» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9818 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720294 នាក់

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ធ្វើ​វេទិកា​សារព័ត៌មាន​លើក​ទី​៤ បង្ហាញ​សមិទ្ធផល រយៈពេល​១​ឆ្នាំ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧

 

​ភ្នំពេញ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បន្ត​រៀបចំ​វេទិកា​សារព័ត៌មាន​លើក​ទី​៤ ស្ដីពី «​គោលនយោបាយ​ជាតិ និង​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​នីតិកាល​ទី​៧ រយៈពេល​១​ឆ្នាំ​»​។​វេទិកា​សារព័ត៌មាន​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។a bona

​លោក ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា សម្រេចបាន​សមិទ្ធផល​ធំៗ​ជាច្រើន​ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ ប៉ុន្តែ​លោក​បាន​រំលេច​តែ​សមិទ្ធផល​ធំៗ លេចធ្លោ​ចំនួន ៦​ប៉ុណ្ណោះ​។

​សមិទ្ធផល​លេចធ្លោ​ទី​១៖ គឺ​ការថែរក្សា​បាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ពីព្រោះ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នេះ​បាត់​បង់ហើយ យើង​មិនអាច​និយាយ​អំពី​សមិទ្ធផល​អ្វី​បាន​ទាំងអស់​។ ដូច្នេះ ហើយ​បានជា​ថ្នាក់ដឹកនាំ​តែង​អះអាង​បញ្ជាក់​ជារឿយៗ​ថា ត្រូវតែ​ការពារ​ឱ្យបាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ទោះជា​ក្នុងតម្លៃ​ណាក៏ដោយ​។ នេះ​គឺជា​កិច្ចសន្យា​ដ៏​ឧឡា​រឹក​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះមុខ​ប្រជាជាតិ​ខ្មែរ​។

​ម្យ៉ាងទៀត ការថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា គឺជា​លក្ខណៈពិសេស​ខុសពី​ធម្មតា​។ ពិសេស​នៅត្រង់ថា ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បាន​បង្ហាញថា ការផ្ទេរអំណាច​ពី​មេដឹកនាំ​មួយ​ទៅមួយ​ទៀត​ត្រូវ​ឆ្លងកាត់​ការផ្តួលរំលំ តាមរយៈ​សង្គ្រាម​បង្ហូរឈាម​ដណ្តើម​ឈ្នះ​ចាញ់​។ ប៉ុន្តែ ការផ្ទេរអំណាច​នៅ​កម្ពុជា​កាលពី​ចុងខែ​សីហា​ឆ្នាំ​២០២៣ ពិតជា​ព្រឹត្តិការណ៍​ពិសេស​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ តម្លៃ​លេចធ្លោ​នៃ​ព្រឹត្តិការណ៍​នេះ​នៅត្រង់ថា ទី​១ ជាការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី ដោយ​រក្សាបាន​ទាំងស្រុង​នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ និង​ទី​២ ជាការ​ផ្ទេរអំណាច​ពី​ជំនាន់​រាមច្បង​ទៅឱ្យ​យុវជន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ជា​សំណុំ​តែម្តង ដែល​ព្រឹត្តិការណ៍​បែបនេះ កម្រ​កើតមាន​ណាស់​នៅលើ​ពិភពលោក​នេះ​។ ត្រង់​នេះហើយ​ដែល​ស​បញ្ជាក់ថា ការថែរក្សា​បាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ទាំងស្រុង​ក្នុងស្ថានភាព​នៃ​ការផ្ទេរអំណាច គឺជា​តម្លៃ​ដ៏​លេចធ្លោ​បំផុត ជា​ប្រវត្តិសាស្ត្រ​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ ការរក្សាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​ងើបឡើង​វិញ​លឿន​ក្រោយ​វិបត្តិ​កូ​វីដ​-១៩, លឿន និង​ខ្ពស់​ជាងគេ​នៅ​អាស៊ាន​។

​សមិទ្ធផល​លេចធ្លោ​ទី​២៖ ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ពីព្រោះ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ជាតិ​សាសន៍​នីមួយៗ​។ ដូច្នេះ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ជំនាន់​សម្តេច​តេ​ជោ ហ៊ុន សែន រហូតដល់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លះបង់​ខ្ពស់ និង​បង្កើតបាន​ស្នាដៃ​ធំធេង​ក្នុង​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​។

