្យបំផុតដែលពិភពលោកបានស្គាល់នោះគឺ NATO»។
តើអ្នកណាឈ្នះ អ្នកណាចាញ់នៅក្នុងការពិភាក្សាដេញដោល ?ចំពោះអ្នកជំនាញមួយចំនួន លោកស្រីហារីសមានប្រៀបច្រើននៅក្នុងការជជែកដេញដោលកាលពីយប់ម្សិលមិញ ព្រោះថា លោកស្រីចេះយកចំណុចរសើប ចំណុចខ្សោយរបស់លោកដូណាល់ ត្រាំមកនិយាយធ្វើឲ្យលោកដូណាល់ ត្រាំខឹង មិនអាចទប់អារម្មណ៍ និងចេះតែនិយាយកាន់តែផ្តេសផ្តាស ដូចជារឿង លោកត្រាំ ចោទប្រកាន់ថា មានជនអន្តោប្រវេសន៍ខុសច្បាប់ដែលលួចសម្លាប់ស៊ីសាច់សត្វរបស់ប្រជាជនអាមេរិកជាដើម។
មានវ័យ៥៩ឆ្នាំ ពោលគឺតិចជាងលោកដូណាល់ ត្រាំ ដល់ទៅ ១៩ឆ្នាំ លោកស្រីហារីស បង្ហាញភាពវៀងវៃឆ្លាត គ្រប់គ្រងស្ថានការណ៍ និងឧស្សាហ៍ញញឹមចំអក ងាកមើលមុខគូប្រជែងជាញឹកញាប់ ខណៈពេលលោកដូណាល់ ត្រាំវិញ ដែលមុខមាំ មិនមើលមុខលោកស្រីវិញសោះ បន្ទាន់ពីលឺលោកស្រី ចំអកពីរឿងអ្នកគាំទ្រដើរចេញពីកន្លែងឃោសនារបស់លោក ឬថា លោកជាបេក្ខជនដែលគ្មានអ្នកស្តាប់ ព្រោះជាអ្នកនិយាយកុហក ញុះញង់ឲ្យគេសម្រុកចូលវិមានកាពីតូល ដើម្បីដណ្តើមជ័យជំនះពីបេក្ខជនឈ្នះឆ្នោត គឺលោកចូ បៃដិន។
ជាសញ្ញានៃជ័យជំនះរបស់បេក្ខនារី ខាម៉ាឡា ហារីស។ គ្រាន់តែចប់ការពិភាក្សាដេញដោលភ្លាម អ្នកចម្រៀងដ៏ល្បីឈ្មោះ Tailor Swift ដែលមានអ្នកតាម នៅលើបណ្តាញអាំងស្តាក្រាមដល់ទៅជាង ២០០លាននាក់ បានចេញមុខសរសេរសារ កាលពីថ្ងៃអង្គារថា នាងនឹងគាំទ្រលោកស្រី ខាម៉ាឡា ហារីស ព្រោះលោកស្រីជាអ្នកការពារបុព្វេហតុ និងអ្វីដែលត្រឹមត្រូវ ជាពិសេសការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងសិទ្ធិស្ត្រី។ តារាចម្រៀង បាននិយាយថា នាងត្រូវតែបញ្ជាក់ច្បាស់ៗ ជំហររបស់នាង បន្ទាប់ពីមានការផ្សព្វផ្សាយថា នាង Tailor Swift គាំទ្រលោកដូណាល់ត្រាំ។ តារាចម្រៀងបាននិយាយយោងដល់រូបថតរបស់នាង ដែលគេបានយកទៅកែ និងដាក់ថា នាងគាំទ្រលោកដូណាល់ ត្រាំនៅក្នុងការបោះឆ្នោត។ នៅត្រង់ចំណុចនេះ តារាចម្រៀងនិយាយថា ការធ្វើដូច្នេះ ធ្វើឲ្យនាងខ្លាចកម្មវិធីបញ្ញាសិប្បនិម្មិត ហើយនិងគ្រោះថ្នាក់នៃការផ្សព្វផ្សាយមិនពិត។
