វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 870 នាក់
ម្សិលមិញ 5168 នាក់
សរុប 16013004 នាក់
កោះតៃវ៉ាន់ ៖ ឧត្តមសេនីយឯកតៃវ៉ាន់ម្នាក់ដែលចូលនិវត្តន៍ហើយបាននិយាយថា ៖ កងទ័ពរំដោះប្រជាជនចិន(PLA )បាននិងកំពុងអនុវត្តផែនការយ៉ាងច្បាស់នូវការបិទខ្ទប់កោះតៃវ៉ាន់។បណ្តាញព័ត៌មាន United News Network របស់តៃវ៉ាន់បានដកស្រង់សម្តីអ្នកជំនាញយោធាតៃវ៉ាន់ដែលបាននិយាយថា៖ កូអរដោនេនៃតំបន់សមយុទ្ធទាំងប្រាំមួយមានប្រើមីស៊ីលល្បឿនលឿន DF-17 ផង ដែលបានប្រកាសដោយកងទ័ពរំដោះប្រជាជនចិននោះបង្ហាញថា៖ នេះគឺជាសមយុទ្ធជាក់ស្តែងមួយដើម្បីបិទកោះតៃវ៉ាន់។
ឧត្តមសេនីយឯកចូលនិវត្តន៍នៃកងទ័ពតៃវ៉ាន់ គឺលោកShuai Huamin ក៏បានសង្កត់ធ្ងន់លើចំណុចនេះផងដែរថា៖ តំបន់សមយុទ្ធទាំងពីរនៅភាគខាងជើងដែលកំណត់ដោយ PLA គឺស្ថិតនៅឆ្នេរក្រៅសមុទ្រនៃកំពង់ផែ Keelung និងកំពង់ផែ Taipei ។កន្លែងសមយុទ្ធ កណ្តាលស្ថិតនៅឆ្នេរសមុទ្ទក្រៅនៃកំពង់ផែ Taichung។តំបន់សមយុទ្ធភាគខាងត្បូងស្ថិតនៅឆ្នេរសមុទ្ទក្រៅនៃកំពង់ផែ Kaohsiung។តំបន់សមយុទ្ធភាគខាងកើត មានទីតាំងនៅឆ្នេរសមុទ្រក្រៅនៃកំពង់ផែ Hualien ” ។ កន្លែងសមយុទ្ធ ត្រូវបានលាតត្រដាងយ៉ាងច្បាស់ថា៖ នេះគឺជាគំរូសម្រាប់ចាក់សោ” កោះតៃវ៉ាន់។សារព័ត៌មាន AFP នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ចិនបានកំណត់យកថ្ងៃទី៤ ខែសីហានេះដើម្បីចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំបំផុតព័ទ្ធជុំវិញកោះតៃវ៉ាន់ ក្រោយប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៉ី ប៉េឡូស៉ី បញ្ចប់ទស្សនកិច្ចដ៏ចម្រូងចម្រាសនៅដែនកោះមួយនេះ។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន សមយុទ្ធនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ១២ថ្ងៃត្រង់ (ពេលវេលានៅប៉េកាំង) ដោយមាន រួមទាំងសមយុទ្ធបាញ់គ្រាប់ពិត ដែលប្រព្រឹត្តទៅនៅក្នុងតំបន់ដែនទឹក៦ទីតាំងព័ទ្ធជុំវិញកោះតៃវ៉ាន់។ នៅចំណុចខ្លះ គឺស្ថិតនៅចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រពីច្រាំងកោះ (កំណត់ពីព្រុំដែនទឹកផ្លូវការតាមច្បាប់សមុទ្ទឆ្នាំ១៩៨២)ហើយសមយុទ្ធយោធានេះនឹងបញ្ចប់នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។កាសែតរដ្ឋចិន Global Times បានរាយការណ៍តាមសម្តីរបស់ក្រុមអ្នកវិភាគយោធាដែលបានឱ្យដឹងថា «សមយុទ្ធបែបនេះគឺមិនធ្លាប់ធ្វើឡើងពីមុនមកនោះទេ ខណៈដែលមីស៉ីលនឹងហោះពីលើកោះតៃវ៉ាន់ជាលើកដំបូង»។
សម្រាប់លោកShuai Huaminវិញជឿថា៖ តៃវ៉ាន់គឺជាតួអង្គសេដ្ឋកិច្ចដែលពឹងផ្អែកដោយពាណិជ្ជកម្មក្រៅប្រទេស ហើយការស្លាប់រស់នៃកោះតៃវ៉ាន់អាស្រ័យទាំងស្រុងលើពាណិជ្ជកម្មក្រៅប្រទេស។ ជាឧទាហរណ៍ សម្ភារៈយុទ្ធសាស្ត្រ ដូចជា ឧស្ម័នធម្មជាតិ និងប្រេង ត្រូវតែពឹងផ្អែកលើការដឹកជញ្ជូនតាមសមុទ្រ ។ ឯបរិមាណនៃការដឹកជញ្ជូនតាមផ្លូវអាកាសគឺតិចតួចណាស់។ក្រៅពីការង្ហាញកម្លាំងដើម្បីគម្រាមរដ្ឋបាលគយចិនបានផ្អាកការនាំចូលផលិតផលអាហារតៃវ៉ាន់ជាង ២,០០០ មុខបន្ថែមទៀត ក្នុងចំណោមផលិតផលអាហារប្រហែល ៣,២០០ មុខ ។