​លោក ប៉ែន បូ​ណា បាន​បញ្ជាក់ថា រយៈពេល​ជាង ៥០០​ឆ្នាំ​ចុងក្រោយ ប្រទេស​កម្ពុជា​ឆ្លងកាត់​ការបែកបាក់ សង្គ្រាមស៊ីវិល រហូតដល់​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​(១៩៧៥-៧៩) ដែលជា​ដំណាក់កាល​គ្រោះថ្នាក់​បំផុត​ចុងក្រោយ​មួយ​ដែល​ប្រទេស​កម្ពុជា​ឈានទៅរក​ការ​រលាយ​សាបសូន្យ​ទាំងស្រុង ទាំង​ប្រទេសជាតិ ទាំង​ពូជសាសន៍​ខ្មែរ​។ ប៉ុន្តែ ជា​ភ័ព្វសំណាង ដែល​វីរជន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដណ្តើម​ជីវិត​ខ្មែរ និង​ប្រទេស​កម្ពុជា ចេញពី​សេចក្តី​វិនាស​ហិនហោច ដោយ​យក​ជីវិត​ទៅ​ប្តូរ​។ កន្លងទៅ កម្ពុជា​និយាយ​ត្រឹមតែ​ស្រោចស្រង់​ជីវិត​មនុស្ស ប៉ុន្តែ​វា​ក៏​ជាការ​ស្រោចស្រង់​បូរណភាព​ទឹកដី​កម្ពុជា​ផងដែរ​។ បើ​ខ្មែរ​ស្លាប់​អស់ អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ត្រូវតែ​បាត់បង់​។ ក្រោយពី​រំដោះ​បាន​ហើយ ដៃ​ម្ខាង​កសាង ដៃ​ម្ខាង​ការពារ​។ កសាង​មានន័យថា អភិវឌ្ឍន៍​ប្រទេស​ចេញពី​ទីលាន​កប់​សាកសព​ដែល​ក្រ​រហេមរហាម​បំផុត​ឱ្យ​ក្លាយជា​ប្រទេស​ស្គាល់​ការអភិវឌ្ឍន៍​ដូច​បច្ចុប្បន្ន​។ ដៃ​ម្ខាង​ការពារ​មានន័យថា ការពារ​ផ្ទៃដី ១៨១ ០៣៥​គីឡូម៉ែត្រ​ក្រឡា ឱ្យបាន​គង់វង្ស​កុំឱ្យ​បាត់បង់​ទៀត​។

​ទី​១. អំពី​របៀប​ការពារ​បូរណភាព​ទឹកដី លោក ប៉ែន បូ​ណា បានឱ្យដឹងថា ចាប់ផ្តើម​ពី​ជំហរ​ដាច់ខាត ម៉ឺងម៉ាត់ ក្នុងការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​ថ្នាក់ដឹកនាំ​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​។ ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​បាន​ឭ​ជា​ញឹកញាប់​ចេញពី​ឥស្សរជន​ថ្នាក់ដឹកនាំ​ទាំងពីរ​គឺ មិន​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ​បរទេស ឬ​ភាពអនុគ្រោះ​ណាមួយ​ជាដាច់ខាត​។ មិន​អនុញ្ញាតឱ្យ​បាត់បង់​ដី​សូម្បី​មួយ​មី​លី​ម៉ែត្រ​។ នេះ​ជា​របង​រឹងមាំ​ជាងគេ​បង្អស់​ទី​១​។

​ទី​២. ការបោះបង្គោល​ព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេសជិតខាង​៖ ត្រង់ចំណុច​នេះ លោក ប៉ែន បូ​ណា បាន​បកស្រាយ​ថា ពីមុន​កម្ពុជា​អត់​មាន​ដី​ចេះតែ​បាត់​។ ដូច្នេះ ថ្នាក់ដឹកនាំ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ ជ្រៅ ដែល​គិតគូ​ពី​ការបោះបង្គោល​ព្រំដែន ពីព្រោះ​មាន​បង្គោល​ព្រំដែន​អន្តរជាតិ​មាន​ប្លង់រឹង​។ ការចរចា​យ៉ាង​ស្វិតស្វាញ​ទម្រាំ​បោះបង្គោល​ព្រំដែន​អន្តរជាតិ​បាន​ដូច​បច្ចុប្បន្ន​។ នេះ​ជា​របង​ជាន់​ទី​២​នៅ​លើដី​ជាក់ស្តែង​។​
​ទី​៣. កសាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​៖ មាន​បង្គោល​ព្រំដែន​មិនទាន់​គ្រប់គ្រាន់​ទេ តែ​ត្រូវមាន​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ទៀត​។ នេះ​គឺជា​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ បន្ទាប់មក​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រតិបត្តិ​ករ​មួយរូប​ក្នុង​ការកសាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន តាំងពី​នៅ​ជា​រង​កងទ័ពជើងគោក​។ បច្ចុប្បន្ន ពេល​សម្តេច​ឡើងជា​នាយ​ក​រដ្ឋមន្ត្រី សម្តេច​នៅតែ​ចាត់ទុក​ការកសាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ជា​អាទិភាព​ដដែល​។ ថ្មីៗ​នេះ លោក​បាន​ចុះទៅពិនិត្យ​មើលផ្លូវ​ក្រវ៉ាត់​ព្រំដែន ហើយ​លោក​បានប្រកាស​ពី​ការបន្ត​សាងសង់​រហូត​មាន​ផ្លូវ​ក្រវ៉ាត់​ដើរ​ជុំវិញ​ប្រទេស​ឱ្យ​ទាល់តែ​បាន​(​ខ្សែក្រវ៉ាត់​៣​ជាន់​)​។

​ទី​៤. កសាង​ប៉ុស្តិ៍នគរបាល​តាម​បណ្តោយ​ព្រំដែន​៖ ជា​ឆ្នាំ​ការពារ​ព្រំដែន និង​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​(​ជា​ខ្សែក្រវ៉ាត់​ទី​៤)​។

