
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11506 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701677 នាក់
វៀតណាម៖សហរដ្ឋអាមេរិក បានសម្ដែងការមិនពេញចិត្ត ដែលវៀតណាមបានអញ្ជើញមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌឺមៀ ពូទីន ឲ្យធ្វើទស្សនកិច្ចក្នុងទីក្រុងហាណូយ នៅសប្ដាហ៍នេះ។ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤បានឲ្យដឹងថា៖លោក ពូទីន ត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅប្រទេសវៀតណាមចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមិថុនា ដើម្បីជួបជាមួយលោក To Lam ដែលជាប្រធានាធិបតីថ្មីរបស់វៀតណាម។
រដ្ឋាភិបាលក្រុងហាណូយ មិនបានទៅចូលរួមនៅក្នុងកិច្ចប្រជុំសន្ដិភាពអ៊ុយក្រែននៅប្រទេសស្វីសនោះទេ កាលពីចុងសប្ដាហ៍មុន តែវៀតណាមបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមក្នុងកិច្ចប្រជុំ BRICS នៅរុស្ស៊ី កាលពីដើមសប្ដាហ៍មុនទៅវិញ។អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម បានលើកឡើងថា វៀតណាមមិនគួរផ្ដល់ជាវេទិកាជួយឲ្យរុស្ស៊ីអាចផ្សព្វផ្សាយអំពីសង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែននោះឡើយ ដែលប្រការនេះប្រៀបដូចជាការជំរុញឲ្យរុស្ស៊ីបំពានច្បាប់អន្តរជាតិដោយគ្មានការព្រួយបារម្ភបន្ថែមទៀតអ៊ីចឹង។
កាលពីខែឧសភាកន្លងទៅ បេសកជនសហភាពអឺរ៉ុប បានរៀបចំគម្រោងធ្វើទស្សនកិច្ចនៅវៀតណាម តែត្រូវខាងវៀតណាមបដិសេធ ព្រោះតែខ្លាចជំនួបនេះរាំងស្ទះដល់ដំណើរទស្សនកិច្ចរបស់រុស្ស៊ី ដែលនឹងត្រៀមធ្វើក្នុងសប្ដាហ៍នេះឯង។ សហភាពអឺរ៉ុបដែលជាទីផ្សារធំមួយរបស់វៀតណាម បានសម្ដែងនូវសេចក្ដីខកចិត្តជាខ្លាំងចំពោះការសម្រេចចិត្តរបស់វៀតណាម។
សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់រុស្ស៊ី គិតចាប់តាំងពីឆ្នាំ២០១៧ ហើយក៏ជាលើកទី៥នៅក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំង២។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទំនងជាមានការចុះកិច្ចព្រមព្រៀងលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងការអប់រំ។ បន្ថែមពីនេះ ក្នុងនោះក៏នឹងមានការពិភាក្សាគ្នាអំពីបញ្ហារសើបមួយចំនួនផងដែរ តែនឹងមិនត្រូវបានបង្ហើបឲ្យដឹងជាសាធារណៈនោះទេ។