លោកដូណាល់ ត្រាំវិញ អួតថា ខ្លួនជោគជ័យនៅក្នុងវេទិកាពិភាក្សាដេញដោល និងថា លោកតែម្នាក់ឯងគឺបានតទល់ជាមួយមនុស្សដល់ទៅ៣នាក់។ នៅត្រង់ចំណុចនេះ លោកដូណាល់ ត្រាំ ចង់ចោទប្រកាន់អ្នកកាសែតរបស់ទូរទស្សន៍ទាំងពីរដែលជាអ្នកសម្របសម្រួលថា បានលម្អៀងទៅរកលោកស្រីខាម៉ាឡា ហារីស បន្ទាប់ពីពួកគេបានលូកមាត់ កែតម្រូវនៅពេលលោកដូណាល់ ត្រាំនិយាយដោយគ្មានមូលដ្ឋានច្បាស់លាស់ ដូចជា គណបក្សប្រជាធិបតេយ្យអនុញ្ញាតឲ្យគេសម្លាប់កុមារនៅក្រោយពេលកើតជាដើម។
តើការមានប្រៀបរបស់លោកស្រីហារីស អាចទៅធ្វើឲ្យការស្ទង់មតិប្រែប្រួលដែរឬទេ ?៖នៅក្រោយការជជែកដេញដោល ដែលបង្ហាញលោកស្រី ហារីសមានប្រៀបជាងគូប្រជែង គណបក្សប្រជាធិបតេយ្យបានចេញសេចក្តីប្រកាសភ្លាម ស្នើឲ្យមានការពិភាក្សាដេញដោលតាមទូរទស្សន៍ជាលើកទី២ នៅមុនការបោះឆ្នោត ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៥ខែវិច្ឆិកា។កិច្ចពិភាក្សាដេញដោលតទល់ចំពោះមុខ មានសារៈសំខាន់ជាពិសេសសម្រាប់លោកស្រី ហារីស ព្រោះថា ការស្ទង់មតិធ្លាប់បង្ហាញថា ច្រើនជាង១/៤នៃអ្នកបោះឆ្នោតមិនបានស្គាល់លោកស្រីHarrisបានច្បាស់នោះឡើយ។ លោកស្រីHarris ទើបតែឈានជើងចូលប្រកួតប្រជែងដើម្បីតំណែងប្រធានាធិបតីអាមេរិក បានជិត២ខែប៉ុណ្ណោះ ក្រោយលោកJoe Biden ប្រធានាធិបតីអាមេរិកសម្រេចចិត្តចាកចេញ។ បក្សប្រជាធិបតេយ្យសង្ឃឹមចង់បានវេទិកាដេញដោលតទល់មុខគ្នារវាងបេក្ខជនដើម្បីជំរុញកូដរបស់លោកស្រីហារីសបន្ថែមទៀត។
ប៉ុន្តែ អ្នកតាមដានការបោះឆ្នោតនិយាយថា ការមានប្រៀបរបស់លោកស្រីហារីសនៅក្នុងការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍ នឹងមិនអាចធ្វើឲ្យលទ្ធផលស្ទង់មតិប្រែប្រួលខ្លាំងនោះទេ។ រហូតមក លោកដូណាល់ ត្រាំ មានពិន្ទុនាំមុខលោកស្រី ហារីស ប៉ុន្តែ តិចតួចទេ។ គេវាយតម្លៃថា គូប្រជែងទាំងពីរ គឺលោកដូណាល់ ត្រាំ និងលោកស្រីខាម៉ាឡា ហារីសនឹងអាចមានសំឡេងឆ្នោតប្រកៀកប្រកិតគ្នាណាស់ គឺអាចខុសគ្នាតែ ពី ៥ ទៅ៦ម៉ឺនសំឡេងប៉ុណ្ណោះ៕