​ទី​៥. ការអភិវឌ្ឍ​តំបន់​ព្រំដែន ដើម្បី​និង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យទៅជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ (​ការទូត​ផង និង​ការពារ​ទឹកដី​ផង​) ដើម្បី​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ទៅ​រស់​នៅតាម​បណ្តា​យ​ព្រំដែន​ឱ្យបាន​ច្រើន​(​ជា​ក្រវ៉ាត់​ការពារ​ព្រំដែន​ជាន់​ទី​៥)​។ សរុប​មកវិញ កម្ពុ​ជាមាន​ខ្សែក្រវ៉ាត់​ការពារ​ព្រំដែន​យ៉ាងហោចណាស់ ៥​ជាន់ ដែលជា​របង​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​កម្ពុ​ជា​រឹងមាំ និង​កក់ក្តៅ និង​គួរឱ្យ​ជឿជាក់​។ ទាំងអស់នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ ប៉ុន្តែ​វា​កើតចេញពី​ទស្សនៈវិស័យ​វែងឆ្ងាយ ច្បាស់លាស់ ប្រកបដោយ​យុទ្ធសាស្ត្រ​ជាក់លាក់​របស់​សម្តេច​តេ​ជោ និង​សម្តេច​ធិបតី​ក្នុង​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ដែលជា​សមិទ្ធផល​លេចធ្លោ​មួយ​របស់​រាជរដ្ឋាភិបាល​មិនអាច​មើលរំលង​បាន​។

​ចំពោះ​សមិទ្ធផល​លេចធ្លោ​ទី​៣៖ ការបើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ ដែល​ទាំងអស់គ្នា​បានធ្វើ​សាក្សី និង​បានឃើញ​ផ្ទាល់​ភ្នែក ព្រឹត្តិការណ៍​ថ្ងៃទី ៥​សីហា ២០២៤ គឺ​ការបើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។ នេះ​ជា​ព្រឹត្តិការណ៍​ជាតិ​ដ៏​ធំ​បំផុត​មួយ​ដែល​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចូលរួម​អបអរសាទរ​យ៉ាង​កង​រំពង គគ្រឹកគគ្រេង មិន​ធ្លាប់មាន​។ ព្រែកជីក​នេះ​នឹង​ក្លាយជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ដែល​មិន​ត្រឹមតែ​កម្ពុជា​ខ្លួនឯង​ទេ​ដែល​ត្រូវ​ចារ​ទុក​ក្នុង​ទំព័រ​ក្រាំងមាស​របស់ខ្លួន​សម្រាប់​កូន​ខ្មែរ​ត​ជំនាន់​ទៅមុខទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពិភពលោក​ទាំងមូល​ក៏ត្រូវ​កត់ត្រា​ទុក​នូវ​សមិទ្ធផល​ដ៏​ធំធេង​របស់​កម្ពុជា​ដែរ​។ ពីមុន​ពិភពលោក​ធ្លាប់​បា​ឭ ឬ​បាន​ស្គាល់​ព្រែកជីក​ស៊ុយ​អេ និង​ប៉ា​ណា​ម៉ា ជាដើម ប៉ុន្តែ​បន្ទាប់ពី​ព្រែកជីក​ហ្វូណន​តេ​ជោ​លេចចេញ​ជា​រូបរាង​ពិតប្រាកដ​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ពិភពលោក​ក៏ត្រូវ​និយាយ​ពី​ព្រែកជីក​ហ្វូណន​តេ​ជោ​របស់​កម្ពុជា​ដែរ​។ ការណ៍​នេះ​ទេសចរណ៍​ជុំវិញ​ពិភពលោក​ច្បាស់​ជា​ចង់​ស្គាល់ និង​ចង់ឃើញ ចង់​មកលេង​ព្រែកជីក​កម្ពុ​ជាមិនខាន​។

​លោក ប៉ែន បូ​ណា បាន​បញ្ជាក់ថា លក្ខណៈពិសេស​របស់​ព្រែកជីក​នេះ​គឺ ការតភ្ជាប់​ប្រវត្តិសាស្ត្រ ២០០០​ឆ្នាំ របស់​កម្ពុជា​ពី​សម័យ​ហ្វូណន ឬ​នគរ​ភ្នំ មក​សម័យ​តេ​ជោ​សន្តិភាព ហើយ​ព្រែកជីក​នេះ​បាន​លេចចេញ​ជា​រូបរាង​ក្នុងសម័យ​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ នេះ​គឺជា​តម្លៃ​ប្រវត្តិសាស្ត្រ​របស់​ព្រែកជីក​ហ្វូណន​តេ​ជោ ដែល​ពិតជា​ស័ក្តិ​សមជា​មោទនភាព​ជាតិខ្មែរ​ទាំងមូល​។ វត្តមាន​ព្រែកជីក​នេះ​បញ្ជាក់​អំពី​សក​ត្តា​នុព​ល​ដ៏​ធំធេង​របស់​កម្ពុជា​ក្នុងការ​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ក្នុងនាម​ជា​រដ្ឋ​មួយ​ដែល​ធ្លាប់មាន​ឥទ្ធិពល ខ្លាំងពូកែ មាន​អារ្យធម៌​ខ្ពង់ខ្ពស់ នៅ​តំបន់​អាស៊ី​។

​ដូច្នេះ អាច​និយាយបានថា ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​សមិទ្ធផល​ដ៏​ធំ​បំផុត​មួយនា​សតវត្សរ៍​ទី​២១​។ វត្តមាន​ព្រែកជីក​នេះ ជា​សញ្ញា​បញ្ជាក់ថា បុព្វបុរស​ខ្មែរ​កំពុង​ប្រោះព្រំ​កម្ពុជា​ឱ្យ​បោះជំហាន​ឆ្ពោះទៅរក​ភាពរុងរឿង​ជាថ្មី មាន​ឥទ្ធិពល​ខ្លាំងក្លា​នៅ​អាស៊ី ស្រប​ស​តាម​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានដាក់​ចេញ​។

​ចំពោះ​សមិទ្ធផល​លេចធ្លោ​ទី​៤៖ ត្រង់ចំណុច​នេះ លោក ប៉ែន បូ​ណា ប្រាប់​ឱ្យ​ក្រឡេកមើល​កម្មវិធី​គោលនយោបាយ​អាទិភាព​៦​ចំណុច​។ រយៈពេល​មួយឆ្នាំ​មកនេះ កម្មវិធី​គោលនយោបាយ​ទាំង​៦ ផ្តល់​ផល​ដល់​ប្រជាពលរដ្ឋ ទី​១. ការផ្តល់សេវា​សុខាភិបាល​ឈានទៅរក​ការ​គ្របដណ្តប់​ជា​សាកល ហើយ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី មានបំណង​ប្រាថ្នា​មួយ​គឺ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវបាន​ទុកចោល​នៅពេល​ឈឺ​ដោយ​មិន​ទទួលបាន​សេវា​សុខាភិបាល​ដោយសារ​គ្មាន​ប្រាក់​ព្យាបាល​នោះឡើយ​។ នេះ​ជាការ​ផ្តល់ជូន​នូវ​ការធានារ៉ាប់រង​សុខភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ពិសេស​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​។ ចំនួន​អ្នកទទួលបាន​ប័ណ្ណ​សមធម៌​សុខាភិបាល​មាន​ចំនួន​ជាង ៥​លាន​នាក់ (​ជាង ២៩%​នៃ​ប្រជាជន​សរុប​) ខណៈដែល​អ្នកមាន​ប័ណ្ណសមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​មាន​ចំនួន​ជាង ២,៤​លាន​នាក់​(​ជាង​១៤%​នៃ​ប្រជាជន​សរុប​)​។ បូកសរុប​ទាំងអស់​ជាង ៧,៥​លាន​នាក់ (​ជាង ៤៣% នៃ​ប្រជាជន​សរុប​ជាង ១៧​លាន​នាក់​)​។​
​ទី​២. ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ប​ច្ចេស​ទេស​ដោយ​ឥតគិតថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ២៨​ម៉ឺន​រៀល ក្នុង​មួយខែ​។ ចក្ខុវិស័យ​របស់​សម្តេច​ធិបតី កូន​ខ្មែរ​គ្រប់រូប​មិន​ថា​មាន​ឬ​ក្រ ត្រូវមាន​ជំនាញ​យ៉ាងតិច​មួយ​។ ដូច្នេះ ផ្តល់ជូន​នូវ​ការបណ្តុះបណ្តាល តាម​គោលការណ៍ ដោយ​ត្រូវ​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ និង​ឱ្យមាន​ការងារ​ធ្វើ រៀន​ដោយ​ឥត​បង់ថ្លៃ រៀន​ដោយមាន​ប្រាក់​ឧបត្ថម ២៨​ម៉ឺន​រៀល​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​ក៏បានផ្តល់​ជូន​គ្រប់
​មកដល់ពេលនេះ មាន​យុវជន​ជាង ៥​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​។ ក្រសួង​ការងារ​បានជ្រើសរើស​មុខ​ជំនាញ​ចំនួន ៤៥ ក្នុង​វិស័យ​ចំនួន ១០​។ មាន​សិក្ខាកាម​ជិត​ជិត ៤​ពាន់​នាក់​ហើយ​ដែល​បាន​រៀន​ចប់​វគ្គ ក្នុងនោះ​ស្ទើរតែ​ពាក់កណ្តាល​មានការ​ងារ​ធ្វើ​ភ្លាមៗ និង​ខ្លះទៀត​ចេញទៅ​បើក​អាជីវកម្ម​ខ្លួនឯង​។ ការចុះឈ្មោះ​នៅតែ​បន្តធ្វើ​រហូត​គ្រប់ ១,៥​លាន​នាក់ តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​។

​ទី​៣. ពង្រឹង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​៖ មាន​ពីរ ទី​១ កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​(​មាន​មនុស្ស​៤​ប្រភេទ​ដែល​ទទួលផល​) ១. ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ២. កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​ថ្នាក់​បឋម និង​មធ្យមសិក្សា​ចំណេះ​ទូទៅ ៣.​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ជន​មាន​ពិការភាព ៤. កម្មវិធី​ឧបត្ថម​សាច់ប្រាក់​ដល់​ជន​ចាស់ជរា​អាយុ​៦០​ឆ្នាំ​ឡើង​។ អ្នកទទួលផល​ជាង ៥១​ម៉ឺន​គ្រួសារ អស់សាច់​ប្រាក់​ជិត ៥០​ពាន់​លាន​រៀង ស្មើ​ជាង ១២​លាន​ដុល្លារ​។ តាំងពី​ចាប់កំណើត​ដល់​ស្លាប់​ទៅវិញ ទទួល​បានការ​គាំពារ​ពីរ​ដ្ឋ​។

​ទី​២. កម្មវិធី​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​គ្រោះអាសន្ន​៖ គ្រោះធម្មជាតិ វិបត្តិ​សុខភាព​សាធារណ និង​វិបត្តិ​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ បាន​ត្រៀមលក្ខណៈ​រួចស្រេច ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​។ ទឹកជំនន់ ខ្យល់ព្យុះ កូ​វីដ អតិផរណា ដែល​ពលរដ្ឋ​ក្រីក្រ​រង​ផលប៉ះពាល់​។

​ទី​៤. យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​៖ យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០២៣-២០២៨ ត្រូវបាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣​។ អ្នករក​ទទួលទាន​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទួល​ការ​គាំពារ​ផ្នែក​អាជីវកម្ម​ផង និង​ផ្នែក​ថែទាំ​សុខភាព​ផង​។ ទន្ទឹមនេះ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលជា​ប្រតិបត្តិ​ករ បានធ្វើ​កិច្ចការងារ​ជាច្រើន ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​។ ជាបឋម គឺ​បាន​ប្រជុំពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ដំណើរការ​គឺ ការពិភាក្សា​អំពី​របប​សន្តិសុខ​សង្គម​, រៀបចំ​យន្តការ​ចុះឈ្មោះ​អ្នក​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​, ពិភាក្សា​ជាមួយ​ធនាគារ​, រៀបចំ​ថ្នាល​ឌីជីថល សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាដើម​។

​ទី​៥. លើកស្ទួយ​ផលិតកម្ម​កសិកម្ម​, រក​ទីផ្សារ និង​រក្សា​លំនឹង​តម្លៃ​កសិផល​គឺ ប្រកាស​ឱ្យ​អនុវត្ត​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​ត្រៀម​កញ្ចប់​ថវិកា ១០០​លាន​ដុល្លារ និង​អាច​វិភា​ជ​ថវិកា​បន្ថែម​ក្នុងករណី​ចាំបាច់​។ ជា​លទ្ធផល​ការទិញ​ស្រូវ​ស្តុក​ទុក ឬ​សន្និធិ​ស្រូវ​ជិត ១០​ម៉ឺន​តោន​។ រោង​ម៉ាស៊ីន​១៦ ទទួលបាន​ហិរញ្ញប្បទាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ២៨​លាន​ដុល្លារ​។ ក្នុង​រដូវ​ប្រមូល​ផល ២០២៤-២០២៥ រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​៥០ នឹង​សហការ​ទិញស្រូវ​ជាង ២​លាន​តោន​ពី​កសិករ​។ លំនឹង​នៃ​តម្លៃ​កសិផល​របស់​កសិករ​ហាក់​រក្សា​បានល្អ​រយៈពេល​ចុងក្រោយ​នេះ​។

​ទី​៦. ការដាក់​ពង្រាយ​មន្ត្រី​ជំនាញ​បច្ចេកទេស​កសិកម្ម​តាម​ឃុំ​សង្កាត់​គឺ មន្ត្រី​ជំនាញ​បច្ចេកទេស​ក​កសិកម្ម ២៥០​នាក់ ត្រូវបាន​ដាក់ពង្រាយ​បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល តម្រង់ទិស ដោយបាន​ចុះ​ជួប​កសិករ​សរុប​ជាង ១១​ម៉ឺន​នាក់ និង​បាន​ដោះស្រាយ​បញ្ហា​ជូន​កសិករ​ជាង ១​ពាន់​ករណី​។ ជាក់ស្តែង ជួយ​កសិករ​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​សត្វល្អិត​បំផ្លាញ​ស្រូវ​។ សហគមន៍​កសិកម្ម​ទំនើប​ចំនួន​៨ នៅក្នុង​ខេត្ត​ចំនួន​៦ ត្រូវ​បានរៀបចំ​រួចរាល់ និង​បាន​ដាក់ឱ្យ​ដំណើរការ​ជា​បណ្តើរៗ​។ ទន្ទឹមនេះ ក្រសួងកសិកម្ម បានកំណត់​គោលដៅ​រួចជាស្រេច​ហើយ​ក្នុងការ​ជ្រើសរើស​មន្ត្រី​ជំនាញ​កសិកម្ម ៨០០​នាក់​ទៀត ក្នុង​ជំហាន​ទី​២​។

​សរុបទៅ រាជរដ្ឋាភិបាល​ធានារ៉ាប់រង​សុខភាព​, មុខជំនាញ និង​ការងារ​, ជួយ​ពេល​មាន​គ្រោះអាសន្ន​, ជួយ​អ្នក​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ​រដ្ឋ​ជួយ​, ជួយ​កសិករ​។ រដ្ឋាភិបាល​គិតគូរ​សព្វគ្រប់​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន ពិសេស​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ តាំងពី​ចាប់កំណើត​ក្នុង​គ៌​គរ​ហូត​ចាស់ជរា​ស្លាប់​។

​ចំពោះ​សមិទ្ធផល​លេចធ្លោ​ទី​៥៖ វិធានការ​គន្លឹះ​ទាំង​៥ ក្នុងនោះ​វិធានការ​គន្លឹះ​ទី​១ កំណែទម្រង់រដ្ឋបាល​សាធារណៈ​គឺ ក្រសួង​មុខងារសាធារណៈ ផ្តោតលើ​ការងារ​៣​គឺ ទី​១. ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ​ប្រកបដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិ​យា​ប័ន្ន និង​ប្រសិទ្ធភាព​។ គោលបំណង​គឺ ផ្តល់ឱកាស​ស្មើៗ​គ្នា​ដល់​បេក្ខជន ពិសេស​យុវជន​ដែលមាន​សមត្ថភាព ចូលរួម​ប្រឡងប្រជែង ដើម្បី​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ​។ ការប្រឡង​៧​លើក​រួចហើយ បានទទួល​បានការ​សាទរ តាម​គោលការណ៍​ចេះ​គឺជា​ប់​។​
​ទី​២. ការពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន​គឺ ក្រសួង​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ជូន​ក្រសួង​ស្ថាប័ន​អំពី​ការងារ​ពិនិត្យឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​។ សម្រាប់​ការងារ​នេះ ក្រសួង​បាន​បង្កើត​ក្រុមការងារ​ចំនួន​១២​ក្រុម​។ តាមរយៈ​សាលា​ភូមិន្ទ​រដ្ឋបាល ក្រសួង​បានផ្តល់​ការបណ្តុះបណ្តាល​រយៈពេល​វែង និង​ខ្លី​ដល់​មន្ត្រីរាជការ និង​កម្រិត​ថ្នាក់ដឹកនាំ​បច្ចេកទេស​ក្នុង​គោលដៅ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​មុខងារសាធារណៈ​ឱ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​។

​ទី​៣. ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម ប្រកបដោយ​សង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​។ ត្រង់ចំណុច​នេះ ក្រសួង​កំពុង​រៀបចំ​ឯកសារ​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម នៃ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។ ការលើកកម្ពស់​គុណភាព​ផ្តល់​សេវាសាធារណៈ​របស់​អង្គភាព​ក្នុង​វិស័យ​អបរំ និង​សុខាភិបាល តាមរយៈ​កម្មវិធី​ការវាយតម្លៃ និង​ការទទួលស្គាល់​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​ក្នុង​វិ​ស័​ទាំងពីរ​គឺជា​ឧទាហរណ៍​ជាក់ស្តែង​។

​វិធានការ​គន្លឹះ​ទី​២៖ កំណែទម្រង់​វិស័យ​អប់រំ គឺ​ក្រសួង​ផ្តោតលើ​ការងារ​សំខាន់​៤​គឺ ទី​១. ការពង្រឹង​អភិបាលកិច្ច​សាលារៀន​, ទី​២. ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យស្រប​ទៅតាម តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបថ​របស់​សិស្ស​។ ទី​៣. យកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​សាលារៀន​, ទី​៤. ការជំរុញ និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុង​ការអប់រំ​ស្របតាម​ពាក្យស្លោក​ភាពជា​ដៃគូ​គឺ រដ្ឋ និង​សហគមន៍ ដើម្បី​ការអប់រំ​។

​ជា​លទ្ធផល ក្រសួង​បានជ្រើសរើស​សាលារៀន​គោលដៅ ដើម្បី​ដាក់ឱ្យអនុវត្ត​ស្តង់ដា​សាលារៀន​គំរូ ៧៩៣, ក្រសួង​បាន​វាយតម្លៃ​សាលារៀន​គោលដៅ ដើម្បី​ទទួលបាន​សាលារៀន​ជាប់​ស្តង់ដា ១២០, ក្រសួង​បានចេញ​សេចក្តីណែនាំ​ស្តីពី ការអនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា ដល់​សាលាបឋមសិក្សា និង​សាលា​មធ្យមសិក្សា​, ពង្រឹងសមត្ថភាព​មន្ត្រី​នៅ​គ្រប់​កម្រិត ដោយ​ដាក់ចេញ​នូវ​កិច្ចព្រមព្រៀង​សមិទ្ធកម្ម​ប្រចាំឆ្នាំ​, សាលារៀន​បាន​បង្កើត​គណៈកម្មការ​គ្រប់គ្រង​សាលារៀន គណៈកម្មការ​គ្រប់គ្រង​ថ្នាក់រៀន និង​គណៈ កម្ម​ការ​នានា ដើម្បី​គាំទ្រ​ដល់​កំណែទម្រង់​សាលារៀន​, បណ្តុះបណ្តាល​គ្រូឧទ្ទេស​បង្គោល និង​ក្រុម​ចុះ​គាំទ្រ​សាលារៀន​/​ក្រុម​គ្រូបង្វឹក ដើម្បី​បណ្តុះបណ្តាល​បន្ត ជូន​ដល់​អ្នកពាក់ព័ន្ធ​នៅ​តា​សាលារៀន​។

​វិធានការ​គន្លឹះ​ទី​៣ កំណែទម្រង់​វិស័យ​សុខាភិបាល​គឺ ទី​១. ពង្រឹងសមត្ថភាព​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​គ្រប់​កម្រិត​គឺ ពង្រាយ​បុគ្គលិក​តាម​ចំនួន​សមស្រប មាន​ក្រមសីលធម៌​ល្អ និង​បានទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ ការផ្គត់ផ្គង់​ឱសថ សម្ភារ​បរិក្ខារ ការបំពាក់​ឧបករណ៍ វេជ្ជសាស្ត្រ ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សុខាភិបាល​ឌីជីថល​។

​ទី​២. អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ផ្តោតលើ​ការគ្រប់គ្រង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ និយតកម្ម ការឆ្លើយតប​នឹង​ការ​គម្រាមកំហែង​សុខភាព​សាធារណៈ និង​គ្រោះអាសន្ន​សុខភាព ការផ្តល់សេវា​សុខភាព​កាន់​តែមាន​ភាពឆ្លើយតប​ប្រកបដោយ​សមធម៌ និង​គណនេយ្យភាព​ខ្ពស់ និង​លើកកម្ពស់​ប្រសិទ្ធភាព នៃ​កិច្ចដំណើរការ​មុខងារ​ស្ថាប័ន​។

​ទី​៣. កសាង​ភាពជា​ដៃគូ​រឹងមាំ​រវាង​វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន ដើម្បី​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​សុខភាព​មានគុណ​ភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

​វិធានការ​គន្លឹះ​ទី​៤៖ លើកកម្ពស់​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​គឺ កា​រប​ង្រា​ប​គ្រឿងញៀន​, កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​, បង្ក្រាប​ក្មេង​ទំនើង​ជាដើម គឺជា​កិច្ច​ការសំខាន់ ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។ ការងារ​នេះ​ត្រូវបានធ្វើ​យ៉ាងសកម្ម និង​សម្រេច​លទ្ធផល​គាប់ប្រសើរ​។ បង្ក្រាប​បទល្មើស​គ្រឿងញៀន​រាប់ពាន់​ករណី​។ ធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ និង​បង្ក្រាប​ក្មេង​ទំនើង​រាប់ពាន់​ករណី​។

