វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1956 នាក់
ម្សិលមិញ 1811 នាក់
សរុប 15648957 នាក់
ខេត្តកណ្តាល៖អ្នកទោសជាអនីតិជន ចំនួន១,៤២២នាក់នឹងត្រូវផ្ទេរ ចេញពីពន្ធនាគាររាជធានី-ខេត្ត ទៅកាន់ទីតាំងដែលទើបសាងសង់រួច នៅឯមណ្ឌលយុវនីតិសម្បទា ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាវិញ។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជាការសាកល្បងអ្នកទោសជាអនីតិជន ចំនួន៥០នាក់ នៅពន្ធនាគារខេត្តកណ្ដាល ក្នុងចំណោមអ្នកទោសជាអនីតិជននៅខេត្តកណ្ដាល សរុប១៦០នាក់ ត្រូវយកមកដាក់នៅទីតាំងថ្មីមួយនេះ ដើម្បីដកពិសោធន៍ក្នុងការគ្រប់គ្រង«មកដល់ពេលនេះ តាមរបាយការណ៍បានឲ្យដឹងថា ចំនួនអនីតិជនដែលត្រូវបានឃុំខ្លួន មានចំនួន១,៤២២នាក់។ នៅទីនេះ (មណ្ឌលយុវនីតិសម្បទា) ប្រហែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទទួលយកទាំងអស់នោះទេ ថ្ងៃនេះគឺយកមកសាកល្បងតែ៥០នាក់ប៉ុណ្ណោះ ក្នុងនោះមានគ្រឿងញៀន២៦នាក់, លួច២២នាក់, ប៉ុនប៉ង់សម្លាប់ម្នាក់ និងរួមភេទម្នាក់»។
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន ថា ផែនការរៀបចំផ្ទេរអ្នកទោសចេញពីពន្ធនាគាររាជធានី-ខេត្ត ទៅកាន់មណ្ឌលយុវនីតិសម្បទា នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះ គ្រោងនឹងធ្វើឡើងជាបន្ដបន្ទាប់ ចាប់ពីឆ្នាំ២០២២ ខាងមុខតទៅ ។
សម្ដេចរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ដើម្បីផ្ទេរអ្នកទោសពីតាមបណ្ដារាជធានី-ខេត្ត មកកាន់ទីតាំងនេះបានត្រឹមត្រូវតាមផ្លូវច្បាប់ ត្រូវតែមានប្រកាសអន្ដរក្រសួងមួយរួមគ្នា ក្នុងនោះរួមមាន ក្រសួងសង្គមកិច្ច, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងក្រសួងមហាផ្ទៃ ដូច្នេះសម្ដេចបានណែនាំឲ្យ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីសិក្សារៀបចំធ្វើនូវប្រកាសអន្ដរក្រសួងនេះ។
សម្ដេចក្រឡាហោម ស ខេង ឲ្យដឹងថា ក្នុងចំណោមអ្នកជាប់ឃុំជាអនីតិជន ទាំង១,៤២២នាក់ មានជនត្រូវចោទចំនួន៤៥០នាក់, ជនជាប់ចោទ ចំនួន៣១០នាក់, ពិរុទ្ធជន ចំនួន៤២១នាក់ និងទណ្ឌិត ចំនួន២៤១នាក់។ ក្នុងនោះប្រភេទបទល្មើសគ្រឿងញៀន ចំនួន៤៥២នាក់, លួចមានស្ថានទម្ងន់ទោស ចំនួន១២៥នាក់, លួច ចំនួន១០៩នាក់, មនុស្សឃាត និងឃាតកម្ម ចំនួន៣៤នាក់, រំលោភ ចំនួន៣១នាក់ និងផ្សេងៗ ៦៧១នាក់។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញនូវការព្រួយបារម្ភផងដែរ ចំពោះអនីតិជនដែលបានប្រព្រឹត្តបទល្មើសនេះ។ សម្ដេចបានចាត់ទុកថា ប្រសិនទំពាំងរលួយពីឥលូវទៅហើយនោះ បានអ្វីមកស្នងឫស្សីកើត ដែលជាក្ដីកង្វល់សម្រាប់អនាគតរបស់ប្រទេសជាតិ ដូច្នេះហើយបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់លើគ្រប់វិស័យ ដែលកិច្ចការបណ្ដុះបណ្ដាលនូវធនធានមនុស្សនេះ ជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត តាមរយៈការកសាងសាលារៀនជាដើម។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹង ថាក្នុងចំណោម ជនជាប់ឃុំជាអនីតិជន មានសរុបចំនួន១,៤២២នាក់ ក្នុងនោះទីតាំងដែលមានច្រើន រួមមាន មណ្ឌលអប់រំកែប្រែទី២ (ម២) នៅរាជធានីភ្នំពេញ មានចំនួន២៦៨នាក់។ ខេត្តកណ្ដាល មានចំនួន១៦០នាក់, ខេត្តសៀមរាប មានចំនួន១៩១នាក់, ខេត្តបន្ទាយមានជ័យ មានចំនួន១២៦នាក់ និង ខេត្តព្រះសីហនុ មានចំនួន១០៤នាក់។ ខណៈខេត្តមណ្ឌលគិរី តិចជាងគេ មានចំនួន២នាក់។ បច្ចុប្បន្នចំនួនអ្នកជាប់ឃុំនៅពន្ធនាគារទូទាំងប្រទេស មានប្រមាណជិត៤ម៉ឺននាក់ ក្នុងនោះជាងពាក់កណ្ដាលពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
