វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2160 នាក់
ម្សិលមិញ 1811 នាក់
សរុប 15649161 នាក់
វៀតណាម៖ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម (To Lam) កាលពីថ្ងៃចន្ទ បានជួបពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោកដូណាល់ត្រាំ( Donald Trump) ដើម្បីវិធីដែលអាចបង្កើនទំនាក់ទំនងសេដ្ឋកិច្ច។
បន្ទាប់ពីប្រទេសចិនសម្រាប់វៀតណាមសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ហើយកាលពីខែកញ្ញាឆ្នាំមុន ប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណាត់ថ្នាក់របស់វៀតណាម។ទីភ្នាក់ងារសារព័ត៌មាន Reutersបានឲ្យដឹងថា៖នៅក្នុងកិច្ចសន្ទនានោះ លោក តូ ឡឹម បានអបអរសាទរលោក Trump ដែលបានជាប់ឆ្នោតជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក ខណៈដែលភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការការអភិវឌ្ឍទំនាក់ទំនងកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។
លោក តួ ឡឹម បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងយូរអង្វែង ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏ដូចជាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ប្រមុខបក្សកុម្មុយនីស្តវៀតណាម និងប្រធានាធិបតីជាប់ឆ្នោតអាមេរិក ក៏បានពិនិត្យលើទិសដៅសំខាន់ៗមួយចំនួនសម្រាប់ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីនៅក្នុងតំបន់ ដែលត្រូវនឹងភាពខ្លាំង និងតម្រូវការរបស់ពួកគេផងដែរ។
លោក Trump បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានបញ្ជាក់ពីសារៈសំខាន់ដែលលោកបានយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកបានគូសបញ្ជាក់ពីផ្នែកជាក់លាក់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកស្វែងរកការជំរុញជាមួយវៀតណាម។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ក៏បានកត់សម្គាល់នូវជំនឿរបស់លោកថា ទំនាក់ទំនងមិត្តភាពវៀតណាម-អាមេរិកនឹងរីកចម្រើនបន្ថែមទៀតក្នុងពេលខាងមុខ។ ហើយលោកក៏បានរំឮកដល់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ នាពេលកន្លងមកផងដែរ។
លោកប្រមុខបក្សកុម្មុយនីស្តវៀតណាម តូ ឡឹម បានអញ្ជើញលោក Trump ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមម្តងទៀត។ ហើយ លោក Trump ក៏បានទទួលយកការអញ្ជើញនេះ ហើយលោក ក៏បានអញ្ជើញប្រធានបក្សវៀតណាមទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមពេលវេលាសមស្របមួយផងដែរ។
កាលពីសប្តាហ៍មុន មន្ត្រី និងអ្នកជំនាញនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា វៀតណាមអាចទទួលបានអត្ថប្រយោជន៍ពីការកើនឡើងភាពតានតឹងពា ណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក្រោមរដ្ឋបាលដឹកនាំរបស់លោក Trump ប៉ុន្តែក៏អាចប្រឈមរងនូវសម្ពាធនៃវិធានការគាំពារនិយមផងដែរ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Trump តែងតែប្រកាន់ជំហររឹងមាំលើអតុល្យ ភាពពាណិជ្ជកម្ម និងបានរិះគន់ប្រទេសដែលគាត់ជឿថាទទួលបានអត្ថប្រយោជន៍មិនសមាមាត្រពីពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ លោក បានព្រមានដាក់ពន្ធលើប្រទេសមួយចំនួន ជាពិសេសប្រទេសចិន និងបានតាមដានការអនុវត្តពាណិជ្ជកម្មយ៉ាងជិតស្និទ្ធនៅទូទាំងអាស៊ី។ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយជាក់ស្តែងនឹងពឹងផ្អែកលើលក្ខខណ្ឌសេដ្ឋកិច្ច តួនាទីរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការចរចាពាណិជ្ជកម្មថ្មីដែលអាចនឹងលេចឡើង។
យោងតាមស្ថិតិបឋមរបស់អគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ការនាំចេញរបស់វៀតណាម ទៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ឈានដល់តម្លៃទឹកប្រាក់ ៨៨,១៦ពាន់លានដុល្លារ កើនឡើង ២៥,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ចំណែកការនាំចូលរបស់វៀតណាមពីអាមេរិកក្នុងរយៈពេលដូចគ្នានេះ មានចំនួន ១០,៩៦ពាន់លានដុល្លារ ពោលគឺកើនឡើង ៦,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