​វិធានការ​គន្លឹះ​ទី​៥៖ កំណែទម្រង់​យុត្តិធម៌​គឺ ក្រសួង​បានធ្វើ​យុទ្ធនាការ​២ និង​បង្កើត​យន្តការ​១៖ ១. យុទ្ធនា​ការជំរុញ និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្តី​នៅតាម​តុលាការ​គឺ ក្នុង​រយៈពេល ៦​ខែ កន្លងទៅនេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត ទូទាំងប្រទេស បាន​ចាត់ការ​សំណុំរឿង​ទាំង​រឿង​ព្រហ្មទណ្ឌ ទាំង​រឿង​រដ្ឋប្បវេណី និង​រឿងក្ដី​ដទៃទៀត បាន​ជិត ៨០ ០០០ ស្មើនឹង ៦៤%​។

២. យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ មាន​រយៈពេល​៦​ខែ​, ប្រជាពលរដ្ឋ​បានដាក់​ពាក្យបណ្តឹង​មកកាន់​លេខាធិការដ្ឋាន នៃ​គណៈបញ្ជាការ​ដឹកនាំ យុទ្ធនាការ​មាន​ចំនួន​សរុប​១ ៤៧៤​។ ដោះស្រាយបាន ៣៦%​។ សម្របសម្រួល​ផ្តល់​មេធាវី​ស្ម័គ្រចិត្ដ​ដែលជា​ទីប្រឹក្សា​ក្រសួងយុត្តិធម៌​ចំនួន ៩២​រូប ដើម្បី​ជួយ​ការពារ​ក្តី ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​។​
៣. អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ (​អ​.​ដ​.​ក​. ) គឺ​មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​ចំនួន ៨៦​រូប បានទទួល​នីតិសម្បទា និង​បានធ្វើ​សច្ចាប្រណិធាន ដើម្បី​បំពេញការងារ​។ គិត​ចាប់តាំងពី​ថ្ងៃ​បើកទទួល​ពាក្យបណ្តឹង​ដំបូង រហូតមកដល់​ថ្ងៃទី​១៥ ខែកក្កដា (​រយៈពេល ១០៥​ថ្ងៃ​) អ​.​ដ​.​ក​. បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន ១៣៥​ករណី ក្នុងនោះ ៤​សំណុំរឿង ត្រូវបាន​ដោះស្រាយ​បញ្ចប់ ដោយមាន​ការព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​។ ក្នុងនោះ​២ សំណុំរឿង ត្រូវបាន​លើកចោល​ដោយសារ​មិន​ស្ថិតក្នុង​សមត្ថកិច្ច​របស់ អ​.​ដ​.​ក​។ ៣ សំណុំរឿង បានរៀបចំ​បែបបទ​ស្នើសុំ​បិទ​សំណុំរឿង ដោយសារ​ភាគី​បដិសេធ​មិន​ចូលមក​សម្រុះសម្រួល​។ ចំណែក ១២៦​សំណុំរឿង​ទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​នីតិវិធី​។ វិធានការ​គន្លឹះ​ទាំង​៥ សុទ្ធសឹងតែ​ជា​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ឈានទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។

​ចំពោះ​សមិទ្ធផល​លេចធ្លោ​ទី​៦៖ សម្តេច​ធិបតី​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គឺ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ប្រាកដជា​បានដឹង បានឃើញ​ផ្ទាល់​ភ្នែក​នូវ​សកម្មភាព​ដ៏​មមាញឹក​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ក្នុងនោះ​សកម្មភាព​ដ៏​សំខាន់​មួយ​របស់​ម្តេច​គឺ ការចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ពិធី​សំណេះសំណាល សួរសុខទុក្ខ មាន​ទាំង​ការចុះ​ជួប​ដោយមាន​ការរៀបចំ​ជា​ផ្លូវការ និង​ការចុះ​ជួប​ដោយ​ស្ងាត់ៗ​ដោយ​មិនបាន​ប្រាប់​ជាមុន​។

​សរុប​រយៈពេល​ពេញ​មួយឆ្នាំ​នេះ សម្តេច​ធិបតី ចុះ​ជួប​ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅ​គ្រប់ទិសទី​សរុប​ជាង ១៥០ លើក ពោលគឺ ស្ទើរតែ ៥០% នៃ​ពេលវេលា​មួយឆ្នាំ​។ នេះ​អត់​រាប់បញ្ចូល​ការជួប និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាព​ឡ​រដ្ឋ​តាមរយៈ​បណ្តាញ​សង្គម​ផង​ទេ​។ ដូច្នេះ តាមរយៈ​ទិនន័យ​នេះ អាច​សន្និដ្ឋានបានថា នាយករដ្ឋមន្ត្រី​កម្ពុជា ជា​មេដឹកនាំ​ដែល​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ច្រើន​បំផុត​ដែល​កម្រ​មាន​មេដឹកនាំ​ណា​ក្នុង​ពិភពលោក​អាចធ្វើ​បាន​។

​ការចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ បាន​ក្លាយជា​ប្រពៃណី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅហើយ​។ កាលពី​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ជា​នាយករដ្ឋមន្ត្រី បាន​បង្កើត​ប្រពៃណី​បែបនេះ​ឡើង និង​ត្រូវបាន​ថ្នាក់ដឹកនាំ​គ្រប់រូប​បន្ត​អនុវត្ត​រហូតមកទល់​បច្ចុប្បន្ន​។ កន្លងទៅ មាន​ពាក្យ​ថា ពេល​បោះឆ្នោត​ហើយ បាន​តួនាទី មន្ត្រី​លែង​ចុះ​ជួប​ប្រជាពលរដ្ឋ​នោះ គឺជា​ការនិយាយ​ខុសស្រឡះ​។

​លោក ប៉ែន បូ​ណា អះអាងថា គ្មាន​អ្នកណា​ចុះ​ជួប​ប្រជាពលរដ្ឋ​ច្រើនជាង​មន្ត្រី​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពោលគឺ មន្ត្រី​អាជ្ញាធរ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ក្រុមការងារ​គណបក្ស តំណាងរាស្ត្រ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ជាដើម​។ នេះ​មិន​រាប់​ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក​ដោយសារ​ភាពស្និទ្ធស្នាល និង​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​នេះហើយ ទើប​គណបក្ស​ប្រជាជន​កម្ពុជា ក្លាយជា​ជម្រើស​តែមួយគត់​គ្មាន​គូ​ប្រៀប​ដែល​ប្រជាពលរដ្ឋ​ជ្រើសរើស​ឱ្យ​ក្លាយជា​គណបក្ស​ដឹកនាំ​ប្រទេស​ជា​រៀង​រហូតមក​។

​ការចុះ​ជួប​ប្រជាពលរដ្ឋ​មិនមែន​គ្រាន់តែ​បង្ហាញមុខ​ទេ មិន​ដូច​អ្នកខ្លះ​ថា ប្រជាភិថុតិ​ទេ ប៉ុន្តែ​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​រាប់មិនអស់​តាមរយៈ ទី​១ ការផ្តល់ជូន​សមិទ្ធផល​នានា មានដូចជា​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម និង​ការផ្តល់ជូន​សេវា​ព្យាបាល​ជំងឺ ជាដើម​។ ទី​២ ដោះស្រាយ​ការលំបាក​ជូន​កម្មករ កម្មការិនី ស្ត្រី​មាន​ផ្ទៃពោះ ជន​មាន​ពិការភាព តាមរយៈ​ការឧបត្ថម្ភ​សាច់ប្រាក់ កែលម្អ​អាហារ​ដ្ឋា​ន មធ្យោបាយ​ធ្វើដំណើរ និង​ការដំឡើង​ប្រាក់​ឈ្នួល ជាដើម​។ ពេល​ជួប​ប្រជាពលរដ្ឋ​មាន​ជំងឺ​រ៉ាំរ៉ៃ សម្តេច​សម្រេច​ភ្លាមៗ​បញ្ជូនទៅ​ព្យាបាល​។

​លោក ប៉ែន បូ​ណា បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​ធិបតី​ជា នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា គឺជា​រាជរដ្ឋាភិបាល​ដែល​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ពិតៗ​។

​ការដាក់ចេញ​គោលនយោបាយ​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​, មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ច្បាស់លាស់​ប្រកបដោយ​មហិច្ឆតា​ខ្ពស់ ដើម្បី​បម្រើ​ប្រទេសជាតិ និង​ប្រជាជន​។ មាន​សក្តានុពល ថាមពល និង​មធ្យោបាយ​គ្រប់គ្រាន់ និង​មាន​ឆន្ទៈ​ខ្ពស់ ដើម្បី​សម្រេច​គោលដៅ​។ រាជរដ្ឋាភិបាល​មាន​ភាពរឹងមាំ ដែល​អាច​ទប់ទល់​បាន​គ្រប់​ឧបាយកល​ដែល​ចង់​បំផ្លាញ​កម្ពុជា មិន​ថា​ឧបាយកល​នោះមក​ពី​ខាងក្រៅ ឬ​នៅ​ខាងក្នុង​ប្រទេស​ឡើយ​។ ជាក់ស្តែង ចុងក្រោយ​នេះ មានការ​ប៉ុនប៉ង​ផ្តួលរំលំ​ដោយ​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ តែ​ឧបាយកល​នេះ​ត្រូវបាន​ទប់ស្កាត់​ទាំងស្រុង​។

​បើ​គ្មាន​ភាពរឹងមាំ​បែបនេះ​ទេ កម្ពុជា​វិល​ទៅរក​ប្រវត្តិសាស្ត្រ​អតីតកាល​តាំងពី​យូរ​។ ប៉ុន្តែ រាជរដ្ឋាភិបាល​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ ជា​អ្នក​ឈរ​ការពារ​ធានា​សន្តិភាព ស្ថិរភាព​នយោបាយ អធិប​ត្យេ​ភាព​ជាតិ បូរណភាព​ទឹកដី ភាពសុខសាន្ត​របស់​ប្រជាជន និង​ធានា​ការអភិវឌ្ឍន៍​ប្រទេស​ប្រកបដោយ​និរន្តរភាព​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ជន​ណា ក្រុម​ណា​មក​បំផ្លាញ​បានឡើយ​។ នេះ​គឺជា​ចំណុចខ្លាំង​គ្មាន​គូ​ប្រៀប​របស់​រាជរដ្ឋាភិបាល ដែល​ជាទី​កក់ក្តៅ​ពិតៗ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​សូមជម្រាបថា ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៤ គឺជា​ខួប​គម្រប់​មួយឆ្នាំ​គត់ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៕a bona1