
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10952 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701123 នាក់
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៖អាជ្ញាធរក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា បានឱ្យដឹងថាមនុស្ស ១៣០១នាក់បានស្លាប់ អំឡុងការធ្វើធម្មយាត្រានៃពិធីបុណ្យ Hajj នៅឆ្នាំ២០២៤នេះ ក្នុងទីក្រុង Mecca ក្រោមសីតុណ្ហភាពដ៏ក្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមរដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វាហាដ ប៊ីន អាប់ឌុលរ៉ស់ម៉ាន អាល់ចាឡាហ្សែល (Fahd bin Abdurrahman Al-Jalajel) ៨៣ភាគរយ នៃអ្នកស្លាប់ទាំង ១៣០១នាក់ គឺជាអ្នកធ្វើធម្មយាត្រាដោយគ្មានការអនុញ្ញាត និងមិនបានចុះបញ្ជីឈ្មោះត្រឹមត្រូវ ដោយពួកគេបានដើរយ៉ាងឆ្ងាយក្រោមសីតុណ្ហភាពក្ដៅខ្លាំងឡើងដល់ ៥១.៨អង្សាសេ ដើម្បីអនុវត្ត ការធ្វើធម្មយាត្រា Hajj នៅក្នុង និងនៅជុំវិញទីក្រុង Mecca ជាទីក្រុងដ៏ពិសិដ្ឋសម្រាប់សាសនិកអ៉ីស្លាម។
ថ្លែងប្រាប់ទូរទស្សន៍រដ្ឋ អាល់អឹកបារីយ៉ា (Al Ekhbariya) រដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ទៀតថាអ្នកធ្វើធម្មយាត្រា ៩៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាក ព្យាបាល ហើយក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវបានដឹកតាមផ្លូវអាកាសទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងរីយ៉ាដ។ លោករដ្ឋមន្ត្រីក៏បានបន្ថែមដែរថានីតិវិធីកំណត់អត្តសញ្ញាណមានការយឺតយ៉ាវ ដោយសារតែអ្នកដែលបានស្លាប់ភាគច្រើន មិនមានឯកសារបញ្ជាក់អត្តសញ្ញាណ។ អ្នកដែលស្លាប់ត្រូវបានបញ្ចុះនៅក្នុងទីក្រុង Mecca។
បើតាមអាជ្ញាធរអារ៉ាប៊ីសាអូឌីត អ្នកដែលបានស្លាប់ក្នុងការធ្វើធម្មយាត្រា Hajj នៅក្នុងឆ្នាំនេះគឺមកពីប្រទេសចំនួន១០ រួមមានសហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអេហ្ស៉ីបជាដើម ហើយក្នុងនោះអេហ្ស៊ីបអះអាងថា ពលរដ្ឋខ្លួនចំនួន៦៥៨នាក់បានស្លាប់ ខណៈប្រទេសឥណ្ឌូណេស៊ី និយាយថា ជនជាតិខ្លួនជាង ២០០នាក់ក៏បាត់បង់ជីវិតដែរ ចំណែកឥណ្ឌាឯណោះវិញ មានពលរដ្ឋស្លាប់៩៨នាក់។អារ៉ាប៊ីសាអូឌីត ត្រូវបានមជ្ឈដ្ឋានអន្តរជាតិរិះគន់ចំពោះការរៀបចំមិនបានល្អ ដើម្បីធ្វើឲ្យពិធីបុណ្យ Hajj កាន់តែមានសុវត្ថិភាព ដូចជាគ្មានតង់ម៉ាស៊ីនត្រជាក់ និងការដឹកជញ្ជូនមនុស្សទាំងដែលសីតុណ្ហភាពហក់ឡើងដល់ ៥១.៨អង្សាសេ។
តែ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានបដិសេធទទួលខុស ហើយថែមចោទថា គ្រប់យ៉ាងគឺបណ្តាលមកពីអ្នកចូលរួមពិធីទាំងនោះ ទៀតផង។មន្ត្រីអារ៉ាប៊ីសាអូឌីតជាន់ខ្ពស់ម្នាក់ បានថ្លែងប្រាប់ AFP កាលពីថ្ងៃសុក្រទី២១ខែមិថុនាឆ្នាំ២០២៤ថា តាមពិតទៅអ្នកស្លាប់មិនមែនសុទ្ធជាអ្នកធ្វើធម្មយាត្រាទេ ពោលគឺមានអ្នកខ្លះត្រូវបាត់បង់ជីវិតពេលចូលរួមពិធីផ្សេងដូចជាពិធីអធិស្ឋាននៅលើកំពូលភ្នំ Arafat និងពិធីគប់ដុំថ្មនៅទីក្រុង Mina។
មន្ត្រីដដែលអះអាងថា “ពិធីទាំងពីរនេះ ធ្វើឡើងក្រោមកម្តៅថ្ងៃក្តៅសឹងឆេះខ្លោច។ អ្នកកាន់សាសនាទាំងអស់ត្រូវចំណាយរាប់ម៉ោង នៅក្នុងសីតុណ្ហភាពខ្ពស់ផុតលេខ។ យ៉ាងណា អារ៉ាប៊ីសាអូឌីត មិនខុសឡើយ! ពួកគេទេដែលខុស ជាពិសេសអ្នកដែលមកចូលរួមដោយមិនចុះឈ្មោះ ព្រោះថាពួកគេមិនខ្វល់ពីការព្រមានអំពីហានិភ័យ”។សូមបញ្ជាក់ជាថ្មី Hajj គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ដែលអ្នកកាន់សាសនាឥស្លាមទាំងអស់ ត្រូវអនុវត្តឲ្យបានម្តងក្នុងមួយឆាកជីវិត។យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត, ធម្មយាត្រា Hajj ឆ្នាំ២០២៤នេះ មានមនុស្សជាង១.៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក៕