
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 343 នាក់
ម្សិលមិញ 10494 នាក់
សរុប 19006124 នាក់
ប្រទេសបារាំង៖លោក ហ្កាប្រ៊ីយែល អាតតាល់ បានប្រកាសនៅល្ងាចមិញរួចហើយថានឹងដាក់ពាក្យសុំលាលែងពីតួនាទី នាយករដ្ឋមន្ត្រីបារាំងនៅព្រឹកថ្ងៃចន្ទនេះបន្ទាប់ពីបានដឹងថាគណបក្សរបស់លោកបរាជ័យក្នុងការបោះឆ្នោតបើទោះបីជាគ្មានច្បាប់តម្រូវឱ្យនាយករដ្ឋមន្ត្រីដើរចេញពីតំណែងភ្លាមក៏ដោយ ។តែ ប្រធានាធិបតីបរាំងលោកម៉ាក្រុង បានស្នើសុំឱ្យលោកអាតតាល់ បន្តដឹកនាំរដ្ឋាភិបាលសិន ដើម្បីធានាស្ថិរភាពជាតិ។ បើតាមអ្នកជំនាញ នាយករដ្ឋមន្ត្រីផុតអាណត្តិនេះអាចបន្តការងារដល់មួយឆ្នាំ។ ជាផ្លូវការគ្មានទេ កាលបរិច្ឆេទកំណត់ឱ្យប្រធានាធិបតីបារាំង ត្រូវតែងតាំងរដ្ឋាភិបាលថ្មី ឬឱ្យរដ្ឋាភិបាលផុតអាណត្តិលាពីតំណែងនោះ។ ប៉ុន្តែប្រធានាធិបតី មិនអាចនៅស្ងៀមធ្វើមិនដឹងមិនឮនឹងលទ្ធផលនៃការបោះឆ្នោតសភាបានឡើយ ព្រោះពេលនេះរដ្ឋាភិបាលរបស់លោក ជារដ្ឋាភិបាលភាគតិចមានតែ១៦៨អាសនៈនៅក្នុងសភា។
នៅប្រទេសបារាំង ប្រធានាធិបតីមានអំណាចជាអ្នកជ្រើសតាំងនាយករដ្ឋមន្ត្រី។ តែការជ្រើសរើសបុគ្គលនាយករដ្ឋមន្ត្រីដោយគោរពឡូស៊ិកនៃសមមាត្រសំឡេងភាគច្រើននៅក្នុងសភា។ បេក្ខជននាយករដ្ឋមន្ត្រីត្រូវជាអ្នកដែលអាចទទួលបានការគាំទ្រពីសមាជិកសភាភាគច្រើន។ ដូច្នេះបើបក្សណាមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងគឺនាយករដ្ឋមន្ត្រីត្រូវចេញពីបក្សនោះ ទោះបីជាបក្សនោះមិនមែនជាបក្សរបស់ប្រធានាធិបតីក៏ដោយ។ប៉ុន្តែលើកនេះ ហានិភ័យជាប់គាំងនយោបាយធំខ្លាំងណាស់សម្រាប់បារាំង។ ដោយសារគ្មានគណបក្សណាមួយមានសំឡេងភាគច្រើនដាច់ខាតសោះ ។ សម្ព័ន្ធបក្សឆ្វេងនិយម Le Nouveau Front populaire (NFP) នាំមុខគេ ដែលទាមទារតួនាទីនាយករដ្ឋមន្ត្រី មានតំណាងត្រឹម១៨២អាសនៈ។
បើបូកជាមួយអ្នកឆ្វេងនិយមតូចៗផ្សេងទៀត ក៏មិនអាចលើស២៨៩ដែរ។ បើដូច្នេះតើបារាំងត្រូវចេញតាមច្រកណា?។ក្នុងនោះ ទីមួយ ការបង្កើតរដ្ឋាភិបាលចម្រុះ បក្សធំៗនាំមុខគេចាប់ចរចាប្រមូលផ្គុំគ្នាឱ្យឡើងសំឡេងលើស៥០% លើបេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់ ហើយចុះកិច្ចសន្យាគ្នាបង្កើតរដ្ឋាភិបាល។ នេះជាករណីដែលកើតមានច្រើននៅតាមបណ្តាប្រទេសប្រជាធិបតេយ្យធំៗដូចជាអាល្លឺម៉ង់ឬអ៊ីតាលី។ តែសម្រាប់បារាំង គណបក្សកាន់អំណាចរបស់លោកម៉ាក្រុងធ្លាប់ព្រលយថាមិនរួមដៃដាច់ខាតជាមួយគណបក្ស La France Insoumiseដែលជាសមាសភាពសម្ព័ន្ធបក្សឆ្វេងនិយមដ៏ចម្បង និងបក្សស្តាំជ្រុលនិយម Le Rassemblement Nationalទេ។
ទីពីរ គឺបង្កើតរដ្ឋាភិបាលភាគតិច ដែលតែងតាំងឡើងដោយគ្មានការគាំទ្រច្បាស់លាស់ពីសំឡេងភាគច្រើនរបស់សភា ពោលគឺដូចរដ្ឋាភិបាលពីរឆ្នាំកន្លងមកនេះ ដែលត្រូវទៅបញ្ចុះបញ្ចូលរកសំឡេងភាគច្រើនដាច់ខាតមួយនៅពេលបោះឆ្នោតលើគម្រោងច្បាប់អ្វីមួយ មួយករណីម្តងៗ ឬប្រើបង្ខំប្រើមាត្រា៤៩,៣តែម្តង។ ករណីយ៍នេះរដ្ឋាភិបាលភាគតិច ងាយធ្លាក់និងរលំ ឬប្តូរផ្លាស់នាយករដ្ឋមន្ត្រីម្តងហើយម្តងទៀតប្រសិនបើស្ថានការណ៍រាំងស្ទះខ្លាំងមែនទែន ។
ទីបី គឺការបង្កើតរដ្ឋាភិបាលបច្ចេកទេស ដែលមានរដ្ឋមន្ត្រីគ្មានស្លាកនយោបាយ សម្រាប់ដោះស្រាយចាត់ចែងកិច្ចការទូទៅរបស់ប្រទេស និងចាំសម្របសម្រួលការធ្វើកំណែទម្រង់ខ្លះទៅតាមករណីជាក់ស្តែងជាមួយសភា។ អ៊ីតាលីធ្លាប់ប្រើវិធីនេះ តែរដ្ឋាភិបាលបែបនេះក៏មិនអាចមានអាយុវែងដែរ។ ដូច្នេះសម្មតិកម្មចុងក្រោយអាចនឹងមានការរំលាយសភាបោះឆ្នោតមុនអាណត្តិទៀត ក្រែងអាចមានសំឡេងភាគច្រើនដាច់ខាតច្បាស់លាស់។ បើតាមមាត្រា១២នៃរដ្ឋធម្មនុញ្ញ បារាំងមិនអាចរំលាយសភាថ្មីក្នុងមួយឆ្នាំដំបូងទេ។ សភាបារាំងទើបជាប់ឆ្នោតនេះត្រូវចាត់ចែងការងារយ៉ាងហោចរហូតដល់ខែ៧ឆ្នាំ២០២៥សិន។
សូមបញ្ជាក់ថាបើតាមរយៈសន្លឹកឆ្នោត បានបង្ហាញយ៉ាងច្បាស់ នៅថ្ងៃអាទិត្យទី៧កក្កដា ថាគណបក្សស្តាំនិយមជ្រុល Le Rassemblement National មិនអាចឈានទៅដឹកនាំរដ្ឋាភិបាលឡើយដូចការរំពឹងទុកតាមលទ្ធផលការបោះឆ្នោតជុំទី១ឡើយ។ គណបក្សស្តាំនិយមជ្រុលនេះ ឈ្នះបានអាសនៈសភាចំនួនចន្លោះ ពី១២០ទៅ១៥០អាសនៈតែប៉ុណ្ណោះ។ ពោលគឺ តិចឆ្ងាយខ្លាំងណាស់ពី២៨៩អាសនៈ ដែលជាសំឡេងភាគច្រើនដាច់ខាតក្នុងសភា។ នេះបើផ្អែកតាមលទ្ធផលបណ្តោះអាសន្ន នៅម៉ោង៨ល្ងាចថ្ងៃអាទិត្យទី៧កក្កដា បូកសរុបដោយវិទ្យាស្ថានស្ទាបស្ទង់មតិធំៗរបស់បារាំង។
លើកនេះក្រុមសម្ព័ន្ធគណបក្សឆ្វេងនិយម Le Nouveau Front Populaire ទៅវិញទេ ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះប្រហែលជាអាចឈ្នះអាសនៈនាំមុខគេ ចន្លោះពី១៨០ទៅ២១៥អាសនៈ បើផ្អែកតាមលទ្ធផលបណ្តោះអាសន្ន។ ក្រុមសម្ព័ន្ធនេះ ត្រូវបានបង្កើតឡើងភ្លាមៗដោយគណបក្សឆ្វេងនិយមជាច្រើនបក្ស ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតជុំទី១នៅថ្ងៃទី៣០មិថុនា ក្នុងកម្មវត្ថុរួមកម្លាំងគ្នាទប់កុំឲ្យបក្សស្តាំនិយមជ្រុលឈ្នះឆ្នោតកាន់អំណាច។ ចំណុចភ្ញាក់ផ្អើលមួយទៀតនោះ គឺបេក្ខជនតំណាងរាស្ត្រនៃសម្ព័ន្ធបក្សរបស់លោកប្រធានាធិបតីម៉ាក្រុង ហាក់ទំនងជាបានឈ្នះច្រើនលើសការរំពឹងទុក អាចស្ថិតនៅលេខរៀងទី២ ចន្លោះពី១៥០ទៅ១៨០អាសនៈ។នៅជុំទី២មានប្រជាជនបារាំង ចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ មានប្រមាណជា៦៧,៥% ពោលគឺខ្ពស់បំផុតមិនធ្លាប់មានទេ បើគិតពីឆ្នាំ១៩៩៧មក។
សូមបញ្ជាក់ថា ដើម្បីអាចឈានទៅតែងតាំងនាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលថ្មីបាន បក្សនយោបាយត្រូវតែមានសំឡេងភាគច្រើនដាច់ខាតក្នុងសភា ពោលគឺ២៨៩ ក្នុងចំណោម៥៧៧អាសនៈ។ ផ្អែកតាមលទ្ធផលបណ្តោះអាសន្ន គឺគ្មានគណបក្សណាមួយបានគ្រប់ចំនួននេះទេ។ ការរាំងខ្ទប់នយោបាយគ្មានរដ្ឋាភិបាលថ្មីជាផ្លូវការ ដែលអាចជះផលវិបាកមួយចំនួន ខណៈនៅបាំងតែ២០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាអូឡាំពិក នឹងចាប់ផ្តើមបើកសម្ពោធជាផ្លូវការហើយ នៅទីក្រុងប៉ារីស។
ដោយឡែកបើតាមសេចក្តីរាយការណ៍របស់ AFP នៅថ្ងៃចន្ទទី៨ខែកក្កដា, ប៉ូលិសបង្ក្រាបកុបកម្មជាង ៣០ ០០០នាក់ ត្រូវបានដាក់ពង្រាយទូទាំងប្រទេស ក្នុងនោះក៏រួមមានទាំង ៥ ០០០នាក់ដែលដាក់យាមកាមនៅទីក្រុងប៉ារីសផងដែរ ដើម្បីទប់ទល់នឹងភាពចលាចល។បណ្តាញសារព័ត៌មានក្នុងស្រុករាយការណ៍ថា គ្រាន់តែលទ្ធផលបឋមប្រកាសភ្លាម ស្រាប់តែក្រុមអ្នកគាំទ្រ New Popular Front ចេញមកជួបជុំគ្នាលើទីលានសាធារណរដ្ឋក្នុងទីក្រុងប៉ារីស ដោយមានបាញ់កាំជ្រួច និងស្រែកពាក្យស្លោក ហើយក្រោយមកចលាចល ក៏បានរីករាលដាលទៅដល់ទីក្រុងផ្សេងៗទៀតដូចជា Nantes, Lyon, Marseille និង Rennes ជាដើម។
ភោជនីយដ្ឋាន ធនាគារ និងកន្លែងផ្សេងទៀតក្នុងទីក្រុងប៉ារីស បានក្លាយជាគោលដៅរបស់ក្រុមឆ្លៀតឱកាស ហើយមានសេចក្តីរាយការណ៍អំពីការលួចប្លន់ និងដុតអគារផ្សេងៗថែមទៀតផង។
ប៉ូលិសត្រូវប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស ប៉ុន្តែក៏មានសេចក្តីរាយការណ៍ថា មន្ត្រីម្នាក់ត្រូវរបួសដោយសារតែគ្រាប់បែកសាំងផងដែរ។ កាលពីខែមុន ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឲ្យរៀបចំការបោះឆ្នោតសភាជាបន្ទាន់ បន្ទាប់ពីគណបក្ស National Rally ធ្វើបានល្អបំផុតក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប ដោយផ្តួលគណបក្សនិយមកណ្តាល( Renaissance )របស់គាត់ ជាមួយនឹងសំឡេងគាំទ្រលើសទ្វេដង។ត្បិតតែនាំមុខក្នុងការបោះឆ្នោតជុំទី១ ដោយទទួលបានសំឡេងគាំទ្រ៣៣% ក៏ពិតមែន ប៉ុន្តែគណបក្ស National Rally ត្រូវរងបរាជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយធ្លាក់ទៅដល់លេខ៣ ជាមួយនឹងអាសនៈចំនួន១៤៣ ក្នុងចំណោមអាសនៈសភាទាំង៥៧៧៕