ទាក់ទងបញ្ហានេះសម្តេចក្រឡាហោម ស ខេង បានណែនាំដល់មន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ មិនត្រូវមានការលើកលែង ដោយសារមនោសញ្ចេតនាចំពោះបងប្អូនសាច់ញាតិ ដែលជាអ្នកប្រើប្រាស់គ្រឿងញៀននោះទេ ពីព្រោះមនោសញ្ចេតនា វាបំផ្លាញដល់ធនធានមនុស្ស ប៉ះពាល់ដល់សង្គម ដល់អនាគតរបស់ប្រទេសជាតិ។ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សមត្ថកិច្ច អាជ្ញាធរដែនដីឲ្យបង្កើនកិច្ចសហការបង្ក្រាបការផលិត និងជួញដូគ្រឿងញៀន ដើម្បីទប់ស្កាត់កុំឲ្យមានការផលិតគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ។សម្តេចក្រឡាហោម ថា «ប្រសិនបើមានការ រត់ពន្ធគ្រឿងញៀន ឆ្លងកាត់កម្ពុជាហើយត្រូវ អាជ្ញាធរប្រទេសគេចាប់បាន វាប៉ះពាល់ដល់កិត្តិយសមុខមាត់ របស់កម្ពុជាយើង ដោយគេថាកម្ពុជាយើង ជាអ្នកជួញដូរគ្រឿងញៀន។ ហើយបើមានករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងស្រុក វានឹងនាំមកនូវគ្រោះថ្នាក់រ៉ាំរ៉ៃ ដល់សង្គមជាតិយើងទៅមុខ»។
សម្តេចក្រឡាហោម បានលើកឡើងថា គ្រាន់តែក្នុងរយៈពេលមួយខែចុងក្រោយនេះ សមត្ថកិច្ចបង្ក្រាបករណីផលិតគ្រឿងញៀន ចំនួនពីរគោលដៅគឺ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺមួយកន្លែង និងនៅរាជធានីភ្នំពេញមួយកន្លែង ដោយរឹបអូសបានគ្រឿងញៀន ដល់ទៅជាង ២ពាន់ ៣០០គីឡូក្រាម ។
ក្រុមឧក្រិដ្ឋជន បាននាំផលិតផលពាក់កណ្តាលសម្រេច មកផលិត ជាផលិតផលសម្រេច នៅក្នុងប្រទេសកម្ពុជា ករណីដូចជា ក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ ដែលទទួលបានអាជ្ញាប័ណ្ណ ដើម្បីនាំវត្ថុធាតុដើមសារធាតុគីមីយកមកធ្វើជី ប៉ុន្តែបែរជាយកមក កែច្នៃ ធ្វើជាសារធាតុញៀនហៅថា គ្រឿងញៀនសំយោគទៅវិញ។
ចំណុចនេះ សម្តេចក្រឡាហោម ចង់ឲ្យមានការរៀបចំជាយន្តការមួយ ឲ្យមានភាពជាក់លាក់ជាមួយនឹងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយនឹងក្រសួងសមត្ថកិច្ច ដែលផ្ដល់អាជ្ញាប័ណ្ណដើម្បីមានលទ្ធភាព ក្នុងការតាមដានពីការនាំសារធាតុគីមី ពីក្រៅចូលមកកម្ពុជា តើធ្វើអ្វីខ្លះ និងចេញជាលទ្ធផលយ៉ាងម៉ិចខ្លះ? ក្នុងន័យទប់ស្កាត់ ដើម្បីកុំឲ្យមានការផលិតគ្រឿងញៀន នៅកម្ពុជាយើង។សម្តេចក្រឡាហោម ក៏បានអំពាវនាវ ឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការខិតខំប្រឹងប្រែងអនុវត្តតាមកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្អែកតាមច្បាប់ជាធរមាន ដែលយើងមានស្រាប់ ដោយមិនត្រូវឲ្យមានការពាក់ព័ន្ធការជួញដូរ ឬក៏នៅពីក្រោយការជួញដូរឡើយ។
ទាក់ទងបញ្ហាគ្រប់គ្រងពន្ធនាគាសម្ដេចក្រឡាហោម បានរំលឹកថា តាមបទពិសោធន៍នាពេលកន្លងមក នៅតាមពន្ធនាគារមួយចំនួន ពិបាកគ្រប់គ្រង តាមរយៈដូចជា៖ យកបាយម្ហូប ផ្លែឈើ និងរបស់ផ្សេងៗ ទៀត ហើយលួចដាក់ទូរស័ព្ទក្នុងរបស់ទាំងនោះ។«ព្រោះជួនអី អ្នកនៅក្នុងពន្ធនាគារ បញ្ជាទៅលួច ទៅប្លន់ នៅខាងក្រៅ រួចហើយបញ្ជាទៅរកស៊ីគ្រឿងញៀន នៅខាងក្រៅទៀត បញ្ជាបានទូទាំងប្រទេសតាមទូរស័ព្ទ នៅណាក៏បញ្ជាបានដែរឲ្យតែមានសេវា ក្នុងគុកខេត្តកណ្ដាល ប៉ុន្ដែបញ្ជាដល់ស្វាយរៀង ព្រៃវែង កំពង់ចាម កោះកុង ជាដើម»។
សម្ដេចក្រឡាហោម បានណែនាំថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញ មិនអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទដៃ ក្នុពន្ធនាគារឡើយ។ ប៉ុន្ដែឲ្យពួកគាត់ប្រើបាន តែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងថតសំឡេង ដើម្បីធានាសុវត្ថិភាពនាពេលក្រោយ។ មិនតែប៉ុណ្ណោះសម្ដេចក្រឡាហោម បានណែនាំមន្ត្រីពន្ធនាគារ ត្រូវរៀបចំយ៉ាងណាធ្វើទៅតាមច្បាប់ ព្រោះមានក្រុមគ្រួសារ របស់អ្នកជាប់ពន្ធនាគារ មកសួរសុខទុក្ខ។ ដូច្នេះត្រូវតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត។