វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1720 នាក់
ម្សិលមិញ 2663 នាក់
សរុប 15674000 នាក់
ក្រុងព្រះសីហនុ៖ ក្នុងថ្ងៃខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ខ្លឹមសារសំខាន់ៗនៃប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ទាក់ទងបញ្ហាវិស័យផែ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិ ដែលមានចរិតជាអង្គភាពយុទ្ធសាស្ត្រក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក និងនាពេលបច្ចុប្បន្ន ហើយនិងបន្តទៅអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លេងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុតាមរយៈទីតាំងអំណោយផលស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។* កំពង់ផែព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តមិនត្រឹមតែជួយរកចំណូលសម្រាប់ជាតិនោះទេ តែផែក៏បានដើរតួនាទីជាចលកររុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកជញ្ជូនតាមផ្លូវទឹកចូលរួមចំណែកជំរុញភាពប្រកួតប្រជែងរបស់កសិផល និងផលិតរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាវាឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំ២០២៣ មានចំនួន ១,៥០៦គ្រឿង កើនឡើង ៤.៤៤ភាគរយ ប៉ុន្តែចំណុះផ្ទុកនាវាមានដល់ ១៩,១០៥,៧០៣ តោន ដែលមានកំណើនខ្ពស់ ៣៥,៤២ភាគរយ។ បច្ចុប្បន្ននេះ នាវាប្រមាណ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតនៅកម្ពុជា ក្រៅពីនោះត្រូវផ្ទេរនៅតាមកំពង់ផែប្រទេសជិតខាង ព្រោះតែផែបច្ចុប្បន្នមានជម្រៅរាក់នៅឡើយ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារផែព្រះសីហនុនៅរាក់ ដូច្នេះកម្ពុជាពឹងផែគេសម្រាប់ដកដង្ហើម។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ណាដែលមានផែ នឹងមានសេដ្ឋកិច្ចល្អប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែព្រះសីហនុ មិនត្រឹមតែជួយសេដ្ឋកិច្ចខេត្តព្រះសីហនុប៉ុណ្ណោះទេ តែក៏បានជួយដល់សេដ្ឋកិច្ចខេត្តជាប់សមុទ្រ និងតំបន់ដទៃទៀត។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការឆ្នាំ២០៥០ រាជរដ្ឋាភិបាល មិនត្រឹមប្រែក្លាយផែកម្ពុជា ទៅជាផែទឹកជ្រៅប៉ុណ្ណោះទេ តែក៏នឹងប្រែក្លាយ ទៅជាកំពង់ផែតំបន់ឡូជីស្ទីកតំបន់ផងដែរ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលច្បាស់លាស់ និងផែនការច្បាស់លាស់ នឹងធ្វើឱ្យដីមួយដុំក្លាយទៅជាកន្លែងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេង។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន គឺជាប្រទេសនាំមុខគេក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រទេសទី២ ដែលជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រើមិនអស់សក្តានុពលនៅឡើយនោះទេ។* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគិតគូរពីតភ្ជាប់រវាងកំពង់ផែដែលមានស្រាប់ និងកំពង់ផែសាងសង់ថ្មី។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រកាសលែងផ្តល់អាជ្ញាបណ្ណដើម្បីបង្កើតផែប្រភេទ១បន្ថែមទៀត ទុកឲ្យផែដែលមានស្រាប់បង្កើនសកម្មភាពឲ្យអស់។* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ចេញពន្យល់ពីរឿងផែទេសចរណ៍នៅខេត្តកំពត។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែព្រះសីហនុ នឹងមានដៃគូមួយទៀត គឺផែស្វយ័តរាជធានីភ្នំពេញ តាមរយៈផ្លូវទឹក។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការលើក្រដាសគ្មានតម្លៃឡើយ ដូច្នេះត្រូវចាត់តាំង និងអនុវត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ ត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាលអត់មានគម្រោងកៀរគរលុយប្រជាពលរដ្ឋ ដើម្បីសាងសង់នោះទេ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនឃើញមានចលនាគាំទ្រណា ដូចការគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ ត្រូវតែធ្វើឱ្យចេញ។ គម្រោងនេះជាការវិនិយោគរបស់វិស័យឯកជន កម្ពុជាមិនមានខ្ចីលុយបរទេសនោះទេ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកំលុងខែសីហា កញ្ញាខាងមុខ នឹងមានការចុះកិច្ចព្រមព្រៀងឥណទានសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ។* សម្តេចធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ជនប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ នឹងមិនទទួលជោគជ័យនោះឡើយ ព្រោះពួកគេប្រឆាំងជាមួយគម្រោងជាតិ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនត្រូវការទ័ពបរទេសលើទឹកដីកម្ពុជាទេ។ កម្ពុជាឆ្លងកាត់រួចហើយសង្គ្រាម ដូច្នេះកម្ពុជាអត់ត្រូវការសង្គ្រាមទៀតនោះទេ។ កម្ពុជាចង់បានតែសេចក្តីសុខ និងចង់ឱ្យប្រជាពលរដ្ឋឃើញតែពន្លឺភាពសុខសាន្ត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាខ្មែរមានសុខសន្តិភាព កូនខ្មែរមានសមត្ថភាពធ្វើអ្វីដែលជារបស់ខ្មែរមិនចាញ់គេនោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះ ទឹកទន្លេមេគង្គហូរចូលសមុទ្រតាមប្រទេសវៀតណាម ១៨,០០០ម៉ែត្រគូបក្នុងវីនាទី (១ម៉ែត្រគូប ស្មើនឹង ១០០០លីត្រ)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានគម្រោងសំណង់ចំនួន ៤៤គម្រោងក្នុងខេត្តព្រះសីហនុ បានស្នើសុំបន្តគម្រោងរបស់ខ្លួន ហើយគម្រោងចំនួន៨ បានចាប់ផ្តើមដំណើរការ។* សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញទាំងឡាយ កុំឱ្យអ្នកវិនិយោគមកហើយ មានពាក្យថា «ស្រួលតែនិយាយ»។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ រហ័សរហួនក្នុងការចេញបំភ្លឺលើរឿងរ៉ាវពាក់ព័ន្ធក្រសួងស្ថាប័នរបស់ខ្លួន កុំចាំតែសម្តេចប្រតិកម្ម។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំភ្លឺការបកស្រាយត្រូវធ្វើឱ្យគ្រប់ជ្រុងជ្រោយ កុំធ្វើតែលិខិតមួយសន្លឹកបង្ហោះលើផេកមើលត្រឹម១០នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញការអភិវឌ្ឍចំណតផែជំហានទី២ និងទី៣ ឱ្យបានលឿនតាមផែនការគ្រោងទុក កុំឱ្យមានការពន្យារពេលជាបន្តបន្ទាប់ ពីព្រោះនៅពេលគម្រោងនេះបានបញ្ចប់រួចរាល់ នឹងអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់ ពុំមានឧបសគ្គជម្រៅទឹកទៀតឡើយ ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean Freight) មានភាពប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសផ្សេងៗក្នុងតំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនជម្រើសយ៉ាងប្រសើរ សម្រាប់ការបង្កើនប្រសិទ្ធភាពតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញការធ្វើទំនើបកម្មកំពង់ផែ (Port Digitalization) ឱ្យក្លាយជា E-Port។ សម្តេចធិបតី ហ៊ុន ម៉ាណែទ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សន្ទុះនៃការអភិវឌ្ឍរីកចម្រើននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់នៅទីនេះ បន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។