ទន្ទឹមនោះ ចិនក៏បានផ្អាកជាបណ្តោះអាសន្នការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ផងដែរ ពោលជាផ្នែកមួយក្នុងយុទ្ធនាការដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិករូបនេះ ។ទីក្រុងប៉េកាំងក៏បានប្រកាសផ្អាកការនាំចូលអាហារសំខាន់ៗចំនួន ៣៥ ប្រភេទផងដែរ រួមទាំងត្រី អាហារសមុទ្រ ប្រេងដែលអាចបរិភោគបាន ផ្លែក្រូចឆ្មារ និងនំខេក ជាពិសេសផលិតផលតៃវ៉ាន់របស់ក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនផលិតមី និងទឹកស៊ីអ៊ីវ Ve Wong និងក្រុមហ៊ុនផលិតសម្ភារៈ Chi Mei ជាដើម ។ទោះបីជាយ៉ាងណាចិនមិនបានបិទខ្ទប់ការនាំចូលបន្ទះឈិបដែលផលិតនៅតៃវ៉ាន់សម្រាប់បំរើឲ្យការផលិតបច្ចេកវិទ្យាក្នុងប្រទេសចិននោះឡើយ។
ទាក់ទងនិងការបង្អួតកម្លាំងយោធាដែលរួមមានការបាញ់កាំជ្រួចរំលងកោះតៃវ៉ាផងនោះក្រសួងការពារជាតិរបស់តៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធារបស់ខ្លួននឹងបន្តពង្រឹងការការពារដែនកោះរបស់ខ្លួនប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ខណៈខ្លួនក៏ត្រៀមចាត់វិធានការជាក់ស្ដែងក្នុងករណីដែលមានការឈ្លានពានពីសត្រូវផងដែរ។ ទីក្រុងតៃប៉ិក៏បានលើកឡើងថា ការប្រើប្រាស់កម្លាំងយោធា នឹងមិនអាចដោះស្រាយបញ្ហា ឬភាពពុំចុះសម្រុងគ្នាបានឡើយ បន្ទាប់ពីចិនបានធ្វើការផ្លោងមីស៉ីល ទៅធ្លាក់នៅបរិវេណជុំវិញដែនកោះនេះ ក្នុងថ្ងៃដដែល។ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) កាលពីថ្ងៃពី បានថ្លែងអំណរគុណដល់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) សម្រាប់សកម្មភាពជាក់ស្ដែងរបស់លោកស្រី ក្នុងការបង្ហាញការគាំទ្រតៃវ៉ាន់ក្នុងគ្រាដ៏សំខាន់នេះ ខណៈលោកស្រីថា កោះមួយនេះនឹងមិនចុះញ៉មដោយការគំរាមកំហែងផ្នែកយោធាណាមួយឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះជាយ៉ាងណាការគម្រាមពីចិនដីគោកសាធារណៈជនអន្តរជាតិកាន់តែស៊ាំទៅនឹងពេលវេលាដែលទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំងទៅវាយលុកតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។អ្នកសង្កេតការណ៍វាយតម្លៃថាកំណត់ត្រានៃយន្តហោះចម្បាំងដែលបានកត់ត្រានៅក្នុងការលុកលុយរបស់ចិនតែមួយចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់គឺ៥៦គ្រឿងក្នុងខែតុលាឆ្នាំ២០២១ ដែលស្របពេលជាមួយនឹងចំនួនយន្តហោះអាមេរិកដែលដាក់ពង្រាយសម្រាប់សមយុទ្ធនៅក្បែរនោះនៅពេលនោះផងដែរ។កាលពីខែវិច្ឆិកា យន្តហោះចម្បាំងរបស់ចិនប្រហែល ១៥គ្រឿងបានធ្វើដំណើរជុំវិញភាគខាងកើតនៃកោះតៃវ៉ាន់ទៅកាន់ភាគនិរតី បន្ទាប់ពីគណៈប្រតិភូសភាអាមេរិកបានទៅទស្សនាកោះនេះ។
ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសកាលពីថ្ងៃទី០៣ខែសីហាថា យោធាចិនបានដាក់ពង្រាយយន្តហោះចម្បាំង២៧គ្រឿងនៅជិតកោះនេះ ដែលក្នុងនោះ ២២គ្រឿងបានឆ្លងកាត់ “ខ្សែកណ្តាល” ព្រំដែនត្រូវបានគេយល់ថាជាខ្សែកំណត់ព្រំដែនសមុទ្រតៃវ៉ាន់។ប៉ុន្តែមិនបានចូលជ្រៅទេ។ទីក្រុងប៉េកាំងអាចរក្សាបាននូវកម្រិតនៃការដាក់ពង្រាយយន្តហោះចម្បាំងច្រើនសប្តាហ៍ ដោយធ្វើឱ្យកម្លាំងការពារដែនអាកាសរបស់តៃវ៉ាន់ហត់នឿយ ខណៈដែលពួកគេត្រូវតម្រៀបនិងស្ទាក់ចាប់យន្តហោះចិនជាបន្តបន្ទាប់នៅក្នុងប្រទេស។Amanda Hsiao អ្នកវិភាគជាន់ខ្ពស់នៅ Global Crisis Group (ICG) ដែលមានមូលដ្ឋាននៅតៃវ៉ាន់បាននិយាយថាប្រទេសចិននឹងឆ្លើយតបផ្នែកយោធា “ក្នុងលក្ខណៈកាន់តែកើនឡើងជាងការបង្ហាញកម្លាំងមុនៗ” ។
សម្រាប់ការគម្រាមនេះដែរកាសែត The Global Times ដែលជាកម្មសិទ្ធិរបស់កាសែត People’s Daily ដែលជាសម្លេងរបស់បក្សកុម្មុយនីស្តចិនបានផ្តល់យោបល់ថា ទីក្រុងប៉េកាំងគួរតែដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីហោះហើរពីលើកោះតៃវ៉ាន់ ដោយបង្ខំឱ្យរដ្ឋាភិបាលកោះនេះសម្រេចចិត្តថាតើត្រូវបាញ់ទម្លាក់ឬទេ។កាលពីឆ្នាំមុន ប្រធានទីភ្នាក់ងារការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានព្រមានថា យន្តហោះចិន «ខិតទៅជិតកោះយើងនឹងប្រតិកម្មកាន់តែខ្លាំង»។បន្ថែមពីលើនេះ ការបញ្ជូនយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាតំបន់ការពារដែលអាមេរិកបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤។ប៉ុន្តែទីក្រុងប៉េកាំងមិនទទួលស្គាល់នឹងដាក់សម្ពាធយ៉ាងខ្លាំងលើកោះតៃវ៉ាន់ ព្រោះកោះនេះត្រូវតែរក្សាកម្លាំងទ័ពអាកាសដើម្បីត្រួតពិនិត្យនិងស្ទាក់ចាប់។យន្តហោះចិនបានឆ្លងកាត់ខ្សែបន្ទាត់នេះម្តងហើយម្តងទៀតនៅក្នុងខែកញ្ញាឆ្នាំ ២០២០នៅពេលដែលអនុរដ្ឋលេខាធិការសហរដ្ឋអាមេរិក Keith Krach បានមកដល់តៃវ៉ាន់។
កាលនោះការឆ្លើយរបស់ចិនចំពោះអន្តរកម្មរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់បានកើតឡើងនៅរដូវក្តៅឆ្នាំ១៩៩៥នៅពេលដែលទីក្រុងប៉េកាំងបានបាញ់សាកល្បងកាំជ្រួចចូលទៅក្នុងដែនទឹកក្បែរកោះនោះ។ចំណាត់ការនេះគឺជាផ្នែកមួយនៃការឆ្លើយតបជាបន្តបន្ទាប់របស់ចិនប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក Bill Clinton ក្នុងការឱ្យមេដឹកនាំកោះតៃវ៉ាន់លោកលីតេងហ៊ុយ( Li Dang Huy )ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ប្រទេសចិនបានប្រកាសបង្កើតតំបន់ហាមឃាត់ជាច្រើននៅជុំវិញតំបន់គោលដៅកំឡុងពេលធ្វើតេស្តមីស៊ីលដែលរំខានដល់ចរាចរណ៍ផ្លូវសមុទ្រនិងផ្លូវអាកាសនៅជិតកោះតៃវ៉ាន់។ថ្មីៗនេះ យោធាចិនបានបាញ់សាកល្បងកាំជ្រួចមីស៊ីលបាលីស្ទីក “នាវាពិឃាត” លើផ្នែកខាងជើងនៃសមុទ្រចិនខាងត្បូងក្នុងខែសីហា ឆ្នាំ ២០២០ ដើម្បីឆ្លើយតបនឹងសមយុទ្ធទ័ពជើងទឹករបស់អាមេរិក។
ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើមេដឹកនាំតៃវ៉ាន់ជាច្រើន រួមទាំងការហាមឃាត់ការធ្វើដំណើរទៅកាន់ដីគោក។ ក្រុមអ្នកសង្កេតការណ៍រំពឹងថាមន្ត្រីតៃវ៉ាន់កាន់តែច្រើននឹងប្រឈមមុខនឹងសកម្មភាពស្រដៀងគ្នានេះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi។ ប៉ុន្តែផលប៉ះពាល់របស់ពួកគេគឺមិនធំទេព្រោះអ្នកនយោបាយតៃវ៉ាន់កម្រមកលេងដីគោកឬធ្វើអាជីវកម្មនៅទីនេះណាស់។ប្រទេសចិនក៏អាចរំខានការដឹកជញ្ជូនទំនិញនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវពាណិជ្ជកម្មពិភពលោកដ៏សំខាន់ផងដែរ។ មន្ត្រីយោធាចិនបានប្រាប់សមភាគីអាមេរិកម្តងហើយម្តងទៀតថាច្រកសមុទ្រមិនមែនជាដែនទឹកអន្តរជាតិទេ។ ទោះជាយ៉ាងណាក៏ដោយ វិធានការណាមួយដើម្បីរារាំងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិទំនងជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិនប៉ុណ្ណោះ។
ក្រៅពីសម្ពាធសេដ្ឋកិច្ចលើកោះតៃវ៉ាន់ ចិនក៏អាចនឹងបង្កើនសម្ពាធការទូតមកលើអាមេរិកដែរបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi។ ក្រុមអ្នកសង្កេតការណ៍បានព្យាករណ៍ថា វិធានការការទូតមួយក្នុងចំណោមវិធានការការទូតដែលទីក្រុងប៉េកាំងអាចអនុវត្តបានគឺការកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក Qin Gang ដែលបានចូលកាន់តំណែងកាលពីឆ្នាំមុនត្រឡប់ទៅប្រទេសកំណើតវិញ។កាលពីឆ្នាំ ១៩៩៥ ប្រទេសចិនក៏បានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យមេដឹកនាំតៃវ៉ាន់លោក Li Dang Huy ធ្វើទស្សនកិច្ចនៅប្រទេសនេះ។កាលពីឆ្នាំមុន ប្រទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសលីទុយអានី បន្ទាប់ពីប្រទេសបាល់ទិកបានអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យនៅទីក្រុង Vilnius ក្រោមឈ្មោះ “ការិយាល័យតំណាងតៃវ៉ាន់” ជំនួសឈ្មោះចាស់ “ការិយាល័យសេដ្ឋកិច្ច” និងវប្បធម៌តៃប៉ិ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំងនឹងទាក់ទងទៅឯកអគ្គរដ្ឋទូតនៅទីក្រុងវ៉ាស៊ីនតោន “តាមពេលវេលាសមស្រប” ។
សម្រាប់ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់នេះរដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវឱ្យភាគីទាំងអស់លើបញ្ហាតៃវ៉ាន់អនុវត្តការអត់ធ្មត់ ដោយព្រមានថាការកើនឡើងភាពតានតឹងអាចបង្កឱ្យមានជម្លោះ។នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-55) ដែលប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញប្រទេសកម្ពុជារដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃនេះដោយអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់និងព្រមានអំពីស្ថានភាពបច្ចុប្បន្នទាក់ទងនឹងបញ្ហាតៃវ៉ាន់នាពេលបច្ចុប្បន្ន»។អាចធ្វើឱ្យតំបន់មានអស្ថិរភាពនាំឱ្យមានការគណនាខុសការប្រឈមមុខគ្នាធ្ងន់ធ្ងរការពង្រីកជម្លោះនិងផលវិបាកដែលមិនអាចទាយទុកជាមុនបានរវាងមហាអំណាច។លោកគង់ភោក(Kung Phoak)រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជានិងជាអ្នកនាំពាក្យអាស៊ានបានអំពាវនាវឲ្យភាគីទាំងសងខាងរក្សាស្ថិរភាពស្ថានការណ៍។លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងសង្ឃឹមថាស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់នឹងត្រជាក់ចុះ ហើយវិលមករកភាពប្រក្រតីវិញ”។”