វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1614 នាក់
ម្សិលមិញ 2663 នាក់
សរុប 15673894 នាក់
ប្រទេសវៀតណាម៖ចេញពីជំនួបកំពូលG20 នៅញូដេលី លោកប្រធានាធិបតី ចូ បៃដិន បានបន្តដំណើរទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃអាទិត្យទី១០កញ្ញា។ វាគឺជាគោលនយោបាយស្តារទំនាក់ទំនងនឹងគ្នា បន្ទាប់ពីប្រទេសទាំង២បានឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតជាមួយគ្នា តាមរយៈ “សង្គ្រាមវៀតណាម”។
លោកចែកស៊ូលីវ៉ាន( Jake Sullivan) ទីប្រឹក្សាពិសេសរបស់លោកចូ បៃដិន បានបញ្ជាក់ឲ្យដឹងថា អស់រយៈពេលជាច្រើនទសវត្សមកហើយ ដែលសហរដ្ឋអាមេរិក និង វៀតណាម ខិតខំធ្វើការ ដើម្បីឈានទៅព្យាបាលការឈឺចាប់ក្នុងអតីតកាល ដែលបន្សល់ទុកដោយសង្គ្រាមវៀតណាម។ លោក ចូ បៃដិន ធ្វើដំណើរទៅកាន់ទីបូជនីយកិច្ច ឧទ្ទិសដល់លោក John McCain អតីតទាហានអាមេរិក ដែលបានប្រឹងប្រែងពេញមួយជីវិតនយោបាយ ក្នុងការផ្សះផ្សាការឈឺចាប់ រវាងអាមេរិក និងវៀតណាម។
ផ្អែកតាមការបញ្ជាក់ពីសេតវិមាន នៅហាណូយ លោកចូ បៃដិន ត្រូវជួបជាមួយលោកអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ង្វៀន ហ្វូចុង នៅថ្ងៃអាទិត្យ បន្ទាប់មកនឹងធ្វើសន្និសីទកាសែតរួមគ្នា។ កម្មវិធីបន្ទាប់ គឺលោកចូ បៃដិន នឹងជួបជាមួយ លោកប្រធានាធិបតីវៀតណាម វ៉ូ វ៉ាន់ធឿង និង លោកនាយករដ្ឋមន្ត្រីវៀតណាម ផាំ មិញជិញ នៅថ្ងៃចន្ទទី១១កញ្ញា។បើតាមលោក Jake Sullivan បានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា លោកចូ បៃដិននឹងមិនភ្លេច និយាយលើកឡើងទេ អំពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាម។ ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរារាំងសិទ្ធិបញ្ចេញមតិ សិទ្ធិប្រកាន់សាសនា និងសិទ្ធិជាមូលដ្ឋានឯទៀត របស់ប្រជាជននៅវៀតណាម នឹងត្រូវលោកចូ បៃដិន លើកយកទៅនិយាយ ជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីទាមទារឲ្យមានផ្លាស់ប្តូរ។តែការពិតគេមិនទាន់មានពត៍មានស្តីអំពីបញ្ហានេះនៅឡើយទេ។
យោងតាមសេតវិមាន នៅហាណូយ លោកចូ បៃដិន នឹងចុះហត្ថលេខាជាមួយភាគីវៀតណាម លើ “កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ”។ តាមរយៈកិច្ចព្រមព្រៀងនេះ វាគឺជាការខិតចូលកៀកគ្នាយ៉ាងខ្លាំង រវាងវៀតណាម និងសហរដ្ឋអាមេរិក ព្រោះថាគិតមកទល់ពេលនេះ កិច្ចព្រមព្រៀងរបៀបនេះ គឺវៀតណាមបានចុះ តែជាមួយ រុស្ស៊ី ឥណ្ឌា ចិន និងកូរ៉េខាងត្បូង។នៅថ្ងៃចន្ទទី១១កញ្ញា មេដឹកនាំសហរដ្ឋអាមេរិកនិងវៀតណាមបានសាទរកិច្ចព្រមព្រៀងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបាននិយាយអំពីសក្ដានុពលសម្រាប់ការលើកស្ទួយនវានុវត្តន៍និងការវិនិយោគទុន។
នៅពេលជួបជាមួយនឹងប្រធានាធិបតីវៀតណាមលោក Vo Van Thuong ក្នុងទីក្រុងហាណូយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយអំពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើ «បញ្ហាប្រឈមនានាដែលសំខាន់ចំពោះប្រជាពលរដ្ឋរបស់ [ប្រទេសទាំងពីរ]» និងបាននិយាយថាវាជារឿងអស្ចារ្យ «ដែល [ប្រទេសទាំងពីរ] បានធ្វើដំណើរមកដល់ចំណុចនេះ»។លោក Thuong បានហៅកិច្ចព្រមព្រៀងនេះថាជា «ឱកាសដ៏សំខាន់» មួយ និងបានបញ្ជាក់ថាវាបាន «បើកទំព័រថ្មីមួយ»។
លោក Biden ធ្លាប់បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ហើយមេដឹកនាំទាំងពីរបានចូលរួមនៅក្នុងវេទិកាធុរកិច្ចមួយ ដែលនៅទីនោះលោក Biden បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយនឹងវៀតណាមលើសេវាប្រព័ន្ធ cloud តាមអ៊ីនធឺណិត បន្ទះឈីប និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ការលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងហាណូយ គឺផែ្នកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើតបណ្ដាញ សម្ព័ន្ធមិត្តអាស៊ីនិងប៉ាស៊ីហ្វិក ចំពោះមុខការកើនឡើងឥទ្ធិពលចិន។ ភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិកនឹងវៀតណាម ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមួយស្ដីពីសឺមីកុងឌុចទ័រ ដែលក្នុងនោះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយវៀតណាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងពង្រីកការផលិត។ មិនតែប៉ុណ្ណោះ ក៏មានផងដែរនូវកិច្ចព្រមព្រៀងស្ដីពីធនធានរ៉ែកម្រ ដែលសម្រាប់ប្រើប្រាស់ក្នុងការផលិតឧបករណ៍ទំនើបៗដូចជាស្មាតហ្វូន និងរថយន្ដអគ្គិសនីជាដើម។
លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយមេដឹកនាំវៀតណាមថា ភាពជាដៃគូជាមួយវៀតណាមគឺជាផ្នែកមួយនៃការជំរុញមួយនៃរដ្ឋបាលរបស់លោក ដើម្បីបង្ហាញដល់ប្រទេសជាដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងពិភពលោកថា សហរដ្ឋអាមេរិកក៏ជាប្រជាជាតិប៉ាស៊ីហ្វិកមួយដែរ ហើយសហរដ្ឋអាមេរិកក៏នឹងមិនចាកចេញទៅទីកន្លែងណាផ្សេងនោះដែរ។តាមរយៈការចុះកិច្ចព្រមព្រៀងខាងលើដែលសម្រេចឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅទីក្រុងហាណូយបានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសមួយដែលមានឋានៈខ្ពស់នៅក្នុងទំនាក់ទំនងការទូតរបស់វៀតណាម រួមជាមួយប្រទេសផ្សេងទៀតដូចជាចិន រុស្ស៉ី ឥណ្ឌា និងកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាមកាន់តែរីកលូតលាស់។ ៨ខែដើមឆ្នាំ២០២៣ វៀតណាមបានទាក់ទាញវិនិយោគបរទេស ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ពាន់លានដុល្លារ ពោលគឺកើនចំនួន៨% បើប្រៀបធៀបទៅឆ្នាំមុន។ ក្រុមហ៊ុនធំៗជាច្រើន ដូចជា Samsung LG និង Foxconn ដែលជាអ្នកផ្គត់ផ្គង់គ្រឿងផ្សំឲ្យ ក្រុមហ៊ុន Apple ជាដើម បាននាំគ្នាទៅតាំងទីផលិត នៅវៀតណាម។តែបញ្ហាគឺ ប្រទេសដែលមានប្រជាជនប្រមាណ១០០លាននាក់នេះ មានកម្លាំងពលកម្មដែលមានជំនាញខ្ពស់ នៅតិចខ្លាំងណាស់ មិនទាន់គ្រប់គ្រាន់ទេ។ ផ្អែកតាមតួលេខរបស់ក្រសួងការងារវៀតណាម បច្ចុប្បន្នមានតែកម្លាំងពលកម្មចំនួន១១%ប៉ុណ្ណោះ ដែលមានជំនាញលំដាប់ខ្ពស់។ បន្ថែមពីនេះ វៀតណាមនៅមានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងបណ្តាញចរន្តអគ្គិសនីមិនគ្រប់គ្រាន់។ នេះបើផ្អែកតាមរបាយការណ៍ចុងក្រោយ របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែសីហា។
សម្រាប់អាមេរិក កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ ដែលខ្លួននឹងចុះជាមួយវៀតណាមក្នុងពេលនេះ នឹងបើកផ្លូវ ពង្រឹងកសាងបណ្តាញឧស្សាហកម្មនៅវៀតណាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់អាមេរិក ហើយទន្ទឹមគ្នានេះ អាមេរិកនឹងដកខ្លួនម្តងបន្តិចៗ ឈប់ពឹងផ្អែកលើកម្លាំងឧស្សាហកម្មរបស់ចិន។ សម្រាប់វៀតណាមវិញ វាគឺជាឱកាសដ៏ធំ ដើម្បីអាចទទួលបាន ការបោះទុនវិនិយោគទ្រង់ទ្រាយធំៗ ឈានទៅពង្រឹងវិស័យឧស្សាហកម្ម ឲ្យកាន់តែទំនើបឈានមុខ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា។
ទោះជាយ៉ាងណាសម្រាប់មេបក្សកុំមុយនិស្តវៀតណាម តែងតែមានការប្រុងប្រយ័ត្ន មិនចង់ឲ្យគេសំឡឹងឃើញថាខ្លួន ល្អូកល្អឺនខ្លាំងជាមួយអាមេរិកនោះទេ។ មិនខុសពីប្រទេសផ្សេងទៀត នៅក្នុងតំបន់ វៀតណាមអះអាងប្រកាន់ជំហរនៅកណ្តាល មិនចង់ជ្រើសរើសនៅខាងណាមួយទេ រវាងមហាអំណាចទាំង២ គឺចិន និងអាមេរិក ដែលកំពុងតែជល់ប្រជែងគ្នាយ៉ាងខ្លាំងដៃ។ វៀតណានៅតែមមានការព្រួយបារម្ភកាន់តែខ្លាំង ទាក់ទិនសកម្មភាពវាតទីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលប៉ះពាល់មកលើដែនអធិបតេយ្យ របស់វៀតណាម។ គឺចំណុចនេះហើយ ដែលរដ្ឋាភិបាលអាមេរិក តែងតែលើកមកនិយាយ ដើម្បីក្រើនរំលឹកឲ្យវៀតណាមដឹងខ្លួន និងប្រុងប្រយ័ត្ន។ទោះជាយ៉ាងណាមេបក្សកុំមុយនិស្តិវៀតណាមលោកង្វៀងភូត្រុងតែងតែប្រុងប្រយត្ន័មិនងាកទៅរកអាមេរិកខ្លាំងជាក់ស្តែងកន្លងមកលោកង្វៀងភូត្រុងបានបង្ក្រាបមន្ត្រិដែលមាននិន្នាការទោទន់រកអាមេរិកពេក។
គួរបញ្ជាក់ដែរថា រវាងវៀតណាមនិងចិន គឺនៅមានវិវាទព្រំដែនជាច្រើនចំណុច ដែលនៅមិនទាន់ដោះស្រាយ តាំងតែពីឆ្នាំ១៩៧៩មក។ យ៉ាងណាមិញ ចិន មិនបានព្រងើយទុកឲ្យអាមេរិកមកអូសទាញវៀតណាមទៅដោយងាយៗនោះឡើយ។ ក្នុងសប្តាហ៍កន្លងទៅនេះ ប៉េកាំងបានប្រញេបប្រញាប់ បញ្ជូនគណៈប្រតិភូមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទៅវៀតណាម។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ័រ គឺភាគីចិននិងវៀតណាម បានសន្យាពង្រឹងសហប្រតិបត្តិការ និងសាមគ្គីភាពជាមួយគ្នា ឲ្យកាន់ល្អប្រសើរឡើង។លោក ង្វៀន កុងកួង អតីតអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅវ៉ាស៊ីនតោន បានលើកឡើងថា ការពិតទៅ អាមេរិកដឹងច្បាស់ណាស់ ថាវៀតណាមគ្មានថ្ងៃសម្រេចចិត្តរើសយកខាងណាមួយឡើយ រវាងចិន និងអាមេរិក។ តែយ៉ាងណា លោក ចូ បៃដិន ក៏នៅតែសង្ឃឹមថា វៀតណាមអាចនឹងកាន់តែសប្បាយចិត្តរីករាយ ចង់សហការជាមួយអាមេរិកកាន់តែខ្លាំង នៅក្នុងបរិបទមួយ ដែលក្នុងតំបន់មានភាពតានតឹង ដោយសារតែចិនអាងយ៉ាង។
