វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1897 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123770 នាក់
ភ្នំពេញ៖ប្រមុខកាទូតកម្ពុជា និងអង់គ្លេស ឯកភាពគ្នាចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ ខណៈប្រទេសទាំងពីរ មានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។
ក្នុងជំនួបរវាងលោកស្រី អាម៉ានដា មៀលលីង (Amanda Milling) អនុរដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ីកំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោកឧបនាយករដ្មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា កម្ពុជា និងចក្រភពអង់គ្លេស មានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។ ពោលប្រទេសទាំងពីរបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាស ដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស ជាដើម។សម្រាប់កម្ពុជា «សេចក្តីប៉ងប្រាថ្នាតែ ១គត់របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព ការបង្រួបបង្រួមជាតិយូរអង្វែង»។
បើតាមសេចក្តីប្រកាស នៅថ្ងៃទី១២ ខែមករាក្រសួងការបរទេសកម្ពុជាឲ្យដឹងថា «ចំពោះការវិវត្តសភាពការណ៍ នៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ អាម៉ានដា មីលលីង អំពីគោលបំណងដ៏សំខាន់ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ២០២២។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សេចក្តីប៉ងប្រាថ្នាតែ១គត់របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅ រកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ យូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចា»។លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានបន្ថែមថា «ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺដើម្បីបំបែកការជាប់គាំង សម្រាប់វឌ្ឍនភាពជា ជំហ៊ានៗ លើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច។ ដំណើរការសន្តិភាពណាមួយក៏ដោយ ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវតែ ដឹកនាំដោយមីយ៉ាន់ម៉ា និងធ្វើជាម្ចាស់ដោយមីយ៉ាន់ម៉ា»។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានបង្ហាញទឹកចិត្តដ៏ថ្លៃថ្លាចំពោះកម្ពុជា តាមរយៈជំនួយផ្សេងៗ ជាពិសេសការបរិច្ចាគវ៉ាក់សាំង។ លោកមានប្រសាសន៍ថា អាស៊ានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ខណៈដែលទើបបានក្លាយជាដៃគូសន្ទនាថ្មីទី ១១ របស់អាស៊ានកាលពីឆ្នាំមុន។
លោកស្រី Amanda Milling អនុរដ្ឋមន្ត្រី ការបរទេសចក្រភពអង់គ្លេសក្នុង ដំណើរទស្សនកិច្ចជាលើកដំបូងរបស់រលោកស្រីមកកាន់កម្ពុជា ចាប់តាំងពីចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនាអាស៊ាន លោកស្រី Milling នឹងជួបជាមួយដៃគូកម្ពុជាជាច្រើនក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនា។
កាលពីថ្ងៃទី ៩ ខែមករា លោកស្រីបានជួបជាមួយសហគ្រិន និងអ្នកដឹកនាំស្ត្រី ដែលជោគជ័យជាច្រើនរូប។ លោកស្រីបានស្តាប់អំពីការច្នៃប្រឌិត និងការបង្កើតអាជីវកម្មពីសំណាក់អតីតជ័យលាភីរបស់អតីតនិស្សិត Chevening និងអ្នកដឹកនាំធុរកិច្ចជាច្រើនទៀត។ នៅព្រឹកថ្ងៃទី ១០ ខែមករា លោកស្រី បានជួបជាមួយសភាពាណិជ្ជកម្មអង់គ្លេស និងអ្នកធុរកិច្ចអង់គ្លេសនៅកម្ពុជា ដោយពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពដែលកម្ពុជាផ្តល់ជូនធុរកិច្ចចក្រភពអង់គ្លេស។លោកស្រីក៏បានលើកឡើងពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការជំរុញពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់ករណីយ៍នយោបាយលោកស្រី Amanda Milling អនុរដ្ឋមន្ត្រី ការបរទេសចក្រភពអង់គ្លេសបានចូលជួបលោកកឹមសុខាប្រធានអតីតគណបក្សសង្គ្រោះជាតិផងដែរមុនការកាត់ទោសលោកមកដល់ខាងមុខនេះ។លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានឲ្យដឹងថា នៅក្នុងជំនួបដែលត្រូវបានរៀបចំដោយស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជានេះ លោកស្រី Amanda Milling រដ្ឋមន្ត្រីចង់ដឹងពីទស្សនៈរបស់លោក កឹម សុខា ជុំវិញស្ថានភាពនានានៅកម្ពុជា ក្នុងបរិបទឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនោះដែរ លោកស្រីក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព គឺជាគុណតម្លៃ និងក៏ជាគោលកាណ៍ស្នូល នៃគោលនយោបាយបរទេស ដែលចក្រភពអង់គ្លេសត្រូវធ្វើ និងផ្សារភ្ជាប់ជាមួយ។
លោក មុត ចន្ថាឲ្យដឹងថា លោកស្រី Amanda Milling បានបញ្ជាក់ដែរថា ចក្រភពអង់គ្លេសនឹងបន្តតាមដានដោយយកចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការនាពេលខាងមុខ ដែលពាក់ព័ន្ធនឹងសេរីភាពរបស់លោក កឹម សុខា ក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកបន្តសវនាការលើសំណុំរឿងលោក កឹម សុខា ឡើងវិញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខ វេលាម៉ោង៨ និង៣០នាទីព្រឹក នេះបើតាមដីកាកោះហៅលោក កឹម សុខា ឱ្យចូលសវនាការ ហើយសមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការនោះ រួមមាន លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង ចៅក្រមប្រឹក្សា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា និងលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។