ក្រៅពីប្រទេសចិនកុំមុយនិស្ត្តស្រមោលមួយទៀត ដែលតាមអន្ទោលលើវៀតណាម គឺវត្តមានរបស់មហាមិត្តរុស្ស៊ី។ កាលពីថ្ងៃសៅរ៍ ទី៩កញ្ញា មួយថ្ងៃមុនពេលលោកចូ បៃដិនទៅជាន់ដីវៀតណាម កាសែត The New York Times បានចុះផ្សាយថា វៀតណាមកំពុងតែចរចាយ៉ាងសំងាត់ជាមួយរុស្ស៊ី ដើម្បីសុំទិញគ្រឿងសព្វាវុធរបស់រុស្ស៊ី។ ជាចេតនាចង់ទិញពីរុស្ស៊ី បើទោះបីជាវៀតណាមដឹងថា ទណ្ឌកម្មអន្តរជាតិបានហាមឃាត់ខ្លួនក៏ដោយ។សារព័ត៌មានអាមេរិក ដែលបានចុះផ្សាយរឿងនេះ បានផ្អែកលើឯកសារមួយ របស់ក្រសួងហិរញ្ញវត្ថុវៀតណាម។ យោងតាមឯកសារនេះ កិច្ចព្រមព្រៀងទិញលក់គ្រឿងសព្វាវុធរវាងវៀតណាម និងរុស្ស៊ី គឺនឹងត្រូវធ្វើឡើង ដោយប្រើប្រាស់ថវិកាបោះទុនវិនិយោគ របស់វៀតណាម នៅក្នុងគម្រោងអណ្តូងប្រេងកាតរបស់រុស្ស៊ី នៅតំបន់ស៊ីបេរី។ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានព្យាយាមទាល់ទងសុំការបំភ្លឺ ពីមន្ត្រីរដ្ឋាភិបាលវៀតណាម ទាក់ទិននឹងដំណឹងចុះផ្សាយនេះ តែបានត្រឹមតែការបដិសេធមិនឆ្លើយ។
សម្រាប់ការរកស៊ីវិញវៀតណាមនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១៣,៦ ភាគរយកាលពីឆ្នាំមុន រហូតដល់ ១០៩,៣៩ ពាន់លានដុល្លារ ដោយការនាំចេញរួមមាន សម្លៀកបំពាក់ ស្បែកជើង ស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងគ្រឿងសង្ហារិមធ្វើពីឈើជាដើម។កន្លងមកទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យបង្កើនទំនាក់ទំនងជាមួយទីក្រុងហាណូយទៅជាភាពជាដៃគូ «យុទ្ធសាស្ត្រ» ពីត្រឹមតែជាដៃគូ «គ្រប់ជ្រុងជ្រោយ» ប៉ុន្តែវៀតណាមហាក់ប្រយ័ត្នប្រយែងដោយសារហានិភ័យនៃការប្រឆាំងពីចិនដែលនៅជិតខាងដ៏ធំ និងជាដៃគូពាណិជ្ជកម្មសំខាន់មួយ។ប្រសិនបើវៀតណាមនៅខ្លាចចិត្តចិនដែលជាទីផ្សារទំនិញកសិកម្មដ៏ធំរបស់ខ្លួនហើយប្រុងប្រយត្ន័ជាមួយអាមេរិកនោះកម្ពុជាក៏មិនសូវព្រួយបារម្ភពីបញ្ហាដែលពួកប្រឆាំងយកទឹកដីប្រើប្រាសផងដែរ។
ជាក់ស្តែងលោកអគ្គលេខាបក្សវៀតណាមលោកង្វៀងភូត្រុង( Nguyen Phu Trong )ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោកថងលួនស៊ីសូលីត( Thongloun Sisoulith) បានឯកភាពគ្នាលើទិសដៅធំៗសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំង ៣ និងប្រទេសទាំង ៣ លើគ្រប់វិស័យនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំង៣ប្រទេសបានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន បក្សទាំង ៣ និងប្រទេសទាំង ៣ ចាំបាច់ត្រូវបង្កើនសាមគ្គីភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក បន្តចាត់ទុកទំនាក់ទំនងរវាងបក្សទាំង ៣ គឺជាទិសដៅស្នូលសម្រាប់ទំនាក់ទំនងទូទៅរវាងប្រទេសទាំង ៣ ; ពង្រឹងសសរស្តម្ភអំពីការពារជាតិ-សន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការបរទេស; បង្កើតរបត់លោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម; ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស និងរដ្ឋ រណសិរ្ស អង្គការប្រជាជន និងមូលដ្ឋាននៃប្រទេសទាំង ៣ ដោយឈរលើមូលដ្ឋានពង្រីកសក្កានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ៕